ភ្នំពេញ៖ លោក ​ប៉ា សុជាតិ​វង្ស គឺ​ជា​អតីត​អភិបាល​រាជធានី​ភ្នំពេញ​ពី​ខែ​ឧសភា​ ២០១៣ ​ដល់​ ខែ​មិថុនា ​ឆ្នាំ ២០១៧។ លោក​​បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​នៅ​ឆ្នាំ ​២០១៨ ​ប៉ុន្តែ​អ្នក​នយោបាយ​រូប​នេះ ​បាន​លាលែង​តំណែង​​តំណាងរាស្ត្រ​កាល​ពី​ដើម​ឆ្នាំ ​២០១៩​ ដើម្បី​ទៅ​កាន់​តំណែង​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ។

ខាង​ក្រោម​នេះ​ជា​បទសម្ភាស​ជាមួយ​លោក ​ប៉ា សុជាតិវង្ស ​ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ ​អំពី​ការ​ដោះ​ស្រាយ​បញ្ហា​នានា​នៅ​ក្នុង​រាជធានី​ដែល​ពលរដ្ឋ​លើក​ឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ ​និង​ពិគ្រោះ​យោបល់។

លោក​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​នៅ​ក្នុង​​វេទិកា​ផ្សព្វផ្សាយ​ និង​ពិ​គ្រោះ​យោបល់ ​តើ​ប្រជាពលរដ្ឋ​លើក​ឡើង​ពី​កង្វល់ ​និង​បញ្ហា​អ្វី​ខ្លះ​នៅ​រាជធានី​ភ្នំពេញ?

បញ្ហា​មាន​គ្រប់​វិស័យ ​គ្រាន់​តែ​ភាគ​ច្រើន​គឺ​រឿង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ បើ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​មាន​ការ​លើក​ឡើង​ពី​បញ្ហា​អនាម័យ​ច្រើន ​និង​រឿង​សណ្ដាប់​ធ្នាប់​នៅ​ខណ្ឌ​ក្នុង​ក្រុង។ បើ​ខណ្ឌ​ខាង​ក្រៅ​ បញ្ហា​ប្រឈម​មែន​​ទែន ​គឺ​ប្រព័ន្ធ​លូ ​ផ្លូវ ​ដែល​ពួក​គាត់​តែង​សំណូម​ពរ។

តែ​ជា​រួម​ បញ្ហា​ចរាចរណ៍ ​និង​អនាម័យ ​នៅ​តែ​ជា​បញ្ហា​ធំ​ កន្លែង​ណា​ក៏​និយាយ​​ បញ្ហា​ហ្នឹង។ នេះ​មាន​ន័យ​ថា ​ចរាចរណ៍​យើង​ស្មុគស្មាញ​ដែល​យើង​ ​កំពុង​តែ​គិត​ពី​ផែនការ​ ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​នេះ។ វា​ប្រហែល​តម្រូវ​​ឲ្យ​យើង​មាន​ការ​សិក្សា មាន​ការ​ប្រជុំ​គ្នា​ឲ្យ​បាន​ស្រួល​បួល ​បើ​មិន​អ៊ីចឹង​ប្រហែល​ជា​ពិបាក​បញ្ចៀស​ការ​កក​ស្ទះ​នេះ​ណាស់។

ចំពោះ​រឿង​អនាម័យ​ យើង​កំពុង​តែ​ធ្វើ​ហើយ ​ដោយសារ​តែ​ពាក់​ព័ន្ធ​នឹង​អនាម័យ​​ហ្នឹង​ហើយ​ បាន​ជា​រាជ​រដ្ឋាភិបាល​ បាន​រៀបចំ​បញ្ចប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន ​ស៊ិនទ្រី ​ហើយ​យើង​រៀបចំ​របៀប​ចាត់​ចែង​សំរាម​សា​ជា​ថ្មី។ ដូច្នេះ​តាមរយៈ​វេទិកា​ ដែល ​យើង​ធ្វើ​ជាមួយ​ប្រជាពលរដ្ឋ ​យើង​អាច​ប្រមូល​ផ្ដុំ​បញ្ហា​ប្រឈម​ទាំងឡាយ​ទាក់ទង​នឹង​ការ​រស់នៅ​របស់​គាត់​បាន​ ហើយ​យើង​ក៏​ឆ្លើយ​តប​ នោះ​គឺ​ការ​អភិវឌ្ឍ​ឲ្យ​ស្រប​ទៅ​នឹង​តម្រូវ​ការ​នោះ​បាន​ច្រើន​ជាង​មុន​។

នៅ​ពេល​ទទួល​បាន​នូវ​សំណូមពរ ​និង​ដឹង​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ ​តើ​លោក​យក​បញ្ហា ​និង​សំណូមពរ​ទាំង​នោះ​ទៅ​ដោះស្រាយ​យ៉ាង​ដូច​ម្ដេច?

