ព្រៃវែងៈ ស្ត្រី​ជរា​ម្នាក់​បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​យប់​ថ្ងៃទី​ ១៧ ឧសភា នៅក្នុង​ភូមិ​ស្នាយព្រឹម ឃុំ អង្គររាជ ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​​ ដែល​ឧប្បត្តិ​ហេតុនេះ​បណ្ដាល​មកពី​កូនៗ​របស់គាត់​បង្កាត់ភ្លើង​ដាំបាយ​ចោល ហើយ​បាន​ដើរ​ចេញ​ទៅ​ផឹកស្រា​នៅផ្ទះ​អ្នក​ជិតខាង​។

លោក​ ជ័យ សេងហ៊ាង អធិការ​នគរបាល​ស្រុក​ព្រះស្តេច​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា លោកយាយ​រងគ្រោះ​នោះ​ឈ្មោះ អ៊ាង សូត្រ អាយុ​ ៨៦ ​ឆ្នាំ​ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ​គាត់​ត្រូវបាន​ភ្លើង​ឆេះ​ផ្ទះ ហើយ​រត់​មិន​រួច​ក៏​ស្លាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ជាង​ ៩ ​យប់​ថ្ងៃទី​ ១៧ ឧសភា​​ ឆ្នាំ​ ២០២០​។

លោក​បាន​ថ្លែង​តាម​សម្តី​ស្ត្រី​ម្នាក់​ជា​កូន​ស្ត្រី​រងគ្រោះ​ថា ផ្ទះ​​របស់​គាត់​គឺ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​ ៤ ​គុណ​នឹង​ ៦ ​ម៉ែត្រ ​និង មាន​កម្ពស់​ជាង​ ១ ​ម៉ែត្រ​ ដែល​នៅក្នុង​ផ្ទះ​នោះ មាន​ម្តាយ​ចាស់ជរា​ស្នាក់នៅ​ដោយ​គាត់​មិនអាច​ក្រោក​ដើរ​រួច​ទេ​។ ​សព្វថ្ងៃ​គាត់​រកស៊ី​ចិញ្ចឹម​ម្តាយ​ចាស់ជរា​ជាមួយ​នឹង​ប្តី​របស់គាត់​។ នៅ​​យប់​កើតហេតុ គាត់​បាន​បង្កាត់​ភ្លើងចង្ក្រាន​ដាំបាយ ហើយ​នាំ​ប្តី​ចេញ​ទៅ​ផឹកស្រា​នៅផ្ទះ​អ្នក​ជិតខាង​ដោយ​ទុក​ម្តាយ​ឲ្យ​ដេក​នៅផ្ទះ​ម្នាក់ឯង​។

លោក​បន្តថា លុះ​មួយ​សន្ទុះ​ក្រោយមក​គេ​ឃើញ​ភ្លើង​ឆាបឆេះ​ពេញ​ផ្ទះ ហើយ​អ្នកភូមិ​បាន​នាំគ្នា​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​ដោយសារ​ភ្លើង​ឆេះ​ខ្លាំងពេក​ពលរដ្ឋ​មិន​អាច​ជួយ​ពន្លត់​បាន ព្រោះ​​នៅ​ក្រោម​ផ្ទះ​នោះ​មាន​ដាក់​គំនរ​ចំបើង​ដែល​រឹតតែ​ឆាបឆេះ​ខ្លាំង​ឡើង​មិន​អាច​ជួយ​បាន​។

លោក​អធិការ​បន្តថា​៖ «​ផ្ទះ​នោះ​មាន​គំនរ​ចំបើង​នៅក្រោម​ផ្ទះ​អ៊ីចឹង​ហើយ​ភ្លើង​ឆេះ​ខ្លាំងណាស់​បើ​ទោះ​ពន្លត់​ក៏​មិន​ឈ្នះ​ដែរ​។ ​ករណី​នេះ​ខ្ញុំ​តែង​ដើរ​ប្រាប់​កុំ​ឲ្យ​មាន​គំនរ​ចំបើង​តែ​អ្នកខ្លះ​មិន​ស្តាប់​ខ្ញុំ​ទេ​»​។

លោក​បាន​បន្តថា បើ​តាម​អ្នកជិតខាង​ថា ស្ត្រី​ជា​កូន​ជនរងគ្រោះ​ និង​ប្តី​គឺជា​មនុស្ស​ស្រវឹងខួប ហើយ​នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ ដោយសារ​ពួកគេ​បង្កាត់ភ្លើង​ចង្ក្រាន ហើយ​ដើរ​ចោលផ្ទះ ទុក​ស្ត្រី​រងគ្រោះ​ឲ្យ​ដេក​ម្នាក់ឯង ហើយ​ដោយសារ​គាត់​ដើរ​មិន​រួច​ផង​ក៏​បណ្តាល​​ឲ្យ​ភ្លើង​ឆេះ​ស្លាប់​បែបនេះ​។

លោក​បាន​បន្ថែម​ថា ក្រោយ​​កើតហេតុ​សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ដល់​ទីតាំង​នោះ ហើយ​បាន​ធ្វើ​កោសល្យវិច័យ​ក្រែង​មាន​នរណា​លួច​ដុត​។ ​ប៉ុន្តែ​ក្រោយពី​អង្កេត​យ៉ាង​យកចិត្ត​ទុកដាក់​ពី​សមត្ថកិច្ច​ជំនាញ​បង្ហាញថា ផ្ទះ​នោះ​ឆេះ ដោយសារ​រាល​ពី​ភ្លើងចង្ក្រាន​ពិតមែន មិនមែន​មកពី​អ្វី​ផ្សេង​ទេ​។ ក្រោយ​អង្កេត​ចប់សព្វគ្រប់ សមត្ថកិច្ច​របស់​លោក​បាន​ប្រគល់​សព​ស្ត្រី​រងគ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោក​បាន​បញ្ជាក់ថា ដោយសារ​តែ​ស្ថានភាព​គ្រួសារ​ស្ត្រី​រងគ្រោះ​ទីទ័លក្រ​ខ្លាំងពេក អាជ្ញាធរ​ស្រុក​ព្រះស្តេច​បាន​ជួយ​ឧបត្ថម​អង្ករ​ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន ដើម្បី​ឲ្យ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​ជូន​សព និង​មាន​ទាំង​ព្រះសង្ឃ​ជួយ​ឧបត្ថម្ភ​ទៀតផង​៕