អ្នកស្រី Ny Sou Okon ស្ត្រីដើមកំណើតខ្មែរដែលបានរស់រានមានជីវិតពីសម័យខ្មែរក្រហម ហើយបានទៅរស់នៅសហរដ្ឋអាមេរិក។ អ្នកស្រីគឺជាបុគ្គលិកម្នាក់នៃអង្គការណាសាដែលបានរួមចំណែកក្នុងដំណើរការយានអវកាស Perseverance ឆ្ពោះទៅភពអង្គារកាលពីចុងខែកក្កដា។ អ្នកស្រីបានផ្ដល់បទសម្ភាសដល់ភ្នំពេញប៉ុស្តិ៍តាមរយៈអ៊ីមែល៖
១. ជាដំបូងសូមអ្នកស្រីរៀបរាប់ពីដំណើរជីវិតរបស់អ្នកស្រីក្នុងការចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិក។
ឪពុកម្ដាយខ្ញុំ បងៗ ២ នាក់ និងខ្ញុំបានមកដល់សហរដ្ឋអាមេរិកនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៨០ ក្នុងនាមជាជនភៀសខ្លួន បន្ទាប់ពីពួកយើងបានរត់គេចពីរបបខ្មែរក្រហម។ នេះជាពេលវេលាដ៏សំខាន់នៃគ្រួសារខ្ញុំដែលទីបំផុតទទួលបាននូវសេរីភាព បន្ទាប់ពីរួចជីវិតពីសង្គ្រាមវៀតណាម និងបានរត់គេចផុតពីរបបខ្មែរក្រហម។ ខ្ញុំនៅចាំរឿងរ៉ាវពីសម័យនោះតិចតួច តាមរយៈការនិយាយរឿងរ៉ាវនានាប្រាប់ពីឪពុកម្តាយខ្ញុំ នៅពេលខ្ញុំធំដឹងក្ដីឡើង ទើបខ្ញុំអាចយល់បានកាន់តែច្បាស់អំពីជីវិតមនុស្សជាច្រើន ដែលបានឆ្លងកាត់សង្គ្រាម ឬជោគវាសនាអាក្រក់ក៏ដូចជាអ្នកដែលបានខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីព្យាយាមជម្នះឆ្លងកាត់បញ្ហាប្រឈម ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
២. តើឪពុកម្ដាយរបស់អ្នកស្រីបាននិយាយរឿងរ៉ាវអ្វីខ្លះអំពីប្រទេសកម្ពុជាប្រាប់ដល់អ្នកស្រី?
ឪពុកម្ដាយខ្ញុំបានប្រាប់ខ្ញុំថា ប្រទេសកម្ពុជាគឺជាប្រទេសដ៏ស្រស់ស្អាត ហើយប្រជាពលរដ្ឋមានចិត្តល្អណាស់។ វាជារឿងអាក្រក់ណាស់ដែលពួកខ្មែរក្រហមបានបំផ្លិចបំផ្លាញប្រទេសនេះ និងប្រជាជន ប៉ុន្តែប្រជាជននៅប្រទេសនេះនៅតែបន្តកសាងប្រទេសនេះឡើងវិញ។ ឪពុកម្ដាយខ្ញុំបានចងចាំនូវពេលវេលាដ៏ល្អរីករាយជាច្រើនឆ្នាំ មុនពេលពួកខ្មែរក្រហមបានគ្រប់គ្រងប្រទេស។
៣. តើអ្នកស្រីធ្លាប់ទៅទស្សនាប្រទេសកម្ពុជាទេ ហើយអ្នកស្រីមានក្ដីរីករាយយ៉ាងណា?
