The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កូដកម្ម​របស់​បុគ្គលិក​ណាហ្គាវើល​រង​ការ​បង្ក្រាប​និង​ឃាត់​ខ្លួន​១៩​នាក់

កូដកម្ម​របស់​បុគ្គលិក​ណាហ្គាវើល​រង​ការ​បង្ក្រាប​និង​ឃាត់​ខ្លួន​១៩​នាក់

កូដកម្ម​របស់​បុគ្គលិក​ណាហ្គាវើល​រង​ការ​បង្ក្រាប​និង​ឃាត់​ខ្លួន​១៩​នាក់

Content image - Phnom Penh Post

ភ្នំពេញៈ នៅ​ក្នុង​ការ​បង្ក្រាប​មួយ​ដែល​ត្រូវ​បាន​ថ្កោល​ទោស​ដោយ​ក្រុម​សិទ្ធិ​ការងារ​នគរបាល​និង​កង​សន្តិសុខ ដែល​ប្រដាប់​ដោយ​អាវុធ​បាន​ធ្វើ​ការ​បំបែក​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី ដែល​ភាគ​ច្រើន​ជា​ស្រ្តី​អង្គុយ​នៅ​លើ​ស្មៅ​នៅ​ខាង​ក្រៅ​កាស៊ីណូ​ណាហ្គាវើល កាល​ពី​ម្សិលមិញ​ហើយ​បាន​ឃាត់​ខ្លួន​ក្រុម​អ្នក​តវ៉ា​និង​មេ​ដឹក​នាំ​សហជីព​ចំនួន​១៩​នាក់​មួយ​រយៈ​ខ្លី។

ក្រុម​អ្នក​តវ៉ា​១១​នាក់​ក្នុង​ចំណោម​១៩​នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ​គឺជា​ស្រ្តី​ហើយ​មាន​ស្រ្តី​ម្នាក់​សន្លប់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ខណៈ​ក្រុម​តវ៉ា​ជា​ច្រើន​ទៀត​បាន​យំ​ស្រែក​ទាមទារ​នៅ​ខាង​ក្រៅ​កាស៊ីណូ​ក្នុង​នោះ ក៏​មាន​អ្នក​ខ្លះ​ភ័យ​រន្ធត់​ស្លន់​ស្លោ​ផង​ដែរ។

បុគ្គលិក​កាស៊ីណូ​ជាង ១០០នាក់​ដែល​ធ្វើ​កូដកម្ម​ចូល​ដល់​នៅ​ថ្ងៃ​ទី៦​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​បាន​មក​ផ្តុំ​គ្នា​នៅ​លើ​សួនច្បារ ខាង​មុខ​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ រហូត​កម្លាំង​ចម្រុះ​បាន​មក​ព័ទ្ធ​ពួក​គេ​នៅ​វេលា​ម៉ោង​ប្រហែល​៣​រសៀល​។ បរិយាកាស​ដូច​ជា​ពិធីបុណ្យ​មួយ​បាន​កើត​ឡើង​នៅ​ពេល​កូដករ​នាំ​គ្នា​ទះ​ដៃ​ច្រៀង​និង​វាយ​ស្គរ​។ ប៉ុន្តែ បរិយាកាស​នេះ​បាន​ផ្លាស់​ប្តូរ​វិញ​នៅ​ពេល​កង​សន្តិសុខ​កាស៊ីណូ​ដែល​គាំទ្រ​ដោយ​នគរបាល​ប្រឆាំង​កុបកម្ម និង​កង​យោធា​បាន​លើក​គ្នា​មក​បំបែក​ហ្វូង​អ្នក​តវ៉ា ដោយ​បណ្តេញ​ចេញ​ពី​តង់​ដែល​ពួក​គេ​កំពុង​ជ្រក​ទឹក​ភ្លៀង​រួច​ហើយ​ធ្វើ​ការ​បណ្តេញ​ពួក​គេ​ទាំង​អស់​ចេញ​ពី​លើ​សួនច្បារ​។​សន្តិសុខ ដែល​ពាក់​អាវ​ពណ៌​ខៀវ​បាន​ចាប់​ខ្លួន​កម្មករ​ដែល​តវ៉ា​ហើយ​ខ្លះ​ទៀត​បាន​ចាប់​ក្រុម​ស្រ្តី​ទាំង​នោះ​ចេញ​ទាំង​បង្ខំ​និង​ធ្វើ​ការ​បំបែក​មេ​ដឹក​នាំ​សហជីព​ផង ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ព្យាយាម​និយាយ​ទៅ​កាន់​សមាជិក​ខ្លួន។

