ភ្នំពេញៈ សេចក្ដី​ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​ ២០១៩ ​បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ក្នុង​ការដោះស្រាយ​ជម្លោះ ដើម្បី​ធានា​សន្ដិភាព​សម្រាប់​ពិភពលោក​ទាំងមូល និង​ក៏​បាន​លើកឡើង​ពី​ភាពចាំបាច់​មួយ​ចំនួន​ក្នុងការ​ដោះស្រាយ បញ្ហា​ប្រឈម​របស់​ស្ដ្រី គ្រួសារ និង​យុវជន​។

សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​លើកឡើងថា គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី ២ រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ដែលមាន​ប្រមុខរដ្ឋ ប្រធានរដ្ឋសភា រដ្ឋមន្ត្រី តំណាងរាស្ដ្រ រួមទាំង​អង្គការ​ជំនឿ​សាសនា សង្គម​ស៊ីវិល​យុវជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ គឺ​បាន​គូសបញ្ជាក់​នូវ​ចំណុច​សំខាន់​ចំនួន​ ៨ ​ចំណុច​ដូចជា​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់ និង​មាន​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែល​កំពុង​គំរាមកំហែង​ដល់​មនុស្សជាតិ និង​ភពផែនដី​។

ការមិន​អើពើ​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​នឹង​បង្ក​គ្រោះថ្នាក់​ដោយផ្ទាល់​ដល់​មនុស្ស​គ្រប់គ្នា​។ ជាមួយ​គ្នា​នេះ​ពួកគេ​ក៏បាន​បង្ហាញ​ក្ដីបារម្ភ​ចំពោះ​ការគំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ដល់​សន្ដិភាព និង​សន្ដិសុខ​ពិភពលោក​នាពេល​បច្ចុប្បន្ន​។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​កិច្ចប្រជុំ​កំពូល​នេះ​បាន​កត់សម្គាល់​ដោយ​ក្ដី​ព្រួយបារម្ភ​ចំពោះ​ការគំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ដល់​សន្ដិភាព និង​សន្ដិសុខ​ពិភពលោក​ដោយសារ​បុព្វហេតុ​សង្គម​នយោបាយ និង​សេដ្ឋកិច្ច និង​ការ​សង្កត់ធ្ងន់​ពី​ភាពចាំបាច់​នៃ​ការអត់ឱន​គ្នា​ការយល់ដឹង​ពី​គ្នា ទីកន្លែង​ស្នាក់នៅ និង​ការទទួល​ស្គាល់​តួនាទី​របស់​សង្គម​ស៊ីវិល​ក្នុង​ការចូលរួមចំណែក​ដោះស្រាយ​ជម្លោះ និង​ធានា​ឱ្យ​ពិភពលោក​ប្រកប​ដោយ​សន្ដិភាព សមធម៌ និង​ប្រកប​ដោយ​បរិយាប័ន្ន​កាន់តែ​ប្រសើរ​ឡើង​ដោយ​ទទួលស្គាល់​តួនាទី​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការរួម​ចំណែក​ឱ្យសម្រេច​បាន​គោលដៅ​នេះ​»​។

ក្រៅពី​នេះ​សេចក្តី​ថ្លែងការណ៍​រួម​ក៏​បាន​លើកឡើង​ដែរ​ថា គូស្វាមី និង​គ្រួសារ ដែល​ទទួល​បាន​សន្ដិភាព និង​សុភមង្គល​យូរអង្វែង​គឺជា​កត្តា​ចូលរួម​ចំណែក​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ហើយ​ស្ដ្រី​ដែល​ទទួលរង​អំពើ​ហិង្សា​នៅផ្ទះ ការ​រើសអើង​នៅ​កន្លែង​ការងារ ការអប់រំ​នៅ​មាន​កម្រិត និង​ការ​កាត់ផ្ដាច់​ពួកគេ​ពី​ការទទួល​បាន​ឱកាស​ផ្សេងៗ​គឺ​ក្រុម​ស្ដ្រី​ទាំងនោះ​ចាំបាច់​ត្រូវតែ​ទទួល​បាន​ការលើកកម្ពស់​តួនាទី​។

ជាមួយ​គ្នា​នេះ​ក៏​ត្រូវ​បញ្ចូល​តួនាទី​យុវជន​ជា​អ្នកដឹកនាំ​ក្នុង​ការអនុវត្ត​កាតព្វកិច្ច​សង្គម សុចរិតភាព សីលធម៌ និង​ការទទួល​ខុសត្រូវ​ក្នុង​ការកសាង​វប្បធម៌​សន្ដិភាព​។ ការរស់នៅ​ដើម្បី​បំពេញ​ប្រយោជន៍​ដល់​អ្នកដទៃ គឺជា​មធ្យោបាយ​ដ៏មាន​ប្រសិទ្ធភាព ដើម្បី​ជម្នះ​ការបែកបាក់​ទំនាក់ទំនង​មនុស្ស​ដែល​អាច​ជំរុញ​ឱ្យ​មាន​ការផ្សះផ្សា​គ្នា ដើម្បី​បង្កើត​វប្បធម៌​គ្រួសារ​សកលលោក​តែមួយ​។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា​៖ «​ក្នុងន័យ​នេះ​កិច្ចប្រជុំ​កំពូល​បាន​គូសបញ្ជាក់​អំពី​តម្រូវការ​ក្នុងការ​ពង្រឹង​គ្រួសារ​នៃ​ប្រជាជាតិ​នានា​ស្ថិត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ និង​ពង្រីក​បរិយាកាស នៃ​ការជឿ​ទុកចិត្ត​គ្នា និង​ភាពសុខដុមរមនា​ក្នុង​សង្គម​ដើម្បី​ឈាន​ទៅ​រក​សន្ដិភាព និង​វិបុលភាព​ជា​សកល​ដែល​តំបន់​នេះ​អាច​សម្រេច​បាន​នូវ​សក្ដានុពល​ពិត​របស់​ខ្លួន​នៅលើ​ឆាក​អន្តរជាតិ​»​។

