ភ្នំពេញៈ លោក ព្រំ យ៉ន ប្រធាន​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា កុមារា សុខ ចាន់សម្បត្តិ អាយុ​ ៦ ​ឆ្នាំ និង​ប្អូនស្រី​របស់​គេ​ឈ្មោះ​ សុខ ចាន់អារីយា អាយុ​ ៤ ​ឆ្នាំ​ត្រូវ​បាន​កម្លាំង​នគរបាល​កង​ពន្លត់​អគ្គិភ័យ​រាជធានី​​ភ្នំពេញ​រួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឫស្សីកែវ​ជួយ​អន្តរាគមន៍​រំដោះ​ចេញ​បាន​ដោយ​ជោគជ័យ​ពី​ក្នុង​បន្ទប់​ផ្ទះល្វែង​មួយ​ដែល​កំពុង​ត្រូវបាន​ភ្លើង​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ២ ​រំលង​អធ្រាត្រ​ទី​ ១៥ ខែ​កុម្ភៈ ឆ្នាំ​ ២០២០​។

លោក យ៉ន បាន​ថ្លែងថា​៖ «​កុមារា-កុមារី​ទាំង​ ២ ​នាក់​បងប្អូន​ដេក​នៅក្នុង​បន្ទប់​មួយ​ដាច់​ដោយ​ឡែក​ពី​ឪពុកម្ដាយ​របស់​ពួកគេ​។ នៅពេល​មាន​ភ្លើង​ឆាបឆេះ​ចូលទៅ​ក្នុងផ្ទះ ឪពុកម្ដាយ​របស់​ពួកគេ​បាន​ទៅ​គោះទ្វារ​ដាស់​ពួកគេ តែ​ពួកគេ​ភ័យ​ខ្លាំងពេក​មិន​អាច​បើក​គន្លឹះទ្វារ​បាន​ក៏​ជាប់​នៅក្នុង​បន្ទប់​នោះ​រហូត​ដល់​សមត្ថកិច្ច​នគរបាល​កង​ពន្លត់​អគ្គិភ័យ​យើង​ទៅដល់​បាន​បាញ់​ទឹក​ស្រោច​ទៅលើ​បន្ទប់​នោះ ហើយ​កម្លាំង​នគរបាល​មូលដ្ឋាន​សង្កាត់​ឫស្សីកែវ​ចូល​អន្តរាគមន៍​គាស់​ទម្លាយ​ទ្វារ នាំ​ពួកគេ​ចេញ​មក​ក្រៅ​បាន​ដោយ​ជោគជ័យ និង​ដោយ​គ្មាន​របួស​អ្វី​ទាំងអស់​»​។

លោក​ យ៉ន បាន​បន្តថា ដោយឡែក​នៅ​ថ្ងៃ​ដដែល​នោះ​ស្រាប់តែ​មាន​សេចក្ដី​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ ២ សង្កាត់​ចោមចៅ​ ១ ខណ្ឌ​ពោធិ៍សែនជ័យ​ថា មាន​ករណី​គ្រោះអគ្គិភ័យ​កើតឡើង​ទៀត​។ នៅក្នុង​ប្រតិបត្តិការ​បាញ់ទឹក​ពន្លត់​អគ្គិភ័យ​នៅក្នុង​មូលដ្ឋាន​សង្កាត់​ចោមចៅ​ ១ ខណ្ឌ​ពោធិ៍សែនជ័យ មន្ត្រីនគរបាល​កង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ម្នាក់​ឈ្មោះ កៃ តុលា ត្រូវ​បាន​ដែក​រនាំង​បង្កាន់ដៃ​ផ្ទះល្វែង​បាក់​ធ្លាក់​លើ​បង្ក​ឲ្យ​រងរបួស​ដៃស្ដាំ មុត​រយះ​ដេរ​ ៥ ​ថ្នេរ​ផងដែរ​។

លោក យ៉ន បាន​ឲ្យ​ដឹងថា ក្នុង​នោះ​​ទីតាំង​ទី​ ១ ស្ថិត​នៅ​ភូមិ​សាមគ្គី សង្កាត់-ខណ្ឌឫស្សីកែវ​បាន​ឆេះ​ខូចខាត​ទាំងស្រុង​នូវ​ផ្ទះជួល​ ១ ​ខ្នង​មាន​ ៨ ​បន្ទប់ និង​ប៉ះពាល់​ដល់ផ្ទះ​អ្នកជិតខាង​ចំនួន​ ៤ ​ខ្នង និង​សាលារៀន​របស់​សហគមន៍​ជនជាតិ​វៀតណាម​ចំនួន​ ២ ​បន្ទប់​។ ចំណែក​ទីតាំង​ទី​ ២ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ ២ សង្កាត់​ចោមចៅ​ ១ ខណ្ឌ​ពោធិ៍សែនជ័យ​បាន​បង្ក​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៤ ​ល្វែង​រង​ការឆេះ​ខូចខាត​ទាំងស្រុង និង​ ១ ​ល្វែង​ទៀត​រង​ការខូចខាត​មធ្យម​។

លោក​ យ៉ន ថ្លែងថា​៖ «​យោងតាម​ការសាកសួរ និង​ការពិនិត្យ​អង្កេត​នៅ​កន្លែងកើតហេតុ​ក្នុង​ជំហាន​បឋម​នេះ យើង​សន្និដ្ឋាន​ថា គ្រោះ​អគ្គិភ័យ​ទាំង​ ២ ​ទីតាំង​ខាងលើ​នេះ​បង្កឡើង​ដោយសារ​​ករណី​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​»៕