ភ្នំពេញៈ គ្រូបង្រៀន​ ២ ​នាក់ ​ដែល​បង្រៀន​កុមារ​អូទីសឹម​ (Autism) ​និង​ខ្សោយ​សតិបញ្ញា​នៅ​សាលាបឋមសិក្សា​ទួលគោល​បាន​ដាក់​ពាក្យ​លាឈប់​ដោយសារ​ទទួលបាន​ប្រាក់ខែ​តិច និង​គ្មាន​ក្របខ័ណ្ឌ​ពេញសិទ្ធិ​ទទួលស្គាល់​ពី​ក្រសួង​អប់រំ​ធ្វើឲ្យ​កុមារ​ទាំងនោះ​កំពុង​ប្រឈម​នឹង​ការខ្វះ​គ្រូបង្រៀន​។

តាំងពី​ឆ្នាំ​ ២០០៨ ​រហូត​មក​ដល់​ពេលនេះ​អង្គការ​សាលារៀន​ទន្សាយ​បាន​សហការ​ជាមួយ​សាលាបឋមសិក្សា​ទួលគោក​បើក​ឱ្យ​មាន​ថ្នាក់​បង្រៀន​សមាហរណកម្ម សម្រាប់​កុមារ និង​យុវជន​ដែល​មាន​អូទីសឹម​ដោនសាំង ដ្រូម និង​កុមារ​ខ្សោយសតិ​បញ្ញា​។ អង្គការ​នេះ​បញ្ជាក់ថា បច្ចុប្បន្ន កុមារ និង​យុវជន ដែល​មាន​បញ្ហា​មិន​ប្រក្រតី​ទាំងនេះ​ចំនួន​ ១៨២ ​នាក់​កំពុង​ទទួល​បាន​ការបណ្ដុះបណ្ដាល​ដោយ​គ្រូ​ចំនួន ១៤ ​នាក់​។

បុគ្គលិក​របស់​អង្គការ​សាលារៀន​ទន្សាយ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ពីថ្ងៃ​ទី​ ២៥ ​វិច្ឆិកា​ថា ក្នុង​ចំណោម​គ្រូបង្រៀន​ថ្នាក់​សមាហរណកម្ម​នេះ​គឺ​មាន ​៥ ​នាក់​ ជា​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋ​ពេញសិទ្ធិ និង​មាន​ ៩ ​នាក់​ទៀត​ គឺជា​បុគ្គលិក​របស់​អង្គការ និង​ទទួលបាន​ប្រាក់ខែ​ពី​អង្គការ​។

បុគ្គលិក​រូបនេះ​បន្តថា កុមារ ឬ​យុវជន​ក្នុង​ថ្នាក់​សមាហរណកម្ម​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការខ្វះ​គ្រូបង្រៀន​នាពេល​ដ៏ខ្លី​នេះ ដោយសារ​ក្នុង​ចំណោម​គ្រូ​ទាំង ៩ ​នាក់ គឺ​មាន​ ២ ​នាក់​ បាន​ដាក់​ពាក្យ​លាឈប់​ជា​ផ្លូវការ​ចាប់ពី​ខែធ្នូ​នេះ​ទៅ​ដោយ​មូលហេតុ ពួកគេ​ទទួល​បាន​ប្រាក់ខែ​តិច ហើយ​បាន​បង្រៀន​អស់​ជាច្រើន​ឆ្នាំ​ ប៉ុន្តែ​មិនទាន់​ទទួលបាន​ក្របខ័ណ្ឌ​ពី​ក្រសួង​អប់រំ​។

បុគ្គលិក​រូបនេះ​និយាយ​ថា​៖ «​ការបង្រៀន​កុមារ​អូទីសឹម​គឺ​មាន​ការពិបាក និង​ហត់​ខ្លាំង​ជាង​ការបង្រៀន​កុមារ​ធម្មតា ហើយ​ពួកគាត់​ ១ ​ថ្ងៃ​បង្រៀន​ ២ ​វេន​គឺ​វេន​ព្រឹក និង​វេន​ល្ងាច​ ប៉ុន្តែ​ទទួលបាន​ប្រាក់​តែ​ ១៤០ ​ទៅ​ ១៦០ ​ដុល្លារ​ (​ពី​ ៥៦ ​ម៉ឺន​រៀល​ដល់​ ៦៤ ​ម៉ឺន​រៀល​) ​ពី​អង្គការ ខណៈ​គ្រូរដ្ឋ​បង្រៀន​តែ​ ១ ​វេន ទទួល​បាន​ប្រាក់​ប្រហែល​ ១ ​លាន​រៀល​»​។

