ភ្នំពេញៈ កុមារ​ និង​យុវ​ជន​កម្ពុជា​ប្រមាណ ២០០ នាក់ ​មកពី​តាម​បណ្តា​ខេត្ត​ចំនួន ១៣ បាន​ជួប​ជុំ​គ្នា​កាល​ពី​ម្សិលមិញ​នៅ​រាជធានី​ភ្នំពេញ​ដោយ​ពួកគេ​បាន​បង្ហាញ​ក្តី​បារម្ភ​ជុំវិញ​បញ្ហា​អំពើ​ហិង្សា​ដែល​បន្ត​កើត​មាន​ក្នុង​អត្រា​មួយ​​ខ្ពស់​នៅ​ឡើយ ខណៈ​សង្គម​ស៊ីវិល និង​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ​បញ្ហា​នេះ​ដោយ​សារ​ខ្វះ​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍។

ការ​លើក​ឡើង​ទាំង​នេះ ​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​កុមារ​និង​យុវជន​ស្តីពីការ​ទប់​ស្កាត់​ និង​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​នៅ​ស​ណ្ឋា​គារ​ហ៊ី​ម៉ា​វ៉ា​រីដោយ​មាន​ការ​ចូល​រួមពី​មន្ត្រី​រដ្ឋាភិ​បាល​ សង្គម​ស៊ីវិល កុមារ​ជា​សិ​ស្សានុសិស្ស ស្រប​ពេល​ដែល​កម្ពុជា​នឹង​ចូល​រួម​អប​អរសាទ​រ​ទិវា​កុមារ​អន្ត​រជាតិ ​១ ​មិថុនា ​នា​ពេលខា​ងមុខ​ លើ​ប្រធាន​បទ «លើក​កម្ពស់​សិទ្ធិ​កុមារ តាម​រយៈ​ការ​លុបបំ​បាត់​រាល់​ទម្រ​ង់​នៃ​ការ​រំលោភ​លើ​កុមារ»។

ការ​ជួប​ជុំ​របស់​កុមារ និង​ភាគី​ពាក់​ព័ន្ធ​ក្នុង​ពេល​នេះគឺ​ភាគ​ច្រើន​ផ្តោត​លើ​បញ្ហា​អំពើ​ហិង្សា​លើ​កុមារ​ដែល​ទាម​ទារ​នូវ​វិធាន​ការ​សម​ស្រប និង​ចាំ​បាច់​បំផុត​របស់​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ក្នុង​ការទប់​ស្កាត់​ចំពោះ​​អំពើ​ហិង្សា​ ទាំង​នេះ​នៅ​កម្ពុជា។

កុមារី​ ម៉ៅ រ​ស្មុី ជា​បណ្តាញ​កុមារ​ដែល​តវ៉ា​លើ​ការ​តស៊ូ​មតិ​មកពី​ខេត្ត​បាត់​ដំបង​ បាន​និយាយ​ថា​ កិច្ច​ពិភាក្សា​នេះពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​កុមារ​ទូទាំង​ប្រទេស​រួម​ទាំង​រូប​នាង​ផង​ ដែល​អាច​ប្រមូល​មតិ​យោ​បល់​របស់​កុមារ​ ជុំវិញ​បញ្ហា​អំពើ​ហិង្សា​នៅ​ក្នុង​សហគមន៍​ដើម្បី​យក​មក​ដោះស្រាយ និង​លើក​ជា​វិធានការ។

កុមារី​រូប​នេះ​បាន​បញ្ជាក់​ថា៖​ «កន្លង​មក យើង​ធ្វើការ​ទៅលើ​​អំពើ​ហិ​ង្សា​ច្រើន​ហើយ ​តែ​វា​នៅតែ​កើត​មាន​ឡើង​ អ៊ីចឹ​ង​ពួក​ប្អូន​ចាប់​ផ្តើម​ប្រមូល​គំនិត​គ្នា​ថា តើ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​អំពើ​ហិង្សា​ហ្នឹង​វា​កាត់បន្ថយ​និង​លុប​បំបាត់​ទាំងស្រុង។​ ជាធ​ម្មតា មាន​ការ​ចុះ​អប់​រំហើយ នៅ​តាម​សហ​គមន៍​ឬ​តាម​គ្រឹះ​ស្ថាន​នីមួយៗ​ យើង​គួរតែ​បង្កើត​ជា​ឃ្លីប​វីដេអូឬ​ជា​សាច់​រឿង​ ដើ​ម្បី​​បញ្ចាំង​តាម​ទូរ​ទស្សន៍ ព្រោះភាគ​ច្រើន​ប្រជាពលរដ្ឋ​ខ្មែរ គាត់​ទំនេរ​ពី​ការ​ងារ គាត់​មើល​ទូរទស្សន៍»។

