The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កូនប្រុស​លោក ស៊ុយ សែម ​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ

កូនប្រុស​លោក ស៊ុយ សែម ​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ

Content image - Phnom Penh Post
លោក​ ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល។ Sahiba Chawdhary

កូនប្រុស​លោក ស៊ុយ សែម ​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ

ភ្នំពេញ: កូនប្រុស​លោក​ ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​លោក​ ស៊ុយ ឌីម៉ង់ និង​មន្ត្រី​ ១ ​រូប​ទៀត​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ខណៈ​ ៣ ​រូប​ផ្សេង​ទៀត​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្នុង​ក្រសួង​មួយ​នេះ​ស្រប​ពេល​នៅ​ក្រសួង​មហាផ្ទៃ និង​ខេត្ត​សៀមរាប​ក៏​មាន​ការតែងតាំង និង​ការផ្លាស់ប្ដូរ​មន្ត្រី​ផង​ដែរ​។

តាម​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ចុះ​ថ្ងៃទី​ ៣ វិច្ឆិកា ដែល​ភ្នំពេញ-ប៉ុស្ដិ៍​ទើប​ទទួល​បាន​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បង្ហាញ​ថា​៖​ «​តែងតាំង​ជា​រដ្ឋលេខាធិការ​ និង​ជា​អនុរដ្ឋលេខាធិការ​នៃ​​ក្រសួង​រ៉ែ និង​ថាមពល លោកស្រី ទិត លីនដា និង​លោក ស៊ុយ ឌីម៉ង់ ជា​រដ្ឋលេខាធិការ​។ រីឯ លោកស្រី យ៉ែម កាន់នីកា​, លោក លី វណ្ណា និង​លោក ចាន់ សុជាវ៉ាត តែងតាំង​ជា​អនុរដ្ឋលេខាធិការ​»​។

កាលពី​ឆ្នាំ​ ២០១៥ លោក ស៊ុយ ឌីម៉ង់ ក៏​ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​អ្នក​នាំពាក្យ​ក្រសួង​បន្ថែម​លើ​មុខងារ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ​របស់​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​ឯកសារ​គោល​ណែនាំ​ស្តីពី​កិច្ចការរដ្ឋបាល​នៅ​ក្រសួង​នេះ​ផង​ដែរ​។

តាម​គេហទំព័រ​ក្រសួង​មួយ​​នេះ​បង្ហាញ​ថា​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ​នេះ​ទទួល​ខុសត្រូវ​​លើ​ផ្នែក​រដ្ឋបាល និង​ព័ត៌មានវិទ្យា​ផ្នែក​បុគ្គលិក គណនេយ្យ​ និង​ហិរញ្ញវត្ថុ សហប្រតិបត្តិការ​ និង​កិច្ចការ​អាស៊ាន និង​នីតិកម្ម​។

ករណី​ស្រដៀង​គ្នា​នេះ​ដែរ​​កាលពី​ថ្ងៃទី​ ២ ខែ​វិច្ឆិកា រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ​នៅ​ខេត្ត​សៀមរាប​ក្នុង​នោះ​សម្រេច​ផ្ទេរ​ភារកិច្ច​លោក សូរ ប្លាតុង ពី​អភិបាលក្រុង​សៀមរាប​ទៅ​ជា​អភិបាលស្រុក​ប្រាសាទ​បាគង​។ ជាមួយ​គ្នា​នេះ​ក៏​មាន​តែងតាំង​មន្ត្រី​រាជការ ៤ នាក់​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលក្រុង​/​ស្រុក​ក្នុង​ខេត្ត​សៀមរាប​រួមមាន​៖ លោក នួន ពុទ្ធារ៉ា តែងតាំង​ជា​អភិបាលក្រុង​សៀមរាប​ជំនួស​លោក សូរ ប្លាតុង​, លោក ម៉ក់ ប្រុស តែងតាំង​ជា​អភិបាលស្រុក​សូត្រ​និគម​សម្រាប់​អាណត្តិ​ទី​ ២ ក្នុង​ដែន​សមត្ថកិច្ច​នៅ​ដដែល​លោក ពៅ ប៊ុនធឿន តែងតាំង​ជា​អភិបាលស្រុក​ជីក្រែង​សម្រាប់​អាណត្តិ​ទី​ ២ ​ក្នុង​ដែន​សមត្ថកិច្ច​នៅ​ដដែល លោក លុក ផុស តែងតាំង​ជា​អភិបាលស្រុក​អង្គរជុំ​សម្រាប់​អាណត្តិ​ទី​ ២ ក្នុង​ដែន​សមត្ថកិច្ច​នៅ​ដដែល​។

