
ភ្នំពេញៈ មន្ត្រីក្រសួង ការងារ សហជីពតំណាងកម្មករ និងនិយោជកនឹងជួបគ្នាសាជាថ្មីម្តងទៀតនៅថ្ងៃអង្គារ ទី២៤ ខែ ធ្នូ សប្តាហ៍ក្រោយដើម្បីធ្វើការអនុម័តលើតារាងប្រាក់ឈ្នួល អប្បបរមាថ្មីរបស់កម្មករកាត់ដេរនិងស្បែកជើងសម្រាប់អនុវត្តនៅដើមឆ្នាំ ២០១៤។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ ដែលបានដឹកនាំអង្គប្រជុំកាលពីព្រឹកថ្ងៃចន្ទ ដោយមានការចូលរួមពីសហជីពដែលជាតំណាងកម្មករ និងតំណាងនិយោជក បានពិភាក្សាគ្នាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ក្នុងឧស្សាហកម្មកាត់ដេរនិងស្បែកជើង។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងថា ការប្រជុំថ្ងៃនេះ (ថ្ងៃចន្ទ) ជាការប្រជុំចុងក្រោយរបស់ក្រុមការងារ សិក្សាស្រាវជ្រាវដែលបានរៀបចំធ្វើរបាយការណ៍សំយោគលើការស្រាវជ្រាវរបស់ខ្លួនដោយបានលើកយករូបមន្តបីសម្រាប់ធ្វើការដំឡើងប្រាក់ឈ្នួលជូនកម្មករ។
លោកបានថ្លែងថា៖ «នៅក្នុងនេះយើងបានបង្កើតនូវរូបមន្តបីសម្រាប់ធ្វើការដំឡើងប្រាក់ឈ្នួលជូនកម្មករដែលបានកំណត់គោលដៅក្នុងរយៈពេល ៥ឆ្នាំ ឲ្យដល់ ១៦០ ដុល្លារ តែក៏មានរូបមន្តពីរបន្ថែមទៀត ដែលបានលើកដោយតំណាងសហជីព និងនិយោជក»។
លោកបញ្ជាក់ថា រូបមន្តទាំងអស់នឹងដាក់ឲ្យពិភាក្សាចំពោះមុខភាគីសហជីព និងតំណាងនិយោជក រួចនឹងធ្វើការពិភាក្សាសម្រេចម្តងទៀតនៅថ្ងៃ ទី២៤ ខែ ធ្នូ ដោយក្រុមប្រឹក្សាការងារ។
រូបមន្តបីសម្រាប់ការរៀបចំដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករផ្នែកកាត់ដេរ និងស្បែកជើងដែលត្រូវធ្វើការពិនិត្យនិងជ្រើសរើសយកមួយក្នុងចំណោមរូបមន្តបីនេះដើម្បីអនុវត្ត ដូចជា ការកំណត់ដំឡើងជាអត្រារួមរយៈពេល ៥ឆ្នាំ (២០១៤-២០១៨) រួចហើយបែងចែកស្មើភាព ជាអត្រាដំឡើងប្រចាំឆ្នាំ។ ការកំណត់ដំឡើងប្រាក់ឈ្នួលជាសន្ទស្សន៍រួមក្នុងរយៈពេល ៥ឆ្នាំ (២០១៤-២០១៨) ឲ្យបាន ១០០ ភាគរយនៃប្រាក់ឈ្នួលអប្បបរមា ឆ្នាំ ២០១៣ គឺពី ៨០ ដុល្លាររហូតដល់ ១៦០ ដុល្លារ នៅឆ្នាំ ២០១៨។ មានន័យថា នៅឆ្នាំដំបូង (២០១៤) អត្រាដំឡើងប្រាក់ឈ្នួលក្នុងចំនួនមួយជាក់លាក់ ហើយភាគដែលនៅសេសសល់យកមកចែកជា ៤ ភាគស្មើគ្នាសម្រាប់ដំឡើងពី ២០១៥ ដល់ ២០១៨ និងរូបមន្ត ទី៣ គឺកំណត់ដំឡើងតែម្តងគត់នៅឆ្នាំ ២០១៤ គឺដំឡើង ១០០ ភាគរយដែលស្មើនឹង ១៦០ ដុល្លារ ហើយនៅឆ្នាំបន្ទាប់គឺពិភាក្សាជារៀងរាល់ឆ្នាំ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបាននិយាយថា ប្រាក់ឈ្នួលសព្វថ្ងៃរបស់កម្មករមិនទាន់ធានាបានសម្រាប់ការរស់នៅសមរម្យទេ។