នៅ​ពេល​យើង​បាន​សំណូមពរ​ហើយ​យើង​ប្រមូល​​ផ្ដុំ​រឿង​ទាំង​អស់​ហ្នឹង​យក​មក​រៀបចំ​វា​ ថា​តើ​យើង​ត្រូវ​បំភ្លឺ​គាត់​ទៅ​នឹង​សំណួរ​ទាំង​អស់​ហ្នឹង​ឲ្យ​ត្រូវ​យ៉ាង​ណា។ អ្នក​ខ្លះ​លើក​ឡើង​គ្រាន់​តែ​ជា​ចម្ងល់​ទេ ​ដោយសារ​គាត់​មិន​យល់​ពី​ការងារ​រដ្ឋបាល ​ដូច្នេះ​យើង​គ្រាន់​តែ​ឆ្លើយតប​ចំពោះ​ពួក​គាត់។ ប៉ុន្តែ​បើ​សិន​ជា​សំណូមពរ​ដូច​ជាលូ ​ជា​ផ្លូវ ​យើង​យក​មក​រៀបចំ​ថា​ តើ​ទាំង​អស់​​ហ្នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ។ អ៊ីចឹង​ក្នុង​ផែនការ​វិនិយោគ ​៣ ​ឆ្នាំ ​រំកិល​ផែនការ​អភិវឌ្ឍន៍​របស់​រាជធានី​ ក្រុមប្រឹក្សា​ជា​អ្នក​អនុម័ត ​មិន​មែន​អភិបាល​ទេ​ អភិបាល​ជា​សេនាធិការ​ឲ្យ​ក្រុម​ប្រឹក្សា។ ដូច្នេះ​ក្រុម​ប្រឹក្សា​អនុម័ត​ថា​ ណែ! ​លទ្ធភាព​ថវិកា​របស់​យើង​ក្នុង​ការ​ធ្វើ​ផ្លូវ ​១ ឆ្នាំ​នេះ​មាន ​៥ ឬ ​១០ ឬ​ធ្វើ​នេះ​ធ្វើ​នោះ។ យើង​អនុម័ត​ ហើយ​គណៈអភិបាល​ត្រូវ​ធ្វើ។

ដល់​ពេល​យើង​ស្ដាប់​ប្រជាជន​ទៅ​ យើង​មើល​បញ្ហា​ណា​ខ្លះ​អាទិភាព ​ប្រជាជន​ខ្លះ​សុំ​ភ្លើង​បំភ្លឺ​សាធារណៈ ​អ៊ីចឹង​យើង​មើល​លទ្ធភាព​គម្រោង​របស់​យើង ​ហើយ​​យើង​មើល​ថា​ តើ​ផ្លូវ​នេះ​ដាក់​យ៉ាង​ម៉េច ​ផ្លូវ​នោះ​ដាក់​ម៉េច ​យើង​គិត​ក្នុង​កញ្ចប់​មួយ។ ពេល​យើង​បាន​អនុម័ត​រួច​ ក្រុម​ប្រឹក្សា​ចាប់​ផ្ដើម​ធ្វើ​ហើយ។

ដល់​ពេល​យើង​ដើរ​ធ្វើ​វេទិកា​ពិគ្រោះ​យោបល់ ​ហើយ​ប្រជាជន​សុំ​នេះ​សុំ​នោះ ​រឿង​អនាម័យ​ ឬ​រឿង​អ្វី​ផ្សេងៗ ​យើង​ដោះ​ស្រាយ​ទៅ​តាម​ហ្នឹង​ ហើយ​វេទិកា​នោះ​ហើយ​ដែល​យើង​មាន​ឱកាស​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​យើង​មាន​ឥរិយាបថ​ចូលរួម​ជាមួយ​ការងារ​រដ្ឋ​អំណាច​ ហើយ​យើង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ជីវភាព ​របស់​គាត់​កាន់​តែ​ប្រសើរ​ឡើង។ ដូច​ជា​សេវា​សន្តិសុខ​អ៊ីចឹង​គាត់​ថា​ ផ្ទះ​គាត់​ភូមិ​គាត់​​មាន​ចោរ ​កន្លែង​ ​នេះ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ​យើង​យក​មក​ពិនិត្យ​​មើល​ថា ​យើង​ត្រូវ​ឆ្លើយ​តប​ជាមួយ​គាត់​យ៉ាង​ម៉េច​វិញ។ ក្រុម​ប្រឹក្សា​នឹង​ដាក់​ជា​គោលការណ៍ ​ផែនការ​សម្រាប់​ឲ្យ​អភិបាល​ប្រតិបត្តិ។

តើ​សាលា​រាជធានី​ដោះស្រាយ​​បញ្ហា​ និង​សំណូមពរ​ទាំង​នោះ​នៅ​ពេល​ណា?

