ភ្នំពេញៈ កិច្ចប្រជុំលើកទី ២ រវាងមន្ត្រីក្រសួងមហាផ្ទៃ និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនស្តីពីសំណើវិសោធនកម្មច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមានការខ្វែងគំនិតគ្នានូវខ្លឹមសារដែលនិយាយអំពីការចុះបញ្ជី និងសិទ្ធិអំណាចរបស់ក្រសួងមហាផ្ទៃក្នុងការមិនចុះបញ្ជីឲ្យអង្គការណាដែលរកឃើញថា មានគោលបំណង និងទិសដៅបង្កនូវភាពអន្តរាយដល់សន្តិសុខជាតិ។
កិច្ចពិគ្រោះយោបល់លើកទី ២ ដែលមានរយៈពេល ៤ ម៉ោងកាលពីថ្ងៃអង្គារនៅក្រសួងមហាផ្ទៃធ្វើឡើង បន្ទាប់ពីមានតំណាងអង្គការសង្គមស៊ីវិលមួយចំនួនបានស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៥ មាត្រាដោយអះអាងថាមាត្រាទាំងនេះបានធ្វើឲ្យមានការរឹតត្បិតសិទិ្ធសេរីភាព និងបានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពបំពេញការងាររបស់អង្គការសង្គមស៊ីវិល។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឲ្យដឹងបន្ទាប់ពីកិច្ចពិភាក្សាពិគ្រោះយោបល់កាលពីម្សិលមិញថា ការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមានការយឺតយ៉ាវ ដោយហេតុតែអង្គការសង្គមស៊ីវិលមួយចំនួនមានការខ្វែងគំនិតគ្នា ហើយយល់ខុសគ្នាពីខ្លឹមសារនៃច្បាប់។
លោកថ្លែងថា៖ «ការពិភ្សាព្រឹកនេះ (ថ្ងៃអង្គារ) បានតែ ២ មាត្រាទេ។ យើងបានពិនិត្យទៅលើមាត្រាទី ៨ និង ទី ៩ នៃ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ បញ្ហាទី ១ ពាក់ព័ន្ធការយល់ដឹងអំពីខ្លឹមសារច្បាប់ និងទី ២ ទស្សនៈមិនទាន់ត្រូវគ្នារវាងអង្គការសង្គមស៊ីវិលដែលបានពិនិត្យនឹងស្នើសុំធ្វើវិសោធនកម្មនេះ»។
ក្នុងកិច្ចប្រជុំជាលើកទី ២ នេះតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានទទូចឲ្យក្រសួងមហាផ្ទៃលុបកថាខណ្ឌទី ៤ ក្នុងមាត្រាទី ៨ ដែលបានចែងថា ក្រសួងមហាផ្ទៃអាចបដិសេធការស្នើសុំចុះបញ្ជីសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណា ដែលបានរកឃើញថាមានគោលបំណង និងទិសដៅដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬបង្កនូវភាពអន្តរាយដល់សន្តិសុខជាតិ ឯកភាពជាតិ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់សង្គមជាតិកម្ពុជា។ សង្គមស៊ីវិលលើកឡើងថាមាត្រានេះបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងបានបង្កបញ្ហាលំបាកក្នុងការបំពេញការងាររបស់ពួកគេ។
លោក យង់ គឹមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានថ្លែងនៅក្នុងអង្គប្រជុំនេះថា៖ «សំខាន់បំផុតយើងព្រួយបារម្ភ គឺពាក់ព័ន្ធនឹងមាត្រាទាំងអស់នេះ ប្រសិនបើដាក់ទៅ វានឹងអាចធ្វើឲ្យមានការបកស្រាយតាមការនឹកឃើញសូម្បីតែកន្លងមកក៏យើងឃើញមានការខុសគ្នា»។
លោកបន្តថា នេះគឺជារឿងមួយសំខាន់ដែលក្រុមអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភគឺពាក់ព័ន្ធនឹងពាក្យថា សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈដែលងាយស្រួលក្នុងការបកស្រាយ។ «បើសិនយើងឈរលើមូលដ្ឋាននៃការគោរពសិទ្ធិមនុស្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់យើងខ្ញុំថា ពាក្យទាំងអស់ហ្នឹងមិនគួរដាក់ទេ»។