លោកថ្លែងថា៖ «យើងចង់ឲ្យមានការពិភាក្សាដំឡើងប្រាក់ឈ្នួលតែការដំឡើងប៉ុន្មាននោះ គឺនៅមានបញ្ហា។ ខាងរាជរដ្ឋាភិបាលចង់ឲ្យមានការដំឡើងប្រាក់ឈ្នួលដើម្បីទាក់ទាញ ការគាំទ្រពីកម្មករទៅខាងរាជរដ្ឋាភិបាលផងដែរចំណែកឯនិយោជក ចង់ដំឡើងប្រាក់ឈ្នួល ដើម្បីទាក់ទាញកម្មករជំនាញនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។ ចំណែកឯខាងសហជីពចង់ដំឡើងដើម្បីធានាឲ្យការរស់នៅពិតប្រាកដប្រចាំ ថ្ងៃរក្សាកម្លាំងកម្មករជំនាញ និងបញ្ឈប់នូវការចំណាកស្រុកដោយប្រថុយប្រថាន»។
លោក អាត់ ធន់ នៅតែមិនទាន់មានការពេញចិត្តនឹងការដំឡើងប្រាក់ឈ្នួលនេះនៅឡើយ ហើយលោកនៅតែមានមហិច្ឆតាដដែលគឺទាមទារឲ្យមានការដំឡើងរហូតដល់ ១៥៤ ដុល្លារ ក្នុងឆ្នាំ ២០១៤ នេះ។
លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បាននិយាយថា ប្រាក់ឈ្នួលកម្មករគួរ តែដំឡើងតាមជំហានដោយគិតជាភាគរយតាមឆ្នាំ។
លោកថ្លែងថា៖ «ប្រសិនបើយើងដំឡើងជាគំហុកតែម្តង ១៦០ ដុល្លារ នោះអាចជាបញ្ហាសម្រាប់កម្មករនិងការប្រកួតប្រជែងរបស់និយោជកទៅនឹងប្រទេសផ្សេងៗទៀត»។ លោកថា អ្នកវិនិយោគមិនមែនជាអង្គការមនុស្សធម៌ទេ តែជាអ្នករកស៊ីរកផលចំណេញកាលណាប្រទេសណា ដែលធ្វើឲ្យគេចំណេញច្រើនគេនឹងទៅកាន់ប្រទេសនោះ។
លោក សោម អូន បានថ្លែងបន្តថា៖ «យើងត្រូវតែប្រុងប្រយ័ត្នថ្លឹងថ្លែងក្នុងការដំឡើងប្រាក់ឈ្នួលកម្មករនេះ»។
លោក ខេន លូ អគ្គលេខាធិកាសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានថ្លែងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញថា លោកបានប្រជុំជាមួយសមាជិកអស់រយៈពេលយ៉ាងយូរពីថ្ងៃអាទិត្យ ហើយទាំងអស់គ្នាបានសម្តែងពីការព្រួយបារម្ភពីការចរចាគ្នាដំឡើងប្រាក់ឈ្នួលអប្បបរមានេះ ប៉ុន្តែ ពួកគេយល់ស្របថា ការដំឡើងប្រាក់ឈ្នួលត្រូវតែមានកំណើន។
លោកថ្លែងថា៖ «អ្វីដែលយើងមានការបារម្ភគឺចំនួននៃការដំឡើងហើយនិងចំណុចបារម្ភដទៃទៀត គឺការធ្វើកូដកម្ម និងបាតុកម្មខុសច្បាប់របស់សហជីព»។
លោក ខេន លូ បន្តទៀតថា តាមតួលេខឬរូបមន្តដែលបានលើកឡើងនេះ គឺខាងរោងចក្រជាច្រើនអាចនឹងបិទទ្វារ ដោយសារថា មានការបិទទ្វារជាច្រើនរួចមកហើយ។
លោក ខេន លូ បានលើកអំពីរូបមន្តផ្ទាល់របស់សមាជិកសមាគមថា៖ «អ្វីដែលសមាជិកភាគច្រើនរបស់យើងបានលើកឡើងគឺយើងគួរតែឯកភាពលើចំណុចមួយ គឺកំណើនក្នុងរយៈពេល ២ឆ្នាំ ដំបូង ក្នុងតម្លៃទាបបន្តិចរួច បន្ទាប់មកចាប់ពីឆ្នាំ ទី៣ ទី៤ ទៅត្រូវបង្កើនកំណើនបន្តិចវិញ និងឆ្នាំ ទី៥ យើងនឹងសម្រេចឲ្យដល់គោលដៅយើងតែម្តង។ ទាំងនេះក៏ដោយសារតែដើម្បីធ្វើការគ្រប់គ្រងកូដកម្ម បាតុកម្មខុសច្បាប់ និងធ្វើការដោះស្រាយជាមួយគ្នាបន្តបន្ទាប់ទៀត»៕