The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​សិក្សា​មួយ៖​ភព​ផែន​ដី​ឡើង​កម្តៅ​និង​កើត​គ្រោះ​ទឹក​ជំនន់​ខ្លាំង

ការ​សិក្សា​មួយ៖​ភព​ផែន​ដី​ឡើង​កម្តៅ​និង​កើត​គ្រោះ​ទឹក​ជំនន់​ខ្លាំង

ការ​សិក្សា​មួយ៖​ភព​ផែន​ដី​ឡើង​កម្តៅ​និង​កើត​គ្រោះ​ទឹក​ជំនន់​ខ្លាំង

130611_05b
កម្មករទប់ទឹកទន្លេដែលឡើងខ្លាំងនៅកំពង់ផែអរិយក្សត្រកាលពីឆ្នាំ២០១១

ភ្នំពេញៈ វិទ្យាស្ថាន​វិស្វកម្ម​នៃ​សាកល​វិទ្យាល័យ​ក្រុង​តូក្យូ បាន​បង្ហាញ​ពី​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​អង់គ្លេស​ឈ្មោះ​ថា ការ​ប្រែ​ប្រួល​អាកាសធាតុ ដោយ​លទ្ធផល​បង្ហាញ​ពី​ការ​ឡើង​កម្ដៅ​ភព​ផែន​ដី​និង​ការ​កើត​មាន​គ្រោះ​ទឹក​ជំនន់​យ៉ាង​ខ្លាំង​នៅ​អាស៊ី​ភាគ​អាគ្នេយ៍ ព្រម​ទាំង​តំបន់​ជាច្រើន​នៅ​អាហ្វ្រិក និង​អាមេរិក​ខាង​ត្បូង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

ក្រុម​អ្នក​ស្រាវជ្រាវ​សាកល​វិទ្យាល័យ​តូក្យូ​ដែល​ដឹក​នាំ​ដោយ​លោក Yukiko Hirabayashi បាន​ប្រើ​ប្រាស់​គំរូ​អាកាសធាតុ​ផ្សេង​គ្នា​ចំនួន​១១​ដែល​វាស់​ទឹក​ជំនន់​នៅ​ក្នុង​ដំណើរ​ហេតុការណ៍​នៃ​ការ​ផ្លាស់​ប្តូរ អាកាសធាតុ ហើយ​បាន​រក​ឃើញ​ថា នឹង​មាន​ការ​កើន​ឡើង​កម្តៅ​៣,៥ អង្សាសេ​នៅ​ឆ្នាំ​២១០០ ហើយ​មនុស្ស​៨០​លាន​នាក់​ក្នុង​ពិភពលោក នឹង​ប៉ះ​ពាល់​ដោយ​សារ​តែ​ទឹក​ជំនន់​ខុស​ពី​មនុស្ស​៥,៦ លាន​នាក់ ដែល​បច្ចុប្បន្ន​កំពុង​តែ​រងគ្រោះ​។

លទ្ធផល​នៃ​ការ​សិក្សា​នេះ បាន​បង្ហាញ​ថា ដោយ​សារ​តែ​ការ​ឡើង​កម្ដៅ​ក្នុង​ពិភពលោក​ដែល​គេ​មិន​អាច​គ្រប់​គ្រង​បាន​នៅ​ពេល​បច្ចុប្បន្ន ទឹក​ជំនន់​អាច​នឹង​ប៉ះ​ពាល់​ដល់​ទន្លេ​ធំៗ​ចំនួន​២៩​នៅ​ទូទាំង​ពិភពលោក​។ ទន្លេ​ដែល​វែង​ជាង​គេ​បំផុត​ទី១២ គឺ​ទន្លេ​មេគង្គ​ដែល​មាន​ប្រវែង ៤០២៣ គ.ម ហូរ​កាត់​ប្រទេស​ភូមា ថៃ ឡាវ វៀតណាម និង​កម្ពុជា មុន​នឹង​ហូរ​ចូល​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​។

យោង​តាម​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ផ្ទៃ​ដី​ស្រុក​ខ្មែរ ៨៥​ភាគរយ​ស្ថិត​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម​។ ទឹក​ជំនន់​ទ្រង់​ទ្រាយ​ធំ​ដែល​គេ​រៀប​រាប់​លើក​មុន​នេះ តាម​ធម្មតា ជួប​ប្រទះ​ម្តង​ក្នុង​មួយ​ឆ្នាំ​ប៉ុន្តែ​យោង​តាម​ការ​សិក្សា​នេះ ជា​រឿយៗ​នឹង​កើន​ឡើង​រាល់​១០ ឆ្នាំ ទៅ​៥០​ឆ្នាំ។

លោក កែវ វី នាយ​ខុទ្ទកាល័យ​នៃ​គណៈ​កម្មាធិការ​ជាតិ គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ថ្លែង កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា លោក​មិន​ទាន់​ហ៊ាន​ឯកភាព ឬ​ជំទាស់​នឹង​ការ​សិក្សា​នេះ​ទេ ប៉ុន្តែ​កាល​ពី​មុន កម្ពុជា​ជួប​គ្រោះ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​តាម​ធម្មតា​រៀង​រាល់​ប្រហែល​១០​ឆ្នាំ​ម្តង​ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ ទឹក​ជំនន់​ធំៗ បាន​កើត​ឡើង​ស្ទើរ​រាល់​ឆ្នាំ​។ លោក​បាន​បញ្ជាក់​ថា​៖ «​មាន​មនុស្ស​ប្រមាណ​១០ ឬ​២០​នាក់​បាន​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​តូច​តាច ប៉ុន្តែ​ដូច​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១១ មាន​មនុស្ស​ជាង​២០០​នាក់​បាន​ស្លាប់​»។

លោក ទិន ពន្លក អគ្គ​នាយក​រង​នៃ​ការិយាល័យ​ការ​ប្រែ​ប្រួល​អាកាសធាតុ​របស់​ក្រសួង បរិស្ថាន បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុម​របស់​លោក ក៏​កំពុង​សិក្សា​ជាមួយ​គំរូ​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ចំនួន ១៤ ដែរ​ដែល​បង្ហាញ​ថា លទ្ធផល​មួយ​ចំនួន អាស្រ័យ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​របស់​គំរូ​នេះ៕ NR

អត្ថបទគួរចាប់អារម្មណ៍