
ភ្នំពេញៈ កិច្ចចរចាសម្ងាត់រវាងគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) ដែលជាគណបក្សប្រឆាំងបានខិតជិតដល់ដំណោះស្រាយចំពោះភាពជាប់គាំងនយោបាយនៅកម្ពុជា ចាប់តាំងពីការបោះឆ្នោតកាលពីខែ កក្កដា។ នេះបើ តាមប្រភពដែលស្និទ្ធនឹងអ្នកសម្របសម្រួលបានអះអាងកាលពីម្សិលមិញ។
ប្រភពនោះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលបានជួបប្រជុំជាមួយនឹងគណបក្ស ប្រឆាំង បន្ទាប់ពីមានការបង្ក្រាបមកលើកូដកម្មរបស់កម្មករកាត់ដេរ និងបោសសម្អាតទីលានប្រជាធិបតេយ្យនៅថ្ងៃ ទី៣ និង ទី៤ ខែ មករា ខណៈដែលខាងលោក ហ៊ុន សែន បានដាក់ចេញនូវមូលដ្ឋានចរចារវាងគណបក្សទាំងពីរ ដែលត្រូវស្ថិតក្រោមរាជាធិបតីភាពរបស់ព្រះមហាក្សត្រ។
ក្នុងចំណោមការទាមទារ ៤ ចំណុច ដែលគណបក្សសង្គ្រោះជាតិបានបញ្ជូនទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ ៨០ ភាគរយត្រូវបានព្រមព្រៀងហើយ នេះបើយោងតាមប្រភពដែលបានជួបជាមួយនឹងអ្នកសម្របសម្រួលកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាលើការចរចាដែលបានគ្រោងឡើង។
ប្រភពបន្តឲ្យដឹងថា ការបោះឆ្នោតឡើងវិញ និងការចុះចេញរបស់លោក ហ៊ុន សែន ដូចដែលបាតុករដឹកនាំដោយគណបក្សសង្គ្រោះជាតិស្រែកតាមផ្លូវ នោះមិនស្ថិតក្នុងរបៀបវារៈចរចាទេ។
មន្រ្តីជាច្រើនពីគណបក្សទាំងពីរបានបដិសេធថា ការចរចារវាងគណបក្សទាំងពីរពុំទាន់កើតឡើងទេ។
លោក កែម ឡី អ្នកវិភាគនយោបាយ និងលោក ហ៊ាង ឫទ្ធី ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ដែលជាអង្គការលើកកម្ពស់សិទិ្ធមនុស្សនិងលទិ្ធប្រជាធិបតេយ្យ បានថ្លែងថា ពួកគេបានពិភាក្សាជាមួយនឹងអ្នកសម្របសម្រួលយ៉ាងយូរ អំពីចំណុចទាមទារដែលស្នើឡើង។
ទាំងនេះរាប់បញ្ចូលការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ តាមរយៈរដ្ឋសភាបន្ទាប់ពីការបោះឆ្នោតលើកក្រោយការបង្កើតគណៈកម្មការរដ្ឋសភាមួយទៀត ដោយបែងចែកតំណែងប្រធានគណៈកម្មការស្មើគ្នារវាងគណបក្សទាំងពីរ និងផ្តល់តំណែងអនុប្រធានរដ្ឋសភាឲ្យគណបក្សសង្គ្រោះជាតិ អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិមានអាជ្ញាប័ណ្ណទូរទស្សន៍ និងបង្កើតគណៈកម្មាធិការចម្រុះស្តីពីកំណែទម្រង់ការបោះឆ្នោត។
លោក កែម ឡី បានបន្ថែមថា៖ «[អ្នកសម្របសម្រួល] បានប្រាប់ថា នៅពេលគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នាទាំងស្រុងលើចំណុចទាំងអស់ ដែលពួកគេនឹងរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ដើម្បីជួបគ្នានៅមុខព្រះភក្ត្រព្រះមហាក្សត្រនិងចុះហត្ថលេខានៅ ចំពោះព្រះភក្ត្រព្រះអង្គ។
បើតាមលោក ហ៊ាង ឫទ្ធី បាននិយាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា មេដឹកនាំគណបក្សប្រឆាំងបានជួបជាមួយនឹងអ្នកចរចានៅថ្ងៃ ទី៥ មករា មួយថ្ងៃបន្ទាប់ពីមានការជម្លៀសប្រជាជន ដោយប្រើអំពើហិង្សាសម្អាតពួកគេចេញពីទីលានប្រជាធិបតេយ្យ។
