ភ្នំពេញៈ កាស៊ីណូ​ណាហ្គាវើលដ៍​នឹង​ចាប់ផ្ដើម​បើក​អាជីវកម្ម​ល្បែង​ឡើងវិញ​នៅ​ថ្ងៃទី​ ៨ ខែ​កក្កដា​ ស្អែក​នេះ ខណៈ​ដែល​ក្រសួង​អប់រំ​ក៏​បាន​ប្រកាស​ដែរ​ថា សាលារៀន​ទាំងអស់​នឹង​ត្រូវ​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ ប៉ុន្តែ​ត្រូវ​បែងចែក​ជា ៣ ​ដំណាក់កាល ដោយ​សាលារៀន​ដែល​មាន​ស្ដង់ដា​សុវត្ថិភាព​ខ្ពស់​ត្រូវ​បើក​មុន​។

ក្រុមហ៊ុន​ណាហ្គាខប បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ថា កាលពី​ថ្ងៃទី ៣០ ​ខែ​មិថុនា ក្រុមហ៊ុន​ និង​ក្រសួង​សុខាភិបាល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ផ្ដល់​ការយល់ព្រម​ដល់​ណាហ្គាវើលដ៍ ចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​ឡើងវិញ ហើយ​នៅ​ថ្ងៃទី​ ៤ ​ខែ​កក្កដា ក្រុម​ការងារ​បច្ចេកទេស​នៃ​ក្រសួង​សុខាភិបាល​បាន​ចុះ​មក​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្តែង​នៃ​ទីតាំង​កាស៊ីណូ​ណាហ្គាវើលដ៍ និង​បាន​សន្និដ្ឋាន​ថា ក្រុមហ៊ុន​បាន​អនុលោម​តាម​តម្រូវការ​នៃ​ច្បាប់​សុខភាព និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា (SOP) ​ដែល​បាន​កំណត់​ដោយ​ក្រសួង​សុខាភិបាល​ក្នុង​ការការពារ​ការរីករាលដាល​ជំងឺ​កូវីដ ១៩​។

សេចក្ដី​ប្រកាស​បន្តថា វិញ្ញាបនបត្រ​នៃ​ការបោសសម្អាត និង​ការយល់ព្រម​ត្រូវ​បាន​ផ្តល់ឱ្យ​ក្រុមហ៊ុន​ដើម្បី​បើក​អាជីវកម្ម​ល្បែង​វីអាយភី និង​ស្លត់​ម៉ាស៊ីន​ឡើងវិញ​នៅ​ថ្ងៃទី ៨ ខែ​កក្កដា ឆ្នាំ​ ២០២០​។ ពោល​គឺ​ ១ ​សប្តាហ៍ បន្ទាប់ពី​ការអនុវត្ត​អនុស្សរណៈ​នេះ​ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​ ០៧ ​ខែ​កក្កដា​ឆ្នាំ​ ២០២០​។

លោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ដែល​ជា​និយតករ​អាជីវកម្ម​កាស៊ីណូ​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ៥ ​ខែ​កក្កដា​ថា នៅក្នុង​ចំណោម​កាស៊ីណូ​ជាង​ ១០០ គឺ​កាស៊ីណូ​ណាហ្គាវើលដ៍​ជា​​កាស៊ីណូ​តែ​ ១ ​គត់ នៅ​ទីក្រុង​ភ្នំពេញ​បាន​ដាក់​លិខិត​ស្នើសុំ​បើក​ដំណើរការ​មុនគេ​។

លោក​ថា​៖ «​ក្រៅពី​ហ្នឹង​អត់​ទាន់​មាន​អ្នកណា​មក​ដាក់​ (​លិខិត​សុំ​បើក​ឡើងវិញ​) ​នៅឡើយ​ទេ​ដោយសារ​គេ​ (​ម្ចាស់​កាស៊ីណូ​) ​មិន​ទាន់​រៀបចំ​កន្លែង​ស្រួលបួល ហើយ​នៅ​តាម​ព្រំដែន​ប្រទេស​ជិតខាង​ថៃ និង​វៀតណាម អត់ទាន់​បើក​ផង​។ ទាល់តែ​បើក​​ព្រំដែន​វិញ​បាន​មាន​ថៃ​ និង​វៀតណាម​មកលេង ព្រោះ​ច្បាប់​យើង​មិនឱ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ទេ​»​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​សរសេរ​បង្ហោះ​តាម​ហ្វេសប៊ុក​របស់​លោក​ថា នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៣ ​ខែ​កក្កដា​គឺ​បាន​សម្រេច​អនុញ្ញាត​ឱ្យ​កាស៊ីណូ​បើក​ប្រតិបត្តិការ​អាជីវកម្ម​ឡើងវិញ ប៉ុន្តែ​អនុញ្ញាត​ឱ្យ​មាន​តែ​ល្បែងភ្នាល់ និង​ស្លត់​ម៉ាស៊ីន​តែប៉ុណ្ណោះ​។

