ភ្នំពេញៈ កញ្ញា កឹម មនោវិទ្យា កូនស្រី​លោក កឹម សុខា បាន​រិះគន់​លើ​រឿងក្ដី​ប្រឆាំងនឹង​លោក កឹម សុខា និង​បាន​វាយប្រហារ​លើ​ក្រុមគាំទ្រ​លោក សម រង្ស៊ី ដែល​ចោទប្រកាន់​លោក កឹម សុខា ថា​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ក្រុម​មេធាវី​ការពារ​លោក កឹម សុខា ប្ដឹង​ទាស់​នឹង​ការបញ្ជូន​រឿង​ទៅ​ជម្រះ​។

កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​នៅលើ​បណ្ដាញ​ធ្វីធើរ​របស់​កញ្ញា​នៅ​យប់​ថ្ងៃ​អង្គារ​​ថា​៖ «​មាន​តុលាការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែល​ព្យាយាម​កាត់ទោស​លោក កឹម សុខា ពីបទ​ក្បត់ជាតិ​បន្ទាប់ពី​ឃុំឃាំង​មិន​ស្រប​ច្បាប់​អស់​រយៈពេល​ ២ ​ឆ្នាំ​»​។

កញ្ញា​បន្តថា​៖ «​ស្របពេល​ជាមួយ​គ្នា​នេះ​ក៏​មាន​ក្រុម​ការងារ​លាប​ពណ៌​របស់លោក សម រង្ស៊ី ដែល​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​ហៅ​លោក កឹម សុខា ថា​ជា​អាយ៉ង​របស់ CPP ដោយសារ​តែ​ខ្លាច​លោក (​កឹម សុខា​) ត្រូវបាន​ព្រះមហាក្សត្រ​ព្រះរាជទាន​ការលើកលែង​ទោស​នាពេល​ខាងមុខ​។ នេះ​ជា​នយោបាយ​នៅ​កម្ពុជា​ដែល​យើង​ត្រូវតែ​ផ្លាស់ប្ដូរ​»​។

ក្រៅពី​សរសេរ​នៅលើ​ធ្វីធើរ កញ្ញា កឹម មនោវិទ្យា ក៏បាន​ផូស្ត​នៅលើ​ហ្វេសប៊ុក​ដោយមាន​បានដាក់​រូប​លោក កឹម សុខា ហើយ​សរសេរ​ពី​ការបង្រួបបង្រួម​បក្សប្រឆាំង​នៅ​ឆ្នាំ​ ២០១២​។ កញ្ញា​ថា ការ​បង្រួបបង្រួម​ពេលនោះ​ជំរុញ​ឱ្យ​បក្សប្រឆាំង​មួយ​ទៀត​ទម្លាក់អាវុធ​លាប​ពណ៌​ដ៏ខ្មៅ​ និង​ច្រែះ​ចាប់​របស់​គេ បន្ទាប់ពី​គេ​ប្រើ​វាយ​លោក (​កឹម សុខា​) ជាង​ ៥ ​ឆ្នាំ​មក ហើយ​បង្កើត​បាន​ជា​បក្សប្រឆាំង​រួម​ដ៏ធំ​មួយ​។

កញ្ញា​បន្តថា​នៅ​ឆ្នាំ​ ២០២០ ខាងមុខនេះ លោក​ កឹម សុខា នឹង​បង្រួបបង្រួម​ខ្មែរ​លើក​ទី​ ២ ដែល​នាំ​ឲ្យ​មាន​ការផ្សះផ្សា​ជាតិ​ទ្រង់ទ្រាយ​ធំ​ដោយ​ឈរលើ​មូលដ្ឋាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បំបាត់​ការ​លាប​ពណ៌​ចាស់គំរឹល​ទាំងអស់ បំបាត់​ការចាប់ចង​វាយប្រហារ​ដែល​នាំ​បញ្ហា​វឹកវរ​ដល់​ជាតិ លើកកម្ពស់​កិត្តិយស​កម្ពុជា​ទាំងអស់​គ្នា​លើ​ឆាក​អន្តរជាតិ​...​។

