ព្រះសីហនុ: អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទកាស៊ីណូមួយឈ្មោះ «ជីន ទីង» នៅសង្កាត់កោះរ៉ុងសន្លឹមចាប់ពីថ្ងៃទី ២២ ខែ មីនា តទៅ ដោយអះអាងថា ម្ចាស់កាស៊ីណូមិនព្រមគោរពតាមគោលការណ៍អាជ្ញាធរដែលបង្កឲ្យមានទឹកស្អុយហូរចូលទៅសមុទ្រ បង្កសំឡេងរំខាន និងផុតអាជ្ញាប័ណ្ណប្រកបអាជីវកម្ម។ នេះបើតាមលោក អ៊ី ធារិន នាយកស្ដីទីចាត់ចែងអន្តរវិស័យខេត្ត ព្រះសីហនុ។
លោក អុី ធារិន បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ការសម្រេចបិទកាស៊ីណូជីន ទីង (168JINGDING International Enterainment Co, LTD) នេះ បានធ្វើឡើងតាមលិខិតចុះថ្ងៃទី ១១ មីនា ឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្ត ព្រះសីហនុ ដោយសារម្ចាស់បានសង់អគារលើឆ្នេរសមុទ្រ និងរំលោភលក្ខខណ្ឌមួយចំនួន។
លោកបន្តថា លោក ZHOU JIANHUA ជាជនជាតិចិននិងជាម្ចាស់កាស៊ីណូមិនព្រមគោរពតាមគោលការណ៍របស់អាជ្ញាធរទេ ដូចជាបង្ហូរទឹកស្អុយចូលសមុទ្រប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ បង្កការរំខានដោយបំពងសំឡេងធុងបាស់ អនុញ្ញាតឲ្យភ្ញៀវបាញ់បោះសេរី និងផុតអាជ្ញាប័ណ្ណប្រកបអាជីវកម្មផងដែរ។ «យើងបានជូនដំណឹងទៅគាត់កាលពីថ្ងៃចន្ទហើយ និងឈានទៅបិទទាំងស្រុងចាប់ពីថ្ងៃទី ២២ មីនា ដើម្បីឲ្យបុគ្គលិកគាត់ទៅរកការងារផ្សេងធ្វើគឺយើងមិនបិទភ្លាមៗទេ។ យើងណែនាំគាត់ច្រើនលើកហើយ តែគាត់មិនព្រមអនុវត្តតាមអាជ្ញាធរយើងទេ»។
លោក កែវ រតនា នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹមបានថ្លែងថា លោកមិនអាចឆ្លើយប្រាប់លម្អិតពីករណីនេះបានទេ ព្រោះលោកគ្រាន់តែជាអ្នកអមដំណើរក្នុងប្រតិបត្តិការនេះប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «អាជ្ញាធរខេត្តគាត់សម្រេចបិទហើយ តែខ្ញុំអត់អាចប្រាប់លម្អិតបានទេ ទាល់តែសួរទៅខាងរដ្ឋបាលខេត្ត។កំណត់ហេតុផ្សេងៗ ក៏ខ្ញុំអត់បានដឹងដែរ»។
តាមកំណត់ហេតុរបស់លោក អុី ធារិន ដែលបានចុះអង្កេតពិនិត្យផ្ទាល់នៅថ្ងៃទី ១១ មីនា បានបង្ហាញថា ក្រុមការងារបានចុះមកដល់ទីតាំងកាស៊ីណូមួយក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុដោយបានពិនិត្យឃើញថា៖ «ទីតាំងកាស៊ីណូឈ្មោះ ជីន ទីង បានសាងសង់លើឆ្នេរខ្សាច់ទាំងស្រុង ដែលងាយបង្កឲ្យមានទឹកកខ្វក់ហូរចូលសមុទ្រ មានការរំខានដោយសំឡេងធុងបាស់ដល់អ្នកជិតខាងព្រមទាំងអាជ្ញាប័ណ្ណផុតសុពលភាពដែរ»។
លោក ZHOU JIANHUA ម្ចាស់មជ្ឈមណ្ឌលកម្សាន្ដ និងកាស៊ីណូ ជីន ទីង មិនអាចទាក់ទងសុំការបញ្ជាក់បានទេ កាលពីម្សិលមិញ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានថ្លែងកាលពីម្សិលមិញថា លោកសាទរចំពោះចំណាត់ការរបស់អាជ្ញាធរ ព្រោះកាស៊ីណូមួយនេះធ្លាប់មានរឿងអាស្រូវបាញ់បោះសេរីនិងបំពានលើគោលការណ៍ណែនាំរបស់អាជ្ញាធរជាច្រើនលើកមកហើយ។
លោកបន្តថា លោកសុំឲ្យមានវិធានការបែបនេះដូចភ្លៀងរលឹម ព្រោះសំណង់អគារមួយចំនួនទៀតក៏កំពុងរំលោភលើបម្រាមរបស់អាជ្ញាធរដែរ «សូមឲ្យមានវិធានការនេះដូចភ្លៀងរលឹម ទៅលើកាស៊ីណូផ្សេងទៀតដែលមិនគោរពតាមច្បាប់ ត្រូវតែអនុវត្តឲ្យតឹងរ៉ឹងបែបនេះដើម្បីជាសារព្រមានម្ចាស់អគារឬសំណង់ផ្សេងៗទៀត។ ខ្ញុំក៏សុំឲ្យអាជ្ញាធរចុះពិនិត្យទាំងកាស៊ីណូ ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងសំខាន់ ជាច្រើនដែរ កុំឲ្យពួកគាត់ធ្វើអ្វីស្រេចតែចិត្ត»។
លិខិតបិទកាស៊ីណូរបស់រដ្ឋបាលខេត្តនេះ ចុះហត្ថលេខាដោយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ចុះថ្ងៃទី ១១ មីនា ជម្រាបជូនលោក ZHOU JIANHUA សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ EC749131 ចុះថ្ងៃទី ២៣ មីនា ២០១៨ ជាប្រធានក្រុមហ៊ុនជីនទីង។
លិខិតបន្តថា ផ្អែកតាមពាក្យបណ្ដឹងរបស់ពលរដ្ឋចំនួន ៧៧ គ្រួសារនិងលិខិតលេខ ០១៣/១៩ ចុះថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៩ របស់ចៅសង្កាត់កោះរ៉ុងសន្លឹមនិងចំណាររបស់អភិបាល ក្រុងព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ បានចាត់ឲ្យក្រុមការងារចុះពិនិត្យឃើញថា ទីតាំងមជ្ឈមណ្ឌលកម្សាន្ដ ជីន ទីង គឺស្ថិតនៅលើដីឆ្នេរសមុទ្រ ដែលពុំមានប្រព័ន្ធចម្រោះទឹកកខ្វក់ដែលបង្កផលប៉ះពាល់បរិស្ថានឆ្នេរសមុទ្រ ពុំបានអនុវត្តត្រឹមត្រូវតាមលិខិតរបស់ទីស្ដីការ គណៈរដ្ឋមន្ត្រី (ទីតាំងសាងសង់ត្រូវមានការឯកភាពពីអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ) ។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា៖ «ពាក់ព័ន្ធករណីដូចបានជម្រាបជូនខាងលើរដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្ដ ជីន ទីង ចាប់ពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ ជាកំហិត។ ហេតុនេះ លោក ZHOU JIANHUA ម្ចាស់ទីតាំងខាងលើនេះ ជ្រាប និងអនុវត្តតាមខ្លឹមសារខាងលើឲ្យមានប្រសិទ្ធភាព»៕