ភ្នំពេញៈ បន្ទាប់ពីលោក កឹម សុខា ត្រូវបានព្រះមហាក្សត្រលើកលែងទោសទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែបាន ៤ ថ្ងៃប៉ុណ្ណោះគណបក្សសង្គ្រោះជាតិបានសម្រេចស្នើទៅរដ្ឋសភាឱ្យដាក់លោក កឹម សុខា ធ្វើជាប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគតិចនៃរដ្ឋសភាជំនួសលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេសខណៈប្រធានស្តីទីដែលរួចពីទោសរូបនេះសម្រេចវិលចូលប្រជុំសភាពេញអង្គវិញនៅថ្ងៃពុធសប្តាហ៍នេះបន្ទាប់ឃុំខ្លួនឯងនៅទីស្នាក់ការគណបក្សអស់រយៈពេល ៦ ខែ។
ការវិវឌ្ឍនយោបាយដែលមានភាពលឿនរហ័សដូចផ្លេកបន្ទោរនេះត្រូវបានអ្នកតាមដានមើលឃើញថាអាចនឹងធ្វើឱ្យគណបក្សសង្គ្រោះជាតិមានការបែកបាក់គ្នា ឬមួយក៏លោក កឹម សុខា រងការចោទប្រកាន់ធ្វើបក្សប្រហារបើបក្សនេះមិនពន្យល់ពីមូលហេតុប្រាប់អ្នកគាំទ្ររបស់ខ្លួនឲ្យច្បាស់លាស់។
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថាលោកបានទទួលលិខិតរបស់គណបក្សសង្គ្រោះជាតិកាលពីល្ងាចម្សិលមិញដោយស្នើឱ្យលោក កឹម សុខា ធ្វើជាប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគតិចតែមិនបានបញ្ជាក់ពីមូលហេតុនោះទេ។ លោកថា៖ «ក្នុងនោះគេស្នើដាក់ឯកឧត្តម កឹម សុខា ជាប្រធាន រីឯកឧត្តម យឹម សុវណ្ណ អនុប្រធាន និង ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ អនុប្រធានដែរ»។ លោកឱ្យដឹងថាការស្នើនេះធ្វើឡើងស្របច្បាប់តាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាខណៈលោកបានបញ្ជូនលិខិតនេះទៅប្រធានរដ្ឋសភាលោក ហេង សំរិន ជាអ្នកសម្រេច។ ទាក់ទងសំណួរសួរថាតើលោក កឹម សុខា អាចវិលត្រឡប់ទៅកាន់តំណែងចាស់ធ្វើជាអនុប្រធានទី ១ នៃរដ្ឋសភាបានទេត្រូវបានលោក ឡេង ប៉េង ឡុង ឆ្លើយថា «អាហ្នឹងរឿងនយោបាយស្រេចតែគណបក្សនយោបាយជជែកគ្នាទៅ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មើលឃើញថាការផ្លាស់ប្តូរស្ថានការណ៍លឿនពេកអាចនឹងធ្វើឱ្យបក្សសង្គ្រោះជាតិបែកបាក់។ លោកថា៖ «បើសិនការងារធ្វើដោយមិនមានការជជែកជាមួយឯកឧត្តម សម រង្ស៊ី ខ្ញុំគិតថាវាអាចក្លាយទៅជាការចាប់ផ្តើមនៃការបែកបាក់គ្នាតែបើសិនជាធ្វើឡើងតាមរយៈការពិភាក្សាគ្នាជាមួយឯកឧត្តម សម រង្ស៊ី ខ្ញុំគិតថាវានឹងអាចនាំស្ថានការណ៍នយោបាយទៅរកកន្លែងមួយដែលប្រសើរ និងដោះលែងសកម្មជននយោបាយ ឬឯកឧត្តម សម រង្ស៊ី អាចវិលត្រឡប់ចូលស្រុកវិញ»។ «ប៉ុន្តែនៅតែជាគ្រោះរបស់គណបក្សសង្គ្រោះជាតិប្រសិនបើមិនបានពន្យល់ដល់អ្នកគាំទ្ររបស់ខ្លួនឱ្យបានច្បាស់លាស់ ឬមិនបានបង្ហាញពីមូលហេតុគឺឯកឧត្តម កឹម សុខា នឹងអាចទទួលរងការចោទប្រកាន់ពីមហាជនថាជាអ្នកធ្វើបក្សប្រហារដើម្បីដណ្តើមតំណែងលោក សម រង្ស៊ី»។ លោកឱ្យដឹងដែរការផ្លាស់ប្តូរប្រធានក្រុមតំណាងរាស្ត្រភាគតិចគឺជាការចង់បានរបស់គណបក្សប្រជាជនរួចស្រាប់ទៅហើយ។
លោកថ្លែងថា៖ «សូម្បីលើកលែងទោស កឹម សុខា ក៏លឿនហើយឥឡូវនេះពីមុនបក្សសង្គ្រោះជាតិបានបដិសេធម្តងហើយរឿងផ្លាស់ប្តូរដាក់លោក កឹម សុខា តែទីបំផុតសង្គ្រោះជាតិនៅតែចូលទៅដដែល។
អ៊ីចឹងគណបក្សប្រជាជនបានជោគជ័យត្រង់ថាអ្វីដែលប៉ុនប៉ងពីមុនមកគឺធ្វើបានចំណែកសង្គ្រោះជាតិហាក់ដូចជាចូលទៅក្នុងអ្វីដែលគេបានរៀបចំហើយ»។
ចំណែកការវិលចូលសភារបស់ថ្នាក់នាំបក្សសង្គ្រោះជាតិវិញត្រូវបានអ្នកនាំពាក្យលោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថាជាដំណើរការនៃការចូលរួមប្រជុំសភារបស់តំណាងរាស្ត្រណបក្សសង្គ្រោះជាតិដែលនឹងជំរុញឲ្យតំណាងរាស្ត្រដែលមានសំឡេងភាគច្រើន និងតំណាងរាស្ត្រសំឡេងភាគតិចអាចជួបពិភាក្សាគ្នាដើម្បីជជែកអំពីបញ្ហាធំៗរបស់ប្រទេសជាតិ។ លោកថា៖ «តាមពិតទៅវាមិនមែនជាការទាមទារ ឬជាការចរចានោះទេប្រមុខរាជរដ្ឋាភិបាលលោក [ហ៊ុន សែន] យល់ដោយយោងតាមសំណើរបស់ឯកឧត្តម កឹម សុខា ដែលបានស្នើទៅព្រះមហាក្សត្រសុំ [ការលើកលែងទោស] ហើយយើងសង្ឃឹមថានឹងមានការស្នើសុំបន្ថែមទៀតដើម្បីឲ្យមានការលើកលែងទោស [សម្រាប់សមាជិកគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទិ្ធមនុស្ស»។
ទាំងលោក យ៉ែម បុញ្ញឫទ្ធិ និងអ្នកនាំពាក្យតំណាងរាស្ត្រគណបក្សប្រជាជនលោក ឈាង វុន បានឱ្យដឹងថាការយោគយល់គ្នារវាងមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរគឺជាឆន្ទៈរួមក្នុងការប្រមូលកម្លាំងដើម្បីកសាងជាតិ និងដោះស្រាយបញ្ហាប្រទេសជាតិរួមគ្នា។
លោក ឈាង វុន បានថ្លែងថា៖ «យើងសប្បាយចិត្តដោយសារតែព្រះមហាក្សត្របានឡាយព្រះហត្ថលេខាប្រទានការលើកលែងទោសដល់ឯកឧត្តម កឹម សុខា ដែលជាតំណាងរាស្ត្ររបស់យើងដែលត្រូវបានកាត់ទោស។ នេះគឺជាឆន្ទៈរួមក្នុងការប្រមូលកម្លាំងដើម្បីកសាងប្រទេសជាតិ»៕