ភ្នំពេញៈ កុមារ​យ៉ាង​ហោច​ណាស់​ ២៤០ ​នាក់​ត្រូវ​រកឃើញ​ថា​មាន​គេ​ប្រើ​ឱ្យ​ធ្វើ​ពលកម្ម​​ធ្ងន់ៗ​បន្ទាប់ពី​ក្រសួង​ការងារ​បាន​ចុះ​ពិនិត្យ​នៅ​តាម​សហគ្រាស​ និង​គ្រឹះស្ថាន​នានា​ក្នុង​នោះ​ក៏​មាន​នៅ​សិប្បកម្ម​ឡឥដ្ឋ​​ផងដែរ ជា​ករណី​ដែល​ធ្លាប់​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​រកឃើញ​កន្លង​មក​ផង​ដែរ​។ នេះ​បើ​តាម​លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ (​គជបជ​)​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​នេះ​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​អង្គារ​លោកស្រី ជូ ប៊ុនអេង បាន​លើក​ឡើង​ថា​៖ «​មន្ទីរ​ការងារ​ខេត្ត​សៀមរាប បាន​ចុះ​អធិការកិច្ច​ពលកម្ម​កុមារ​នៅ​សិប្បកម្ម​ឡឥដ្ឋ​ចំនួន ​២០ ហើយ​បាន​បន្ត​ឃ្លាំ​មើល​កម្មករ​នៅ​សិប្បកម្ម​ឡឥដ្ឋ​ចំនួន​ ៤៦ ​ដទៃៗ​ទៀត​ដោយ​បាន​រកឃើញ​ថា​មាន​ចំនួន​ ៣៧ ​នៅ​កំពុង​ដំណើរការ​ និង​ ៣ ​កន្លែង​​ទៀត​បាន​បិទទ្វារ​ និង​ចំនួន​ ៥ ​បាន​ព្យួរ ខណៈ​រោងចក្រ​ ឬ​សិប្បកម្ម​មាន​កម្មករ​សរុប​ចំនួន​ ៧៨៧ និង​ស្ត្រី​ចំនួន​ ៣៨០ ​នាក់​»​។ ប៉ុន្តែ​លោកស្រី​មិន​បាន​ផ្តល់​តួលេខ​អំពី​ថា តើ​កុមារ​ចំនួន​ប៉ុន្មាន​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​សិប្បកម្ម​ទាំង​នោះ​ទេ​។

លោកស្រី ប៊ុន ជ្រឹម អនុប្រធាន​មន្ទីរ​ការងារ​ខេត្ត​សៀមរាប​បាន​ថ្លែង​ថា មន្ទីរ​ការងារ​ខេត្ត​កំពុង​ធ្វើ​ការងារ​ទៅ​លើ​ស្រុក​ចំនួន​ ២ ​រួម​មាន ស្រុក​បន្ទាយស្រី និង​ស្រុក​សូទ្រនិគម ដើម្បី​ជួយ​ក្មេង​ដែល​ធ្វើ​ការងារ​នៅ​សិប្បកម្ម​ឡឥដ្ឋ រួម​ទាំង​យក​ក្មេង​ ២០​ ​នាក់​មាន​អាយុ​ពី​ ១៥ ​ទៅ​ ២០ ​ឆ្នាំ​ពី​តាម​សិប្បកម្ម និង​ការពារ​កុមារ​ចំនួន​ ៧០ ​នាក់​ដែល​ធ្វើ​ការងារ​នៅ​សិប្បកម្ម​នេះ​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​ពី​​សាលារៀន​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «​យើង​បាន​ជួយ​កុមារ​ចំនួន​ ៧០ ​នាក់​ដែល​ក្រោម​អាយុ​ ១៥ ​ឆ្នាំ​អ្វី​ដែល​យើង​អាច​ជួយ​គឺ​ផ្តល់​ឲ្យ​ពួកគេ​នូវ​វគ្គ​បំពេញ​បន្ថែម​រយៈពេល​ ២ ​ខែ​នៅពេល​ពួកគេ​សម្រាក​​វិស្សមកាល និង​ផ្តល់​អាហារ​សម្រន់​ដល់​ពួកគេ​ជា​រៀងរាល់​ថ្ងៃ​ក្នុង​អំឡុង​រយៈពេល​ ២ ​ខែ​នេះ​ហើយ​នៅពេល​ពួកគេ​ត្រឡប់​ទៅ​សាលា​វិញ យើង​មាន​សម្ភារ​សិក្សា​ដល់​ពួកគេ និង​ផ្តល់​ឯកសណ្ឋាន​ចំនួន​ ២ ​កំប្លេ និង​ធ្លាប់​ផ្តល់​ឲ្យ​ពួកគេ​នូវ​ស្បែកជើង​ចំនួន​ ២ ​គូ​នៅ​ឆ្នាំ​ ២០១៧ ព្រមទាំង​បាន​ផ្តល់​ការបណ្តុះបណ្តាល​​វិជ្ជាជីវៈ​ដល់​កុមារ​ចំនួន​ ២០ ​នាក់​ដែល​មាន​អាយុ​ពី​ ១៥ ​ឆ្នាំ​ទៅ​ ២០ ​ឆ្នាំ​ផង​ដែរ​ក្នុង​នោះ​រួមទាំង​ការបណ្តុះបណ្តាល​លើ​ជំនាញ​ធ្វើ​សក់ និង​អគ្គិសនី​» ​ជាដើម​។

