ព្រះសីហនុៈ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានថ្លែងប្រាប់ពីម្សិលមិញថា កាស៊ីណូចំនួន ២១ នៅក្នុងខេត្តជាប់មាត់សមុទ្រ ១ នេះកំពុងស្នើសុំបើកដំណើរការឡើងវិញ ប៉ុន្តែមិនទាន់ទទួលបានការអនុញ្ញាត។
ការស្នើសុំនេះធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យកាស៊ីណូទាំងអស់បើកដំណើរការឡើងវិញតាំងពីថ្ងៃទី ៣ ខែកក្កដា បន្ទាប់ពីឧស្សាហកម្មនេះត្រូវបានរាជរដ្ឋាភិបាលប្រកាសឲ្យផ្អាកដំណើរការចាប់ពីថ្ងៃទី ១ ខែមេសាមក។
យ៉ាងណាក្តី ការអនុញ្ញាតឲ្យដំណើរការឡើងវិញនៅពេលនេះគឺសម្រាប់តែល្បែងភ្នាល់ និងស្លត់ម៉ាស៊ីនប៉ុណ្ណោះ ហើយការស្នើសុំបើកដំណើរការឡើងវិញត្រូវស្នើសុំការអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ។
លោក ឃាង ភារម្យ ថ្លែងថា៖ «ការស្នើសុំបើកឡើងវិញដំណើរការអាជីវកម្មកាស៊ីណូតាមការណែនាំគឺត្រូវដាក់ពាក្យស្នើសុំទៅក្រសួងសុខាភិបាល។ នីតិវិធីលម្អិត សូមសួរទៅខាងក្រសួងសុខាភិបាល។ រាល់ការស្នើសុំតំណាងក្រសួងសុខាភិបាលលោកចុះមកពិនិត្យសិន»។
លោកបន្តថា៖ «ការស្នើសុំលើកទី ១ មាន ៧ កាស៊ីណូលើកទី ២ មាន ១៤ កាស៊ីណូដែលតំណាងខាងក្រសួងសុខាភិបាលបានចុះពិនិត្យកន្លងមក។ ពាក់ព័ន្ធនឹងការសម្រេចគឺស្ថិតនៅលើក្រសួងសុខាភិបាល។ បើសិនមានការអនុញ្ញាតការបើករបស់គាត់គឺជារឿងស្របច្បាប់ហើយ។ តែបើសិនមិនទាន់អនុញ្ញាតហើយគាត់ទៅបើក អាហ្នឹងមិនស្របច្បាប់ទេ»។ មកទល់ពេលនេះលោកមិនទាន់មានព័ត៌មានបញ្ជាក់ថា មានកាស៊ីណូណាមួយដែលបានបើកដំណើរការទេ ហើយការដាក់ពាក្យស្នើសុំបើកឡើងវិញអាចនឹងមានជាបន្តបន្ទាប់នាពេលខាងមុខ។
លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងពីម្សិលមិញថា កាស៊ីណូទាំងអស់ចង់បើកដំណើរការឡើងវិញ ប៉ុន្តែដោយសារតែមានលក្ខខណ្ឌពាក់ព័ន្ធនឹងវិធានសុខាភិបាលពីក្រសួងសុខាភិបាលមានតែកាស៊ីណូជាង ១០ ប៉ុណ្ណោះដែលបានស្នើសុំបើកដំណើរការឡើងវិញជាផ្លូវការ។ ទោះយ៉ាងណាមិនទាន់មានកាស៊ីណូណាមួយថ្មីទទួលបានការអនុញ្ញាតទេ ខណៈដែលភាគីពាក់ព័ន្ធកំពុងពិនិត្យមើលសំណើ។
លោកបញ្ជាក់ថាកាស៊ីណូជាង ១០ ដែលស្នើសុំមានទីតាំងនៅខេត្តព្រះសីហនុចំណែកនៅក្រុងបាវិត និងនៅក្រុងប៉ោយប៉ែតវិញមិនទាន់មានការស្នើសុំបើកឡើងវិញទេដោយសារតែព្រំដែនវៀតណាម និងព្រំដែនថៃនៅបន្តបិទនៅឡើយ។ មកទល់ពេលនេះមានតែកាស៊ីណូណាហ្គាវើលមួយទេដែលទទួលបានការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ឧស្សាហកម្មកាស៊ីណូបានបង្កើតចំណូលដល់រដ្ឋតាមរយៈការបង់ពន្ធប្រចាំខែ និងប្រចាំឆ្នាំក៏ដូចជាការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ លោកថា កាស៊ីណូទាំងអស់ត្រូវតែអនុវត្តតាមវិធានសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។ ទោះយ៉ាងណាកាស៊ីណូទាំងអស់ប្រហែលនៅមានបញ្ហាប្រឈមដោយខ្លួនឯង ដោយសារតែខ្វះអ្នកចូលទៅលេងល្បែង។
លោកនិយាយថា ក្នុងកាលៈទេសៈណាក៏ដោយ កាស៊ីណូមានផលវិជ្ជមាន និងអវិជ្ជមាន។ ផលអវិជ្ជមានគឺអ្នកខ្លះបានអន្តរាយដោយសារតែកាស៊ីណូ និងបង្កើតឲ្យទៅជាមានសកម្មភាពផ្សេងៗដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម។ ប៉ុន្តែចំណុចវិជ្ជមានរដ្ឋបានពន្ធ និងបង្កើតការងារ។
លោកថ្លែងថា៖ «សំខាន់បំផុតគឺការគ្រប់គ្រង ថាតើគ្រប់គ្រងបានក្នុងលក្ខខណ្ឌណា អ្នកណាអាចចូលលេងបាន អ្នកណាមិនអាចចូលបាន។ តើកាស៊ីណូមានបទបញ្ជាយ៉ាងណាខ្លះ ហើយច្បាប់ប្រទេស និងតំបន់ត្រូវកំណត់ជាក់លាក់យ៉ាងណា»។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានទេកាលពីម្សិលមិញ៕
វីដេអូ៖