ភ្នំពេញ: កូនប្រុសលោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា លោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រ ចេញ ព្រះរាជ ក្រឹត្យ តែង តាំង ជាអភិបាល ខេត្ត ត្បូង​ឃ្មុំ ជំនួសលោក លី ឡេង ដែលត្រូវតែងតាំងមុខតំណែងថ្មី។ នេះបើតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលភ្នំពេញប៉ុស្ដិ៍ទទួលបាននៅថ្ងៃទី ១៣ ខែវិច្ឆិកានេះ។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រធ្វើនៅព្រះបរមរាជវាំងនៅថ្ងៃទី ១៣ ខែវិច្ឆិកានេះ បានបង្ហាញថា៖ «ត្រាស់បង្គាប់តែងតាំងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ឋានន្ដរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ ៤ ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ ជំនួសឯកឧត្តម លី ឡេង ដែលត្រូវបានតែងតាំងមុខតំណែងថ្មី»។

លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា លោកមានអារម្មណ៍សប្បាយផង និងភ័យព្រួយផង ព្រោះកាទទួលមុខតំណែងថ្មីនេះ ទទួលបន្ទុកការងារកាន់តែច្រើនជាងមុន។ ទោះយ៉ាងណាលោកថា នឹងព្យាយាមបំពេញតួនាទីត្រឹមត្រូវ គោរពច្បាប់ និងគោរពបទបញ្ជាពីថ្នាក់លើឲ្យបានល្អ។

លោកបញ្ជាក់ថា៖ «ខ្ញុំមានការបារម្ភខ្លាំង ព្រោះតួនាទី និងការទទួលបន្ទុកកាន់តែច្រើន ហើយនឹងត្រៀមខ្លួនឲ្យស្របតាមគោលនយោបាយរាជរដ្ឋាភិបាល អ្វីទាំងអស់នេះហើយ ដែលធ្វើឲ្យខ្ញុំសប្បាយផង ភ័យផង។ អ្វីដែលសំខាន់បំផុត ខ្ញុំត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងចូលរួមដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ»។

មុនពេលតែងតាំងនេះ លោក ជាម ច័ន្ទសោភ័ណ្ឌ ជាអតីតអភិបាលរងខេត្តត្បូងឃ្មុំ ដែលទើបតែតែងតាំង បន្ទាប់ពីលោកត្រូវបានផ្លាស់ប្តូរមកពីអភិបាលរងខេត្តបាត់ដំបង។

ចំណែក លោក លី ឡេង ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យលោក ស៊ឹម កា អនុប្រធានទី ១ នៃព្រឹទ្ធសភាវិញ។

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងថា ការតែងតាំងតាមរយៈសែស្រឡាយមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាល នៅប្រទេសកម្ពុជា នាពេលនេះ គឺលែងជាករណីចម្លែកទៀតហើយ ព្រោះមន្ត្រីដឹកនាំជាន់ខ្ពស់ គេតែងតែគិតគូរពីអ្នកបន្តវេទរបស់ពួកគេជានិច្ច។

លោកបន្តថា ការធ្វើការងារតែសែស្រឡាយខ្លួនឯងបែបនេះ គួរឲ្យព្រួយបារម្ភ ចំពោះការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។ លោកបញ្ជាក់ថា៖ «បើរឿងបែបនេះ កាន់តែច្រើនៗទៅ វាក្លាយជាគំរូអាក្រក់ ដែល​ធ្វើ​ឲ្យ​អ្នក​ជំនាន់​ថ្មី​មាន​ចិត្តច្រណែន ឬរិះរកវិធីបែបណា ដើម្បីស្វែងរកសែស្រឡាយដែរ ហើយក្នុងអំឡុងពេលបំពេញការងារ អាចធ្វើឲ្យបុគ្គលិកមួយចំនួន មិនសប្បាយចិត្តផងដែរ»។

កាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧ លោក ព្រំ សុខា អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ញើញជាអធិបតីប្រកាសផ្ទេរភារកិច្ចលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលរងខេត្តបាត់ដំបង មកជាអភិបាលរងខេត្តត្បូងឃ្មុំ។

ចំណែកលោក អ៊ុយ សុធាវី អភិបាលរងខេត្តត្បូងឃ្មុំ មកទទួលភារកិច្ចជាអភិបាលរងខេត្តបាត់ដំបង ព្រមជាមួយនឹងការតែងតាំងលោក ឡុង ធាម អភិបាលស្រុកពញ្ញាក្រែក ចូលកាន់មុខតំណែងជាអភិបាលរងខេត្តត្បូងឃ្មុំ៕