ក្នុង ​១ ​ខណ្ឌៗ ​ឧទាហរណ៍​ថា ​យើង​មាន ​១០០ សំណួរ ​ឬ​សំណូមពរ​ យើង​ដោះ​ស្ទើរ​តែ​អស់​ វៀរលែង​តែ​ករណី​​​ខ្លះ។ ដូច​ម្សិលមិញ ​(សប្តាហ៍​មុន) ​យើង​បើក​វេទិកា​ យើង​យក​សំណូមពរ​គាត់​កាល​ពី​ឆ្នាំ ​២០១៨ ​មក​ឆ្លើយ​ប្រាប់​គាត់​ថា​ ណែ! ​បញ្ហា​នេះ​យើង​បាន​ដោះស្រាយ​ហើយ ​ប៉ុន្តែ​មាន​បញ្ហា​មួយ​ដែល​ដោះ​មិន​បាន​ គឺ​គាត់​សុំ​ឲ្យ​និស្សិត​ក្រីក្រ​ទាំង​អស់​ទទួល​បាន​អាហារូបករណ៍​។ ដល់​អ៊ីចឹង​យើង​មិន​អាច​ដោះ​បាន​ទេ ​យើង​មាន​តែ​អាហារូបករណ៍​មួយ​ចំនួន ​ប៉ុន្តែ​មិន​អាច​ដោះស្រាយ​ជា​ទូទៅ ​ព្រោះ​មិនមែន​ជា​ក្របខ័ណ្ឌ​រដ្ឋ​អ្នក​ដោះ​ទេ បើ​និយាយ​​ ទៅ។

សំណូម​ពរ​ទាំង​អស់​ គ្មាន​សំណូម​ពរ​ណា​មួយ​ដែល​យើង​មិន​អាច​ឆ្លើយ​តប​បាន​ទេ។ គ្រាន់​តែ​ ខ្លះ​មាន​ទំហំ​ធំ ដែល​យើង​មិន​អាច​​ ឆ្លើយ​តប ដូច​ជា​ការ​អភិវឌ្ឍ​ទាក់ទង ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ យើង​មិន​អាច​ឆ្លើយ​តប​បាន​ដោយ​ភ្លាមៗ​ទេ។ ប៉ុន្តែ​យើង​ក៏​ធ្វើ​ជម្រើស​ ឧទាហរណ៍​ គាត់​សុំ​ផ្លូវ​តាម​ភូមិ ១ ​ភូមិ ​២ ​ឬ ​៣ ​ខ្សែ ​យើង​មាន​ដល់​ទៅ ​៩០០ ​ភូមិ ​យើង​ធ្វើ​ម៉េច​ឆ្លើយ​តប​ក្នុង ​១ ​ឆ្នាំ​បាន?។

ដូច្នេះ​មាន​តែ​យើង​ខិតខំ​ធ្វើ​​ផ្លូវ​ណា​ដែល​មាន​លក្ខណៈ​អន្តរ​សង្កាត់ ​ឬ​អន្តរ​ខណ្ឌ​ ដែល​ត​ភ្ជាប់​គ្នា ​យើង​ព្យាយាម​ធ្វើ។ តែ​អា​តូចៗ​ចូល​ទៅ​តាម​ភូមិ​ដែល​មាន ​២០ ​ទៅ ​៣០ ​គ្រួសារ ​យើង​មិន​ទាន់​​អាច​ធ្វើ​បាន​ទេ។ អ៊ីចឹង​ជា​ចំពោះ​មុខ ​លទ្ធភាព​លុយ​កាក់​របស់​យើង​មាន​កម្រិត​ណា ​យើង​អាច​កែ​តម្រូវ​ឲ្យ​វា​ស្រប​ទៅ​តាម​ហ្នឹង។

តើ​ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​ក្នុង​អាណត្តិ​ថ្មី​នេះ ​ខុស​ពី​អាណត្តិ​មុនៗ​យ៉ាង​ដូច​ម្ដេច?

