The Phnom Penh Post Search

Search form

កុមារ​ជាច្រើន​នៅ​តែ​ទទួល​រង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម

ក្មេង​ប្រុស​ម្នាក់​ចាក់​សាំង​ម៉ូតូ​ឲ្យ​អតិថិជន​កាល​ពី​ថ្ងៃ​អង្គារ។
ក្មេង​ប្រុស​ម្នាក់​ចាក់​សាំង​ម៉ូតូ​ឲ្យ​អតិថិជន​កាល​ពី​ថ្ងៃ​អង្គារ។ ម៉ៃ វីរៈ

កុមារ​ជាច្រើន​នៅ​តែ​ទទួល​រង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម

ភ្នំពេញៈ កុមារ​កម្ពុជា​ជាច្រើន​ដែល​ជា​កូន​ប្រជា​ពលរដ្ឋ​ក្រីក្រ នៅ​តែ​ទទួល​រង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​រំលោភ​បំពាន​ផ្សេងៗ​តាម​រយៈ​ការ​ចាក​ចេញ​ពី​ផ្ទះ ទៅ​ស៊ី​ឈ្នួល​ធ្វើ​ការ​នៅ​តាម​ផ្ទះ​អ្នក​ដទៃ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​បណ្តុះ​បណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​កម្ពុជា​ហៅ​កាត់ (CDRI)។

របាយ​ការណ៍​ស្រាវជ្រាវ​របស់ CDRI ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ឡើង​ដោយ​សម្ភាស​ផ្ទាល់​ជាមួយ​ប្រជា​ពលរដ្ឋ​ចំនួន ១០៧១ គ្រួសារ​ក្នុង​ស្រុក ខណ្ឌ​ចំនួន ៦ ក្នុង​នោះ​មាន​នៅ ខណ្ឌ​ទួលគោក និង ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ស្រុក​ថ្មគោល ស្រុក​សង្កែ ខេត្ត​បាត់ដំបង និង​ស្រុក​ពួក ស្រុក​សូទ្រនិគម ក្នុង ខេត្ត​សៀមរាប។

លោក នូ កែវសុទ្ធា អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​និង​ជា​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សង្គម​នៃ CDRI បាន​ឲ្យ​ដឹង​ថា ៥០ ភាគរយ​នៃ​គ្រួសារ​ដែល​ត្រូវ​បាន​សម្ភាស​បាន​ជួល​កុមារ​ឲ្យ​ធ្វើ​ការ​តាម​ផ្ទះ និង ២២ ភាគរយ​នៃ​គ្រួសារ សុខ​ចិត្ត​ឲ្យ​កុមារ ដែល​ជា​សមាជិក​គ្រួសារ​របស់​ខ្លួន​ទៅ​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ​គេ។ ក្នុង​នោះ​កុមារ​មួយ​ចំនួន ធ្លាប់​ទទួល​រង​នូវ​ការ​បៀត​បៀន​ផ្លូវ​ភេទ ការ​រំលោភ​បំពាន ការ​វាយដំ និង​គ្រោះ​ថ្នាក់​ផ្សេងៗ។

លោក​បញ្ជាក់​ថា មូល​ហេតុ​ដែល​និយោជក​ចូល​ចិត្ត​ជួល​កុមារ​តូចៗ មក​ធ្វើ​ការ​តាម​ផ្ទះ ដោយ​សារ​កុមារ​ត្រូវ​ជួល​ក្នុង​តម្លៃ​ថោក ដោយ​ត្រូវ​ផ្តល់​ប្រាក់​ខែ​ត្រឹម​តែ​ពី ២៥ ទៅ ៦០ ដុល្លារ​ប៉ុណ្ណោះ ហើយ​ឪពុក​ម្តាយ​របស់​ពួក​គេ​បាន​ប្រើ​ប្រាស់​លុយ​នោះ​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ។

លោក កែវសុទ្ធា បាន​បញ្ជាក់​ថា៖ «យើង​ឃើញ​ថា មាន​កុមារ​នៅ​បម្រើ​ការងារ​តាម​ផ្ទះ​ដោយ​មាន​ការ​អនុញ្ញាត​ពី​គ្រួសារ​ពួក​គេ»។

លោក វ៉េង ហៀង ប្រធាន​នាយកដ្ឋាន​ការងារ​កុមារ​នៃ​ក្រសួង​ការងារ បាន​ថ្លែង​ថា របាយ​ការណ៍​ស្រាវ​ជ្រាវ​របស់ CDRI ជា​ការ​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​គោល​នយោបាយ​លុប​បំបាត់​រាល់​ទម្រង់​ពលកម្ម​កុមារ​ឲ្យ​បាន​ទាំង​ស្រុង​ក្នុង ឆ្នាំ​២០១៦។

លោក​បញ្ជាក់​ថា ក្នុង ឆ្នាំ​២០១៣ មាន​កុមារ​ជាង ២៧៩៥០ នាក់​ធ្វើ​ការ​បម្រើ​ការ​តាម​ផ្ទះ ហើយ​ក្នុង ឆ្នាំ​២០១៤ មាន​តែ ៦០០០ នាក់​ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ថា៖ «ចំនួន​កុមារ​ក្នុង​វិស័យ​ការងារ​តាម​ផ្ទះ​ចុះ​ច្រើន តែ​យើង​នៅ​បន្ត​ការងារ​របស់​យើង ធ្វើ​យ៉ាង​ណា​លុប​បំបាត់​ទាំង​ស្រុង​ឲ្យ​បាន​ក្នុង ឆ្នាំ​២០១៦»។

លោក​ស្រី អ៊ីមែល ដាអូចាវីឡូ ប្រធាន​គម្រោង​កម្មវិធី​អ៊ិចសែល បាន​និយាយ​ថា មូល​ហេតុ​នៃ​ការ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ពេល​នេះ គឺ​ក្នុង​គោល​បំណង​ដើម្បី​ចង់​ដឹង​ឲ្យ​ច្បាស់​ថា មាន​កុមារ​កម្ពុជា​ប៉ុន្មាន​នាក់​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​បម្រើ​ការងារ​តាម​ផ្ទះ។

លោក​ស្រី​បញ្ជាក់​ថា៖ «ការ​បម្រើ​ការងារ​តាម​ផ្ទះ ជា​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ដែល​ធ្វើ​ឲ្យ​កុមារ​ស្ថិត​នៅ​ក្នុង​វ័យ​សិក្សា​មិន​ចូល​សាលា​រៀន​ហើយ​ខំ​ធ្វើ​ការ​តាម​ផ្ទះ​ឲ្យ​គេ​ដើម្បី​យក​កម្រៃ​មក​ចិញ្ចឹម​គ្រួសារ​ទាំង​ខ្លួន​នៅ​វ័យ​ក្មេង»៕

អត្ថបទគួរចាប់អារម្មណ៍