ភ្នំពេញៈ កុមារ​ចំនួន​ ៧១ ​នាក់​ ទទួល​​បានការ​វះកាត់​បេះដូង​ និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប និង​ភ្នំពេញ​ដោយ​ជោគជ័យ​។ រីឯ​កុមារ​ចំនួន​ ១៦៥ ​នាក់​ ដែល​មាន​ជំងឺគ្រុនឈាម​បាន​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាំង​ ២ ​ទីតាំង ខណៈ​កុមារ​ចំនួន​ ១ ៨៨៩ ​នាក់ ​ត្រូវ​បានទទួល​ការវះកាត់​ទូទៅ​ពី​មន្ទីរពេទ្យ​ខាងលើ​នៅក្នុង​ខែ​មីនា​នេះ​។ នេះ​បើតាម​របាយការណ៍​ប្រចាំ​ខែមីនា​។

តាម​របាយការណ៍​ប្រចាំ​ខែមីនា​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឲ្យ​ដឹង​នៅ​ថ្ងៃទី​ ២៥ ​មីនា ​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ទទួល​កុមារ​កម្ពុជា​រួមទាំង​ស្ត្រី​ជា​មាតា​ដែល​មករក​សេវា​ពិនិត្យ​ព្យាបាល​ និង​សេវា​ផ្នែក​សម្ភព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់​ចំនួន​ ៨២ ៧៧៦ ​នាក់​ នៅ​ទូទាំង​ប្រទេស​ក្នុង​ខែមីនា ឆ្នាំ​ ២០២០ ​នេះ​។

របាយការណ៍​បាន​ឲ្យ​ដឹងថា កុមារ​ឈឺ​ចំនួន​ ៥៧ ០៩៧ ​នាក់​ ត្រូវបាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន​ ១០ ៥៨៩ ​នាក់ ​ត្រូវ​បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ រីឯ​កុមារ​ចំនួន​ ១៦៥ ​នាក់ ​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ កុមារ​ចំនួន​ ១ ៨៨៩ ​នាក់ ​ត្រូវ​បាន​ទទួល​ការវះកាត់ ខណៈ​កុមារ​ ៧១ ​នាក់ ទទួល​បាន​ការវះកាត់​បេះដូង​ និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​។

របាយការណ៍​បន្តថា សម្រាប់​នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័នទី​ ៧ (​គន្ធបុប្ផា​ទី​ ៣) ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ១១ ១៨៣ ​នាក់​ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព ហើយ​ស្ត្រី​ដែល​បាន​សម្រាលកូន​មាន​ចំនួន​ ១ ៧៨២ ​នាក់​ផងដែរ​។

មន្ត្រី​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​របាយការណ៍​ប៉ុន្ដែ​ខ្លឹមសារ​ក្នុង​របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា​រាល់​ការព្យាបាល​ទាំងអស់​គឺ​ឥតគិតថ្លៃ​សម្រាប់​គ្រប់គ្នា​។ របាយការណ៍​ក៏បាន​បង្ហាញ​នូវ​អំណរគុណ​ដល់​បុគ្គលិក​កម្ពុជា​ទាំង​ ២ ៥០០ ​នាក់ ​ដែល​បាន​ខិតខំ​បំពេញការងារ​យ៉ាង​លំបាក ទាំងយប់​ទាំង​ថ្ងៃ​ប្រកបដោយ​វិជ្ជាជីវៈ​។

របាយការណ៍​បន្ថែមថា ស្រប​គ្នា​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​មន្ទីរពេទ្យ​គន្ធបុប្ជា​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​កូនចៅ​ពី​ការចម្លង​ជំងឺ​កូវីដ​ ១៩ ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​អនាម័យ និង​គោរព​តាម​ការណែនាំ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​។

អ្នកស្រី ប៉ាក សុខឃីម អាយុ​ ៣៧ ​ឆ្នាំ​ មកពី​ខេត្តតាកែវ​បាន​ថ្លែងថា​អ្នកស្រី​បាន​យក​កូនប្រុស​អាយុ​ ៤ ​ឆ្នាំ​ ទៅ​ព្យាបាល​ជំងឺគ្រុនឈាម​នៅ​មន្ទីរពេទ្យ​គន្ធបុប្ជា​កាលពី​ដើម​ខែមីនា​នេះ​ដោយ​ក្រុម​គ្រូពេទ្យ​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការព្យាបាល​ និង​ប្រើ​ថ្នាំពេទ្យ​ល្អៗ​ផងដែរ​។

អ្នកស្រី​បន្តថា កូនប្រុស​អ្នកស្រី​បាន​ជា​សះស្បើយ​ពី​ជំងឺគ្រុនឈាម​ហើយ​ដោយសារ​ការយកចិត្ត​ទុកដាក់​របស់​គ្រូពេទ្យ​ហើយ​អ្នកស្រី​អនុវត្តតាម​ការណែនាំ​របស់​គ្រូពេទ្យ​។ ដូច្នេះ​អ្នកស្រី​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​នេះ​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​កូនប្រុស​អ្នកស្រី​ក៏ដូចជា​កុមារ​ជាច្រើន​នាក់​ទៀត​។

អ្នកស្រី សុខឃីម បញ្ជាក់ថា​៖ «​ពេល​ខ្ញុំ​យក​កូន​ទៅដល់​មន្ទីរពេទ្យ​គឺ​យើង​ត្រូវ​ចាប់លេខ​រៀង​តម្រង់​ជួរ​ឈរ​ចាំ​តាម​លេខរៀង​។ ពេល​ដល់​លេខ​រៀង​ខ្ញុំ គឺ​គ្រូពេទ្យ​បាន​សួរនាំ​ និង​ពិគ្រោះ​យោបល់​ជួយ​មើលថែ​ហើយ​យកចិត្តទុកដាក់​។ ពេល​ហ្នឹង​ខ្ញុំ​បារម្ភ​ពី​កូន​ខ្លាំងណាស់ ព្រោះ​កូន​ខ្ញុំ​ក្ដៅខ្លួន​ខ្លាំង​ហើយ​ដង្ហក់​។ តែ​គ្រូពេទ្យ​ប្រាប់ថា​កុំ​ឲ្យ​ខ្ញុំ​ភ័យ​ហើយ​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ខាងក្រៅ​បន្ទប់​ក្រោយមក​គ្រូពេទ្យ​ចេញមក​វិញ​ប្រាប់ថា​កូន​ខ្ញុំ​អត់​អី​ទេ​ខ្ញុំ​សប្បាយ ចិត្តខ្លាំង​ណាស់​កុំ​តែ​បាន​មន្ទីរពេទ្យ​គន្ធបុប្ផា កូន​ខ្ញុំ​មិនដឹង​យ៉ាងណា​ទេ​»៕