កំពង់ចាមៈ យុវជន​ម្នាក់​ត្រូវបាន​នគរបាល ស្រុក​ស្ទឹងត្រង់​ចាប់​បញ្ជូនទៅ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ចាម​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​ជននេះ​បាន​ប្រើ​ពូថៅ កាប់​ឪពុក​បង្កើត​របស់ខ្លួន​ស្លាប់​ដោយសារ​តែ​ខឹង​ឪពុក​ស្តីបន្ទោស​រឿង​ដើរលេង​យប់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ​កាលពី​ថ្ងៃទី​ ៥ ​ខែមីនា​នៅ​ភូមិ​ក្បាលអូរ ឃុំ​មេសរជ្រៃ ស្រុក​ស្ទឹងត្រង់​។

លោក ប៉ាក ជាតិ អធិការ​ស្រុក​ស្ទឹងត្រង់​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ លឹម ឡឹង អាយុ​ ២៣ ​ឆ្នាំ រីឯ​ជនរងគ្រោះ​ជា​ឪពុក ឈ្មោះ ឡៃ លឹម អាយុ​ ៦៣ ​ឆ្នាំ​។ លោក​ប្រាប់​​ថា​៖ «​ជន​ម្នាក់​នោះ​យើង​បាន​បំពេញ​នីតិវិធី​សាកសួរ​ចប់​ហើយ​ព្រោះ​បទល្មើស​នេះ ជន​បង្ក​ប្រព្រឹត្ត​ជាក់ស្តែង​សម្លាប់​លើ​ឪពុក​ខ្លួន​»​។

លោក ប៉ាក ជាតិ បាន​ប្រាប់​តាម​សម្តី​សាច់ញាតិ​ថា ជនសង្ស័យ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​យូរ​ឆ្នាំ​ដែរ​ហើយ​ហើយ​បាន​ត្រឡប់មក​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​វិញ ប៉ុន្តែ​ក្រោយពី​គាត់​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ គេ​ឃើញ​គាត់​មាន​អារម្មណ៍​ហាក់​មិន​នឹងនរ​ហើយក៏​ជា​មនុស្ស​គ្មាន​មុខរបរ​ពិតប្រាកដ​ដែរ​។ មុន​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​ជនរងគ្រោះ​ជា​ឪពុក​បាន​ស្តីបន្ទោស​បន្តិចបន្តួច​ពី​រឿង​ដើរ​មិន​ចូល​ផ្ទះ និង​មិន​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​។ លុះដល់​ម៉ោងជាង ១១ ​យប់ ថ្ងៃទី​ ៥ ខែមីនា ឆ្នាំ​ ២០២០ ​ខណៈ​ជនរងគ្រោះ​កំពុង​សម្រាន​លក់​ក្នុង​អង្រឹង​ក្រោមផ្ទះ​ស្រាប់តែ​ជនបង្ក​បាន​យក​ពូថៅ​កាប់​ក្បាល​ពីក្រោយ​ ១ ​ពូថៅ បណ្តាល​ឲ្យ​ផុង​លលាដ៍ក្បាល​ និង​ ១ ​ពូថៅ​ទៀត​ត្រូវ​ផ្នែក​លើ​មុខ​ត្រង់​ចិញ្ចើម​ខាងស្តាំ​។

លោក​ប្រាប់​បន្តថា ជនសង្ស័យ​ក្រោយពី​បង្កហេតុ​ហើយ​មិនបាន​រត់គេចខ្លួន​ទៅណា​ទេ ហើយ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទើប​សមត្ថកិច្ច​ចុះ​ទៅ​ចាប់ខ្លួន​នៅ​កន្លែង​កើតហេតុ​នៅ​យប់​ថ្ងៃកើតហេតុ​នោះ​តែម្តង​។

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា​មូលហេតុ​ដែល​រូបគេ​សម្លាប់​ឪពុក​របស់​ខ្លួន​ដូច្នេះ ដោយសារ​គេ​ខឹង​នឹង​ឪពុក​ស្តីបន្ទោស​រឿង​ដើរលេង​ពេលយប់​។ ក្រោយពី​សមត្ថកិច្ច​ពិនិត្យមើល​ទឹកនោម​ឃើញ​លទ្ធផល​បង្ហាញថា​ជន​សង្ស័យ​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​ក្នុង​កម្រិត​ច្រើន​។

លោក ចាន់ ហោ អនុប្រធាន ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ថ្លែង​ថា​៖ «​ជា​នីតិវិធី នៅពេល​សមត្ថកិច្ច​ស្រុក​បញ្ជូន​ជនសង្ស័យ​ដល់​ការិយាល័យ​ខ្ញុំ បើ​របាយការណ៍​មិនទាន់​ពេញលេញ​ខាង​ខ្ញុំ​នឹង​សាកសួរ​ជនសង្ស័យ​បន្ថែម​ទើប​បញ្ចូន​ជនសង្ស័យ​បន្តទៅ​តុលាការ​»​។

លោកស្រី ធីម ណារិន អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​កំពង់ចាម​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា នៅ​ចុង​ឆ្នាំ​ ២០១៩ និង​ដើមឆ្នាំ​​ ២០២០ ​នេះ ករណី​ហិង្សា​ធ្ងន់ធ្ងរ​ក្នុង​គ្រួសារ​ហាក់​កើតមាន​ច្រើន​។ ចំពោះ​មូលហេតុ​ដែល​ជនបង្ក​ចេះតែ​ប្រព្រឹត្ត​ហិង្សា​បែបនេះ​លោកស្រី​សង្កេតឃើញ​ថា មកពី​ពួកគេ​មិន​បាន​ចូលរួម​ប្រជុំ​នៅ​តាម​សហគមន៍​ដែល​រៀបចំ​ដោយ​មន្ត្រី​អាជ្ញាធរ​រដ្ឋាភិបាល​ដែល​តែង​ចុះ​ផ្សព្វផ្សាយ​អប់រំ​ជាប្រចាំ រួមទាំង​អង្គការ​របស់​លោកស្រី​ផងដែរ​។

លោកស្រី​ថ្លែងបន្តថា​៖ «​យើង​ឃើញថា សមត្ថកិច្ច​បាន​ចាត់វិធានការ​តាម​នីតិវិធី ដោយ​បាន​ចាប់​ឃាត់ខ្លួន​ជនបង្ក​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​»​។

លោកស្រី​បន្តថា តាម​ដែល​លោកស្រី​សង្កេត​មើលឃើញ​ថា ពាក់ព័ន្ធ​ករណី​បែបនេះ​ទាំង​តុលាការ​ទាំង​នគរបាល​យុត្តិធម៌​ហាក់បី​ដូចជា​មាន​ចំណាត់​ការល្អ ចំពោះ​ជនល្មើស​។ លោកស្រី​កត់សម្គាល់​ថា ជន​ប្រព្រឹត្ត​បែបនេះ​អាច​កើតឡើង​មកពី​កត្តា​ជាច្រើន ដូចជា​សេព​គ្រឿង​ស្រវឹង និង​ប្រើប្រាស់​គ្រឿងញៀន និង​រួមផ្សំ​មកពី​ភាពអវិជ្ជា​របស់​ពួកគេ ដែល​មិនបាន​រៀនសូត្រ​៕