ភ្នំពេញៈ កាសែត​ភ្នំពេញ ប៉ុស្ដិ៍ ត្រូវ​បាន​លក់​ទៅ​ឲ្យ​វិនិយោគិន​ម៉ាឡេស៊ី គឺ​លោក Sivakumar​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​ពី​លោក Bill Clough ម្ចាស់​ក្រុមហ៊ុន និង​ជា ចាងហ្វាង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​សៅរ៍ ទី​ ៥ ខែ​ឧសភា​។

នៅក្នុង​សេចក្ដី​ជូន​ដំណឹង​លោក Bill Clough បាន​ថ្លែង​ថា​លោក Siva គឺជា​អ្នក​សារព័ត៌មាន​មួយ​រូប​ដ៏គួរ​ឲ្យ​គោរព​ដែល​មាន​បទពិសោធ​ជា​អ្នក​សារព័ត៌មាន​ដ៏ឆ្នើម​ហើយ​លោក​ថែម​ទាំង​ជា​តំណាង​នៃ​ក្រុមហ៊ុន​វិនិយោគ​ដ៏រឹងមាំ​មកពី​ប្រទេស​ម៉ាឡេស៊ី​ថែម​ទៀត​ផង​។ សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការលក់​ និង​ទិញ​ត្រូវ​បាន​ធ្វើ​ឡើង​ដំណាល​គ្នា​។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ដំណើរការ​អស់​រយៈពេល ២៦ ឆ្នាំ​មក​ហើយ ដែល​ចាប់ផ្តើម​ពី​ដំបូង​ដោយ​លោក Michael Hayes នៅ​ក្នុង​ឆ្នាំ​ ១៩៩២ ជាមួយ​នឹង​ការបោះពុម្ព​ផ្សាយ​ព័ត៌មាន​ ២ ​សប្តាហ៍​ម្តង​ប្រកប​ដោយ​សេចក្តី​ក្លាហាន​។

នៅពេល​ក្រុម​វិនិយោគ​របស់​យើង​បាន​សម្រេច​ទិញ​ក្រុមហ៊ុន​នេះ​ពី​លោក Michael នៅក្នុង​ឆ្នាំ ២០០៨ ភ្លាមៗ​យើង​បាន​ផ្លាស់ប្តូរ​ចេញ​ផ្សាយ​ជា​ប្រចាំ​ថ្ងៃ​វិញ​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​នេះ​ហើយ​យើង​ក៏​បាន​ទិញ​ម៉ាស៊ីន​បោះពុម្ព​ដោយ​ខ្លួនឯង​ និង​បាន​បង្កើត​កាសែត​ភ្នំពេញ-ប៉ុស្តិ៍​ជា​ខេមរភាសា​នៅ​ ១ ​ឆ្នាំ​បន្ទាប់​។ ខ្ញុំ​បាទ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ដៃគូ​ត្រួសត្រាយ​ផ្លូវ​របស់​យើង​ទាំងអស់​ក្នុង​ដំណាក់កាល​កន្លងមក​ដែល​រួមមាន​លោក Ross Dunkley លោក David Armstrong និង​លោក Kevin Murphy​។

តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ និង​ផ្តោត​លើ​ការកសាង​កំណត់ត្រា​កាសែត​មួយ​របស់​ប្រទេស​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ​យើង​បាន​កសាង​នូវ​កេរដំណែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏ធំ និង​រឹងមាំ​បំផុត​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ដែល​ក្រុមហ៊ុន​កំពុង​បន្ត​វិនិយោគ​ដើម្បី​រក្សា​ការធ្វើ​ព័ត៌មាន​ឲ្យ​កាន់តែ​រឹងមាំ​នោះ​ក្រុមហ៊ុន​ក៏បាន​វិនិយោគ​ដើម្បី​ធានា​ថា ក្រុមហ៊ុន​យើង​កំពុង​ស្ថិត​នៅ​ជួរមុខ​គេ​នៃ​ដំណើរ​ជា​លក្ខណៈ​អន្តរជាតិ​នៅក្នុង​ប្រព័ន្ធ​ឌីជីថល​។