លោកស្រី​បាន​បន្ត​ថា​៖ «​នៅ​ឆ្នាំ​​ ២០១៨ ដោយសារ​ថវិកា​ត្រូវ​បាន​កាត់បន្ថយ​យើង​នឹង​យក​កុមារ​ដែល​មាន​អាយុ​ក្រោម​ ១៥ ​ឆ្នាំ​ចំនួន​ ៩០ ​នាក់​ពី​សិប្បកម្មឡឥដ្ឋ និង​ក្មេង​លក់​វត្ថុ​វិស័យ​អនុស្សាវរីយ៍​ដើម្បី​ជួយ​ពួកគេ​»​។

លោកស្រី​បាន​បន្ថែម​ថា​៖ «​អ្នក​ដែល​យើង​យក​ចេញ​គឺ​កម្មករ​ពេញ​ម៉ោង​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ ហើយ​យើង​ដក​ពួកគេ​យក​ទៅ​ទទួល​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ប៉ុន្តែ​ការពារ​កុមារ​ដែល​រៀន​នៅពេល​រសៀល​ទៅ​ធ្វើការ​នៅពេល​ព្រឹក បើ​មិន​ដូច្នេះ​ពួកគេ​ប្រឈមមុខ​នឹង​ការបោះបង់​ការសិក្សា ហើយ​ប្រសិន​បើ​យើង​មិន​ដក​ពួកគេ​ចេញ ​ពួកគេ​នឹង​បោះបង់​ការសិក្សា​ដើម្បី​ធ្វើការ​ពេញ​ម៉ោង​»​។

លោកស្រី​បាន​បន្ត​ថា​៖ «​មាន​​កុមារ​ជាច្រើន​ (​ដែល​ធ្វើការ​នៅ​សិប្បកម្ម​ឡឥដ្ឋ​)​ ប៉ុន្តែ​ដោយសារ​យើង​មាន​ថវិកា​កំណត់​...​ហើយ​វា​ផ្តល់​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ជួយ​កុមារ​ ៩០ ​នាក់​ហើយ​នេះ​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​វា​បាន​»​។