ដោយឡែក​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ៦ ខែវិច្ឆិកា ឆ្នាំ​ ២០១៨ ​លោក ប៉ែន វិបុល អគ្គស្នងការរង​នគរបាលជាតិ​បាន​ប្រកាស​ផ្ទេរ​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​នាយនគរបាលជាតិ​ជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្របខ័ណ្ឌ​នាយកដ្ឋាន​កណ្ដាល​​នគរបាល​ព្រំដែន​ ៤៣ ​នាក់​។

ចំណែក​លោក ប៉ុល សុគន្ធ អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក​ក្រសួង​មហាផ្ទៃ​បាន​អាន​ព្រះរាជក្រឹត្យ អនុក្រឹត្យ រាជរដ្ឋាភិបាល​ និង​សេចក្តី​សម្រេច​របស់​អគ្គស្នងការ​នគរបាលជាតិ​ស្តីពី​ការផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ ៤ ​នាក់ ឧត្តមសេនីយ៍ទោ ៦ ​នាក់ ឧត្តមសេនីយ៍ត្រី​ ៨ ​នាក់​ថ្នាក់​វរសេនីយ៍ឯក ៩ នាក់​ថ្នាក់​វរសេនីយ៍ត្រី​ ១ ​នាក់​មុខ​តំណែង​មន្ត្រី​ ១៥ ​នាក់ និង​បាន​ប្រកាស​ប្រគល់​ភារកិច្ច​ជូន​លោក​ឧត្តមសេនីយ៍ឯក ទូច ពលៈ ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំដែន​ទឹក​ផង​ដែរ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​យល់​ឃើញ​ថា​ការតែងតាំង​មន្ត្រី​គឺជា​ដែន​សមត្ថកិច្ច​សាមី​ស្ថាប័ន​ដែល​ដាក់​សំណើ​ទៅ​ថ្នាក់​លើ ប៉ុន្ដែ​ការ​រាយ​នាម​តែ​បក្ខពួក​ ឬ​សែស្រឡាយ​អាច​ធ្វើ​ឱ្យ​បុគ្គលិក​ចាស់ៗ​ ឬ​អ្នក​មាន​សមត្ថភាព​មិន​ពេញចិត្ត និង​ជា​គំរូ​អាក្រក់​មួយ​សម្រាប់​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ ប៉ុន្តែ​ជា​វប្បធម៌​ចាស់​ដែល​ពិបាក​កែប្រែ​ព្រោះ​ជា​ការ​អនុវត្ត​តៗ​គ្នា​ពី​ថ្នាក់​លើ​រហូត​ដល់​ក្រោម​។

លោក​ថា​៖ «​គេ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​មុខ​តំណែង​មាន​ឥទ្ធិពល​ ឬ​តំណែង​ដែល​សម្រេច​ចិត្ត ខ្ញុំ​ឧទាហរណ៍​ថា​បើ​ពួកគាត់​ចង់​សម្រេច​ធ្វើ​អ្វី​មួយ​គឺ​គាត់​ធ្វើ​តែ​គ្នា​គាត់​...​អាហ្នឹង​វា​ត្រូវ​អ៊ីចឹង ប៉ុន្ដែ​មុខ​តំណែង​តូចតាច​គេ​មិន​ថា​អ្វី​ទេ​។ ខ្ញុំ​គិត​ថា​អាច​មាន​ពាក្យ​ខ្សឹបខ្សៀវ​ខ្លះៗ​នៅ​ក្នុង​ស្ថាប័ន​ហ្នឹង​»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។