បន្ទាយមានជ័យៈ បន្ទាប់ពីរយៈពេលជាងកន្លះឆ្នាំដែលមានករណីវាយប្រហារដោយទឹកអាស៊ីតតែមួយករណីត្រូវបានកត់ត្រានគរបាលនៅក្នុង ក្រុងប៉ោយប៉ែត កាលម្សិលមិញមិនអាចពន្យល់បានអំពីឧប្បត្តិហេតុដែលស្រ្តីបីនាក់ត្រូវបានជះទឹកអាស៊ីតខណៈកំពុងហូបនំបញ្ចុកនៅផ្សារមួយនោះទេ។
លោក វី វីរៈ មេប៉ុស្តិ៍នគរបាល ឃុំប៉ោយប៉ែត ដែលជាកន្លែងមានការវាយប្រហារនេះ និងឃើញផ្ទាល់ភ្នែកដោយអ្នកលក់ដូរនៅទីនោះ បានថ្លែងថា លោកបានចុះទៅកន្លែងកើតហេតុ ប៉ុន្តែបាត់ដានអស់។ លោកបានទៅគ្លីនិកឯកជន និងមន្ទីរពេទ្យតែនៅតែរកមិនឃើញ។
លោកបានឲ្យដឹងទៀតថា៖ «ប្រជាជនបានរាយការណ៍មកខ្ញុំអំពីករណីវាយប្រហារទឹកអាស៊ីតនេះ ដែលបានកើតឡើងនៅក្នុងផ្សារអគ្គ ក្នុង ឃុំប៉ោយប៉ែត ហើយមានមនុស្សបីនាក់រងរបួសក្នុងនោះម្នាក់រងរបួសធ្ងន់»។
លោក វីរៈ បានថ្លែងបន្តថា៖ «វាយឺតពេលទៅហើយសម្រាប់យើងចាប់ខ្លួនជនសង្ស័យពីព្រោះអ្នកលក់នៅក្នុងផ្សារដែលបានឃើញករណីនេះបានរាយការណ៍មកនគរបាលយឺតពេក ប៉ុន្តែយើងកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ»។ លោក វីរៈ បានឲ្យដឹងទៀតថា៖ «បើតាមអ្នកលក់នំបញ្ចុកនៅក្នុងផ្សារ ... ពួកគេមិនដែលឃើញជនរងគ្រោះពីមុនមកទេ។ ពួកគេមិនស្គាល់ជនរងគ្រោះមកពីណាទេ»។
លោក វីរៈ បានថ្លែងថា លោកមិនអាចផ្តល់មូលហេតុនៃការវាយប្រហារនេះបានទេ បើទោះបីជាភាគច្រើននៃការវាយហារកើតចេញពីការប្រចណ្ឌគ្នាក៏ដោយ។ ដោយសារលោកមិនដឹងទីតាំងស្នាក់នៅរបស់ជនរងគ្រោះលោកគិតថា ពួកគេកំពុងព្យាបាលនៅក្រៅមន្ទីរពេទ្យប្រហែលនៅផ្ទះ។
លោកស្រី Erin Bourgois នាយកគ្រប់គ្រងគម្រោងអង្គការជួយជនរងគ្រោះដោយសារអាស៊ីត (CASC) បានថ្លែងថា៖ «យើងនឹងបន្តស្វែងរកពួកគេម្តងទៀតនៅថ្ងៃស្អែក»។ លោកស្រីបន្តទៀតថា៖ «មនុស្សជាច្រើនមានការភ័យខ្លាចពីការគុំកួនពីជនល្មើស ដូច្នេះពួកគេមិនហ៊ានរាយការណ៍ពីករណីវាយប្រហារដោយទឹកអាស៊ីតនេះទេ»។
បើតាមអង្គការនេះបានឲ្យដឹងថា ការវាយប្រហារដោយទឹកអាស៊ីតក្នុង ប្រទេសកម្ពុជា បានធ្លាក់ចុះចំនួន ៨២ ភាគរយចាប់តាំងពី ឆ្នាំ២០១០ ហើយលោកស្រី Bourgois បានចាត់ទុកការធ្លាក់ចុះនេះ ដោយសារមកពីការអនុម័តច្បាប់ស្តីពីទឹកអាស៊ីតក្នុង ឆ្នាំ២០១១ ដែលបានដាក់ចេញនូវទោសទណ្ឌធ្ងន់ធ្ងរជាងមុន ចំពោះជនសង្ស័យ និងដាក់បញ្ញត្តិទៅលើទីផ្សារលក់ទឹកអាស៊ីត៕
រាយការណ៍បន្ថែមដោយ Charles Rollet