យ៉ាង​ណា​ក្ដី​នៅ​ពេល​សួរ​អំពី​ចំនួន​តួលេខ​នៃ​កុមារ​សរុប​ដែល​កំពុង​ធ្វើ​ការងារ​នៅ​រោងចក្រ​ និង​​សិប្បកម្ម​នានា លោកស្រី​បាន​បដិសេធ​ផ្តល់​អត្ថាធិប្បាយ​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​អាច​ផ្តល់​តួលេខ​បាន​ទេ​ដោយសារ​មាន​កុមារ​ជាច្រើន​...​ហើយ​ដោយសារ​យើង​ធ្វើការ​តែ​ ២ ​ស្រុក ប៉ុន្តែ​ជា​ការពិត​មាន​ស្រុក​ជាច្រើន​ដែល​មាន​សិប្បកម្ម​ឡឥដ្ឋ​» រួមមាន ស្រុក​អង្គរជុំ ស្រុក​ជីក្រែង គ្រួសារ​នីមួយៗ​មាន​មនុស្ស​ ៤ ​ឬ ៥ ​នាក់​។

លោកស្រី​បាន​ថ្លែង​ថា​នៅ​ស្រុក​បន្ទាយស្រី គ្រួសារ​របស់​កុមារ​ដែល​ធ្វើការ​នៅ​សិប្បកម្ម​ឡឥដ្ឋ​បាន​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​រួមមាន សំបុត្រកំណើត ហើយ​ភាគច្រើន​បំផុត​នៃ​កុមារ​ទាំងនោះ​រៀន​បាន​ត្រឹម​តែ​ថ្នាក់​ទី​ ៦​។

លោកស្រី​បន្ត​ថា​៖ «​ពួកគេ​មិន​អាច​ទៅ​រៀន​នៅ​អនុវិទ្យាល័យ​ទេ​ដែល​នេះ​ជា​បញ្ហា​ប្រឈម​...​មាន​កុមារ​ប្រហែល​ ៦០ ​ភាគរយ​ដែល​ឪពុកម្តាយ​ធ្វើការ​នៅ​សិប្បកម្ម​ឡឥដ្ឋ​»​។

របាយការណ៍​នៃ​ការរកឃើញ​នេះ​កើត​មាន​ឡើង​ប៉ុន្មាន​ខែ​បន្ទាប់ពី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ចេញ​លទ្ធផល​រកឃើញ​ដែល​បង្ហាញ​អំពី​ចំនួន​បំណុល និង​ពលកម្ម​កុមារ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​ដែល​ខុស​ច្បាប់​ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​។

ប៉ុន្តែ​បន្ទាប់ពី​មាន​របាយការណ៍​នេះ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក អ៊ិត សំហេង បាន​គំរាម​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រសិន​បើ​លទ្ធផល​រកឃើញ​របស់​ពួកគេ​ត្រូវ​បាន​រកឃើញ​ថា​មិន​ត្រឹមត្រូវ​។

មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ លោក អំ សំអាត បាន​ថ្លែង​ថា​៖ «​កន្លង​មក​យើង​បាន​ទទួល​ព័ត៌មាន​ថា​កុមារ​រងរបួស​ ឬ​ស្លាប់​នៅ​សិប្បកម្ម​ឡឥដ្ឋ​...​យើង​ឃើញ​ម្ចាស់​សិប្បកម្ម​មួយ​ចំនួន​ទទួល​យក​ខណៈ​ខ្លះ​ទៀត​នៅ​មិន​ទទួល​យក​ហើយ​បន្ត​ឲ្យ​កុមារ​នៅ​ធ្វើការ​នៅ​សិប្បកម្ម​របស់​ខ្លួន​ហេតុ​ដូច្នេះ យើង​គិត​ថា​ក្រសួង​គួរតែ​ពិនិត្យ​នៅ​តាម​សិប្បកម្ម និង​រោងចក្រ​ជា​ទៀងទាត់​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​រំលោភបំពាន​ និង​កេងប្រវ័ញ្ច​ទៅ​លើ​ពលកម្ម​កុមារ​ហើយ​ភាគច្រើន​បំផុត​នៃ​កម្មករ​ជំពាក់​ប្រាក់​ថៅកែ​ ដូច្នេះ​គ្រួសារ​របស់​ពួកគេ​រួមទាំង​កូន​របស់​ពួកគេ​បង្ខំ​ចិត្ត​ធ្វើការ​សង​បំណុល​»៕ PS