ស្ទឹងត្រែងៈ កូន​សត្វ​ផ្សោត​ ១ ​ក្បាល​ត្រូវបាន​គេ​ប្រទះ​ឃើញ​ងាប់​កាល​ពី​ថ្ងៃទី​ ៣០ ​ខែ​ មីនា​ ស្ថិត​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​នៃ​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្ត​ស្ទឹង​ត្រែ​ង ហើយ​កាល​ពី​ម្សិល​មិញ​អ្នក​អភិ​រក្ស​បាន​ប្រគល់​កូន​សត្វ​ផ្សោត​នោះ​ទៅ​ឱ្យ​អង្គ​ការ​ WWF​ ​ដើ​ម្បី​ពិនិត្យ​រក​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​វា​ងាប់។

​​លោក​ ​ដន​ បា​ន់​ អនុ​ប្រធាន​ឆ្មាំ​ទន្លេ​ដើម្បី​អភិរក្ស​សត្វ​ផ្សោត​នៅ​ប៉ុស្ដិ៍​អន្លង់​ឈើ​ទាល​ស្ថិត​ក្នុង​ឃុំ​ព្រះ​រំកិល​ និង​ជា​មេភូមិ​​អន្លង់​ស្វាយ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ ​តាម​ការ​សន្និ​ដ្ឋាន​ដំបូង​ កូន​សត្វ​ផ្សោត​នោះ​ អាច​ងាប់​ដោយ​សារ​កត្តា ២ យ៉ាង ​គឺ​ទី​ ១ ​បទ​ល្មើស​នេ​សាទ​ខុស​ច្បាប់​ ដូច​ជា​បំផ្ទុះ​គ្រាប់ ​និង​ការ​ប្រើ​ឧប​ក​រ​ណ៍​ឆក់ ​និង​ទី ២​ ការ​ធ្វើ​ឱ្យ​ផ្អើល​ពី​សំណាក់​ទូក​ដឹក​អ្នក​ទេសចរ។

លោក​ ​បាន់​ ថ្លែង​​ថា​៖ ​«​សត្វ​ផ្សោត​កើត​មក​ដំបូង​ គឺ​មេស​ង្គ្រោះ​សិន​ ជួយ​ដោល​ឱ្យ​កូន​វា​មាន​ចលនា​ ឱ្យ​ចេះ​ងើប​ ឱ្យ​ចេះ​ហែល​ ​និង​ឱ្យ​ចេះ​ដក​ដង្ហើ​ម​ ព្រោះ​វា​អត់​ទាន់​ចេះ​ដក​ដង្ហើម​ដូច​មេវា​ទេ។​ ប៉ុន្តែ​ភ្ញៀវ​ទេស​ចរខ្លះ​មិន​យល់​ បាន​បើក​ទូក​ដេញ​តា​ម​ មើល​ឱ្យ​បា​ន​ជិតៗ​សត្វ​ផ្សោត ​ដូច្នេះ​វា​អាច​រំខាន​ដល់​ការ​សង្គ្រោះ​របស់​មេ​ផ្សោត​ទៅដល់​កូន​ផ្សោត ​ហើយ​វា​សឹង​តែ​ធ្វើឱ្យ​ផ្សោត​មិន​អាច​ផុស​ពី​ទឹក​បាន»។​

លោក​ ​ឡឹង​ ​ថា​រី​ មេ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ព្រះ​រំកិល​បាន​បញ្ជាក់​ដែរ​ថា​ ក្រុម​អ្នក​នេសាទ​បាន​ប្រទះ​ឃើ​ញ​កូន​សត្វ​ផ្សោត​ងាប់​អណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក​ស្ថិត​ក្នុង​ឃុំ​ព្រះ​រំកិល ​កាល​ពី​វេលា​ម៉ោង ៦​ ព្រឹក​ថ្ងៃទី​ ៣០ ​ខែ​មីនា ​ប៉ុន្តែ​លោក​ថា​ រូប​រាង​ខ្មោច​កូន​សត្វ​ផ្សោត​ដែល​ងាប់​នោះ ​ពុំ​បាន​ពិនិត្យ​ឃើញ​ស្លាកស្នាម​ ​ត្រង់​ណាមួយ​ដែល​អាច​សង្ស័យ​បង្ក​ឡើង​ពី​បទ​ល្មើស​នេ​សាទ​ខុស​ច្បាប់​ឡើយ៕