អ្នក​ស្រី ឈឹម ស៊ីថា អនុ​ប្រធាន​សហជីព​នៅ​កាស៊ីណូ​នេះ​ថ្លែង ខណៈ​ក្រុម​សន្តិសុខ​រុញ​គាត់​ទាំង​បង្ខំ​ទៅ​រថយន្ត​នគរបាល​នៅ​ជិត​នោះ​ថា​៖ «ពួក​គេ​កំពុង​ចាប់​ខ្លួន​ខ្ញុំ​»។ «​គេ​និយាយ​ថា នេះ​ជា​កូដកម្ម​ខុស​ច្បាប់​ប៉ុន្តែ​យើង​បាន​ធ្វើ​ដោយ​គោរព​ទៅ​តាម​ច្បាប់»។

លោក ឌឿ ដារ៉ូ ជំនួយ​ការ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ផ្នែក​សេវា​និង​ទេសចរណ៍​កម្ពុជា (CTSWF) ជា​សហព័ន្ធ​របស់​សហជីព​នៅ​កាស៊ីណូ​នេះ​បាន​ថ្លែង​ការពារ​អំពី​ភាព​ស្រប​ច្បាប់​នៃ​កូដកម្ម​នេះ​នៅ​មុន​ពេល​គាត់​ត្រូវ​បាន​គេ​បណ្តេញ​ទាំង​បង្ខំ​ឲ្យ​ចេញ​ឆ្ងាយ។

130619_01
ស្ត្រីដែលជាបុគ្គលិកណាហ្គាម្នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់សែងដោយហិង្សា កាលពីថ្ងៃម្សិលមិញនៅពេលដែលគាត់និងបុគ្គលិកដទៃទៀតធ្វើការតវ៉ាដោយសន្ដិវិធី ហុង មិនា

លោក​បាន​ថ្លែង​ថា​៖ «យើង​បាន​ជម្រាប​ក្រុមហ៊ុន​រួច​ហើយ​ហើយ​ពួក​គេ​មិន​អើពើ​ចំពោះ​ការ​ទាមទារ​របស់​យើង​។ នគរបាល​មិន​គួរ​បំបែក​ក្រុម​អ្នក​តវ៉ា​របស់​យើង​ទេ​ពីព្រោះ​ពួក​គេ​បាន​ធ្វើ​ការ​តវ៉ា​នេះ​ដោយ​សន្តិវិធី»។

គេ​នៅ​តែ​មិន​ច្បាស់​អំពី​មូលហេតុ​ដែល​ក្រុម​សន្តិសុខ​ជា​ជាង​នគរបាល​គឺជា​អ្នក​ដែល​ធ្វើ​ការ​ចាប់​ខ្លួន​កូដករ​ឬ​មូលហេតុ​អ្វី​បាន​ជា​កូដកម្ម​នេះ​ទទួល​ការ​ឆ្លើយ​តប​ទាំង​កម្លាំង​បាយ​ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​ម្នាក់​ដែល​និយាយ​នៅ​នឹង​កន្លែង​នោះ​ផ្ទាល់​បាន​ប្រាប់​ទៅ​ក្រុម​តវ៉ា​ទាំង​នោះ​ថា ពួក​គេ​កំពុង​«​តវ៉ា​ខុស​ច្បាប់»។

មន្រ្តី​រូប​នេះ​ដែល​ភ្នំពេញ ប៉ុស្តិ៍​មិន​អាច​សួរ​បញ្ជាក់​បាន​និយាយ​ទៅ​កាន់​កូដករ​ថា​៖ «អ្នក​ទាំង​អស់​គ្នា​មិន​បាន​ផ្តល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​ទេ។ ប្រសិន​បើ​អ្នក​ទាំងអស់​គ្នា​ជម្រាប​មក​យើង ប្រហែល​ជា​យើង​ស្វែង​រក​កន្លែង​សមស្រប​សម្រាប់​ការ​តវ៉ា​នេះ»។