លោកបន្តថា៖ «គាត់បង្ហាញខ្ញុំលិខិតមួយដែលលោក សម រង្ស៊ី និងលោក កឹម សុខា ស្នើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចរចា និងសម្រុះសម្រួល ហើយគាត់ចង់បានតំណែងក្នុងរដ្ឋសភា គឺធ្វើជាអនុប្រធាន»។
ការបញ្ចេញនេះបានធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី បានលើកឡើង កាលពីថ្ងៃ ទី៥ ខែ មករា មួយថ្ងៃបន្ទាប់ពីទីលានប្រជាធិបតេយ្យត្រូវបានជម្លៀសចេញយ៉ាង ហិង្សា ហើយនៅថ្ងៃដែលមេដឹកនាំគណបក្សប្រឆាំងបានជួបជាមួយខាងរដ្ឋាភិបាល លោកថា រដ្ឋាភិបាលទីបំផុតនឹងធ្វើការជាមួយនឹងគណបក្សប្រឆាំង បើទោះជាមានការបង្ក្រាបក៏ដោយ។
លោកប្រាប់អ្នកយកព័ត៌មានពេលនោះថា៖ «គេប្រើកម្លាំងខ្លាំងមួយរយៈ បង្ក្រាបដំបូង»។ ប៉ុន្តែ គេក៏ជាអ្នកទទួលខុសត្រូវផងដែរ។ គេត្រូវធានាថា បន្ទាប់ពីការបង្ក្រាបលើចលនាកម្មករ គេត្រូវតែដោះស្រាយជាមួយគណបក្សប្រឆាំង។ គេមិនអាចចាប់ខ្លួនយើងទេ ព្រោះគេត្រូវការផ្លូវ និងត្រូវការកម្លាំងនយោបាយម្ខាងទៀត»។
កាលពីម្សិលមិញ ទីភ្នាក់ងារព័ត៌មាន AKP ក៏បានបង្ហាញរូបភាពលើគេហទំព័រផ្លូវការខ្លួន ដែលបង្ហាញអំពីកិច្ចប្រជុំកន្លងមកនិងការចាប់ដៃគ្នារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី តាមអត្ថបទ «ចងចាំជានិច្ច»។
លោក ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានហៅការបង្ហាញរូបភាពនេះពីម្សិលមិញថា ជា «សញ្ញាល្អ»។
លោកថ្លែងថា៖ «វាមានន័យថា កម្ពុជាគួរដោះស្រាយដោយសន្តិវិធី។ ខ្ញុំគាំទ្រ [អ្វីដែល AKP កំពុងធ្វើ] ប៉ុន្តែ ខ្ញុំពិតជាមិនយល់ទេ។ វាជាការល្អ ក្នុងការចែករំលែកការចងចាំចាស់ៗ បើទោះជាវាមិនជាសញ្ញាល្អក៏ដោយ។ វាជាសញ្ញាល្អ ហើយអាចជាសញ្ញា ដែលពួកគេអាចដោះស្រាយភាពខុសគ្នា»។
គណបក្សប្រឆាំងកាលពីម្សិលមិញបានបដិសេធថាពួកគេមិនបានជួបនឹងមន្រ្តីរដ្ឋាភិបាលដើម្បីកំណត់របៀបវារៈសម្រាប់ការពិភាក្សាគ្នាទេ។
លោក សម រង្ស៊ី បានថ្លែងថា៖ «វាមិនសំខាន់ទេ។ វាគ្មានខ្លឹមសារទេ។ កិច្ចចរចាគ្រាន់តែជាការមន្ទិលប៉ុណ្ណោះ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏បានថ្លែងថា គណបក្សសង្គ្រោះជាតិចង់ចរចា ប៉ុន្តែការចរចានោះគឺ «ផ្តោតលើកំណែទម្រង់ការបោះឆ្នោត និងការបោះឆ្នោតឡើងវិញ»។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន ក៏បានបដិសេធដូចគ្នាដែរថា គ្មានការចរចាក្រៅផ្លូវការនោះទេ។
ការបញ្ចេញបែបនេះ ខណៈដែលលោក សម រង្ស៊ី និងលោក កឹម សុខា គ្រោងចូលទៅបំភ្លឺការកោះរបស់តុលាការនៅព្រឹកនេះ ដើម្បីសាកសួរលើបទចោទប្រកាន់ថា ពីបទបានញុះញង់កម្មករឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងចលាចលសង្គម។
អ្នកវិភាគនយោបាយ និងច្បាប់ បានច្រានចោលគំនិតដែលថា តុលាការនឹងចាប់ខ្លួន ឬចោទប្រកាន់មេដឹកនាំ ដើម្បីចៀសវាងធ្វើឲ្យបាតុកម្មប្រឆាំងរដ្ឋាភិបាលធ្លាក់ចុះដុនដាប។
លោក កែម ឡី បានច្រានច្រោលការសាកសួររបស់តុលាការថា វាគ្រាន់តែជាល្បែងនយោបាយប៉ុណ្ណោះ៕ TK
រាយការណ៍បន្ថែមៈ ជាង សុខា