ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្លែង​ថា​ការតែងតាំង​កូនប្រុស​បង្កើត​របស់​លោក​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ឲ្យ​កាន់​តំណែង​ជា​អភិបាល​ខេត្ត​សៀមរាប​គឺ​ផ្អែក​ទៅ​លើ​សមត្ថភាព​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធ​ការងារ និង​បន្តវេន ខណៈ​អភិបាលខេត្ត​បច្ចុប្បន្ន​ត្រូវ​បាន​តែងតាំង​ជា​នាយឧត្តមសេនីយ៍ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​។

កូនប្រុស​របស់​លោក​ ទៀ បាញ់ គឺ​លោក ទៀ សីហា ដែល​ជា​ឧត្តមសេនីយ៍ទោ ក្រសួង​ការពារ​ជាតិ​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

ការតែងតាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ព្រះរាជក្រឹត្យ​ ២ ​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​ ៦ ខែ​ធ្នូ ឆ្នាំ​ ២០១៨ បាន​សម្រេច​តែងតាំង​កូនប្រុស​របស់​លោក​ ទៀ បាញ់ គឺ​លោក ទៀ សីហា ជា​អភិបាល​ខេត្ត​សៀមរាប​។ អភិបាល​ខេត្ត​បច្ចុប្បន្ន​លោក​ ឃឹម ប៊ុនសុង ត្រូវ​បាន​តែងតាំង​ជា​នាយឧត្តមសេនីយ៍ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​។

ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី ចែង​ថា​៖ «​យើង​ត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម​ ទៀ សីហា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី​ថ្នាក់​លេខ​ ៣ ​ជា​អភិបាល​នៃ​គណៈអភិបាល ខេត្ត​សៀមរាប​។ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ​ឡាយ​ព្រះហស្តលេខា​តទៅ​»​។

ព្រះរាជក្រឹត្យ​មួយ​ទៀត​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី កាលពី​ថ្ងៃទី​ ៦ ខែ​ធ្នូ ឆ្នាំ​ ២០១៨ បាន​ចែង​ថា​៖ «​យើង​ត្រាស់បង្គាប់​តែងតាំង​ដំឡើង​ឋានន្តរស័ក្តិ​ដល់​ឧត្តមសេនីយ៍ឯក​ ឃឹម ប៊ុនសុង ជា​នាយឧត្តមសេនីយ៍​នៃ​កងយោពល​ខេមរភូមិន្ទ​។ តែងតាំង​នាយឧត្តមសេនីយ៍​ ឃឹម ប៊ុនសុង ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​»​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា​លោក​ ទៀ សីហា មាន​សមត្ថភាព ទេពកោសល្យ លទ្ធភាព​ និង​ការទទួល​ខុសត្រូវ​ខ្ពស់​ហើយ​ការតែងតាំង​នេះ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​។

លោក​ថា​៖ «​ការតែងតាំង​នេះ​គឺជា​សេចក្តី​ត្រូវការ​ដើម្បី​ឲ្យ​ដំណើរ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ បេក្ខជន​ដែល​ទទួល​បាន​ការ​តែងតាំង​គាត់​មាន​សមត្ថភាព​ដែល​អាច​ទទួល​យក​កាតព្វកិច្ច​នេះ និង​ការតែងតាំង​នេះ​គឺជា​ការ​បន្តវេន​។ មន្ត្រី​វ័យក្មេង​ដែល​ត្រូវ​បាន​តែងតាំង​ទាំងនេះ​ដើម្បី​គាត់​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ បន្ទាប់ពី​ចាស់​»​។

ប៉ុន្តែ​លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា​ការផ្ទេរ​តំណែង​លោក​ ឃឹម ប៊ុនសុង ធ្វើ​ឡើង​បន្ទាប់ពី​សមាជិក​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្ដល់យោបល់​បាន​រកឃើញ​ថា មាន​កំហុស​ជាច្រើន និង​បាន​ស្នើ​ដល់​លោក​នាយករដ្ឋមន្ត្រី​ឲ្យ​ដក​តំណែង​។

លោក​បញ្ជាក់​ថា​៖ «​ខណៈ​នេះ​លោក​ ឃឹម ប៊ុន សុង បាន​បញ្ចប់​មុខងារ​ជា​អភិបាល​នៃ​ខេត្ត​សៀមរាប​ហើយ​សូម​អបអរសាទរ​ចំពោះ​ការបញ្ចប់​មុខងារ​របស់​មន្ត្រី​ខិលខូច​បង្ក​បញ្ហា​ដល់​ពលរដ្ឋ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​»​។

លោក ទៀ សីហា ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ជា​អភិបាលរង​ថ្មី​ខេត្ត​សៀមរាប​កាលពី​ថ្ងៃទី ២០ ខែ​មិថុនា ឆ្នាំ​ ២០១៧៕