កំពតៈ យោធា​ចារ្យ នាយទាហាន នាយទាហានរង និង​ពលទាហាន​ប្រមាណ​ជិត​ ២០០០ ​នាក់​បាន​ចូលរួម​ក្នុង​ការបាញ់​គ្រាប់​ពិត​នៅក្នុង​លំហាត់​ហនុមាន​មាស​ ២០១៨ ​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​កន្លង​មក​នេះ​ដោយ​បាន​ប្រើ​សព្វាវុធ​ប្រភេទ​ធុនធ្ងន់​ដូចជា​រថពាសដែក កាំភ្លើង​ប្រតិកម្ម BM-21, RM-70 កាំភ្លើង​ធំ​អូស​សណ្ដោង​ប្រភេទ​ ១២២D៣០ ​មម និង​កាំភ្លើង​ ១៥២D២០​ មម ដែល​បាន​អនុវត្ត​ដោយ​ជោគជ័យ​នៅ​ក្នុង​ស្រុក​ជុំគិរី ព្រំប្រទល់​ជាប់​ខេត្ត កំពត តាកែវ និង​កំពង់ស្ពឺ ក្នុង​គោលបំណង​ពង្រីក​សមត្ថភាព​ជំនាញ​យោធា​ដើម្បី​ការពារ​បូរណភាព​ទឹកដី​។

លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង​ប្រធាន​គណៈកម្មការ​ដឹកនាំ​បាញ់​គ្រាប់​ពិត លំហាត់​ហនុមាន​មាស ២០១៨ ​បាន​អះអាង​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​បិទ​វគ្គ​លំហាត់​ហនុមាន​មាស​ ២០១៨ កាលពី​ម្សិលមិញ​ថា សមាសភាព​យោធា​ទាំងអស់​មាន​ចំនួន​ ១៩៤៨ ​នាក់​ដែល​បាន​ចូលរួម​លំហាត់​ទីបញ្ជាការ និង​​លំហាត់​ទីលាន​ដែល​បាន​ចូលរួម​ហ្វឹកហាត់​ចាប់​តាំងពី​ថ្ងៃទី​ ២៤ ខែ​មេសា​ដល់​ថ្ងៃទី​ ៣០ ខែ​ឧសភា​។

លោក សារ៉ាត់ បាន​ថ្លែង​ថា​៖ «​ថ្ងៃ​នេះ​យើង​បាន​អនុវត្ត​ជាក់ស្ដែង ប្រកប​ដោយ​ជោគជ័យ និង​ជាទី​មោទនភាព​យ៉ាង​ក្រៃលែង​សម្រាប់​កងយោធពល​ខេមរភូមិន្ទ​ក្នុង​បុព្វហេតុ​ការពារជាតិ មាតុភូមិ​អង្គរ​នៃ​យើង​។ ក្រោយ​ពី​ឆ្លងកាត់​លំហាត់​ហនុមាន​មាស​ ២០១៨ ​នេះ​ធ្វើឲ្យ​យោធិន​របស់​យើង មាន​សមត្ថភាព និង​បង្កើន​បាន​ការយល់ដឹង​ក្នុង​យុទ្ធវិធី​វាយបក ការប្រុងប្រៀប​ប្រយុទ្ធ និង​ការរៀបចំ​ទីបញ្ជាការ​កងពលតូច ព្រម​ទាំង​ទីបញ្ជាការ​គ្រប់​លំដាប់​ថ្នាក់​»​។

