
ភ្នំពេញៈ បន្ទាប់ពីមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា បានស្វាគមន៍ក្រុមអ្នកគាំទ្ររបស់លោករាប់សិបនាក់ នៅមុនពេលចាកចេញទៅជាមួយក្រុមអង្គរក្សជាង ១០នាក់។
ខណៈប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងមានបណ្តឹងចោទប្រកាន់ដ៏ចម្រូងចម្រាសនៅតុលាការបានចាកចេញពីច្រកចេញពីព្រលានយន្តហោះ បានចូលទៅក្នុងរថយន្តហើយបានចាកចេញពីព្រលានយន្តហោះ ហើយក្រុមអង្គរក្សបានរត់ត្រឹកៗតាមក្បួនឡានរបស់លោក រហូតដល់ចេញផុតពីព្រលាន។ នៅមុខក្បួនដង្ហែតូចមួយនេះរថយន្តទី៣ដែលមានស្លាកលេខស្ថានទូតបរទេសមួយគ្រឿងបាននាំផ្លូវ។ ខណៈជាធម្មតាធ្លាប់តែមានអង្គរក្សត្រឹមតែពីរឬបីនាក់។ ដំណើររបស់លោក កឹម សុខា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះឃើញថា មានអ្នកគាំទ្រ និងអ្នកការពារច្រើនជាងសព្វដងនៅពេលមានការភ័យខ្លាចចំពោះសុវត្ថិភាពរបស់លោក។ នេះបើតាមមន្រ្តីគណបក្សសង្គ្រោះជាតិ។
លោក ហូ វ៉ាន់ ជាតំណាងរាស្រ្តម្នាក់ក្នុងចំណោមតំណាងរាស្រ្តគណបក្សប្រឆាំងដែលបានជួបលោក កឹម សុខា នៅព្រលានយន្តហោះបានពន្យល់ថា៖ «វាគឺដោយសារមូលហេតុបញ្ហាសន្តិសុខ»។
កាលពីដើមខែនេះក្រសួងមហាផ្ទៃបានជួបជាមួយលោក កឹម សុខានិងបានផ្តល់ការការពារ ប្រសិនបើគាត់ត្រូវការ។ ប៉ុន្តែ លោក កឹម សុខា បានបដិសេធ។ នេះបើតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃដែលបានថ្លែងកាលពីម្សិលមិញ។
លោក សុភ័គ បានថ្លែងបន្តថា៖ «យើងយល់ព្រមផ្តល់ឲ្យគាត់នូវការការពារពិសេសប្រសិនបើគាត់ត្រូវការ។ ប៉ុន្តែបន្ទាប់ពីនោះគាត់មិនបានសរសេរសំណើពិសេសណាមួយនោះទេ»។ ផ្ទុយទៅវិញ លោក កឹម សុខា ដែលប្រហែលជាគ្មានអ្វីភ្ញាក់ផ្អើលហើយពេញចិត្តការការពារពីអង្គរក្សឯកជន។
មន្ត្រីជំនិតលោក កឹម សុខា កញ្ញា កឹម ម៉ូណូវិទ្យា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា សន្តិសុខ ត្រូវបានបង្កើនបន្ថែមទៀតសម្រាប់លោក កឹម សុខា បន្ទាប់ពីមានការប្រឆាំងនឹងគាត់ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរឿងគុកទួលស្លែងនិងការតវ៉ាផ្សេងៗ និងការរំខានដល់វេទិការបស់គណបក្សបន្ទាប់ពីមានក្រុមតវ៉ាទាំងនោះ។
កញ្ញាបានថ្លែងបន្តថា៖ «ចាប់តាំងពីល្ខោនទាំងមូលនោះ ត្រូវបានបង្កើតឡើងពីរបីសប្តាហ៍កន្លងទៅ» ក្រុមអង្គរក្សត្រូវបានបន្ថែម»។ «មានការបំភិតបំភ័យដូចដែលអ្នកដឹងហើយ ប៉ុន្តែមិនទាន់មានការគំរាមកំហែងផ្ទាល់ណាមួយនៅឡើយទេលើកលែងតែនៅវេទិកា។ ក្រុមមនុស្សបានមករំខានដល់វេទិកានិងព្យាយាមបង្កើតការរំខាន»។
ទាំងកញ្ញា ម៉ូណូវិទ្យា និងទាំងអ្នកនាំពាក្យ លោក យឹម សុវណ្ណ មិនបានដឹងថា ស្ថានទូតណាមួយ បានបញ្ជូនក្រុមអមការពារមកការពារលោក កឹម សុខា ទេ ប៉ុន្តែអ្នកទាំងពីរបានថ្លែងថា លោក កឹម សុខា បានទទួលចំនួនគាំទ្រយ៉ាងច្រើនលើសលប់ពីមន្រ្តីទូតបរទេស។ លោក យឹម សុវណ្ណ បានថ្លែងថា៖ «មន្រ្តីទូតមួយចំនួនបានជួបគាត់ខ្ញុំមិនអាចស្គាល់ពួកគេអស់ទេ។ ប៉ុន្តែខ្ញុំកោតសរសើរចំពោះការជួយរបស់ពួកគេ។ ពួកគេព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងអស់»៕ PS
រាយការណ៍បន្ថែមដោយ Abby Seiff