យោង​តាម​ការ​សិក្សា​មុន​គម្រោង​ឆ្នាំ​ ២០១៨ ​របស់​អង្គ​ការ​ទស្សន​ពិភព​លោក​បាន​រក​ឃើញ​ថា ​ប្រហែល ៤៩,៣% ​ឬ​ស្មើ​ជិត​ពាក់​កណ្តាល​នៃ​កុមារី​និង​កុមារា​មាន​អាយុ​ ១២ ​ដល់ ​១៨ ​ឆ្នាំ បាន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​លើ​រាយ​កាយ​នៅ​ក្នុង​រយៈ​ពេល​ ១២ ​ខែ​មុន​ការ​សិក្សា។​ ជាមួ​យ​នឹង​អំពើ​ហិង្សា​នេះ ​ឪពុក​ ម្តាយ​ ជាពិសេស​ម្តាយ​និង​អ្នក​ថែ​ទាំ​សមា​ជិក​គ្រួសារ​ផ្សេង​ទៀត​គឺជា​ជន​ប្រ​ព្រឹត្ត​ហិង្សា​លើ​កុមារ​ជា​ញឹកញាប់​ជាង​គេ ​ខណៈ​នៅ​តាម​សាលា​រៀន​បាន​រក​ឃើញ​​ដែរ​ថា ការ​ប្រើ​អំពើ​ហិង្សា​លើ​រាង​កាយ​កុមារ កើត​មាន​ជា​ញឹក​ញាប់ ភាគ​ច្រើន​គ្រូបង្រៀន​ជា​បុរស។

កុមារ​ យុវជន និងមន្ត្រីក្នុងពិធីកាលពីម្សិលមិញ​​។ហេង ជីវ័ន

កុមារី​ ញ៉ សៀង​យៀ​ក រៀន​ថ្នាក់​ទី៩នៃ​វិទ្យា​ល័យ​កោះ​ស្លា ខេត្ត​កំព​ត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អំពើ​ហិង្សា​ក្នុ​ង​សហគម​ន៍​របស់​ខ្លួន​ ហាក់​មិន​​ធូ​រ​ស្រាល​សោះ​ ព្រោះតែ​បាន​ឃើញ​អំពើ​ហិង្សា​លើ​កុមារ​កើត​មាន​ស្ទើរ​រាល់​ថ្ងៃ។

កុមារី​វ័យ ១៤ ឆ្នាំ​រូប​នេះបាន បញ្ជាក់​ថា៖​ «ភូមិ​ខ្ញុំ​ដូច​អត់​មាន​ការ​ចុះ​ថយ​សោះ​ព្រោះ​ភាគ​ច្រើន​ឪពុក​ម្តាយ​ គាត់​ជំរុញ​កូន​គាត់​ឲ្យ​ទៅ​ធ្វើ​ការ​ ហើយ​ចូល​ចិត្ត​ញ៉ាំ​ស្រា ដល់​ពេល​មក​ដល់​ផ្ទះ ដឹង​តែ​រករឿង​កូន ​រករឿង​ប្រពន្ធ​អ៊ីចឹង។ និយាយ​រួម​ទៅ​ក្នុង​ភូមិ​ខ្ញុំ មិន​ដូច​ភូមិ​គេ​ផ្សេង​ទេ តាម​គេ​លើក​ឡើង (ក្នុង​ស​ន្និសីទ) ភូមិ​គេ​រាង​រីក​ចម្រើន ​តែ​ភូមិ​ខ្ញុំ​អត់​ទេ​ ខ្សោយ​ទៅៗ​ ព្រោះ​តែ​មិន​មាន​ការ​យកចិត្ត​ទុក​ដាក់ ពេល​ពួក​ខ្ញុំ​ចុះ​ផ្សព្វផ្សាយ​ ហើយ​មិន​ឲ្យ​កូន​របស់​ពួក​គាត់​ចូលរួម​ទេ»។

លោក ​សុន ពេញ នាយកប្រតិ​បត្តិ​អង្គ​ការ​សម្ព័ន្ធ​កុមារ​កម្ពុជា បាន​ថ្លែង​ថា អំពើ​ហិ​ង្សា​លើ​កុមារមាន​លក្ខណៈ​មិន​ស្រាកស្រាន្ត​បែប​នេះ ព្រោះ​តែ​ទង្វើ​នេះ វា​បាន​ចាក់​ឫស​ក្នុង​ផ្នត់​គំនិត​របស់​ពលរដ្ឋ​ខ្មែរ​យូរ​មក​ហើយ​ ដោយ​ពួកគេ​គិត​ថាវា​គឺជា​រឿង​សា​មញ្ញ​នៅ​ពេល​ពួក​គេប្រើ​​អំពើ​ហិ​ង្សា​លើ​កុមារ​ហើយ​អះ​អាង​ថា​នោះ​គ្រាន់​តែជា​វិធីសាស្ត្រ​អប់រំ​កុមារ​ប៉ុណ្ណោះ។

