ភ្នំពេញ៖ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​លោក ​ផៃ ស៊ីផាន បាន​អះអាង​ពី​ថ្ងៃ​ម្សិលមិញ​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​នៅ​ថ្ងៃ​សុក្រ​នេះ​ដឹកនាំ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី ​ដើម្បី​​ពិភាក្សា​ និង​ឆ្លង​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​បទល្មើស​សម្អាត​ប្រាក់​ និង​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយ​ភាយ​អាវុធ​មហាប្រល័យ​ បន្ទាប់​ពី​ខកខាន​មួយ​រយៈ​។

លោក ផៃ ស៊ីផាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់​ពី​ខកខាន​បើក​កិច្ច​ប្រជុំ​មួយ​រយៈ ​គណៈរដ្ឋមន្ត្រី​សម្រេច​បើក​កិច្ច​ប្រជុំ​ជាថ្មី ព្រោះ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ គឺ​ជា​ការងារ​បន្ទាន់ និង​មាន​សារៈសំខាន់​ដែល​តម្រូវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​កិច្ច​ប្រជុំ​នាពេល​នេះ។​

លោក​បាន​បញ្ជាក់​ថា​៖ «ខ្ញុំ​អត់​ចាំ​ទេ (ការ​ខកខាន​ប្រជុំ​គណៈរដ្ឋមន្ត្រី​នេះ) ​គ្រាន់​តែ​ការ​ប្រជុំ​នេះ ​គឺ​ជា​ការងារ​តម្រូវ​ការ​បន្ទាន់ ហើយ​គោលការណ៍​ប្រជុំ​នេះ គឺ​អាស្រ័យ​ទៅ​លើ​របៀបវារៈ​មាន​សារៈសំខាន់​ ចូល​មក​ដល់​នោះ ​គឺ​ជា​ពេល​វេលា​របស់​នាយក​រដ្ឋមន្ត្រី គាត់​ដឹកនាំ​គណៈ​រដ្ឋមន្ត្រី​ហ្នឹង​តែ​ម្តង»​។

លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​​វិមាន​សន្តិភាព​​ដែល​ត្រូវ​ពិភាក្សា​ និង​ឆ្លង​លើ​របៀបវារៈ​មួយ​ចំនួន ដូច​ជា​ ១ ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយ​ភាយ​​អាវុធ​មហា​ប្រល័យ។២ ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង ៣ សេចក្តី​ព្រាង​ច្បាប់ ​ស្តីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។

បើ​តាម លោក ​ផៃ​ ស៊ីផាន​ ក្រៅ​ពី​សេចក្តី​ព្រាង​ច្បាប់​ទាំង ​៣ ​នេះ កិច្ច​ប្រជុំ​ពេញ​អង្គ ក៏​នឹង​ពិនិត្យ​លើ​សំណើ​សុំ​ការ​យល់ព្រម​ពី​គណៈ​រដ្ឋមន្ត្រី ​ដើម្បី​សុំ​ការ​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន ​៣ ​បន្ថែម​ទៀត​ផង​ដែរ​ ដែល​មាន​ដូច​ជា ទី ១ សេចក្តី​ព្រាង​ច្បាប់ ​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​លុប​បំបាត់​ការ​យក​ពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​ការ​បង្ការ​គេច​វេះ​ពន្ធ និង​ការ​ចៀស​វាង​ពន្ធ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ម៉ាឡេស៊ី។

ទី២ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​លុប​បំបាត់​ការ​យក​ពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ការ​បង្ការ​គេច​វេះ​ពន្ធ​ និង​ការ​ចៀស​វាង​ពន្ធ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ​និង​ទី៣ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែន​ស្តីពី​កិច្ច​ការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ​ឆ្នាំ ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ ​១៩៧៩។

កាល​ពី​ថ្ងៃទី ​៧ ឧសភា សហភាព​អឺរ៉ុប​បាន​ស្នើ​សភា​របស់​ខ្លួន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ត្រូវ​បង្កើន​ការ​ត្រួត​ពិនិត្យ​លើ​ការ​លាង​លុយ​កខ្វក់​ទៅ​ក្នុង​ក្រុម​ប្រទេស ១១ ​ផ្សេង​ទៀត ព្រោះ​តែ​ប្រទេស​ទាំង​នេះ បាន​បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម បង្ក​ការ​គំរាម​កំហែង​ខ្លាំង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភព​លោក។

