ភ្នំពេញៈ អង្គការ Save the Children បានឲ្យដឹងថា កុមារវ័យជំទង់នៅក្នុងសាលាចំនួន ៧ នៃខេត្តកំពង់ចាម ដែលមានអាយុចន្លោះពី ១៥ ដល់ ១៩ ឆ្នាំ ជាង ៩០ ភាគរយ មានចំណេះដឹងច្រើនជាងមុនស្តីពីអាហារូបត្ថម្ភ ដោយពួកគេបានផ្លាស់ប្តូរឥរិយាបថពីការបរិភោគអាហារ ឬភេជ្ជសៈដែលមានជាតិខ្លាញ់ និងផ្អែមខ្លាំងមកចាប់ផ្តើមបរិភោគអាហារដែលមានតុល្យភាពសម្រាប់រាងកាយ។
សេចក្តីប្រកាសរបស់អង្គការ Save the Children ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា អង្គការបានអនុវត្តគម្រោងអាហារូបត្ថម្ភសម្រាប់ក្រុមកុមារវ័យជំទង់នៅឆ្នាំ ២០១៨ ហើយគម្រោងនេះមានគោលដៅធ្វើឲ្យលទ្ធផលអាហារូបត្ថម្ភមានភាពប្រសើរឡើងក្នុងចំណោមក្រុមមនុស្សវ័យជំទង់ទាំងបុរស និងស្ត្រីដែលមានអាយុពី ១៥ ដល់ ១៩ ឆ្នាំចំនួន ៥ ពាន់នាក់នៅក្នុងសាលាចំនួន ៧ ស្ថិតក្នុងខេត្តកំពង់ចាម។
សេចក្តីប្រកាសដដែលបន្តថា គម្រោងនេះបង្កើតកញ្ចប់សម្ភារអប់រំផ្សព្វផ្សាយអំពីការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាននៅក្នុងសង្គមលើអាហារូបត្ថម្ភសម្រាប់កុមារវ័យជំទង់ប្រកបដោយប្រសិទ្ធភាព និងមានភាពច្នៃប្រឌិតសម្រាប់បុគ្គលិកមណ្ឌលសុខភាព និងភ្នាក់ងារអាហារូបត្ថម្ភ។
យោងតាមការស្ទង់មតិប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ ២០១៤ បានឲ្យដឹងថា កុមារវ័យជំទង់ប្រមាណ ១ ភាគ ៤ នៃប្រជាជនកម្ពុជាមិនត្រូវបានយកចិត្តទុកដាក់ក្នុងការជួយគាំទ្រផ្នែកតម្រូវការអាហារូបត្ថម្ភ និងសុខភាពឲ្យបានជាក់លាក់នោះទេ។ ក្នុងនោះជាង ១ ភាគ ៤ នៃកុមារីវ័យជំទង់មានបញ្ហាខ្វះទម្ងន់ ខណៈប្រមាណជាពាក់កណ្តាលនៃកុមារទាំងនោះមានសភាពស្លេកស្លាំង។
លោកស្រី អេលីហ្សាប៊ែត ភៀស (Elizabath Pearce) នាយិកាអង្គការ Save the Children ប្រចាំកម្ពុជាបានលើកឡើងថា គម្រោងដែលមានរយៈពេល ៣ ឆ្នាំនេះគឺបានទទួលលទ្ធផលដ៏ធំធេង ដោយបានបង្កើតចំណេះដឹងស្តីពីអាហារូបត្ថម្ភដល់កុមារវ័យជំទង់។ លោកស្រីបន្តថា កុមារវ័យជំទង់ជាង ៩០ ភាគរយអាចស្គាល់ប្រភេទអាហារយ៉ាងតិចចំនួន ៥ ក្នុងចំណោមប្រភេទអាហារូបត្ថម្ភចំនួន ១០ ប្រភេទ ហើយបើប្រៀបធៀបជាមួយនឹងគម្រោងដំបូង គឺមានត្រឹមតែ ២២ ភាគរយប៉ុណ្ណោះដែលបានដឹង។
លោកស្រីបញ្ជាក់ថា៖ «យើងឃើញមានការផ្លាស់ប្តូរជាច្រើនចំពោះឥរិយាបថរបស់កុមារវ័យជំទង់ ដូចជា ពួកគេចាប់ផ្តើមបរិភោគអាហារពេលព្រឹក មិនបរិភោគអាហារ ឬភេជ្ជសៈដែលមានជាតិខ្លាញ់ និងផ្អែមខ្លាំង ដោយការចាប់ផ្តើមបរិភោគអាហារដែលមានតុល្យភាពរួមទាំងបន្លែ និងផ្លែឈើ»។
លោកស្រីរំពឹងថា អាហារូបត្ថម្ភសម្រាប់កុមារវ័យជំទង់គួរតែត្រូវបានបញ្ជ្រាបទៅក្នុងកម្មវិធីសិក្សាសាលា ក៏ដូចជាយុទ្ធសាស្ត្រ និងគោលនយោបាយអាហារូបត្ថម្ភរបស់រដ្ឋាភិបាល ដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។ លោកស្រីក៏បង្ហាញពីការប្តេជ្ញាចិត្តផងដែរក្នុងការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ ដើម្បីធ្វើឲ្យគម្រោងនេះបានអនុវត្តទូទាំងប្រទេសនៅតាមសាលារៀនមណ្ឌលសុខភាព និងឃុំ-សង្កាត់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាថ្លែងថា ក្រសួងអប់រំសូមអបអរសាទរជាមួយអង្គការ Save the Children ដែលបានរកឃើញថា កុមារវ័យជំទង់តាមសាលាគោលដៅជាង ៩០ ភាគរយមានចំណេះដឹងច្រើនស្តីពីអាហារូបត្ថម្ភ។
លោកបន្តថា ក្រសួងអប់រំនឹងបន្តលើកកម្ពស់ជីវភាពមាតាបិតា និងកុមារតូចជាពិសេសដើម្បីដោះស្រាយកង្វះអាហារូបត្ថម្ភកុមារតូចមួយចំនួនដោយធ្វើការអនុវត្តប្រកាសអន្តរក្រសួងស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំនៃគ្រួសារមានបណ្ណសមធម៌ ឬបណ្ណអាទិភាព។
លោកបន្តថា៖ «អាហារូបត្ថម្ភល្អចូលរួមលើកកម្ពស់គុណភាពរៀន និងបង្រៀន ថែមទាំងធ្វើឲ្យគុណភាពជីវិតរឹតតែប្រសើរ។ ក្រសួងអប់រំបានបញ្ចូលខ្លឹមសារអាហារូបត្ថម្ភ និងសុខភាពសិក្សាក្នុងកម្មវិធីសិក្សា និងបន្តស្វាគមន៍កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងសុខភាពសិក្សារបស់អ្នកសិក្សា និងបុគ្គលិកអប់រំតាមរយ:គ្រប់រូបភាព»៕