ចំពោះ​សំណុំរឿង​លោក កឹម សុខា អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ និយាយថា​លោក​ក៏​យល់ឃើញ​ដូច​ការលើកឡើង​របស់​កញ្ញា កឹម មនោវិទ្យា​ ដែរ​។ ប៉ុន្តែ​ចំពោះ​ការលើកឡើង​ថា​មាន​ក្រុម​លោក សម រង្ស៊ី ដែល​លាប​ពណ៌​លោក កឹម សុខា នោះ​លោក​សុំ​មិន​អត្ថាធិប្បាយ​ទេ តែ​បាន​ថ្លែង​យ៉ាងខ្លី​ថា​៖ «​ខ្ញុំ​ទុក​ឲ្យ​ជំរំ​លោក កឹម សុខា និង​ជំរំ លោក សម រង្ស៊ី វាយ​គ្នា​ទៅវិញ​ទៅមក​រហូត​ដល់​ពួកគេ​នៅសល់​តែ​អ្នកគាំទ្រ​ចុងក្រោយ​ម្នាក់​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់ឃើញ​ថា ការលើកឡើង​របស់​កញ្ញា​ កឹម មនោវិទ្យា លើ​សំណុំរឿង​លោក កឹម សុខា នោះ​វា​ជា​រឿង​សាមញ្ញ​ដែល​កូនស្រី​មិន​អាច​ទទួលស្គាល់​ពី​ពិរុទ្ធភាព​របស់​ឪពុក​ខ្លួន​តាំងពី​ដើម​រៀងមក​។

លើសពីនេះ​លោក គិន ភា មើលឃើញ​សារ​របស់​កញ្ញា កឹម មនោវិទ្យា ដែល​លើកឡើង​ពី​ការ​លាប​ពណ៌​ថា​ជា​រូបភាព​នៃ​ការបែកបាក់​នៃ​អតីត​បក្សប្រឆាំង​។ លោក​ក៏​យល់ឃើញ​ថា ពិតជា​មាន​ក្រុម​របស់​លោក សម រង្ស៊ី ដែល​បាន​និយាយ​ទុក​មុន​ថា បើ​លោក កឹម សុខា ត្រូវបាន​លើកលែង​ទោស​នោះ​លោក កឹម សុខា ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​។ ប៉ុន្តែ​លោក​ថា កញ្ញា កឹម មនោវិទ្យា ដែល​លើកឡើង​បែប​នេះ​ក៏​ចង់​ការពារ​ខ្លួន​ទុក​មុន​ដែរ​។

លោក គិន ភា បាន​ថ្លែងថា​៖ «​កូនលោក កឹម សុខា គឺ កឹម មនោវិទ្យា និយាយ​បែបនេះ​គឺ​គាត់​ចង់​បង្ហាញថា ក្រុម​របស់​គាត់​គឺ​មិនត្រូវ​គ្នា​ទេ​រវាង​ក្រុម​លោក សម រង្ស៊ី និង​ក្រុម​លោក កឹម សុខា ព្រោះ​គេ​តែងមាន​ទស្សនៈ​ផ្ទុយគ្នា​។ កឹម មនោវិទ្យា ក៏​គាត់​និយាយ​បង្ការ​ទុក​មុន​ដែរ​ថា ឪពុក​គាត់​នឹង​ទទួលរង​នូវ​ការចោទប្រកាន់​បែប​នេះ​ពី​សំណាក់​លោក សម រង្ស៊ី បើសិន​ឪពុក​គាត់​ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស​។ ទាំងនេះ​សុទ្ធតែ​ជា​ការបង្ការ​ទុក​មុន​ដូចគ្នា ហើយ​ក្រុម​ទាំង​ ២ ​នេះ​បាន​ប៉ាន់ប្រមាណ​ឃើញ​អនាគត​ដែល​ត្រូវ​បែកបាក់​គ្នា​ហើយ បើ​តាម​ការលើកឡើង​បែបនេះ​»​។

ស្របពេល​ជាមួយ​គ្នា​នេះ​ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ប្ដឹង​ទាស់​ទៅនឹង​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​ដែល​បាន​បញ្ជូន​សំណុំរឿង «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ទៅ​ជំនុំជម្រះ​កាលពី​ថ្ងៃ​ចន្ទ​។

យោង​តាម​លិខិត​ប្តឹង​ឧទ្ធរណ៍​របស់​សហមេធាវី​លោក កឹម សុខា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​មេធាវី​បាន​លើកឡើង​ថា​លោក កឹម សុខា កើតទុក្ខ​មិន​សុខចិត្ត​នឹង​ដីកា​ដោះស្រាយ​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២ ខែ ​ធ្នូ ឆ្នាំ​ ២០១៩ ហើយ​លោក កឹម សុខា បាន​ឲ្យ​សហមេធាវី​ប្ដឹង​ឧទ្ធរណ៍​នឹង​ដីកា​នេះ​។

ដោយហេតុ​លោក កឹម សុខា ត្រូវបាន​ដោះលែង​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​ស្ថិតនៅ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ដដែល​។ ទី​​២ ចៅក្រម​ស៊ើបសួរ​មិន​បាន​សម្រេច​លើ​ពាក្យស្នើសុំ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៧ ខែ​វិច្ឆិកា​កន្លងទៅ​។ ទី​៣ ដោយសារ​តែ​ការស៊ើបអង្កេត​មិន​ត្រូវបាន​ធ្វើឡើង​ពេញលេញ​គឺថា​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក កឹម សុខា មិន​ត្រូវ​បាន​សាកសួរ​។