បុគ្គលិក​ដដែល​នេះ​បន្តថា កាលពី​ឆ្នាំ​ ២០១៨ អង្គការ​សាលារៀន​ទន្សាយ​បាន​ដាក់​លិខិត​ទៅកាន់​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​ស្នើសុំ​ក្របខ័ណ្ឌ​ពេញសិទ្ធិ​ឱ្យ​គ្រូបង្រៀន​ថ្នាក់​សមាហរណកម្ម​ទាំង ៩ ​នាក់​នេះ​រួមទាំង​គ្រូ​ស្ម័គ្រចិត្ត​ម្នាក់​ទៀត ប៉ុន្តែ​ត្រូវបាន​លោក ហង់ជួន ណារ៉ុន ​ចារ​យល់​ព្រម​ឱ្យ​ត្រឹម​ធ្វើ​ជា​គ្រូ​ក្របខ័ណ្ឌ​ជាប់កិច្ចសន្យា​ប៉ុណ្ណោះ​។ មកដល់​ឆ្នាំ​ ២០១៩ ​នេះ​ការ​ចារ​យល់ព្រម​ពី​រដ្ឋមន្ត្រី​អប់រំ​នោះ គឺ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​ឡើយ ដោយសារ​ខាង​មន្ទីរអប់រំ​រាជធានី​បាន​អះអាង​ថា ការស្នើសុំ​តាមរយៈ​អង្គការ គឺ​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ និង​បាន​ណែនាំ​ឱ្យ​ខាង​នាយក​សាលាបឋមសិក្សា​ទួលគោក​ជា​អ្នក​រៀបចំ​ដាក់​លិខិត​ស្នើសុំ​ជំនួស​វិញ​។

អ្នកស្រី ក្រៃ សុខកញ្ញា រស់នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ថ្លែង​ថា អ្នកស្រី​មាន​កូនប្រុស​ម្នាក់​អាយុ​ ៦ ​ឆ្នាំ​កន្លះ​ មាន​រោគសញ្ញា​អូទីសឹម​ដែល​កំពុង​រៀន​នៅក្នុង​សាលាបឋមសិក្សា​ទួលគោក​។ អ្នកស្រី​បន្ត​ថា ក្រុម​ឪពុកម្ដាយ​របស់​កុមារ​រៀន​នៅ​ថ្នាក់​សមាហរណកម្ម​មាន​ការព្រួយបារម្ភ​អំពី​ការខ្វះ​គ្រូបង្រៀន​កូនៗ​របស់​ពួកគេ​។

អ្នកស្រី​បន្តថា​៖ «​ពួក​ខ្ញុំ​កំពុង​ពិបាកចិត្ត ពីព្រោះ​បើ​គ្រូ​លាឈប់​ទៅ មិន​ដឹង​ថា​ត្រូវ​ទៅណា​មកណី​ទេ មាន​តែ​ទុក​កូន​នៅផ្ទះ​ពីព្រោះ​កូន​ដូច​ពួកខ្ញុំ​នៅ​សាលា​ឯកជន គេ​អត់​ទទួល​ (​បង្រៀន​) ​ទេ​។ តាមពិត​គ្រូ​អស់ហ្នឹង​គួរ​ត្រូវ​យកចិត្ត​ទុកដាក់ និង​បន្ថែម​ប្រាក់ខែ​ឱ្យ​ពួកគាត់​ឱ្យ​ច្រើន ពីព្រោះ​ពួកគាត់​បង្រៀន​ហ្នឹង ដោយសារ​ស្រឡាញ់ និង​ចង់​ជួយ​ក្មេងៗ​ផង​ទេ​។ បើតាម​ដឹង​នៅ​សល់​គ្រូ​ច្រើន​នៅ​សាលារដ្ឋ ប៉ុន្តែ​បើ​ឱ្យ​មក​បង្រៀន​ក្មេងពិការ​ទាំងនេះ​គឺ​អត់​មក​ទេ​»​។

លោក​ ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ រាជធានី​ភ្នំពេញ​បញ្ជាក់ថា គ្រូបង្រៀន​ថ្នាក់​សមាហរណកម្ម​ទាំង​ ១០ ​នាក់​នោះ​គឺ​ត្រូវ​បាន​ឯកភាព​ផ្ដល់​ក្របខ័ណ្ឌ​ជា​គ្រូ​ជាប់កិច្ចសន្យា​ពី​ក្រសួង​ហើយ និង​នៅ​តែ​ការយល់ព្រម​ផ្ដល់​ទិដ្ឋាការ​ពី​មន្ទីរ​មុខងារ​សាធារណៈ​ទើប​មន្ទីរអប់រំ​អាច​រៀបចំ​នីតិវិធី​សម្រាប់​បើកប្រាក់​ខែ​ឱ្យ​គ្រូ​ទាំង​ ១០ ​នាក់​នោះបាន​។