លោក​បាន​អះអាង​ផង​ដែរ​ថា​គោលបំណង​នៃ​ការចាត់តាំង​បាញ់​គ្រាប់​ពិត​លើក​នេះ​មាន​អត្ថន័យ និង​សារៈសំខាន់​បំផុត​ក្នុងការ​ពង្រីក​សមត្ថភាព​ជំនាញ​កាំភ្លើង​ប្រតិកម្ម និង​កាំភ្លើង​ធំ​អូសសណ្ដោង​ដែល​ជា​គ្រឿង​បំពាក់​ធុនធ្ងន់​ និង​យុទ្ធសាស្ត្រ​របស់​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​វាយតម្លៃ លក្ខណៈ​បច្ចេកទេស និង​សមត្ថភាព​យោធិន​ស្រប​តាម​យុទ្ធវិធី​ក្នុង​ការអនុវត្ត​សហការ​ប្រយុទ្ធ តាម​នយោបាយ​យុទ្ធសាស្ត្រ​ការពារជាតិ ការពារ​បូរណភាព​ទឹកដី​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​​ការពារ​ជាតិ​បាន​ថ្លែង​ទៅ​កាន់​កម្លាំង​យោធា​ទាំងអស់​ដែល​បាន​បញ្ចប់​ការហ្វឹកហាត់​កាលពី​ម្សិលមិញ​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន លោក Wei Fenghe មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​ពីថ្ងៃ​ទី​ ១៦-២០ ខែ​មិថុនា​ខាង​មុខ​នេះ​បំណង​បញ្ជាក់​ពី​ចំណងមិត្តភាព​រវាង​កម្ពុជា និង​ចិន​លើ​កិច្ចសហប្រតិបតិ្តការ​គ្រប់​វិស័យ​ជាពិសេស​លើ​វិស័យ​យោធា​។

សកម្មភាព​នៃ​លំហាត់​បាញ់​គ្រាប់​ពិត​ហនុមាន​មាស​ ២០១៨ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំគិរី ខេត្ត​កំពត កាលពី​ថ្ងៃ​ម្សិលមិញ​។ រូប ក្រសួង​ការពារជាតិ

លោក​ ទៀ បាញ់ បាន​ថ្លែង​ថា​៖ «​យើង​បាន​ឯកភាព​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន លោក​នឹង​មក​ទស្សនកិច្ច​ពី​ថ្ងៃ​ទី​ ១៦ ​ដល់​ថ្ងៃទី​ ២០ មិថុនា យើង​បាន​ឯកភាព​គ្នា​នឹង​រៀបចំ​តាំងពិព័រណ៍​មួយ​នៅ​កោះពេជ្រ​ដើម្បី​ផ្ដល់​រូបភាព​ជា​សកម្មភាព​កិច្ចសហប្រតិបតិ្តការ​រវាង​កម្ពុជា និង​ចិន សំខាន់​បំផុត​គឺ​ផ្នែក​យោធា​របស់​យើង​»​។

លោក ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ច្រានចោល​ការចោទប្រកាន់​របស់​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​ដែល​បាន​យល់ថា ការ​ធ្វើ​លំហាត់​យោធា​គឺជា​ការ​គំរាម​កំហែង​ដល់​អ្នក​បោះឆ្នោត​។

លោក សុជាតិ ថ្លែង​ថា​៖ «​សមយុទ្ធ ការបាញ់​សាកល្បង​គ្រាប់​ពិត​មិន​បាន​គំរាមកំហែង​អ្នក​បោះឆ្នោត និង​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ឆ្នាំ ២០១៨ ​ទេ​»​។

ខណៈ​លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅថា​និកហ្វិក (NICFEC) ថ្លែង​ថា​កងកម្លាំង​យោធា​មិន​គួរ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត ទន្ទឹម​គ្នា​នឹង​ការបោះឆ្នោត​ជិត​មក​ដល់​នោះ​ទេ វា​នឹង​ធ្វើឲ្យ​បរិយាកាស​បោះឆ្នោត​មិន​សូវ​ល្អ​ហើយ​វា​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​រួម​ទាំង​គណបក្សនយោបាយ​មួយ​ចំនួន​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​រដ្ឋាភិបាល​គួរ​តែ​ជ្រើសរើស​ពេលវេលា​កុំ​ឲ្យ​វា​គាប់​ជួន​ពេល​ជិត​បោះឆ្នោត គួរ​តែ​ធ្វើឲ្យ​ឆ្ងាយ​ពី​ព្រឹត្តិការណ៍​បោះឆ្នោត​»​។

លោក ជាម ចន្នី អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​គាំទ្រ​ការធ្វើ​លំហាត់​យោធា​ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា​ដើម្បី​ដើរទាន់​ប្រទេស​ជិត​ខាង​ទាំង​សម្ភារ និង​កងកម្លាំង ប៉ុន្តែ​រដ្ឋាភិបាល​គួរតែ​ពន្យារពេល​នៃ​ការហ្វឹកហាត់​នេះ​ឲ្យ​នៅ​ឆ្ងាយ​ពី​ការបោះឆ្នោត​បន្តិច​៕