លោក ចាន់ ចេន មេធាវី​ ១ ​រូប​ក្នុង​ចំណោម​ ៤ ​រូប​ ដែល​ការពារ​ក្ដី​លោក កឹម សុខា បាន​ថ្លែងថា ការដាក់​កូនក្ដី​លោក​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ធ្វើ​ឡើង​ក្នុង​រូបភាព​ជា​ការហាមប្រាម​មិន​ឲ្យ​លោក កឹម សុខា ចេញទៅ​ក្រៅ​ប្រទេស និង​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​។

លោក​បន្តថា​៖ «​ចំពោះ​ចំណុច​ទី​៣ ការកសាង​សំណុំរឿង​នៃ​រឿងក្ដី​នេះ សមត្ថកិច្ច​បាន​ចោទថា​កូនក្ដី​យើងខ្ញុំ​បាន​ត្រូវ​រ៉ូវ​គ្នា​​ជាមួយ​បរទេស​ក្នុងការ​ធ្វើ​បទ​ «​សន្ទិដ្ឋិភាព​» ក៏ប៉ុន្តែ​រហូត​ដល់​ពេល​នេះ តើ​បរទេស​ណា​ដែលថា​ត្រូវ​រ៉ូវ​គ្នា​ហ្នឹង​? យើង​អត់​ឃើញ​ចៅក្រម​ស៊ើបសួរ​ស៊ើបអង្កេត​ទៅដល់​អ្នក​ដែល​ពាក់ព័ន្ធ​។ បើ​ថា​ភាគី ក សហាយស្មន់ អ៊ីចឹង​តើ​ភាគី​ណា​ដែល​សហាយស្មន់​ជាមួយ​ភាគី ក នោះ​?»​។

កាលពី​ថ្ងៃ​ចន្ទ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​អំពី​ការបិទ​ការ​ស៊ើបសួរ និង​បញ្ជូន​រឿង​លោក កឹម សុខា ទៅ​ជំនុំជម្រះ​។ ការសម្រេច​បញ្ជូន​រឿង​ទៅ​ជម្រះ​នេះ​ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​បាន​ស្រាវជ្រាវ​ចប់សព្វគ្រប់ ហើយ «​ពិនិត្យ​ឃើញ​ថា មាន​ភ័ស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ពី​បទសន្ទិដ្ឋិភាព​ជាមួយ​បរទេស ហើយ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​បិទ​បញ្ចប់​ការស៊ើបសួរ​»​។

លោក តាំង ស៊ុនឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​ថា សំណុំ​រឿងនេះ​ «​ក្រុមប្រឹក្សា​មិនទាន់​កំណត់​ថ្ងៃ​ជំនុំជម្រះ​ទេ​»​។

លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​ និង​ឃុំ​កាលពី​ខែ​កញ្ញា ឆ្នាំ ២០១៧​។

អ្នកស្រី ម៉េង សុភារី មេធាវី​ម្នាក់​ក្នុងចំណោម​ ៤ ​នាក់​ ដែល​ការពារ​ក្ដី​លោក កឹម សុខា បាន​ថ្លែងថា​ជាទូទៅ​តាម​នីតិវិធី ការជំនុំជម្រះ​តែង​កើត​មាន​ក្នុង​រយៈពេល​ខ្លី​សមស្រប​មួយ បើសិន​ជា​ជន​ត្រូវ​ចោទ​នៅក្នុង​ឃុំ​។ ប៉ុន្ដែ​ដោយសារ​កូនក្ដី​អ្នកស្រី​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ហើយ​នោះ អ្នកស្រី​ថា ថិរវេលា​ដែល​ត្រូវ​ជំនុំជម្រះ​មិន​មាន​ការកំណត់​ទេ​។

អ្នកស្រី មេធាវី ថ្លែងបន្ត​ទៀតថា​៖ «​បើសិនជា​មានការ​ជម្រះ​ឆាប់រហ័ស ហើយ​កូនក្ដី​យើងខ្ញុំ​រួចខ្លួន​ពី​បទចោទ នេះ​ជា​ការល្អ​ហើយ ប៉ុន្តែ​បើសិន​ជា​ថា​ជម្រះ​ហ្នឹង​ធ្វើឲ្យ​មានទោស​មាន​ពៃរ៍ យើង​មិន​ចង់​ឲ្យ​មាន​ការជម្រះ​បែបនេះ​ទេ​»៕

វីដេអូ៖