មណ្ឌលគិរីៈ កូនដំរីព្រៃ ១ ក្បាល ដែលក្រុមឧទ្យានុរក្សបានប្រទះឃើញក្នុងព្រៃសាគ្រិតនៃដែនជម្រកសត្វព្រៃភ្នំព្រេចកាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២០ បានស្លាប់កាលពីព្រឹកថ្ងៃចន្ទ ដោយសារដំបៅទងផ្ចិតរបស់វា។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកថ្ងៃចន្ទថា៖ «យើងមានការសោកស្ដាយជាខ្លាំង ដែលមិនអាចជួយសង្គ្រោះជីវិតកូនដំរី ១ ក្បាលនេះបាន។ វាបានងាប់កាលពីព្រឹកមិញ [ព្រឹកថ្ងៃចន្ទ] ដោយសារមានមេរោគឆ្លងចូលតាមដំបៅទងផ្ចិតរបស់វា»។
បើតាមលោក សុភគ៌ កូនដំរីនោះទើបនឹងកើតបានក្នុងចន្លោះពីមួយសប្ដាហ៍ទៅ ១០ ថ្ងៃប៉ុណ្ណោះ ដោយទងផ្ចិតរបស់វាមានដំបៅដែលមិនទាន់សះជា និងមានសភាពស្គមស្គាំងខ្លាំង ដោយសារអត់ទឹកនិងចំណី។
លោកបញ្ជាក់ថា៖ «កូនដំរីនោះទំនងជាដើរវង្វេងបែកពីមេហ្វូង ឬអាចត្រូវមេហ្វូងរបស់វាបោះបង់ចោល។ ក្រុមមន្ត្រីជំនាញយើងរួមសហការជាមួយក្រុមមន្ត្រីជំនាញនៃអង្គការ WWF-Cambodia បានព្យាយាមជួយសង្គ្រោះព្យាបាល និង ថែបំប៉នសុខភាពវាយ៉ាងយកចិត្តទុកដាក់ផងដែរតែនៅតែមិនអាចជួយសង្គ្រោះវាបាន»។
ជុំវិញការបាត់បង់កូនដំរីនេះលោក ទុយ សេរីវឌ្ឍនា ប្រធានអង្គការ Wild Earth Allies in Prey Land ថ្លែងថាថ្វីបើកម្ពុជានៅមានរបាយសត្វដំរីអាស៊ី ច្រើនគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ ប៉ុន្តែការបាត់បង់នូវកូនដំរីនេះគឺជារឿងគួរឲ្យ «សោកស្ដាយបំផុត» ព្រោះបើតាមលក្ខណៈជីវសាស្ត្រ សត្វដំរីអាស៊ីដែលអាចបន្តពូជបានគឺមានអាយុចន្លោះពី ១៨ ទៅ ២២ ឆ្នាំ។
លោកបន្តថាកាលពី ២ ឆ្នាំមុន ក្រុមការងាររបស់លោកធ្លាប់បានជួបកូនដំរីមួយក្បាលដែលត្រូវបានមេហ្វូងរបស់វា បោះបង់ចោលយ៉ាងដូច្នេះដែរ ប៉ុន្តែវាមានវ័យច្រើនជាងនេះនិងពុំមានដំបៅទងផ្ចិតដូចកូនដំរី ១ ក្បាលនេះទេ។ នៅពេលនោះក្រុមការងាររបស់លោកបានរៀបចំជីកកូនស្រះទឹកតូចៗនៅក្នុងព្រៃ និងបានដឹកទឹកយកទៅចាក់ព្រមទាំងដាំស្មៅនៅក្បែរនោះ ដើម្បីទុកឲ្យវាផឹកនិងស៊ីជាអាហារហើយ ៣ ខែបន្ទាប់មកមេហ្វូងរបស់វា បានដើរត្រឡប់មករកវាវិញ។ «នៅពេលនោះក្រុមការងារយើងមិនបានប៉ះពាល់វាទេ ប៉ុន្តែបានធ្វើការឃ្លាំមើលវាពីចម្ងាយ ព្រោះយើងបារម្ភវាមានការភ័យខ្លាច និង បារម្ភមេហ្វូងរបស់វា មិនទទួលស្គាល់ហើយសម្លាប់វា ក្រោយពីយើងបានប៉ះពាល់វា»។
នេះជាកូនដំរីព្រៃទី ២ ហើយ ដែលត្រូវបានកត់ត្រាថាបានងាប់នៅក្នុងខែមករាឆ្នាំ ២០២០ នេះដោយក្នុងនោះកូនដំរីព្រៃ ១ ក្បាលមានអាយុជាង ១ ឆ្នាំ ត្រូវបានគេប្រទះឃើញងាប់ដោយលង់ទឹកនៅចំណុចអូរលាវនៃឧទ្យានជាតិអូរយ៉ាដាវដែលមានទីតាំងស្ថិតនៅជាប់ព្រំប្រទល់រវាងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
លោក លឿង ខេមរៈ ប្រធានឧទ្យានជាតិអូរយ៉ាដាវបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សត្វដំរីព្រៃ ១ ក្បាល ដែលលង់ទឹកងាប់នោះ ជាក្រុមហ្វូងដំរីដែលមានគ្នាចន្លោះពី ២០ ក្បាលទៅ ៣០ ក្បាលដែលរស់នៅជាប់ព្រំប្រទល់រវាងខេត្តរតនគិរី និងខេត្តដាកឡាក់នៃប្រទេស វៀតណាម។ វាត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់អណ្ដែតទឹកក្នុងតំបន់អូរលាវដែលមានព្រំប្រទល់ជាប់គ្នារវាងខេត្តមណ្ឌលគិរី និង ខេត្តរតនគិរីដោយក្នុងសភាពហើមស្អុយ។
លោកបញ្ជាក់ថា៖ «យោងតាមស្ថានភាពនៃសពសត្វដំរីព្រៃនោះ វាអាចងាប់ជាង ១ សប្ដាហ៍មកហើយ។ វាទំនងជាត្រូវជាប់អន្ទាក់របស់អ្នកប្រមាញ់ មុនពេលវាត្រូវលង់ទឹកងាប់នៅក្នុងតំបន់អូរលាវនោះ ព្រោះជើងឆ្វេងរបស់វាបានបាក់ និងមានជាប់ខ្សែចំណងនៅនឹងកជើងផងដែរ»។
បើតាមលោក កែវ សុភគ៌ យោងតាមការសិក្សាឆ្នាំ ២០១៦ បានប៉ាន់ប្រមាណថា នៅក្នុងខេត្តមណ្ឌលគិរីអាចមានដំរីព្រៃពី ៣៧៥ ក្បាលទៅ ៥០០ ក្បាល៕
វីដេអូ៖