បន្ទាយ​មាន​ជ័យៈ​ មន្ត្រី​យោ​ធា និង​ពលរដ្ឋ​ជិត ២០ នាក់ តំណាង​ឲ្យ​ជន​រង​គ្រោះ​ជាង​ ១០០​ នាក់​ បា​ន​នាំគ្នា​​តវ៉ា​និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​អធិ​ការ​នគរ​បាល​ស្រុក​ព្រះ​នេត្រ​ព្រះ ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ដើម្បី​ទាម​ទារ​ឱ្យ​ភរិយា​លោក​ផ្កាយ​ ២​ ដែល​ធ្វើជា​មេ​តុង​ទីន ចេញ​មុខ​ដោះ​ស្រាយ បន្ទាប់​ពី​បា​ន​ប្រមូល​លុយ​ជិត​ ៣០ ម៉ឺន​ដុល្លា រត់​គេច​ខ្លួន​។

លោក ប៉ែន ចន្ទី ភេទ​ប្រុស អាយុ ​៥៥​ ឆ្នាំ ជា​មន្ត្រី​យោធា​កង​ពល​តូច​ថ្មើរ​ជើង​លេខ ​៥១ នៅ​ស្រុក​ព្រះ​នេត្រព្រះ​ ដែលជា​ជន​រង​គ្រោះបាន​ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ពី​ថ្ងៃ​អាទិត្យ​ថា សមា​ជិក​តុង​ទីន​ដែល​មក​តវ៉ា​ក្នុង​ពេលនេះ​ គឺមាន​គ្នា​ជិត​ ២០​ នាក់ តំណាង​ឲ្យ​សមា​ជិក​ជាង​ ១០០ ​នាក់ បាន​ចាញ់​បោក​មេ​តុង​ទីន​ដែល​វេច​លុយ​ជិត ៣០ ម៉ឺន​ដុល្លារ​ រ​ត់គេច​ខ្លួន។

លោក​បន្តថា មេ​តុង​ទិន ​រូប​នោះ មានឈ្មោះ​ សុក ឃឿន ហៅ​ ពៅ អាយុ ៣៦ ឆ្នាំ ជា​ភរិយា​មន្ត្រី​យោ​ធាថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​ក្នុង​យោធ​ភូមិ​ភាគ​ ៤ នៅ​ខេត្ត​សៀម​រាប​។

លោក​បញ្ជាក់​ថា៖ «(ពួក​យើង) ហ៊ាន​លេង​តុងទី​ន​ជាមួ​យ​អ្នក​ស្រី សុក ឃឿន ហៅ​ ចែ​ពៅ នេះ​ព្រោះ​គិត​ថា​ ប្តី​របស់គាត់​មាន​ឋានន្តរ​ស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ ​១ រូប ​មាន​តួនាទី​អាច​ជឿ​ជាក់​ និង​ទុក​ចិត្ត តែ​ផ្ទុយ​ទៅវិ​ញ​ត្រូវបាន​បោក​ប្រាស់​រត់​ចោល​ស្រុក»​។

ចំណែក​លោក​ សេង​ សា​រឿន ភេទ​ប្រុស​អាយុ​ ៤០ ឆ្នាំ​ ជាជាង​ទង ដែល​ចាញ់​បោក​ប្រាក់​ដែរ​នោះ បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ដែរ​ថាមូល​ហេតុដែល​សមា​ជិក​តវ៉ា​នេះ ព្រោះ​ពេល​ដឹង​ច្បាស់​ភ្លាម​ក៏​នាំគ្នា​តវ៉ា​សុំឱ្យ​មេ​តុង​ទីន​ឈ្មោះ ចែ​ពៅ ចូល​ខ្លួន​មក​ដោះ​ស្រាយ​គ្នា ប៉ុន្តែ​គាត់​មិន​ចេញ​មុខ​ទេ ហើយ​ចុង​ក្រោយ​ពួក​គាត់​ទ​ទួល​បាន​ព័ត៌​មាន​ថា មេ​តុង​ទីន​រូប​នេះ បាន​វេច​លុយ​រត់​ចេញ​ពី​ផ្ទះ​បិទ​ទ្វារ​ចោល​។

ភ្នំពេញ​ ប៉ុស្តិ៍​ មិន​អាច​ស្វែង​រក​ប្រភព​ ដើម្បី​ទាក់​ទង​ទៅ​កាន់​ពល​រដ្ឋ​ដែល​បាន​អះ​អាង​ថា​បាន​ចាញ់​បោក​ខាង​លើ​នេះនិង អ្នក​ស្រី សុក ឃឿន ហៅ​ ចែ​ពៅ ដែល​រង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ កាល​ពី​ម្សិល​មិញ​។

