ភ្នំពេញៈ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​អាស៊ាន​លើក​ទី​ ១៥ និង​កិច្ចប្រជុំ​ផ្សេងទៀត​នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ៧ ​ដល់​ថ្ងៃ​ ១០ ​ខែ​តុលា​ខាង​មុខ ហើយ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​នឹង​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​បរិស្ថាន​ក្នុង​តំបន់​។ នេះ​បើ​តាម​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​ចន្ទ​។

កាលពី​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​ការងារ​ និង​ផែនការ​បន្ត ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​រៀបចំ​កិច្ចប្រជុំ​នេះ​។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ នឹង​ធ្វើ​ឡើង​ក្នុង​ខេត្ត​សៀមរាប​ដែល​នឹង​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន និង​រដ្ឋមន្ត្រី​បរិស្ថាន​ជប៉ុន ចិន និង​កូរ៉េ​ខាង​ត្បូង​ដែល​ជា​សមាជិក​អាស៊ាន​បូក​ ៣​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​ដដែល​នេះ ។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​បាន​ថ្លែងថា មាន​បញ្ហា​ជាច្រើន​ក្នុង​តំបន់​ដែល​ត្រូវ​ដោះស្រាយ ដូចជា ការសាងសង់​ទំនប់​វារីអគ្គិសនី ពី​ប្រទេស​ ឡាវ និង​ចិន​ នៅ​តាម​ដង​ទន្លេមេគង្គ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ បញ្ហា​ទឹកជំនន់ និង​បញ្ហា​ការគ្រប់គ្រង​កាកសំណល់​។

លោក​ថា​កន្លង​មក​កម្ពុជា​មាន​បញ្ហា​ការដឹក​កាកសំណល់​ចូលមក​ក្នុង​ប្រទេស ហើយ​ត្រូវ​បាន​បញ្ជូន​ទៅវិញ​។ មាន​បញ្ហា​ជាច្រើន​ទៀត​រួមមាន ការបំពុល​បរិយាកាស​ពី​ឧស្សាហកម្ម​ដើរ​ដោយ​ថាមពល និង​ការកាប់បំផ្លាញ​ព្រៃឈើ​ដែល​ជា​រឿង​មួយ​ធំ​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធ្វើឱ្យ​មាន​ការព្រួយបារម្ភ​ជារួម រួមទាំង​បញ្ហា​ឡើង​កម្ដៅ​ភពផែនដី​ជាដើម​ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ​។

លោក យង់ គិមអេង ថ្លែង​ថា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​ដែល​កម្ពុជា​ដឹកនាំ​នេះ​គឺជា​រឿង​មួយ​ដែល​ប្រសើរ ហើយ​ក្នុង​នោះ​ដែរ​អ្នកចូលរួម​គួរ​រិះរក​មធ្យោបាយ​ធ្វើ​យ៉ាងម៉េច​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​បញ្ហា​ដែល​ធ្វើឱ្យ​បាត់បង់​ជីវចម្រុះ​តាម​ដង​ទន្លេមេគង្គ​ជាដើម និង​ការពង្រឹង​បន្ថែម​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិយាកាស​ដែល​កន្លងមក​ឃើញ​មាន​នៅ​ប្រទេស​ថៃ ដែល​ធ្វើឱ្យ​មាន​ផ្សែង​កខ្វក់​នៅក្នុង​បរិយាកាស​ដែល​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​។

លោក យង់ គិមអេង បាន​ថ្លែងថា​៖ «​អ៊ីចឹង​ថ្ងៃ​ណាមួយ​វា (​ផ្សែង​កខ្វក់​) អាច​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​អាច​កើតឡើង​នៅក្នុង​តំបន់​ផ្សេងៗ​។ ​ផលប៉ះពាល់​ហ្នឹង​វា​ចេះ​តែ​រាលដាល​។ អ៊ីចឹង​រឿង​ទាំងអស់​ហ្នឹង​ត្រូវ​តែ​មាន​ការគិត​ទុក​ជា​មុន​ និង​រិះរក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​សម្រាប់​តំបន់​អាស៊ាន​» ។

បើតាម​លោក គិមអេង បញ្ហា​ភាពកខ្វក់​នៃ​ទឹកសាប​ក៏​ត្រូវ​តែ​ដោះស្រាយ​ផងដែរ​។ បឹងបួ​អាច​នឹង​រីង​ប្រសិន​បើ​មាន​ការប្រែប្រួល​អាកាសធាតុ​។ លោក ថា​៖ «​ប្រសិន​បើ​បញ្ហា​ទឹកសាប​ហ្នឹង ត្រូវ​កខ្វក់​ទៀត​ដែល​សំខាន់​បំផុត​ប្រទេស​ទាំង​ប៉ុន្មាន​ហ្នឹង ដែល​អាស្រ័យ​លើ​ទន្លេមេគង្គ​នោះ ប្រសិន​បើ​ទន្លេមេគង្គ​មាន​បញ្ហា​ទៀត អាហ្នឹង​គឺ​ធ្វើឱ្យ​យើង​ប្រឈមមុខ​កាន់តែ​ធ្ងន់ធ្ងរ​»​។

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ថ្លែង​ក្នុង​កិច្ចសន្ទនា​អាស៊ីអឺរ៉ុប លើក​ទី​ ៨ ស្ដីពី​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ក្នុង​នាម​រដ្ឋាភិបាល​លោក​បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការគាំទ្រ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ក្នុង​តំបន់ និង​អន្តរជាតិ​សម្រាប់​ការគ្រប់គ្រង និង​អភិវឌ្ឍ​ទឹក​នៅ​តាម​ទន្លេមេគង្គ​ប្រកប​ដោយ​ចីរភាព​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ទន្លេមេគង្គ (MRC) ​កាលពី​ថ្ងៃ​ចន្ទ​៕