ខ្ញុំមិនទាន់មានឱកាសទៅលេងប្រទេសកម្ពុជាទេ ប៉ុន្តែខ្ញុំចង់ទៅណាស់នៅថ្ងៃណាមួយ។ មិត្តភក្តិខ្ញុំជាច្រើនបានទៅទស្សនាប្រទេសកម្ពុជារួចហើយ និងបានចែករំលែកគំនិតល្អៗជាច្រើនអំពីដំណើរកម្សាន្តរបស់ពួកគេដូចជាប្រាសាទបុរាណដ៏ស្រស់ស្អាត ដូចជាប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម ដែលគេស្គាល់ថា ប្រាសាទ Tomb Raider។
៤. ប្រជាជនកម្ពុជាមានមោទនភាពណាស់ដោយបានឃើញអ្នកស្រីដែលមានដើមកំណើតខ្មែរបានធ្វើការជាមួយអង្គការណាសា។ សូមអ្នកស្រីរៀបរាប់ពីការប្រឹងប្រែងរបស់អ្នកស្រីរហូតបានបំពេញការងារនៅអង្គការស្រាវជ្រាវអវកាសដ៏ល្បីមួយនេះ?
ខ្ញុំសូមអរគុណច្រើន។ ខ្ញុំបានបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិចពីសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ាឡូសអែនជឺឡេស (UCLA) និងបានបញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិស្វកម្មយានអវកាសពីសាកលវិទ្យាល័យ University of Southern California។ ខ្ញុំបានធ្វើការជាអ្នកហាត់ការនៅក្រុមហ៊ុន Boeing នៅពេលខ្ញុំនៅជានិស្សិតបរិញ្ញាបត្រ។
ចាប់ពីពេលនោះមក ខ្ញុំបានបន្តធ្វើការនៅក្នុងវិស័យឯកជន។ ខ្ញុំមានប្រវត្តិការងារក្នុងឧស្សាហកម្មឯកជននៅក្នុងជំនាញផ្នែកលម្ហអាកាស។ បន្ទាប់ពីបានធ្វើការងារអស់រយៈពេល ១៥ ឆ្នាំក្នុងវិស័យឯកជន ខ្ញុំចង់ធ្វើការងារនៅក្នុងបេសកកម្មរុករកក្នុងលម្ហអាកាសដ៏គួរឱ្យរីករាយនៅមន្ទីរពិសោធន៍ NASA Jet Pro-pulsion Laboratory (JPL) របស់អង្គការណាសា។ វាជាក្ដីស្រមៃរបស់ខ្ញុំក្នុងការទទួលបានការងារនៅអង្គការណាសាក្នុងផ្នែកស្រាវជ្រាវនៅភពព្រះអង្គារ។
៥. តើអ្នកស្រីធ្វើកិច្ចការអ្វីខ្លះនៅអង្គការណាសា? តើអ្នកស្រីមានផែនការអ្វីបន្តទៀតទេ?
ខ្ញុំជាវិស្វករផ្នែកប្រព័ន្ធ (Systems Engineer) នៅមន្ទីរពិសោធន៍ Jet Propulsion Laboratory។ បច្ចុប្បន្ននេះ ខ្ញុំកំពុងធ្វើកិច្ចការសម្រាប់យានអវកាស Perseverance ដែលធ្វើដំណើរទៅភពអង្គារ។ កិច្ចការរបស់ខ្ញុំគឺធ្វើយ៉ាងណាឱ្យផ្នែកនានានៅលើយានអវកាសធ្វើចលនា ហើយចង្អុលទៅទីតាំងដែលបានកំណត់។ យានអវកាសនេះមានដងក្ដោង គឺក្បាលរបស់វា ដែលតាមពិតទៅជាអង់តែនមានសមត្ថភាពខ្ពស់ដែលអាចទទួលនូវការបញ្ជាពីភពផែនដី។ ឧបករណ៍ទាំង ២ នេះត្រូវតែវិល និងចង្អុលទៅកាន់ទិសដៅផ្សេងៗ។