លោក​បន្តថា កាស៊ីណូ​ទាំងអស់​ដែល​ចង់​បើក​អាជីវកម្ម​ឡើងវិញ​គឺ​ត្រូវ​ស្នើសុំ​ឱ្យ​មាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ជាមុន ដើម្បី​អនុវត្ត​តាម​លក្ខខណ្ឌ​តម្រូវ​មួយចំនួន​នៃ​វិធានការ​ការពារ​ជំងឺ​កូវីដ​១៩​។

បើ​តាម​លោក ម៉ី វ៉ាន់ កាស៊ីណូ​ដែល​បើក​ដំណើរការ​ឡើងវិញ​ស្រប​ពេល​កំពុង​កើត​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩​នេះ គឺ​ត្រូវ​អនុវត្ត​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ដោយ​ម៉ាស៊ីន និង​តុ​សម្រាប់​លេងល្បែង​គឺ​ត្រូវ​រៀបចំ​ដាក់​ឱ្យ​ឆ្ងាយ​ពី​គ្នា​លើសពី ១ ​ម៉ែត្រ ហើយ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ តែ​តុ​ល្បែងភ្នាល់​ និង​ស្លត់​ម៉ាស៊ីន ដោយសារ​ល្បែង​ទាំង​ ២ ​ប្រភេទ​នេះ​មាន​ចំនួន​មនុស្ស​លេង​តិច​។

ស្របពេល​កម្ពុជា​រកឃើញ​ជំងឺ​កូវីដ​១៩​រប៉េះរប៉ោះ ដែល​នាំចូល​ពី​ក្រៅ​ប្រទេស​ក្រសួង​អប់រំ​ក៏​បាន​ប្រកាស​ដែរ​ថា សាលារៀន​ទាំងអស់​នឹង​ត្រូវ​បើក​ដំណើរការ​ឡើង​វិញ​ឆាប់ៗ ប៉ុន្តែ​ត្រូវ​បាន​បែងចែក​ជា ៣ ​ដំណាក់កាល គឺ​ដំណាក់កាល​ទី​ ១ សម្រាប់​សាលារៀន​ដែល​មាន​ស្ដង់ដា​សុវត្ថិភាព​ខ្ពស់​តាម​សេចក្ដី​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ក្រសួង​សុខាភិបាល និង​ក្រសួង​អប់រំ​ហើយ​ដំណាក់កាល​ទី​ ២ ​គឺ​សាលា​មាន​ស្ដង់ដា​សុវត្ថិភាព​មធ្យម​ និង​ដំណាក់កាល​ទី​ ៣ ​គឺ​សាលា​មាន​ស្ដង់ដា​សុវត្ថិភាព​អប្បបរមា​។

នៅ​ថ្ងៃទី​ ៥ ​ខែ​កក្កដា​ លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បដិសេធ​មិន​បញ្ជាក់​អំពី​ពេលវេលា​ជាក់លាក់ ដែល​សាលា​មាន​ស្ដង់ដា​សុវត្ថិ​ខ្ពស់​ត្រូវ​អនុញ្ញាត​ឱ្យ​បើកទ្វារ​ដំណើរការ​ឡើយ ដោយ​លោក​សន្យា​នឹង​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ការបើក​សាលារៀន​នៅក្នុង​សប្ដាហ៍​នេះ​។

លោក គួច ម៉េងលី ស្ថាបនិក​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ (Aii) និង​សាលារៀន អន្តរទ្វីប អាមេរិកាំង​ (AIS) ថ្លែង​ថា​លោក​មិនទាន់​ទទួល​បាន​ដំណឹង​ពី​ក្រសួង​សុខាភិបាល ឬ​ក្រសួង​អប់រំ​ ដើម្បី​ឱ្យ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ជា​ផ្លូវការ​នៅពេល​ណា​ឡើយ​។

ចំណែក​លោក ម៉ៅ ស្រេង អគ្គនាយក​ស្ថាប័ន IDP និង​សាលារៀន ACE បាន​ថ្លែងថា លោក​កំពុង​រង់ចាំ​ការប្រកាស​ជា​ផ្លូវការ​ពី​ក្រសួង​អប់រំ​នៅក្នុង​អាទិត្យ​នេះ​អំពី​ការបើក​សាលារៀន​ជា​ដំណាក់កាល​។

លោក​ ម៉ៅ ស្រេង បញ្ជាក់ថា​៖ «​ចាំមើល​ក្រសួង​អប់រំ​ចេញ​​សេចក្ដី​ប្រកាស​ចេញ​គោលការណ៍​ជា​ផ្លូវការ​សិន​។ ចាំមើល​ព័ត៌មាន​គាត់​ហ្នឹង​ថា​តើ​តម្រូវ​ឱ្យ​មាន​លក្ខខណ្ឌ​អី​ខ្លះ​»៕

វីដេអូ៖