លោក​ថា​៖ «​នៅពេល​មន្ទីរ​មុខងារ​ចេញ​ទិដ្ឋាការ​ឱ្យ​ប្រើប្រាស់​ហើយ គឺ​យើង​អាចធ្វើ​សេចក្ដី​សម្រេច​មួយ​ដើម្បី​បញ្ជូន​លុយ​សម្រាប់​បើកប្រាក់​ឱ្យ​ពួកគាត់​»​។

ប៉ុន្តែ​លោក​ ម៉ៅ គីមថេង ប្រធាន​មន្ទីរ​មុខងារ​សាធារណៈ រាជធានី​ភ្នំពេញ​បានបញ្ជាក់​យ៉ាងខ្លី​ថា លោក​មិនទាន់​បាន​ឃើញ​លិខិត​ពី​មន្ទីរអប់រំ​នេះ​នៅឡើយ​ទេ​។

បើ​តាម​លោក ស៊ីណារ៉េត តាម​គោលការណ៍​ច្បាប់​គឺ​គ្រូ​ដែល​អាច​ទទួល​បាន​ក្របខ័ណ្ឌ​ពេញសិទ្ធិ​គឺ​ទាល់តែ​ឆ្លងកាត់​ការប្រឡង​ឱ្យបាន​ត្រឹមត្រូវ​។ ម្យ៉ាងទៀត លោក​ថា​ការ​ស្វែងរក​គ្រូ​ថ្មី​សម្រាប់​បង្រៀន​ថ្នាក់​សមាហរណកម្ម​ជំនួស​គ្រូ​ចាស់​ដែល​បាន​លាឈប់ គឺជា​ការទទួល​ខុសត្រូវ​របស់​អង្គការ ព្រោះ​ក្រសួង​មិន​មាន​គ្រូ​សម្រាប់​ឱ្យ​បណ្ដុះបណ្ដាល​ថ្នាក់​សមាហរណកម្ម​នេះឡើយ​។

អ្នកគ្រូ ហ៊ាង សុគន្ធា អាយុ​ ៣៣ ​ឆ្នាំ​ ដែល​បង្រៀន​កុមារ​ផ្នែក​ពិការ​ឱ្យ​អង្គការ​សាលា​ទន្សាយ​អស់​រយៈពេល​ ៤ ​ឆ្នាំ​ថ្លែងថា​ក្នុង​​ ១ ​ថ្ងៃ អ្នកគ្រូ​ត្រូវ​បង្រៀន​កុមារ​ពិការ​ចំនួន​ ៣០ ​នាក់​ ដែល​ត្រូវ​ចែកចេញ​ជា​ ២ ​ថ្នាក់​គឺ​ថ្នាក់​ពេលព្រឹក និង​ពេល​ល្ងាច​ដោយ​ទទួល​បាន​ប្រាក់ខែ​ពី​អង្គការ​តែ​ ១៦០ ​ដុល្លារ ​គឺ​សឹងតែ​មិន​ស្មើ​ប្រាក់ខែ​ពាក់កណ្ដាល​របស់​គ្រូបង្រៀន​ដែល​មាន​ក្របខ័ណ្ឌ​ពេញសិទ្ធិ​ដែល​បង្រៀន​តែ​ ១ ​ព្រឹក​ក្នុង​ ១ ​ថ្ងៃ​។

អ្នកគ្រូ​ថា ដោយសារ​អស់សង្ឃឹម​នឹង​ការទទួល​បាន​ក្របខ័ណ្ឌ​ពេញសិទ្ធិ និង​ស្របពេល​ប្រាក់ខែ​ទាំងនោះ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​ផង ទើប​អ្នកគ្រូ​សម្រេចចិត្ត​ដាក់​ពាក្យ​សុំ​ឈប់​នេះ​។ «​ការងារ​នេះ​ហត់​ណាស់ ហើយ​ប្រាក់ខែ​តិច អ៊ីចឹង​! ខ្ញុំ​មិន​អាច​ទទួល​យក​បាន​»​។

អ្នកគ្រូ មៀច ស៊ូណាន ដែលជា​គ្រូ​បាន​ដាក់​ពាក្យ​លាឈប់​ម្នាក់​ទៀត​បន្ទាប់ពី​បង្រៀន​អស់​ពេល​ ២ ​ឆ្នាំ​ថ្លែងថា ការលាឈប់​នេះ​គឺ​ដើម្បី​ស្វែងរក​ការងារ​ដែល​ទទួល​បាន​ប្រាក់ខែ​សមរម្យ​៕