ដងក្ដោងនេះបញ្ជាកាមេរ៉ាដើម្បីឱ្យយាន និងវិស្វករអាចមើលឃើញផ្លូវ និងទីតាំងនៅខាងមុខនៃយានអវកាស។ ដងក្ដោងនេះក៏ចង្អុលបញ្ជាដល់ឧបករណ៍វិទ្យាសាស្ត្រដើម្បីឱ្យអ្នកវិទ្យាសាស្ត្រអាចស្រាវជ្រាវនៅលើភពព្រះអង្គារ។ អង់តែនដែលមានសមត្ថភាពខ្ពស់នេះត្រូវតែចង្អុលទៅកាន់ភពផែនដីចេញពីលម្ហមេឃ ដើម្បីឱ្យយើងអាចធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងយានអវកាស។
ចំពោះផែនការទៅអនាគត ខ្ញុំបើកគំនិតទូលាយព្រោះអ្វីៗអាចនឹងកើតមានឡើង។ ខ្ញុំចង់បន្តធ្វើការក្នុងបេសកកម្មទៅកាន់ភពអង្គារនេះ ឬក្នុងគម្រោងផ្សេងទៀតដែលស្រាវជ្រាវរុករកវត្ថុនានានៅនភាកាស (នៅលើលម្ហ)។
៦. តើអ្នកស្រីគិតថា នឹងចែករំលែកចំណេះដឹង និងបទពិសោធរបស់អ្នកស្រីដល់យុវជនកម្ពុជានៅពេលណាមួយទេ?
ខ្ញុំគិតថា វាជារឿងល្អណាស់ក្នុងការជួយជំរុញយុវជនកម្ពុជាលើការសិក្សាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ ខ្ញុំគិតថា ការធ្វើដំណើរ និងការចាកចេញឆ្ងាយពីគ្រួសារ វាជាបញ្ហាប្រឈមសម្រាប់ខ្ញុំនៅពេលនេះ ប៉ុន្តែខ្ញុំសង្ឃឹមថា រឿងរ៉ាវអំពីខ្ញុំ និងការងាររបស់ខ្ញុំជាមួយនឹងយានអវកាស Perseverance ទៅកាន់ភពអង្គារ និងជួយជំរុញទឹកចិត្តឱ្យយុវជនស្វះស្វែងរកការងារក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ ប្រសិនបើមានឱកាសនាពេលអនាគត វាអាចទៅរួច បើយើងអាចរកឃើញវិធីប្រកបដោយការច្នៃប្រឌិតក្នុងការជំរុញទឹកចិត្តដល់យុវជន តាមរយៈការជជែក ពិភាក្សាអំពីវិទ្យាសាស្ត្រ និងវិស្វកម្ម។
៧. តើអ្នកស្រីមានពាក្យពេចន៍អ្វីសម្រាប់ប្រជាជនកម្ពុជាទេ?
ការងាររបស់ខ្ញុំនៅលើយានអវកាស Perseverance ទៅកាន់ភពអង្គារបានផ្ដល់ឱ្យខ្ញុំនូវការវាយតម្លៃខ្ពស់ពាក់ព័ន្ធនឹងកិច្ចសហការ និងបានរួមចំណែកដល់ការសម្រេចកិច្ចការដ៏លំបាក។ យើងទាំងអស់គ្នាមានភាពខ្លាំង និងទេពកោសល្យខុសៗគ្នា ហើយនៅពេលយើងប្រើប្រាស់ភាពខ្លាំង និងទេពកោសល្យទាំងនោះរួមគ្នា និងប្រឹងប្រែងធ្វើការងារ ទើបយើងអាចធ្វើឱ្យបេសកកម្មដែលស្ទើរតែមិនអាចទៅរួចនោះ ប្រែក្លាយជាការពិត។ ដូច្នេះយើងត្រូវប្រឹងធ្វើការ រៀនគណិតវិទ្យា និងវិទ្យាសាស្ត្រ មានចិត្តល្អ ហើយមានក្ដីស្រមៃឱ្យធំ៕