យ៉ាង​ណា​ក្ដី លោក ផៃ ស៊ីផាន បាន​អះអាង​ថា កម្ពុជា​មិន​បាន​រៀប​រៀង​បង្កើត​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​ ដើម្បី​ផ្គាប់​ចិត្ត​សហគមន៍​អឺរ៉ុប​នោះ​ទេ​ ព្រោះ​កម្ពុជា​បាន​ធ្វើ​សកម្មភាព​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ប្រឆាំង​បទ​ល្មើស​លាង​លុយ​កខ្វក់​ និង​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយ​ភាយ​អាវុធ​មហា​ប្រល័យ​ទាំង​នេះ ជា​យូរ​មក​ហើយ​។​

លោក​បញ្ជាក់​ថា៖ «យើង​តម្រូវ​ឲ្យ​មាន​ច្បាប់​ប្រឆាំង​នឹង​ការ​លាង​លុយ ហើយ​យើង​ដឹង​ហើយ​មន្ទិល​សង្ស័យ​របស់​សហភាព​អឺរ៉ុប ក៏​នៅ​ក្នុង​ហ្នឹង​ដែរ ហើយ​យើង​ក៏​បាន​រៀបចំ​ច្បាប់​ចេញ ដើម្បី​ប្រឆាំង​នឹង​ការ​លាង​លុយ​។...ដូច្នេះ​យើង​ធ្វើ​ហើយ ចំពោះ​ការ​សង្ស័យ​របស់​អឺរ៉ុប គឺ​ជា​សេរីភាព​របស់​គាត់​។ ប៉ុន្តែ​កម្ពុជា​យើង បាន​ប្តេជ្ញា​ក្នុង​ការ​អនុវត្ត​ប្រយុទ្ធ​ប្រឆាំង​លុយ​ដែល​បម្រើ​សកម្មភាព​ភរវកម្ម ​និង​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​អន្តរជាតិ»​។

លោក មាស នី អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា ការ​ខកខាន​ប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​នា​ពេល​កន្លង​ទៅ​ គឺ​ជា​រឿង​ធម្មតា​នោះ​ទេ​ ស្រប​ពេល​ដែល​កម្ពុជា ​មាន​ករណី​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ ១៩​ ដែល​ទាមទារ​​​ឲ្យ​​គោរព​នូវ​គោលការណ៍​រក្សា​គម្លាត។ ប៉ុន្តែ​លោក​​ថា សម្រាប់​ការ​បើក​កិច្ច​ប្រជុំ​ជា​ថ្មី​ក្នុង​ការ​សម្រេច​លើ​របៀបវារៈ​ទាំង​នេះ គឺ​​រឿង​ចាំបាច់​មួយ​ដែល​កម្ពុជា ត្រូវ​តែ​ធ្វើ​ក្នុង​ពេល​នេះ ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ថ្លែងការណ៍​របស់​​អឺរ៉ុប​ដែល​បាន​ស្នើ​ដាក់​កម្ពុជា​​ក្នុង​បញ្ជី​ខ្មៅ​។

លោក​បញ្ជាក់​ថា៖ «នៅ​ក្នុង​នោះ គេ​មិន​ទាន់​ចាត់​ថា យើង​បាន​លាង​លុយ​កង្វក់ ឬ​មាន​ភ័ស្តុតាង​អ្វី​គ្រប់​គ្រាន់​ដែរ ​ប៉ុន្តែ​គេ​ដាក់​សម្រាប់​តាម​ដាន ​ដូច្នេះ​វា​ជា​គ្រោះ​ថ្នាក់​មួយ​ធំ​ណាស់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​យើង។ ប្រសិន​​បើ​កម្ពុជា​ មិន​បាន​ប្រឹងប្រែង​ខ្លួន ​ដើម្បី​ពង្រឹង​ច្បាប់​ផ្នែក​ខាង​ហិរញ្ញវត្ថុ​ឡើង​វិញ​ទេ ​គឺ​អាច​មាន​បញ្ហា​ធំ​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​»។

បើ​តាម ​លោក​ មាស នី ការ​ដែល​សហគមន៍​អន្តរជាតិ​ ជា​ពិសេស​សហភាព​អឺរ៉ុប​​ដាក់​ការ​​សង្ស័យ​មក​លើ​កម្ពុជា ជុំវិញ​បទ​ល្មើស​លុយ​កខ្វក់​នេះ ព្រោះ​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ និង​សញ្ញា​មិន​ល្អ​មួយ​ចំនួន​ ដូចជា​ការ​នាំចូល​លុយ​សុទ្ធ​ ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​តាម​ច្រក​អន្តរជាតិ​​ភាព​មិន​ប្រក្រតី​នៃ​ទំហំ​ទឹក​ប្រាក់​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ដែល​មាន​ការ​កើន​ឡើង​ខ្លាំង​ហើយ​មិន​អាច​ប៉ាន់​ប្រមាណ​បាន និង​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​កា​ស៊ីណូ​ជា​ដើម​៕