ភ្នំពេញៈ កម្មករក្នុងឧស្សហកម្មកាត់ដេរ និងស្បែកជើងកម្ពុជាហាក់បានខិតជិតដល់ការព្រមព្រៀងលើការដំឡើង ប្រាក់ឈ្នួលអប្បបរមាយ៉ាងហោច៦ដុល្លារអាមេរិក បើទោះជាកិច្ចពិភាក្សារវាងសហជីព សមាគមរោងចក្រ និងរដ្ឋាភិបាលបញ្ចប់ក្នុងភាពជាប់គាំងពីម្សិលមិញក៏ដោយ។
ភាគីទាំង៣ បានយល់ព្រមមុនផ្អាកកិច្ចពិភាក្សាបិទទ្វារនេះ ពីរសៀលថ្ងៃម្សិល រហូតថ្ងៃត្រង់ថ្ងៃនេះ បន្ទាប់ពីសហជីពមានជំហររឹងមាំទាមទារឲ្យដំឡើងប្រាក់ឈ្នួលអប្បបរមាទ្វេដង សម្រាប់ឧស្សាហកម្មនាំចេញទឹកប្រាក់ ៤ ពាន់លានដុល្លារអាមេរិក។
លោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា បានថ្លែងថា សហជីពបានច្រានចោលតួលេខស្នើដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហើយនឹងទាមទារថ្ងៃនេះឲ្យបង្កើនប្រាក់ឈ្នួលអប្បបរមាឲ្យដល់១២០ដុល្លារ។
លោកប្រាប់ថា៖ «គេថា អាចផ្តល់ឲ្យយើងចំនួន៧២ដុល្លារក្នុងមួយខែ។ កិច្ចប្រជុំនេះមិនទៅណាទេ ព្រោះគេផ្តល់ឲ្យតិចតួចពេក។ យើងមិនព្រមស្របទេ»។
លោកបន្ថែមថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានខកខានក្នុងការពន្យល់មូលហេតុពិតប្រាកដដល់សហជីព បើគិតពីប្រាក់ចំណេញដ៏ច្រើនដែលរោងចក្រជាង៤០០ នៅកម្ពុជារកបាន ដូច្នេះការដំឡើង១០០ ភាគរយពុំជាបញ្ហាចោទឡើយ។ លោកបន្តថា យើងទាមទារ១២០ ដុល្លារអាមេរិក គឺស្មើនឹងកម្មករនៅថៃនិងវៀតណាម។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាថ្លែងថា ចំនួនដែលអង្គការលោកស្នើឡើង ពិតជាច្រើនជាងសហជីពដែលកំពុងទាមទារគឺ៧២ដុល្លារអាមេរិក បូកប្រាក់សុខភាព ៥ ដុល្លារអាមេរិក ដែលមិនរាប់បញ្ចូលក្នុងប្រាក់ឈ្នួលអប្បបរមា៦១ដុល្លារឡើយ។ លោកថ្លែងថា៖ «ប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ននឹងដំឡើងចំនួន៦ដុល្លារ ហើយយើងនឹងផ្តល់ប្រាក់សុខភាព៥ដុល្លារ ទៀតធ្វើឲ្យកើនដល់៧២ដុល្លារ»។
លោក លូ ថ្លែងថា វាពិបាកនឹងថាការចរចានៅថ្ងៃនេះ នឹងបង្កើនតួលេខនេះទៀតឬទេ?«វាផ្អែកលើអ្វីដែលសហជីពលើក ឡើង.. ប្រសិនបើពួកគេប្រកាន់ជំហរលើចំនួន១២០ ដុល្លារ នោះនឹងពុំមានការចរចាទៀតទេ»។
សហជីពព្រមព្រៀងគ្នាលើចំនួន១២០ ដុល្លារពីសប្តាហ៍មុន ដែលស្នើពីដំបូងដោយសហជីពសេរីកម្មករ បន្ទាប់ពីមានសំណើពីលោក អ៊ិត សំហេង រដ្ឋមន្រ្តីសង្គមកិច្ចឲ្យមានការព្រមព្រៀងក្នុងកិច្ចប្រជុំ ម្សិលមិញ។
លោក សាត សាមុត រដ្ឋលេខាធិការក្រសួងការងារ បានថ្លែងថា លោកជឿថា មានសហជីព៥ទៅ៦ ប៉ុណ្ណោះ ដែលនៅប្រកាន់ខ្ជាប់នូវជំហរ១២០ដុល្លារនេះ។
លោកថ្លែងថា៖ «និយោជកថា ពួកគេមានលទ្ធភាពបង្កើនប្រាក់ឈ្នួលអប្បបរមាត្រឹម៦ ដុល្លារ ដូច្នេះ យើងនឹងរង់ចាំថា តើអ្វីកើតឡើងនៅថ្ងៃពុធ»។ តែក៏រំពឹងថា ពួកគេនឹងឈានដល់ការព្រមព្រៀងលើចំនួនសមស្របមួយ»។
លោក Dave Welsh អ្នកគ្រប់គ្រងប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកដើម្បីសាមគ្គីភាព ការងារអន្តរជាតិ បានថ្លែងថា សហជីពកំពុងព្យាយាមលោតទៅមុខជាមួយនឹងប្រាក់ឈ្នួល ដូច្នេះកិច្ចដំណើរការពិនិត្យឡើងវិញលើការដំឡើងប្រាក់ឈ្នួលអាចដាក់ឲ្យអនុវត្ត។
ក្នុងកិច្ចចរចានេះដែរ តំណាងរបស់រដ្ឋាភិបាលបានគាំទ្រតួលេខរបស់សមាគមរោងចក្រកាត់ ដេរនៅកម្ពុជា ដោយបានលើកឡើងថា ប្រសិនបើប្រាក់ឈ្នួលដំឡើងច្រើន តម្លៃក៏នឹងកើនផងដែរ វានឹងធ្វើឲ្យអ្នកទិញបែរទៅរកប្រទេសដទៃទៀត៕ TK