ប៉ុន្តែ​បើ​តាម លោក ឡុង ធន ក្រុម​ប្រឹក្សា​ឃុំ​​ជប់​វ៉ា​រី ដែល​បាន​ដឹង​រឿង​រ៉ាវ​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៧​ កញ្ញា​ នេះ​ថា ពលរ​ដ្ឋដែ​ល​ចាញ់​បោក​ភាគ​ច្រើន​ គឺជា​មន្ត្រី​យោធា​កងព​លតូ​ច​ថ្មើរ​ជើង​លេខ ​៥១​ នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ​ ចំណែ​ក​ឯក​មេតុង​ទិន ក៏​មាន​ផ្ទះ​ជាប់រ​បង​កង​ពល​តូច​ថ្មើរ​ជើង​លេខ​ ៥១​ នេះ​ដែរ។

លោក​បន្ត​ថា ពលរដ្ឋ​រងគ្រោះ​ទាំ​ងនោះ គឺ​ពិត​ជា​បាន​ចាញ់​បោក​មេ​តុង​ទិន​រូប​នេះពិត​ប្រា​កដ​មែន ហើយ​ក្រោយ​ការ​ចាញ់បោ​ក​នេះ ពលរដ្ឋ​ទាំង​នោះ បាន​ប្រមូល​ផ្តុំ​គ្នាដាក់​ពាក្យ​បណ្តឹង​ទៅ​អធិ​ការ​នគ​របាល​ស្រុក​ព្រះនេត្រ​ព្រះ ដើម្បី​សុំ​ឲ្យជួយ​រក​យុត្តិ​ធម៌ ​និង​ស្នើ​ឲ្យចា​ប់ខ្លួន​មេ​តុង​ទិន​រូប​នេះ ម​ក​សង​ប្រាក់​របស់​ពួកគេ​វិញ។

លោក​បញ្ជាក​ក់ថា៖ «ខ្ញុំ​ដឹង​ខ្លះៗថា មេ​តុង​ទិន​នេះ រត់​បាត់​ទៅហើយក៏​ជាប់​លុយ ជាប់​កាក់​អ្នក​នៅ​ហ្នឹង។ ពួក​គាត់ ដែល​ចាញ់បោក គឺជា​គ្រួសារ​នាយ​ទា​ហាន និង​អាជីវ​ករ​រកស៊ី​យើង​នៅក្នុ​ងមូ​ល​ដ្ឋាន។ តុងទិនហ្នឹង ​សម្បូរ​គេ​អ្នកធំ អ្នក​អី​លេង​ដែរ ហើយ​ចាញ់​បោក​ប្រពន្ធ​មេទា​ហាន​ហ្នឹង ​មាន​អ្នក​ខ្លះ ចូល​ម៉ឺន​ដុល្លា​ដែរ ហើយ​អ្នកខ្លះ ក៏​ចាញ់​បោក​តិច​ទេ ដោយ​គេ​លេង​តាម​ក្បាល​តូច​ក្បាល​ធំ»។

លោក មាស រិទ្ធី អធិ​ការ​នគរ​បាល​ស្រុក​ព្រះ​នេត្រ​ព្រះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុ​ស្តិ៍្ក​នៅ​ថ្ងៃទី ​៧​ កញ្ញា នេះដែរ​​ថា សមត្ថ​កិច្ចពិ​តជា​​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ជន​រង​គ្រោះ ទាំង​នោះ​មែន។ លោក​បន្ត​ថា ដោយ​សារ​ជន​សង្ស័យ​​រត់​ចោល​ផ្ទះ ​សម​ត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​លើ​សំណុំ​រឿង​នេះ ដើម្បី​ស្វែង​រក​ជន​សង្ស័យ មក​ដោះ​ស្រាយ​តាម​នីតិ​វិធី​ច្បាប់​។

លោក​បញ្ជាក់​ថា៖​ «ចំពោះ​ពាក្យប​ណ្តឹង​​នេះ គឺ​ជន​បង្ក មិន​​នៅទេ ​រត់ចោល​ស្រុក​បាត់​ហើយ ពាក់​ព័ន្ធ​នឹង​រឿង​លែង​តុង​ទិន​ហ្នឹង។ ខ្ញុំ​បាន​ទទួល​ពាក្យ​ប​ណ្តឹង និង​រាយ​ការណ៍​ដើម្បី​សុំ​យោប​ល់​ពី​ថ្នាក់​បន្ត​ទៀត ហើយ​យើង​មិន​ទាន់​ដឹង​ច្បាស់​ទេ ព្រោះ​មាន​តែ​តាម​ការអះ​អាង​របស់​ជ​ន​រង​គ្រោះ ហើយ​ជំនាញ​នឹង​បន្ត​ស្រាវ​ជ្រាវ»៕