ជា​ឧទាហរណ៍​គេហទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ខេមរភាសា បច្ចុប្បន្ន​នេះ​មាន​អ្នក​តាមដាន​ជាង ៥ លាន​នាក់​នៅ​លើ​ហ្វេសប៊ុក​។ ចាប់​តាំងពី​យើង​បាន​ចូលរួម​ប្រកួត​ប្រជែង​ពានរង្វាន់ SOPA Awards ប្រចាំ​ឆ្នាំ​ក្នុង​ឆ្នាំ​ ២០០៩ មក​ដែល​ជា​ពានរង្វាន់​មួយ​ដែល​ផ្តល់​កិត្តិយស​ជូន​ដល់​សមិទ្ធផល​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ឆ្នើម ក្រុមហ៊ុន​របស់​យើង​បាន​ទទួល​ពានរង្វាន់​នេះ​សរុប​ចំនួន​ ២៣ ​ពាន​រង្វាន់​ដាច់​ដោយ​ឡែក​ពី​គ្នា​រួម​ទាំង​ពាន​រង្វាន់ WAN-IFRA ចំនួន​ ៣ ​ថែម​ទៀត ដូច្នេះ​ហើយ​ចំណុច​ទាំង​នេះ​វា​បាន​បង្ហាញ​អំពី​ភាព​ជា​អ្នក​ដឹកនាំ និង​ការកំណត់​ស្តង់ដារ​សម្រាប់​សារព័ត៌មាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

រយៈពេល​ចុង​ក្រោយ​នេះ​មាន​បញ្ហា​ប្រឈម​មួយ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​ចំណែក​ទីផ្សារ​សម្រាប់​ការផ្សព្វផ្សាយ​តាមរយៈ​កាសែត​នៅ​ទូទាំង​ពិភពលោក​ហើយ​ក៏​ត្រូវ​បាន​គេ​ឃើញ​ថា​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

ខ្ញុំបាទ​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុម​គ្រួសារ Clough ជាពិសេស​លោក​ឪពុក​របស់​ខ្ញុំ​ឈ្មោះ Harold Clough សម្រាប់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​មួយ​នេះ​ជាមួយ​រូប​ខ្ញុំ​ផ្ទាល់​នៅក្នុង​អំឡុង​ពេល​ជួប​ការលំបាក​ទាំង​នោះ​។

ការរក្សា​ពាក្យ​ស្លោក​របស់​យើង​ «​ព័ត៌មាន វៃឆ្លាត ស៊ីជម្រៅ ឯករាជ្យ​» នៅក្នុង​ពិភព​ប្រព័ន្ធ​ឌីជីថល​ដែល​កំពុង​កើន​ខ្លាំង​ឡើងៗ​នេះ​វា​បាន​ទាមទារ​ឲ្យ​មាន​ការ​វិនិយោគ​លើ​ធនធាន​មនុស្ស​ និង​បច្ចេកវិទ្យា​បន្ត​ថែម​ទៀត​នៅពេល​ដែល​បញ្ហា​ប្រឈម​កំពុង​កើត​មាន​បែប​នេះ​។

ប៉ុន្តែ​ការជឿជាក់​របស់​យើង​ក្នុង​ការផ្តល់​កេរដំណែល​យូរអង្វែង​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ម្ចាស់​ថ្មី ហើយ​ខ្ញុំ​មាន​ជំនឿ​មុតមាំ​ថា ពួកគេ​នឹង​កសាង​ពី​កម្លាំង​របស់​យើង និង​បន្ថែម​គុណ​តម្លៃ​បន្ថែម​ទៀត ខណៈ​ពេល​ដែល​យើង​កំពុង​ចូល​ទៅ​ក្នុង​យុគ​ដ៏គួរ​ឱ្យ​រំភើប​ថ្មី​មួយ​។

តំបន់​នេះ​ពោរពេញ​ទៅ​ដោយ​ភាព​រង្គោះរង្គើ ហើយ​ការផ្លាស់ប្តូរ​កាលពី​ពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​ចូល​មក​ដល់​នាពេល​ខាង​មុខ​វា​នឹង​ធ្វើឲ្យ​គេ​ផ្តោត​លើ​កាសែត​ភ្នំពេញ-ប៉ុស្តិ៍​កាន់តែ​ខ្លាំង​ដែល​ជា​កាសែត​ឯករាជ្យ​ពិតប្រាកដ​តែ​មួយ​គត់​ដែល​នៅ​សល់​ចុងក្រោយ​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។

មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​មកពី​គ្រប់​ទិសទី​ដែល​បាន​ចោទសួរ​អំពី​ដំណើរ​បន្ត​របស់​យើង ដូច្នេះ​ហើយ​ពេល​នេះ​យើង​សង្ឃឹម​ថា ពាក្យ​ចចាម​អារ៉ាម​ទាំង​នោះ​នឹង​ត្រូវ​បាន​បកស្រាយ​។