កិច្ចប្រជុំ​កំពូល​នេះ​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ចក្ខុវិស័យ​តំបន់​ថ្មី​មួយ​ក្នុង​សហគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​មាន​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ដើម្បី​បង្កើត​សហគមន៍​ប៉ាស៊ីហ្វិក​ឲ្យ​មាននូវ​ការកកើត​ឡើងវិញ​នូវ​វប្បធម៌ និង​សង្គម ដែល​បង្កើត​ឱ្យ​មាន​ចំណង​ទាក់ទង​ដ៏រឹងមាំ​នៅក្នុង​សង្គម​អាស៊ី​។

នៅក្នុង​ការប្រកាស​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃ​ទី​ ១៩ ខែ​វិច្ឆិកា​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​លើក​ទឹកចិត្ត​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ដើម្បី​ដោះស្រាយ​បញ្ហា​សកល​ផ្សេងៗ​។

លោក​បញ្ជាក់​ថា​៖ «​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​លើក​ទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ស្ថាប័ន​ឯកជន​ឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ និង​ស៊ីជម្រៅ ដើម្បី​ឆ្លើយតប​ឱ្យ​បាន​ទាន់ពេលវេលា​ចំពោះ​បញ្ហា​សកល រួមមាន ភាពជ្រុលនិយម និង​សកម្មភាព​ជ្រុលនិយម ការប្រែប្រួល​អាកាសធាតុ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការជួញដូរ​មនុស្ស ការគំរាមកំហែង​តាម​អ៊ីនធឺណិត និង​វិសមភាព​សេដ្ឋកិច្ច​សង្គម​រួមទាំង​សមភាព​យេនឌ័រ​»​។

លោក មាស នី អ្នកសិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​បាន​លើកឡើង​ថា បច្ចុប្បន្ន​ពិភពលោក​កំពុង​នាំគ្នា​ព្រួយបារម្ភ​អំពី​ការប្រឈមមុខ​ដាក់គ្នា​រវាង​ប្រទេស​មហាអំណាច និង​មហាអំណាច ហើយ​វា​ជា​រឿង​ធម្មតា​ដែល​ប្រទេស​ទាំងអស់​ទាំង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​តំបន់​ផ្សេងទៀត​នៅក្នុង​ពិភពលោក​ត្រូវតែ​ធ្វើ​សេចក្ដី​ប្រកាស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការយល់ឃើញ និង​ការព្រួយបារម្ភ​ជុំវិញ​ការវិវឌ្ឍ​ស្ថានភាព​របស់​ពិភពលោក​នេះ​។

លោក​យល់ឃើញ​ថា​នៅពេល​ដែល​ប្រទេស​កាន់តែ​ច្រើន​ឡើងៗ​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​ការវិវឌ្ឍ​ថ្មី​នៃ​ស្ថានភាព​ពិភពលោក​ដូចជា​ការព្រួយបារម្ភ អំពី​ការវិល​ត្រឡប់​មកវិញ​នូវ​សង្គ្រាមត្រជាក់ ដោយសារ​ការប្រឈមមុខ​ដាក់គ្នា​រវាង​មហាអំណាច​ជាដើម​។

លោក​បន្ត​ថា រាល់​ក្ដី​ព្រួយបារម្ភ​ទាំងនោះ​នឹង​អាច​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ពី​សំណាក់​ពិភពលោក​ ឬ​អង្គការ​សហប្រជាជាតិ ហើយ​នឹង​អាច​យក​ធ្វើ​ជា​របៀបវារៈ​សំខាន់​នៅក្នុង​កិច្ចប្រជុំ​របស់​ខ្លួន​នាពេល​ខាងមុខ ដើម្បី​ឱ្យ​ក្រុម​ប្រទេស​មហាអំណាច​ធ្វើការ​ជាមួយ​គ្នា ក្នុង​ការ​អាច​ធានា​ឱ្យបាន​នូវ​ស្ថិរភាព​សន្ដិភាព និង​សន្ដិសុខ​របស់​ពិភពលោក​។

លោក​ មាស នី បាន​បញ្ជាក់ថា​៖ «​បើ​គ្មាន​អ្នក​និយាយ​ទេ គឺ​វា​ចេះតែ​រាលដាល​ទៅ ហើយ​ទីបំផុត វា​អាច​កើត​ទៅ​ជា​សង្គ្រាម​លោកលើក​ទី​ ៣ ដែលជា​វិនាសកម្ម​ដ៏ធំធេង​បំផុត​សម្រាប់​មនុស្សជាតិ​»៕