ជាការឆ្លើយតប លោក ប៊ុន ហុន ថ្លែងថា៖ «យើង (សង្គមស៊ីវិល) គិតតែមួយជ្រុងខ្លួនឯង តែអត់បានគិតអំពីសាធារណមតិ និងប្រជាពលរដ្ឋទូទៅ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិយើង។ ពាក្យថា សណ្តាប់ធ្នាប់សាធារណៈវានិយាយទាំងអស់ ទាំងបញ្ហាសន្តិសុខ បញ្ហាពាក់ព័ន្ធនឹងភាពស្ងប់ស្ងាត់ ភាពស្អាតស្អំ ភាពអនាម័យ ឬបរិស្ថាន។ យើងខ្ញុំថា បើលុបទៅទាំងអស់នេះគឺមានន័យថា ក្រសួងមហាផ្ទៃមិនអាចបដិសេធនៅសំណើសុំចុះបញ្ជីអង្គការ ឬសមាគម (ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ)»។
លោក យឿង សុធារ៉ា ប្រធានផ្នែកកសាងបណ្តាញភាពជាដៃគូ និងការតស៊ូមតិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបានថ្លែងថា កិច្ចពិភាក្សានោះបានប្រព្រឹត្តទៅយ៉ាងផុសផុលដោយអង្គការសង្គមស៊ីវិលមានឱកាសក្នុងការលើកឡើងនូវកង្វល់ និងមូលហេតុដែលចង់ស្នើធ្វើវិសោធនកម្ម ហើយថាការស្នើសុំនេះអាចនឹងចំណាយពេលយូរ ដោយសារតែមានការខ្វែងគំនិតគ្នា រវាងអង្គការសង្គមស៊ីវិលជាមួយនឹងក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងខ្លឹមសារហើយនិងពាក្យពេចន៍។
ចំណែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា ថ្លែងថា៖ «វាជាការផ្តល់ឱកាសមួយដែលក្រសួងមហាផ្ទៃឲ្យអង្គការសង្គមស៊ីវិលលើកសេចក្តីស្នើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលយើងគិតថាជាការរឹតត្បិតសេរីភាពរបស់យើង។ យើងចង់ឲ្យធ្វើវិសោធនកម្មច្បាប់នេះឲ្យមានការគោរពទៅលើសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល ខណៈពេលដែលក្រសួងមហាផ្ទៃព្យាយាមការពារមិនឲ្យកែប្រែមាត្រាដែលយើងស្នើនោះ»។
លោក ប៊ុន ហុន បានថ្លែងថាពេលវេលាលឿន ឬឆាប់ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ គឺវាអាស្រ័យលើអង្គការសង្គមស៊ីវិលដែលទាមទារឲ្យពួកគេត្រូវផ្តល់មូលដ្ឋានផ្នែកច្បាប់ដោយផ្អែកលើមូលដ្ឋានជាតិ និងអន្តរជាតិក្នុងការស្នើសុំលុប និងការកែប្រែខ្លឹមសារនៃច្បាប់នេះ។ ទោះយ៉ាងណាលោកបញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងព្យាយាមសម្របសម្រួលធ្វើយ៉ាងណាឲ្យសំណើវិសោធនកម្មច្បាប់នេះ ប្រព្រឹត្តទៅដោយរលូននឹងអាចទទួលយកបាន។
លោក ប៊ុន ហុន លើកឡើងថា ច្បាប់នេះត្រូវបានធ្វើឡើងដោយមានការគិតគូរយ៉ាងច្បាស់លាស់ដែលបានចំណាយពេលប្រមាណ ១០ ឆ្នាំ ក្នុងការស្រាវជ្រាវដោយអ្នកជំនាញជាតិ និងអន្តរជាតិហើយបានឆ្លងកាត់ការពិភាក្សាយ៉ាងទូលំទូលាយមុនពេលអនុម័តយកទៅប្រើប្រាស់។ លោកអះអាងថាចាប់តាំងពីច្បាប់នេះត្រូវបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១៥ មក រាជរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលក្នុងការចុះបញ្ជីចំពោះអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ។
លោកថា អង្គការសង្គមស៊ីវិលគឺជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍសង្គម ហើយរាជរដ្ឋាភិបាលមិនដែលបង្កបញ្ហាលំបាក ទៅដល់អង្គការសង្គមស៊ីវិលដូចការចោទប្រកាន់នោះទេ៕