ខ្ញុំ​សូម​បញ្ជាក់​ថា​កាលពី​សប្តាហ៍​មុន​ក្រុមហ៊ុន​បាន​ធ្វើការ​ដោះស្រាយ​ពេញលេញ​ និង​ចុងក្រោយ​ប្រកប​ដោយ​អធ្យាស្រ័យ​ល្អ ចំពោះ​អ្វី​ដែល​គេ​ដឹង​ថា ជា​ការ​កំណត់​ឲ្យ​បង់ពន្ធ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​។

យើង​ខ្ញុំ​សូម​កោតសរសើរ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) ចំពោះ​ការអនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​ពួកគេ​នៅក្នុង​ការបញ្ចប់​ការទាមទារ​ពន្ធ​ដ៏ស្មុគស្មាញ​នេះ​។

«​ខ្ញុំ​បាទ​សូម​គោរព​ចំពោះ​ឯកឧត្តម គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ឯកឧត្តម វ៉ាន់ ពុទ្ធិពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ចំពោះ​ចំណាត់ការ​របស់​ឯកឧត្តម​ក្នុង​ការ​ដោះស្រាយ​ការទាមទារ​ពន្ធដារ​នេះ​បាន​ឆាប់​រហ័ស​»​។

ខណៈ​ករណី​ប្តឹង​ផ្តល់​ទៅ​តុលាការ​កំពុង​បន្ត​ដែល​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ខក​ចិត្ត​ខ្លាំង​បំផុត និង​បាន​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ប្រព័ន្ធ​តុលាការ​អន់​ខ្សោយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នោះ យើង​ខ្ញុំ​សូម​បញ្ជាក់​ថា​ការអនុវត្ត​វិធានការ​របស់​អាជ្ញាសាលា​ចំពោះ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​យើង​ខ្ញុំ​ត្រូវ​បាន​លុប​ចោល​គឺ​រង់ចាំ​រហូត​ដល់​តុលាការ​កំពូល​ជំនុំជម្រះ​បណ្តឹង​សារទុក្ខ​។ មិន​ថា លទ្ធផល​ចុង​ក្រោយ​ទៅ​ជា​យ៉ាងណា​នោះ​ទេ ក្រុមហ៊ុន​មិន​ប្រឈម​នឹង​ការគំរាម​កំហែង​ណា​មួយ​ដល់​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​បន្ត​ការងារ​របស់​ខ្លួន​ឡើយ​។

ខ្ញុំ​បាទ​សូម​ថ្លែង​អំណរគុណ​ជាពិសេស​ចំពោះ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​ជា​បុគ្គល​ឈាន​មុខ​គេ​នៅក្នុង​ឧស្សាហកម្ម​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា រយៈពេល​ជាង​ ៤ ទសវត្សរ៍​មក​នេះ​។ ឯកឧត្តម​ជា​បុរស​ដែល​មាន​បេះដូង​ជា​អ្នក​កាសែត ឯកឧត្តម​ជា​អ្នកគាំទ្រ​កាសែត ភ្នំពេញ​ប៉ុស្តិ៍​ដ៏​ខ្លាំងក្លា​ចាប់​តាំងពី​ការចាប់ផ្តើម​ដំបូង​មក​ម្ល៉េះ​។

ភាព​ជា​អ្នកដឹកនាំ​របស់​ឯកឧត្តម​បាន​រំឭក​ខ្ញុំ​ថា នេះ​គឺជា​ប្រទេស​មួយ​ដែល​អ្នក​អាច​ធ្វើ​ពាណិជ្ជកម្ម ទោះបី​ជា​ប្រភេទ​នៃ​ឧស្សាហកម្ម​មួយ​ដែល​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​បំផុត​ដូច​ក្រុមហ៊ុន​របស់​យើង​ក៏ដោយ​។ ខ្ញុំបាទ​មិន​ដែល​មាន​អារម្មណ៍​ថា ក្រុមហ៊ុន​របស់​យើង​ធ្លាប់​ស្ថិត​នៅ​ក្រោម​ការគំរាមកំហែង​នោះ​ទេ ហើយ​ឯកឧត្តម រដ្ឋមន្ត្រី តែងតែ​ជា​អ្នក​ការពារ​ដំបូង​គេ​។ ឯកឧត្តម​តែងតែ​ទទួល​ស្គាល់​ថា​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​គឺជា​កាសែត​ឯករាជ្យ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ភ័យខ្លាច​នោះ​ទេ​ប្រសិន​បើ​ខ្លួន​គោរព​តាម​ច្បាប់​។

