The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កាស៊ីណូ​មួយ​នៅ​តែ​បន្ត​រំលោភ​បំពាន​លើ​បុគ្គលិក

កាស៊ីណូ​មួយ​នៅ​តែ​បន្ត​រំលោភ​បំពាន​លើ​បុគ្គលិក

កាស៊ីណូ​មួយ​នៅ​តែ​បន្ត​រំលោភ​បំពាន​លើ​បុគ្គលិក

ភ្នំពេញៈ កាស៊ីណូ​មួយ នៅ​ក្រុង​ប៉ោយប៉ែត ដែល​បង់​ប្រាក់​ឈ្នួល​ជា​ប្រាក់​បាត​ថៃ មិន​ទាន់​បំពេញ​តាម​ពាក្យ​សន្យា​របស់​ខ្លួន ក្នុង​ការ​លើក​កម្ពស់​លក្ខ​ខណ្ឌ​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់ បុគ្គលិក ៥០០ នាក់​នៅ​ឡើយ​ទេ។

លោក ម៉ម រិទ្ធី អនុ​ប្រធាន​សហព័ន្ធ​កម្មករ​ផ្នែក​សេវាកម្ម និង​ទេសចរណ៍​កម្ពុជា បាន​អះអាង​ថា បុគ្គលិក​នៅ​តែ​ធ្វើ​ការ​ ១២ ម៉ោង ក្នុង​មួយ​ថ្ងៃ ដែល​ជា​ញឹកញាប់​ដោយ​គ្មាន​ឈប់​សម្រាក នៅ​កាស៊ីណូ​ត្រូពីកាណា ជា​កាស៊ីណូ​មួយ​នៅ​ក្បែរ​ព្រំដែន​ថៃ ខេត្ត​បន្ទាយមានជ័យ។ លោក​ថ្លែង​ថា៖ «អ្នក​គ្រប់គ្រង​កាស៊ីណូ​ធ្វើ​សេចក្តី​សម្រេច​នៅ​ក្រៅ​ច្បាប់​ការ​ងារ ផ្អែក​ទាំង​ស្រុង​លើ​អ្វី​ដែល​ពួក​គេ​ចង់​បាន​ នេះ​ជា​របៀប​ដែល​ពួក​គេ​គ្រប់គ្រង​បុគ្គលិក»។

កិច្ច​ព្រមព្រៀង​មួយ​ ដែល​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ ១៨ នៃ​ការ​ទាមទារ​សរុប ២១ ចំណុច​របស់​បុគ្គលិក ដែល​រាប់​បញ្ចូល​បញ្ហា​ធ្វើ​ការ​បន្ថែម​ម៉ោង ការ​សម្រាក​មាតុភាព និង​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ប៉ុន្តែ​ប្រធាន​ក្រុម​ហ៊ុន​មិន​ទាន់​អនុវត្ត​ចំណុច​ណាមួយ​នៅ​ឡើយ​ទេ។ កិច្ច​ប្រជុំ ដែល​គ្រោង​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​លើ​ចំណុច​បី​ទៀត ក្នុង​នោះ​រួម​មាន ការ​ទទួល​យក​មេដឹកនាំ​សហជីព ៣ នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ទេ កាល​ពី​ចុង​សប្តាហ៍។

លោក Dave Welsh អ្នក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​មជ្ឈមណ្ឌល​អាមេរិក ដើម្បី​សាមគ្គីភាព​ការងារ​អន្តរជាតិ ដែល​ថ្លែង​ថា បុគ្គលិក​ទទួល​ប្រាក់​ខែ​ជា​ប្រាក់​បាត​ថៃ​នោះ បាន​ឲ្យ​ដឹង​ថា លោក​នឹង​ជួប​ជាមួយ​នឹង​អភិបាល​ក្រុង​ប៉ោយ​ប៉ែត​ថ្ងៃ​នេះ ដើម្បី​ពិភាក្សា​លើ​បញ្ហា​អសកម្ម។ លោក​លើក​ឡើង​ថា៖ «ការ​បង់​ប្រាក់​ជា​ប្រាក់​បាត​ថៃ​ជា​រឿង​ធម្មតា ប៉ុន្តែ​វា​ជា​សញ្ញា​បង្ហាញ​ថា ក្រុមហ៊ុន​ថៃ​ប្រតិបតិ្តការ​លើ​ព្រំ​ដែន​ ជឿ​ជាក់​ថា ពួក​គេ​មិន​ស្ថិត​ក្រោម​ច្បាប់​ការងារ​កម្ពុជា​នោះ​ទេ»។ លោក​ Welsh  បាន​ឲ្យ​ដឹង​ទៀត​ថា ​សិទិ្ធ​សម្រាក​មាតុ​ភាព​ពុំ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ទេ ខណៈ​ដែល​កិច្ច​ព្រមព្រៀង​ការ​ងារ​ ការ​ពារ​សិទ្ធិ​ជា​ច្រើន​ដទៃ​ទៀត។ ​លោក​លើក​ឡើង​ថា ការ​ប្រណិប័តន៍​មក​លើ​មេដឹកនាំ​សហជីព ជា​ឥរិយាបថ​លេច​ធ្លោ​របស់​ក្រុមហ៊ុន​មួយ​នេះ​។

កាស៊ីណូត្រូពី​កាណា​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ៕ TK

អត្ថបទគួរចាប់អារម្មណ៍