មន្រ្តី​រូប​នេះ​បន្ត​ទៀត​ថា សប្តាហ៍​នេះ​មិន​មែន​ជា​ពេល​វេលា​ល្អ​មួយ​សម្រាប់​ពួក​គេ​ធ្វើ​ការ​តវ៉ា ទេ​ដោយ​សារ​មាន​គណៈ​ប្រតិភូ​បរទេស​មក​រាជធានី​ភ្នំពេញ​កិច្ច​ប្រជុំ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។

មន្រ្តី​រូប​នេះ​បន្ត​ទៀត​ថា​៖ «ខ្ញុំ​យល់​អំពី​ភាព​លំបាក​របស់​អ្នក​ប៉ុន្តែ អ្នក​ក៏​គួរ​តែ​គិត​អំពី​កិត្តិយស​ប្រទេស​ជាតិ​ដែរ​។ ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ផ្ទះ​ពីរ​បី​ថ្ងៃ​សិន»។

បុគ្គលិក​រហូត​ដល់​១​ពាន់​នាក់​បាន​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​កាស៊ីណូ​ណាហ្គាវើល​កាល​ពី​ខែ​កុម្ភៈ​ទាមទារ​ឲ្យ​ទទួល​យក​មេ​ដឹក​នាំ​សហជីព​ដែល​ត្រូវ​បាន​បណ្តេញ​ពី​ការងារ​ឲ្យ​ចូល​ធ្វើ​ការ​វិញ​និង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​រហូត​ដល់​១៥០​ដុល្លារ​ក្នុង​មួយ​ខែ​និង​លក្ខខណ្ឌ​ដទៃៗ​ទៀត។

បញ្ហា​ប្រាក់​ឈ្នួល​គឺជា​ចំណុច​មួយ​នៃ​ចំណុច​ពីរ​ដែល​កម្មករ​និយាយ​ថា ថ្នាក់​ដឹក​នាំ​របស់​ណាហ្គា​វើល​បាន​សន្យា​កាល​នោះ​ថា នឹង​ដោះស្រាយ​៣​ខែ​ក្រោយ។

អ្នក​នាង សុខ មុលីកា បុគ្គលិក​នៅ​កាស៊ីណូ​នេះ បាន​ថ្លែង​ថា ពេល​វេលា​មក​ដល់​ហើយ។

អ្នក​នាង​បន្ត​ថា​៖ «ក្រុមហ៊ុន​តែង​តែ​ព្យាយាម​ពន្យារ​ពេល​បញ្ហា​នេះ​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​នាំ​គ្នា​ធ្វើ​ការ​តវ៉ា។ យើង​មិន​មែន​កំពុង​ធ្វើ​ការ​តវ៉ា​ហិង្សា​នោះ​ទេ​។ នគរបាល​មិន​គួរ​ចាប់​ខ្លួន​អ្នក​តវ៉ា​និង​ធ្វើ​ឲ្យ​ស្ថានភាព​អាក្រក់​បែប​នេះ​ទេ»។

អ្នក​ស្រី ឈឹម ស៊ីថា ដែល​ត្រូវ​ចាប់​ខ្លួន និង​និយាយ​តាម​មីក្រូហ្វូន​ថា ការ​ទាមទារ​របស់​បុគ្គលិក គឺ​តិច​តួច​បើ​ប្រៀប​ធៀប​នឹង​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​របស់​ណាហ្គា​វើល។ អ្នក​ស្រី​បន្ដ​ថា​បុគ្គលិក​ទាំង​១៩នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​ដោះលែង​កាល​ពី​យប់​មិញ។ គាត់​ថា៖«យើង​បាន​ប្រាប់​ពួក​គេ​ថា យើង​បាន​ជូន​ដំណឹង​ជា​មុន​មួយ​សប្តាហ៍​ហើយ។ ពួក​គេ​ដោះលែង​យើង​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ទេ បន្ទាប់​ពី​មាន​បញ្ជា​ពី​ថ្នាក់​លើ»៕ PS

អត្ថបទគួរចាប់អារម្មណ៍