រយៈពេល ១០ ឆ្នាំ​កន្លង​មក​នេះ​គឺជា​បទពិសោធ​ដ៏អស្ចារ្យ​មួយ​សម្រាប់​រូបខ្ញុំ​ដែល​បាន​ធ្វើការ​ជាមួយ​មនុស្ស​ដែល​មាន​ទេពកោសល្យ និង​ក្លៀវក្លា​នៅក្នុង​ក្រុមហ៊ុន​កាសែត​ឯករាជ្យ​ពិតប្រាកដ និង​ឈាន​មុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​មួយ​នេះ​។

ខ្ញុំបាទ សូម​ថ្លែង​អំណរគុណ​ដល់​បុគ្គលិក​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទាំងអស់ ចំពោះ​ការប្តេជ្ញាចិត្ត និង​ភាព​ស្មោះត្រង់​របស់​ពួកគេ​ដែល​នាំ​ក្រុមហ៊ុន​មក​ដល់​ដំណាក់កាល​នេះ​។

មាន​បុគ្គលិក​ឆ្នើមៗ​ជាច្រើន​ដែល​ខ្ញុំ​ត្រូវ​លើក​យក​មក​និយាយ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវ​លើក​ឡើង​អំពី​បុគ្គលិក​ឆ្នើមៗ​មួយ​ចំនួន​ដែល​តែងតែ​ឈរ​នៅ​ជាមួយ​ខ្ញុំ​។ លោក កៃ គីមសុង ដែល​ជា​និពន្ធ​នាយក​របស់​យើង​បាន​ធ្វើការ​ជាមួយ​យើង​ចាប់​តាំងពី​ឆ្នាំ​ ២០០៨ ​មក​ម្ល៉េះ​គឺ​នៅពេល​ដែល​យើង​ទិញ​ក្រុមហ៊ុន​នេះ ហើយ​លោក​គឺជា​អ្នកដឹកនាំ​ដ៏ពិត​ប្រាកដ​ម្នាក់​នៅក្នុង​ក្រុមហ៊ុន និង​បាន​ជួយ​ជំរុញ​ការធ្វើ​ព័ត៌មាន​ឆ្ពោះ​ទៅ​មុខ​ជានិច្ច​នៅក្នុង​ពេល​ដែល​មិន​មាន​ភាពប្រាកដប្រជា ដូចគ្នា​ដែរ​លោក សំ រិទ្ធ ប្រធាន​គ្រប់គ្រង​ការីនិពន្ធ​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​យើង​អស់​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​មក​ហើយ​។

នាយិកា​ហិរញ្ញវត្ថុ​របស់​យើង​លោកស្រី​ ហ៊ាង តាំងម៉េង មាន​បេះដូង និង​ស្មារតី​ជាមួយ​នឹង​អាជីវកម្ម​មួយ​នេះ​តាំង​តែ​ពី​លោកស្រី​ចូល​មក​ធ្វើការ​ជាមួយ​យើង​ក្នុង​ឆ្នាំ​ ២០០៨ ​ម្ល៉េះ ហើយ​ចុងក្រោយ​គឺ​លោក ចាប ណារិទ្ធ ជា​បុរស​ម្នាក់​ដែល​បាន​នៅ​ជាមួយ​យើង​អស់​រយៈពេល​ ២៦ ឆ្នាំ​មក​ហើយ​។

ពេល​នេះ​ខ្ញុំ​សូម​ផ្ទេរ​ក្រុមហ៊ុន​នេះ​ទៅ​ឲ្យ​លោក Siva ដោយ​ធ្វើ​បែប​នេះ​ខ្ញុំ​ក៏​មាន​ការ​សោកស្តាយ​បន្តិចបន្តួច​ដែរ ប៉ុន្តែ​ខ្ញុំ​ក៏​រំភើប និង​មាន​ទំនុក​ចិត្ត​ផង​ដែរ​ថា​ក្រុម​ការងារ​របស់​គាត់​នឹង​ធ្វើ​ដូច​អ្វី​ដែល​ពួកគេ​បាន​និយាយ​ថា ពួកគេ​មាន​ផែនការ​កសាង​ពី​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​ពី​កេរដំណែល​រយៈពេល ២៦ ឆ្នាំ​របស់​យើង និង​បន្ថែម​ជីវិត​ថ្មី​នៅក្នុង​អាជីវកម្ម​ដែល​កំពុង​ឆ្ពោះ​ទៅ​មុខ​មួយ​នេះ​។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​ពួកគេ​ល្អ​សម្រេច​បាន​ជោគជ័យ​៕ NS

