ភ្នំពេញៈ កុមារ​ប្រមាណ​ ៣០០ ​នាក់ និង​តំណាង​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​មន្ត្រី​តំណាង​រដ្ឋាភិបាល​ពី​ម្សិលមិញ​បាន​ជួបគ្នា​នៅឯ The Factory Phnom Penh ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​ ៣០ ​ឆ្នាំ​នៃ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ និង​ដើម្បី​ចាប់​ផ្ដើមធ្វើ​យុទ្ធនាការ​ «​ផ្ដល់​សិទ្ធិ​ទាំងអស់​ដើម្បី​កុមារ​គ្រប់រូប​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូនីសេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​ ២០ ខែវិច្ឆិកា​ បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធី​អបអរ​ដ៏សំខាន់​នេះ គឺ​ដើម្បី​ចាប់ផ្ដើម​នៃ​យុទ្ធនាការ​ផ្ដល់​សិទ្ធិ​កុមារ​ថ្នាក់ជាតិ​រយៈពេល​ ៣ ​ខែ ​ដែល​រៀបចំ​រួមគ្នា​ដោយ​សហភាព​អឺរ៉ុប យូនីសេហ្វ អង្គការ Save the Children ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ (USAID) និង​អង្គការ Child Rights Now​។

សេចក្ដី​ប្រកាស​ព័ត៌មាន​សរសេរ​ថា​៖ «​យុទ្ធនាការ​នេះ​មានបំណង​ពន្លឿន​វឌ្ឍនភាព​ក្នុងការ​អនុវត្ត​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ និង​ជំរុញ​ឱ្យ​អនុវត្ត​សកម្មភាព​ជាក់ស្ដែង​សម្រាប់​កុមារ​កម្ពុជា​»​។

នៅក្នុង​កម្មវិធី​អបអរសាទរ​ដែល​មាន​ការចូលរួម​ពី​កុមារ​ប្រហែល​ ៣០០ ​នាក់​ មកពី​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នោះ​គឺ​តំណាង​កុមារ​លើកឡើង​ពី​បញ្ហា​របស់​កុមារ​ដែល​នៅតែ​កើតមាន​ស្រប​ពេល​ក្រុម​វាគ្មិន​មកពី​ដៃគូ​អភិវឌ្ឍន៍ និង​មកពី​រដ្ឋាភិបាល​បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការជួយ​ឱ្យ​កុមារ​កម្ពុជា​ទទួល​បាន​សិទ្ធិ​ពេញលេញ​នាពេល​កន្លងមក​។

កុមារី​ ធឿន ដាណែត អាយុ​ ១៧ ​ឆ្នាំ​ ដែល​ជា​ប្រធាន​ក្លិប​កុមារ​របស់​អង្គការ Save the Children នៅ​ខេត្តព្រៃវែង​លើកឡើង​ថា ខ្លួន និង​កុមារ ​នៅក្នុង​សហគមន៍​ស្ទើរតែ​ទាំងអស់​គឺ​មិនដែល​បាន​ដឹង​ថា ខ្លួន​ត្រូវ​ទទួល​បាន​សិទ្ធិ​អ្វី​ខ្លះ​នោះទេ​។ នៅពេល​ជួប​ទុក្ខលំបាក​ក៏​មិន​ហ៊ាន​លើកឡើង​ប្រាប់​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ​ឱ្យជួយ​ដោះស្រាយ​ឡើយ​។

ដាណែត និយាយ​ថា​៖ «​និយាយ​ទៅ​នៅក្នុង​សហគមន៍​របស់ខ្ញុំ ខ្ញុំ​អត់​ដែល​ដឹងថា​ត្រូវ​បញ្ចេញ​មតិយោបល់​អី ហើយ​សូម្បី​មេឃុំ​ក៏​អត់​ដែល​ស្គាល់ឈ្មោះ​។ នៅក្នុង​ផ្ទះ​ក៏​មិនបាន​បញ្ចេញ​មតិយោបល់​អី​ដែរ ទាំង​ការឈឺ​ថ្កាត់​ពេលខ្លះ​ និង​មានរឿង​អី​មួយ គឺ​បាន​ត្រឹម​អង្គុយ​យំ​អត់​បាន​ដែល​ចែករំលែក​ជាមួយ​បងប្អូន​ ឬ​ឪពុក ម្ដាយ​ទេ​។ ពីព្រោះ​ខ្ញុំ​រស់នៅ​ជាមួយ​យាយ ដោយសារ​ឪពុកម្ដាយ​ធ្វើ​ចំណាកស្រុក​»​។

