ភ្នំពេញៈ ក្រុមការងារត្រីភាគីដែលត្រូវបានបង្កើតឡើងដើម្បីចរចានិងផ្តល់អនុសាសន៍ទៅគណៈកម្មការប្រឹក្សាការងារនៃក្រសួងការងារសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំក្រោយក្នុងវិស័យកាត់ដេរកម្ពុជាបានឈប់ប្រជុំបន្ទាប់ពីឈានដល់ភាពជាប់គាំង។
ក្រុមការងារនេះដែលមានតំណាង ៩ រូបពីភាគីរដ្ឋាភិបាល ៩រូប ពីភាគីនិយោជក និង ៩ រូបពីភាគីសហជីពបានបញ្ចប់ការចរចាបន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញ ដោយសារក្រុមតំណាងនិយោជកបដិសេធមិនដំឡើងលើស ១១០ ដុល្លារក្នុងមួយខែ។ នេះបើតាមលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានអះអាងឲ្យដឹងកាលពីម្សិលមិញ។
លោក ប៉ាវ ស៊ីណា បានថ្លែងឲ្យដឹងបន្តថា៖ «និយោជកមិនមានបំណងដំឡើងប្រាក់ឈ្នួលលើស ១១០ ដុល្លារទេ។ ក្រសួងការងារបាននិយាយថា វាមិនអាចទាបជាង ១២០ ដុល្លារនោះទេ ដែលជាតួលេខនៃបន្ទាត់ក្រីក្ររបស់កម្ពុជា»។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានបដិសេធមិនធ្វើអត្ថាធិប្បាយពីបញ្ហានេះទេ។
ការបង្កើតក្រុមការងារនេះត្រូវបានប្រកាសឡើងដោយរដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បន្ទាប់ពីបានជួបជាមួយតំណាងរាស្រ្តនៅរដ្ឋសភាកាលពីថ្ងៃ ទី១៤ ខែតុលា។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ កាលពីកន្លងមកបានថ្លែងថា ក្រុមការងារនេះនឹងមិនមានពេលវេលាកំណត់ជាក់លាក់ទេ ហើយអាចនឹងត្រូវបន្តចរចារហូតដល់សម្រេចបានការព្រមព្រៀងគ្នា។
ប៉ុន្តែកាលពីម្សិលមិញលោក ហេង សួរ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានឡើយ។
លោក Joel Preston អ្នកប្រឹក្សាយោបល់នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងថា ភាពជាប់គាំងនេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ។ លោកបន្ថែមថា រដ្ឋាភិបាលបានបង្កើតគណៈកម្មការគ្រប់គ្រាន់រួចហើយ ហើយមានព័ត៌មានគ្រប់គ្រាន់ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០១៥។
លោក Preston បានថ្លែងបន្តថា៖ «វាគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ។ យើងឮរដ្ឋាភិបាលនិយាយអ៊ីចឹង ប៉ុន្តែបន្ទាប់មកលទ្ធផលគឺផ្សេង។ យើងចង់ឃើញការពិភាក្សាយើងចង់ឃើញលទ្ធផល»។
លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅ ស៊ីខៅឌូ បានថ្លែងថា ស៊ីខៅឌូ នឹងដាក់ចេញនូវរបាយការណ៍អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនខាងមុខនេះ។
សហជីពទាំងអស់ លើកលែងតែសហជីពមួយចេញបានយល់ព្រមទទួលយកប្រាក់ឈ្នួលអប្បបរមា ១៤០ ដុល្លារ។
លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានរិះគន់ចំពោះការទទួលយកប្រាក់ឈ្នួលអប្បបរមាតិចជាង ១៧៧ ដុល្លារ។
លោកស្រីបានថ្លែងថា៖ «ខ្ញុំចង់ឲ្យសហជីពទាំងអស់រក្សាជំហរដដែល ពីព្រោះវាអាចបង្ហាញនិយោជកថា យើងនៅមានសាមគ្គីរឹងមាំ»៕