Bill Clough ម្ចាស់ និងចាងហ្វាងក្រុមហ៊ុនប៉ុស្តិ៍ម៉េឌីយ៉ា

សេចក្តី​ប្រកាស​ព័ត៌មាន

យើង​ខ្ញុំ​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ទូទៅ​​ជាពិសេស​ដល់​អ្នកអាន​ និង​អ្នក​គាំទ្រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ​ក្រុមហ៊ុន​ប៉ុស្តិ៍​ម៉េឌីយ៉ា​ដែល​​​ដំណើរការ​អស់​រយៈពេល ២៦ ឆ្នាំ​ និង​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​មួយ​នោះ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​វិនិយោគិន​ម៉ាឡេស៊ី​ឈ្មោះ SIVAKUMAR G ទាំង​ស្រុង​ដែល​លោក​ជា​អ្នក​កាសែត​ជើង​ចាស់​ ហើយ​ក៏​ជា​ការីនិពន្ធ​ដ៏​មាន​បទពិសោធ​ខ្ពស់​មួយ​រូប​​ផង​ដែរ។

ការទិញ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ និង​ចរចា​គ្នា​​ដ៏តានតឹង​អស់​រយៈពេល​ជាច្រើន​ខែ​ ហើយ​នៅ​ទីបំផុត​លទ្ធផល​ចុង​ក្រោយ​គឺ​ថា​ ម្ចាស់​ក្រុមហ៊ុន​ពី​មុន​បាន​យល់​ព្រម​លក់​ក្រុមហ៊ុន​នេះ ដោយ​​ឈរ​លើ​មូលដ្ឋាន «ឆន្ទៈលក់ ឆន្ទៈទិញ»។

យើង​ខ្ញុំ​សូម​ធានា​ដល់​អ្នក​អាន ​និង​អ្នក​គាំទ្រ​របស់​កាសែត​ភ្នំពេញ​ប៉ុស្ត៍​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា​ក្នុង​នាម​ជា​ម្ចាស់​ក្រុមហ៊ុន​ថ្មី​ យើង​ខ្ញុំ​សូម​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញ​​ទំហឹង​ថា​នឹង​លើក​កម្ពស់​គោលការណ៍ និង​ឯករាជភាព​របស់​កាសែត​ដែល​ជា​កេរដំណែល​មាន​អាយុ​កាល​ ២៦ ​ឆ្នាំ​មួយ​នេះ​ដោយ​មិន​មាន​ការ​រំលោភ​លើ​ច្បាប់ ​និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ណា​មួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​នៅ​ក្នុង​ការទិញ​ក្រុមហ៊ុន​ណា​មួយ​យើង​នឹង​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​​ហ្មត់​ចត់​អំពី​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នោះ​ និង​ពិនិត្យ​មើល​មធ្យោបាយ​ និង​បំណង​ដើម្បី​លើក​កម្ពស់​គោលការណ៍​បោះពុម្ព​ផ្សាយ​​របស់​ខ្លួន​ជាមួយ​នឹង ៣ ចំណុច​សំខាន់ៗ​គឺ៖

១) ឯករាជភាព​ផ្នែក​ហិរញ្ញវត្ថុ

២) ឯករាជភាព​ផ្នែក​បោះពុម្ព​ផ្សាយ

៣) ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​ ដើម្បី​ធានា​នូវ​ភាព​ជោគជ័យ​បន្ត​របស់​ខ្លួន​ជា​«អាជីវកម្ម​ឆ្ពោះ​ទៅ​មុខ​»។

នៅ​ទីបញ្ចប់​យើង​ខ្ញុំ​សូម​សម្តែង​​ការ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​យើង​គឺ​លោក Anthony Galliano ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodian International Management (CIM) និង​ទីប្រឹក្សា​ច្បាប់​របស់​យើង​គឺ​ក្រុមហ៊ុន HBS Law ចំពោះ​កិច្ចខិត​ខំប្រឹងប្រែង​ដោយ​មិន​ខ្លាច​នឿយ​ហត់​របស់​ពួកគេ​ដើម្បី​សម្រេច​បាន​នូវ​ការ​ស្រុះស្រួល​គ្នា​នេះ៕ NS