ការ​ពិត​ទៅ ​អាណត្តិ​ពី​មុន​ក៏​មាន​ដែរ ​ការ​ណែនាំ​ជា​ច្បាប់​មាន ប៉ុន្តែ​ប្រតិបត្តិ​មិន​បាន​ល្អ។ តែ​លើក​នេះ​យើង​នឹង​ជំរុញ​ការងារ​នេះ​ឲ្យ​វា​ល្អ​ជាង​មុន ឲ្យ​ជាប់​លាប់​ជាង ​ដើម្បី​ឲ្យ​វា​រឹងប៉ឹង​ជាង។ ក្នុង​នេះ​ យើង​ក៏​មាន​ក្រុមថា្នក់​ជាតិ​ចូលរួម​ជាមួយ​ក្រុមប្រឹក្សា​ដែរ។ បញ្ហា​ខ្លះ​ សមត្ថកិច្ច​ថ្នាក់​ក្រោម​ដោះ​មិន​រួច​ទេ ដូច​ជា​សំណូមពរ​នេះ​សំណូមពរ​នោះ​ យើង​មើល​ថា​​ តើ​ថ្នាក់​ខណ្ឌ​ដោះ​រួច​​ទេ ​ក្រុង​ដោះ​រួច​ទេ?។ បើ​មិន​រួច​យើង​​ពាំនាំ​រឿង​ទាំង​នោះ​ទៅ​រាជរដ្ឋាភិបាល​ដោះ​ ដូច្នេះ​ការ​ដោះ​ស្រាយ​មាន​រហូត​ដល់​កម្រិត​ថ្នាក់​ជាតិ។

យើង​ត្រូវ​ធ្វើ​ម៉េច​ផ្សារ​ភ្ជាប់​ជាមួយ​ ​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​គាត់​បាន​យល់​ហើយ​ចូលរួម​ជាមួយ​យើង​ ព្រោះ​រឿង​អី​ក៏​ដោយ​មិន​ថា​សំរាម ​បើ​ប្រជាជន​គាត់​មិន​ចូលរួម​ហើយ​ ​យើង​ធ្វើ​តែ​ឯង​ ធ្វើ​មិន​រួច​ទេ​ទាល់​តែ​ គាត់​ចូលរួម។ ​ជា​ឥរិយាបថ​ថ្មី​មួយ​ ​ក្នុង​ការ​គ្រប់គ្រង​របស់​យើង​គឺ​ត្រូវ​ធ្វើ​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ ​ដូច​ជា​ការ​ផ្ដល់​សេវា​ជូន​គាត់ ​ហើយ​គាត់​ដែល​ជា​អ្នក​ទទួល​សេវា ​ក៏​ត្រូវ​ធ្វើ​ឲ្យ​បាន​ ​ល្អ​ប្រសើរ។ យើង​វាយ​តម្លៃ​​ មើល​ទៅ​ឃើញ​កាន់​តែ​ប្រសើរ​​ហើយ​ តែ​ឲ្យ​អស់​បញ្ហា​ប្រឈម ​មិន​ទាន់​អស់​ទេ​នៅ​តែ​មាន​អ៊ីចឹង​តែ​យើង ​កាត់​បន្ថយ​ឲ្យ​ទាប​ជាង​នេះ​។

ថ្មីៗ​នេះ​ សាលា​រាជធានី​ភ្នំពេញ​​​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ ​តើ​ការិយាល័យ​នេះ​មាន​សារៈសំខាន់​យ៉ាង​ដូច​ម្ដេច​?

ការ​ពិត​យើង​មាន​​រួច​ហើយ ​យើង​បាន​បង្កើត​នៅ​គ្រប់​ខណ្ឌ​ ហើយ​រាជធានី​ក៏​មាន​ដែរ។ ការិយាល័យ​ប្រជាពលរដ្ឋ​ដើរ​តួនាទី​ដោះស្រាយ​ពាក្យ​បណ្ដឹង​ ការ​តវ៉ា​ទាំងឡាយ​របស់​ប្រជាជន​ពាក់ព័ន្ធ​នឹង​មន្ត្រី ​មិនមែន​សម្រាប់​ដោះ​ស្រាយ​ទំនាស់​ទេ។ ទំនាស់​រវាង​ប្រជាជន​ និង​ប្រជាជន​ គេ​មាន​យន្តការ​អញ្ជើញ​ទៅ​ ហើយ​ធ្វើ​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​។ ប៉ុន្តែ​បើ​ទាក់ទង​នឹង​មន្ត្រី​ ការងារ​រដ្ឋបាល​ដែល​ធ្វើ​ទៅ​វា​ប៉ះពាល់​បែប​នេះ​បែប​នោះ ​ការិយាល័យ​ប្រជាពលរដ្ឋ​ជា​អ្នក​ទទួល​ដោះស្រាយ ​ពីព្រោះ​យើង​អត់​ទាន់​មាន​តុលាការ​រដ្ឋបាល​ទេ ​នៅ​ស្រុក​គេ​ គេ​មាន៕