កុមារី​រូបនេះ​បន្តថា ខ្លួន​រួមទាំង​កុមារ​នៅក្នុង​សហគមន៍​មួយ​ចំនួន​ចាប់ផ្ដើម​យល់ដឹង​អំពី​សិទ្ធិ បន្ទាប់ពី​មាន​អង្គការ​បង្កើត​ក្លិប​សម្រាប់​កុមារ​ជួបជុំ​ដើម្បី​ស្វែងយល់​អំពី​សិទ្ធិ​។ កុមារី​ ដាណែត បន្ថែមថា ខ្លួន​បាន​ធ្វើ​ជា​ប្រធាន​ក្លិប​នេះ​អស់​រយៈពេល​ ៦ ​ឆ្នាំ​មកដល់​ពេល​នេះ​ដោយ​ដឹកនាំ​កុមារ​ក្នុង​សហគមន៍​ប្រជុំ​ជាប្រចាំ​ខែ ដើម្បី​ពាំនាំ​បញ្ហា​ប្រឈម​របស់​កុមារ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​។

ដាណែត ​និយាយថា​៖ «​ថ្វីដ្បិត​តែ​នាង​ខ្ញុំ​ជា​តំណាង​ឱ្យ​កុមារ​ដែល​មាន​ការចូលរួម​សកម្ម ប៉ុន្តែ​កុមារ​នៅក្នុង​សហគមន៍​របស់ខ្ញុំ​មួយចំនួន​ទៀត​អត់​បាន​ចូលរួម​សកម្ម​ពេញលេញ​នៅឡើយ​ទេ ហើយ​សិទ្ធិ​ពួកគាត់​ក៏​មិនទាន់​ទទួល​បាន​ពេញលេញ​នៅឡើយ​ដែរ​។ ដូច្នេះហើយ​ខ្ញុំ​គិត​ថា​ការចូលរួម​របស់​កុមារ​នៅថ្ងៃនេះ​ពិតជា មាន​សារៈសំខាន់ ពីព្រោះ​កុមារ​មួយ​ចំនួន​មិនទាន់​ដឹងថា​ថ្ងៃនេះ​គឺជា​ថ្ងៃ​អី​នោះទេ​»​។

ដាណែត បញ្ជាក់​ទៀត​ថា​ក្នុង​នាម​ជា​តំណាង​កុមារ​ក្នុង​សហគមន៍​កន្លងមក​ខ្លួន​បាន​លើក​យក​បញ្ហា​កុមារ​មួយចំនួន​ដើម្បី​ឱ្យ​ក្រុមប្រឹក្សាឃុំ​ជួយ​ដោះស្រាយ ដូចជា​បញ្ហា​កុមារ​បោះបង់​ការសិក្សា និង​ជាពិសេស​បញ្ហា​ដែល​កំពុង​ប្រឈម​ខ្លាំង​ពេលបច្ចុប្បន្ន​គឺ​កុមារ​សេព​គ្រឿងញៀន និង​ប្រើប្រាស់​គ្រឿង​ស្រវឹង​ជាដើម​។

លោកស្រី Elizabeth Pearce ប្រធាន​អង្គការ Save the Children ប្រចាំ​កម្ពុជា​ថ្លែងថា ការចូលរួម​ដ៏មាន​អត្ថន័យ​របស់​កុមារ​ និង​មនុស្ស​វ័យក្មេង​គឺ​អាច​បង្កើត​ឱ្យ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។

លោកស្រី​បន្ថែម​ថា​៖ «​ដូច​អ្នក​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា សិទ្ធិ​នេះ​សម្រាប់ មនុស្ស​ក្មេង​ដើម្បី​បញ្ចេញ​មតិយោបល់​ និង​ចូលរួម​ក្នុង​ការធ្វើ​សេចក្ដី​សម្រេចចិត្ត​គឺជា​សិទ្ធិ​មួយ​ក្នុង​ចំណោម​សិទ្ធិ​ស្នូល​ទាំងឡាយ​ដែល​បាន​គូសបញ្ជាក់​នៅក្នុង​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​»​។