ដោយ​មាន​ផ្នត់​គំនិត​ដូច្នេះ​ហើយ​ទើប​លោក សុន ពេញ អះ​អាង​ថា ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា​មានការលំបាក​ ព្រោះពួក​គេមិ​ន​បាន​ចូល​រួមនិង​សហ​ការ​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសា​រ សហ​គម​ន៍ និង​សង្គម​របស់​ពួកគេ​នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា៖ ​«ទោះជា​មាន​ការ​ផ្សព្វផ្សា​យ មាន​យុទ្ធ​នាកា​រ​យ៉ាងណា​ក៏ដោ​យ ​ប៉ុន្តែ​បើ​មិន​មាន​ការ​ចូល​រួមពី​សំណាក់​ឪពុក​ម្តាយ​ ពី​សំណាក់​អាជ្ញា​ធរ ក្នុងការ​លុប​បំបាត់​ទេ ក៏​អត់​មាន​ប្រ​សិ​ទ្ធ​ភាព​ដែរ។ ព្រោះ​ផ្នត់​គំនិត​របស់​ពលរដ្ឋ​ស្រុក​ខ្មែរ គាត់​នៅ​ទទួល​ស្គាល់ថា ជា​វិធី​សាស្ត្រ​ល្អ តែ​ធាតុ​ពិត​មិន​អ៊ីចឹ​ង​ទេ យើង​គួរតែ​ជ្រើស​រើស​វិធី​សាស្ត្រ​ផ្សេង ដែល​បង្កើត​ឡើង ដើម្បី​អប់រំ​កុមារ​ ចៀស​វាង​ការ​ប្រើប្រាស់​អំពើ​ហិង្សា»។

លោក​ តូច ​ចាន់​នី​ អគ្គ​នា​យក​នៃ​អគ្គ​នាយក​ដ្ឋាន​បច្ចេក​ទេស​នៃ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ យុវនីតិ​សម្បទា​ បាន​លើក​ឡើង​ថា ក្រសួង​បាន​បង្កើត​ក្រុម​ការ​ងារ​សហ​ការ​ជា​មួយ​អង្គ​ការ​ដៃ​គូ ដើម្បី​អនុវត្ត​ផែន​ការ​លុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ​ដែល​បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រា​ដក​របស់​ខ្លួន យ៉ាង​ស្រួច​ស្រាល់​បំផុត។

លោក​ទទួល​ស្គាល់ថា​ ទោះបី​កម្ពុជាសម្រេច​បាន​សមិទ្ធ​ផល​គួរ​ជាទី​មោទនៈ​ក្នុង​ការ​ដោះ​ស្រាយ​អំពើ​ហិង្សា​លើ​កុមារ​យ៉ាង​ណា​ក៏ដោយ​ក៏​កម្ពុជា​នៅ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួនដូចជា​ ការ​ពង្រឹង​អនុវត្ត​ប្រព័ន្ធ​ការ​ពារ​កុមារ ការ​កសាង​សមត្ថ​ភាពនិង​ហិរញ្ញ​វត្ថុនៅមា​នក​ម្រិត​ ជា​ពិសេស​ការ​ចូ​លរួម​ពី​ប្រជា​ពលរដ្ឋ​ផ្ទាល់។

លោក​បាន​បញ្ជាក់​ថា៖​​​ «គួ​រតែ​លើក​បញ្ហា​នេះ​មក​ពិភា​ក្សា​ឲ្យ​ល្អិត​ល្អន់​បន្តិច ដោយ​សារ​រាល់ថ្ងៃនេះ យើង​បាន​មើល​ឃើញ ហើយ​សម្រាប់​ខ្ញុំបាន​មើល​ឃើញ​ថា បញ្ហា​ប្រ​ឈម​សំខាន់​បំផុត​គឺ​ពលរដ្ឋ​របស់​យើង ព្រោះ​ការ​យល់​ដឹង​នៅ​មាន​កម្រិត​នៅ​ឡើយពាក់​ព័ន្ធ​អំពើ​ហិ​ង្សា​នេះ។ ជួន​អី អំពើ​ហិង្សា​មិន​មែន​កើត​ឡើង​តែ​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​ក្រមានចំណេះ​ដឹង​ ទាប​ទេ តែ​គ្រួសារ​អ្នក​មាន​ហើយ​មាន​ចំណេះ​ដឹង​ខ្ពស់ក៏​កើត​មាន​អំពើ​ហិង្សា​ដែរ។ នេះ​បង្ហាញ​ពី​កា​រមិន​យក​ចិត្ត​ទុក​ដាក់​របស់​ពលរដ្ឋ​របស់​យើង»៕