The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ស្វែង​រក​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ថ្មី​បាន​ផល​វិជ្ជមាន​ខ្លះ

ការ​ស្វែង​រក​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ថ្មី​បាន​ផល​វិជ្ជមាន​ខ្លះ

ការ​ស្វែង​រក​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ថ្មី​បាន​ផល​វិជ្ជមាន​ខ្លះ

131021_03
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ហេង ជីវ័ន

ភ្នំពេញៈ ដំណើរ​ទស្សនកិច្ច ២ សប្តាហ៍​ទៅ អឺរ៉ុប និង​សហរដ្ឋ អាមេរិក របស់​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដើម្បី​បញ្ចុះ​បញ្ចូល​សហគមន៍​អន្តរជាតិ ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ការ​ឆ្លើយតប​វិជ្ជមាន នៅ​មុន​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​សប្តាហ៍​នេះ។

ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ អាមេរិក លោក Lindsey Graham បាន​ដាក់​សំណើ​មួយ​ទៅ​ព្រឹទ្ធសភា​អាមេរិក​ស្នើ​ឲ្យ​ព្យួរ​ជំនួយ​យោធា ចំពោះ​កម្ពុជា រហូត​មាន​ការ​ស៊ើប​អង្កេត​ដែល​អាច​ជឿ​ជាក់​បាន​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ហើយ​រដ្ឋាភិបាល​ប្តេជ្ញា​ចិត្ត​ថា​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត។

សំណើ​នេះ​សំដៅ​ទៅ​លើ​ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សភា ដោយ​សារ​ការ​មិន​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ដែល​គណបក្ស​នេះ​អះអាង​ថា បាន​ធ្វើ​ឲ្យ​ខ្លួន​បាត់បង់​អាសនៈ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​អាសនៈ​ចំនួន ៥៥ នៅ​ក្នុង​សភា​រហូត រដ្ឋាភិបាល​ប្តេជ្ញា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​និង​កំណែ​ទម្រង់​ផ្សេងៗ។

សំណើ​នេះ បាន​ដាក់​ទៅ​គណៈកម្មាធិការ​ស្តីពី​ទំនាក់​ទំនង​បរទេស ជា​ការ​ប៉ុន​ប៉ង​លើក ទី១​នៅ​ក្នុង​សភា​អាមេរិក​ដើម្បី​អនុវត្ត​វិធានការ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​ថ្ងៃ ទី២៨ កក្កដា មិន​មាន​លក្ខណៈ​ចុះ​សម្រុង​គ្នា។

តំណាង​រាស្រ្ត​អាមេរិក ៥ នាក់​បាន​ដាក់​សំណើ​នេះ​ទៅ​សេតវិមាន​កាល​ពី ថ្ងៃ ទី១៩ កក្កដា បន្ទាប់​ពី​សវនាការ​សភា​អាមេរិក​ស្តី​ពី​អំពី​កម្ពុជា ដែល​អំពាវនាវ​ឲ្យ​មាន​គណនេយ្យ​ភាព​ខ្ពស់​ជាង​មុន ចំពោះ​ជំនួយ​បរទេស។

សំណើ​នេះ​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា «ខុស​ច្បាប់» ដែល​បង្កើត​ឡើង​ដោយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​មិន​យុត្តិធម៌​មិន​គួរ​ទទួល បាន​ជំនួយ​អាមេរិក​ទេ។

កិច្ច​ប្រឹង​ប្រែង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​សម្រេច​ស្រដៀង​គ្នា​របស់​ព្រឹទ្ធសភា​ពី​ថ្ងៃ ទី៧ មិថុនា របស់​លោក Graham និង​ព្រឹទ្ធ​សមាជិក​ម្នាក់​ទៀត។

ខណៈ​រដ្ឋាភិបាល​អាមេរិក​មិន​ទាន់​ច្បាស់​លាស់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ជា​ការ​បោះឆ្នោត ខុស​ច្បាប់ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ភ្នំពេញ​បាន​បន្ត​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ហើយ​មិន​សម្តែង​ការ​សាទរ​ដល់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជា​ផ្លូវ​ការ​នៅ​ឡើយ។

ក្នុង​ជំនួប​រវាង​លោក សម រង្ស៊ី ជាមួយ​អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​លោក William J. Burns កាល​ពី​ថ្ងៃ ទី១៦ តុលា អ្នក​នាំ​ពាក្យ​ក្រសួង ការ​បរទេស អាមេរិក លោក​ស្រី Jen Psaki ថ្លែង​ថា អាមេរិក​បន្ត​គាំទ្រ​ឲ្យ​មាន «ការ​ពិនិត្យ​ក្នុង​តម្លាភាព​នឹង​អាច​ជឿ​ជាក់​លើ​ការ​បោះឆ្នោត»។

លោក Carlyle Thayer អ្នក​ជំនាញ​ពី​អាស៊ី​អាគ្នេយ៍ នៅ​រាជ​បណ្ឌិត្យសភា​កង​កម្លាំង អូស្រ្តាលី ថ្លែង​ថា សំណើ​ថ្មី​បំផុត​នេះ​ទំនង​ជា​គ្មាន​ឥទ្ធិពល​ទៅ​លើ​រដ្ឋាភិបាល កម្ពុជា ទេ បើ​ទោះ​ជា​មាន​ការ​កាត់​ជំនួយ​ក៏​ដោយ។

លោក​ថ្លែង​តាម​អ៊ីមែល​ថា៖ «ការ​ព្យួរ​ជំនួយ​យោធា​ប៉ះពាល់​តិច​តួច​ដល់​របប​លោក ហ៊ុន សែន ។ វា​មិន​មែន​ជា​ការ​ដោះស្រាយ​ថា​តើ​នរណា​ត្រូវ​ទទួល​ខុស​ត្រូវ លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នោះ​ទេ»។

លោក​បន្ត​ថា៖ «វា​មិន​អាច​ទេ​ដែល​អាមេរិក​នឹង​ធ្វើ​ឲ្យ​កម្ពុជា​យល់​ព្រម​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ។ ជំហរ​អាមេរិក​រង​ឥទ្ធិពល​ពី​សកម្មភាព​របស់ អូស្រ្តាលី អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ និង​រដ្ឋ​ដទៃៗ​ទៀត​ដែល​បាន​អបអរសាទរ​ចំពោះ​លោក ហ៊ុន សែន»។

អ្នក​នាំ​ពាក្យ​មួយ​រូប​នៃ​អង្គភាព​ព័ត៌មាន​រហ័ស របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ឯក ថា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាល​ពី​ម្សិលមិញ ខណៈ​រដ្ឋ​មន្រ្តី​ក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ មិន​បាន​ឆ្លើយ​តប​តាម​សំណើ​សុំ​អត្ថាធិប្បាយ។

លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ​ស្ថិត​នៅ​ក្នុង​ទីក្រុង រ៉ូម និង​បាន​ជួប​ជាមួយ​រដ្ឋ​មន្រ្តី ការ​បរទេស អ៊ីតាលី Emma Bonino កាល​ពី​ថ្ងៃ​សៅរ៍៕ PS

អត្ថបទគួរចាប់អារម្មណ៍