ចំណែក​លោកស្រី Veena Reddy ប្រធាន​បេសកកម្ម​ USAID ថ្លែង​ដែរ​ថា USAID ​បានផ្ដល់​កម្មវិធី​សុខភាព​ និង​ការការពារ​កុមារ​ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​កុមារ​នៅ​កម្ពុជា​ទទួលបាន​ការអប់រំ​ប្រកប​ដោយ​គុណភាព​ និង​ការ​រស់នៅក្នុង​គ្រួសារ​គ្មាន​អំពើហិង្សា​ និង​មាន​សុខភាព​។

លោកស្រី​ថា​៖ «​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុង​ក្រោយនេះ​ USAID ​បាន​សហការ​ជាមួយ​អង្គការ​ Save the Children UNICEF ​និង​រដ្ឋាភិបាល​ដើម្បី​គាំពារ​កុមារ​ប្រហែល ២ ​សែន​នាក់ កុំឱ្យ​មាន​ជំងឺ​ក្រិស​ក្រិន​»​។

ជាមួយ​គ្នា​នេះ​លោកស្រី​ ញ៉េប សុភាព អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សង្គមកិច្ច​ថ្លែងថា កម្ពុជា​នៅតែ​ប្រឈម​នឹង​ការ​បែក​ចេញ​ពី​គ្រួសារ ការជួញដូរ ការរង​នូវ​អំពើហិង្សា ការ​គំរាមកំហែង ការរំលោភបំពាន​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត​រួមទាំង​ការកេងប្រវ័ញ្ច​គ្រប់​រូបភាព​។

លោកស្រី​ថា​៖ «​យោងតាម​ការអង្កេត​មួយ​ឆ្នាំ​ ២០១៣ ​ស្ដីពី​អំពើហិង្សា​លើ​កុមារ​ឱ្យដឹងថា កុមារ​ម្នាក់​ក្នុង​ចំណោម​ ២ ​នាក់ ​បាន​ទទួលរង​អំពើហិង្សា​លើ​រាងកាយ ម្នាក់​ក្នុង​ចំណោម​ ៤ ​នាក់ បាន​ទទួលរង​អំពើហិង្សា​លើ​ផ្លូវ​ចិត្ត និង​ម្នាក់​ក្នុងចំណោម​ ២០ ​នាក់​បាន​ទទួលរង​អំពើហិង្សា​លើ​ផ្លូវ​ភេទ​»​។

លោក​ ពុធ សាមិត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ​អះអាង​ថា បច្ចប្បន្ន​កុមារ​កម្ពុជា​ ៩៨% ទទួលបាន​ការអប់រំ​នៅ​បឋមសិក្សា ហើយ​បើតាម​របាយការណ៍​ស្ដីពី​ការអប់រំ​សកល​បង្ហាញថា កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការផ្ដល់សេវា​អប់រំ​។

លោក​ Cristian Munduate តំណាង​យូនីសេហ្វ​ប្រចាំ​កម្ពុជា​លើក​ឡើង​ថា ការផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​របស់​រដ្ឋ​ជា​ភាគី​គឺ​ការ​រូបរួម​គ្នា​ដើម្បី​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​ចង់​ការពារ​កុមារ និង​ចង់​ធានាថា កុមារ​ទទួល​បាន​សេវា​សុខភាព សេវា​អប់រំ អាហារូបត្ថម្ភ ទឹកស្អាត សេវា​អនាម័យ និង​ទទួល​បាន​ការការពារ​ពីអ្វីៗ​ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​កុមារ​។

កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​ក្នុង​ឆ្នាំ​ ១៩៩២ បន្ទាប់ពី​ត្រូវ​អង្គការ​សហប្រជាជាតិ​អនុម័ត​ក្នុង​ឆ្នាំ​ ១៩៨៩ ហើយ​ជា​អនុសញ្ញា​មួយ​ដែល​ត្រូវបាន​គេ​ផ្ដល់​សច្ចាប័ន​ច្រើន​ជាង​គេ​បំផុត​៕