The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កូនស្រីរបស់ស្ត្រី​ដែល​ត្រូវ​មិត្តភក្តិ​សម្លាប់ រំជួល​ចិត្ត​ពេក​ចង់​ឲ្យ​ប្រហារ​ជីវិត​ស្ត្រី​ជា​ឃាតករ

កូនស្រីរបស់ស្ត្រី​ដែល​ត្រូវ​មិត្តភក្តិ​សម្លាប់ រំជួល​ចិត្ត​ពេក​ចង់​ឲ្យ​ប្រហារ​ជីវិត​ស្ត្រី​ជា​ឃាតករ

Content image - Phnom Penh Post
ស្ត្រីជនសង្ស័យសម្លាប់មិត្តភក្តិត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១១ មិថុនា។ អាវុធហត្ថ

កូនស្រីរបស់ស្ត្រី​ដែល​ត្រូវ​មិត្តភក្តិ​សម្លាប់ រំជួល​ចិត្ត​ពេក​ចង់​ឲ្យ​ប្រហារ​ជីវិត​ស្ត្រី​ជា​ឃាតករ

ភ្នំពេញៈ «ខ្ញុំ​ពិតជា​រំជួល​ចិត្ត​ខ្លាំង​ណាស់ ​និង​ចង់​ឲ្យ​សមត្ថ​កិច្ច​ដាក់​ទោស​ប្រហារ​ជីវិត​ ទៅ​លើ​ស្ត្រី​ជាឃាតករ ​ដែល​បាន​សម្លាប់​អ្នកម្ដាយ​ជាទី​ស្រឡាញ់​របស់​ខ្ញុំ»​​ នេះជាសម្តី​របស់កញ្ញា​ ពេជ្រ ស៊ាវម៉ី ​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃពុធ ​ក្រោយ​ពីនាង​បានស្ដាប់​ចម្លើយ​សារភាព​របស់​ស្ត្រី​ជា​ឃាតករ​ ដែលបាន​រៀបរាប់​អំពី​សកម្មភាព​នៃ​អំពើ​ឃាតកម្ម​ដ៏ឃោរឃៅ​របស់​ខ្លួន​មកលើ​ម្ដាយ​របស់​នាង ​ដោយ​គ្មាន​ភាព​តក់​ស្លុត​អ្វី​បន្តិច​នោះ។

នាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ទាំង​យំ​ខ្សឹក​ខ្សួលថា​៖ «ម្ដាយ​គេ​ស្លាប់​ សព​នៅ​ទាំង​មូល​និង​មានការរៀបចំ​តុបតែង​យ៉ាង​ល្អ ​ប៉ុន្តែ​ម្ដាយ​ខ្ញុំ​ស្លាប់ ​ដោយការ​ធ្វើ​ឃាត​ពី​មិត្ត​ភក្ដិ​របស់​គាត់​នោះ ​គឺ ​នៅ​សល់​តែ​ប្រអប់​ដៃ ​ប្រអប់​ជើង​ប៉ុណ្ណោះ »។

ស៊ាវម៉ី​ ដែលជា​កូន​ស្រី​តែមួយ​គត់​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ​គឹម យ៉ានាង ​បាននិយាយ​ថា ​ការរៀបរាប់​សារភាព​របស់​ស្ត្រី​ជាឃាតករ​ ឈ្មោះ ​ទឹម សុផល ​បានបង្ហាញ​អំពី​ភាពឃោរឃៅ​បំផុត​មក​លើ​ម្ដាយ​របស់​នាង ​ដែល​ធ្លាប់​ជា​មិត្ត​ស្និទ្ធ​ស្នាល​នឹង​គ្នា​បែប​នេះ។

នាង​បានបញ្ជាក់​ថា​៖ «គាត់ ​[ស្ត្រី​សង្ស័យ] ​សម្លាប់​ម្ដាយ​ខ្ញុំ​ហើយ​ថែមទាំង​ អារ​ កាប់​សព​ម្ដាយ​ខ្ញុំ​ជាចំណិតៗ ​និង​ជា​កង់ៗ​ យក​ទៅ​បោះ​ចោល​ក្នុង​ទន្លេសាប​ ដោយ​គ្មាន​ភាពតក់​ស្លុត​អ្វី​បន្តិច​សោះ។ ខ្ញុំ​ដឹងថា​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​​ប្រទេស​ កម្ពុជា ​យើង​ មាន​ត្រឹមតែ​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ តែ​បើ​តាមចិត្ត​ខ្ញុំ​គឺ​ចង់ឲ្យ​សមត្ថកិច្ច​ដាក់​ទោស​ប្រហារ​ជីវិត​ទៅលើ​គាត់ ​ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ជូន​ម្ដាយ​របស់​ខ្ញុំ»។

ស៊ាវម៉ី ​និយាយថា​ សុផល​ បាន​ជំពាក់​លុយ​ម្ដាយ​របស់​នាង ​និង​អ្នក​ភូមិ​មួយចំនួន​ទៀត ​ហើយ​បានគេច​ខ្លួន​បាត់​ ២ ឆ្នាំ​ ដោយ​គ្មាន​ដំណឹង​អ្វី​ទាំង​អស់។ ប៉ុន្តែ​កាលពី​ថ្ងៃទី ២ ​ខែ មិថុនា ​ម្ដាយ​របស់​នាងបានប្រទះ​ឃើញ​គាត់​នៅក្នុង​ហាង​មួយ​នៅម្ដុំ​ផ្សារ​កណ្ដាល ​ហើយ​ម្ដាយ​នាង​បាន​នាំ​យក​កូនស្រី​របស់​គាត់​ម្នាក់​មក​លេង​ផ្ទះ​របស់​នាង​នៅ​ក្បែរ​វត្ត​ទួល​សង្កែ ​ហើយ​ក្មេង​ស្រី​នោះ​បានគេង​នៅ​ផ្ទះ​របស់​នាង​មួយ​យប់។ លុះ​ព្រឹក​ថ្ងៃទី ៣ ​ខែ ​មិថុនា ​ម្ដាយ​របស់​នាង ​បាន​នាំ​ក្មេង​ស្រី​នោះ​ទៅ​ឲ្យ​ស្ត្រី​នោះ​វិញ​ ហើយ​ម្ដាយ​របស់​នាង​ក៏បាន​បាត់​ខ្លួន​តាំង​ពី​ពេល​នោះ​មក។

នាង​បន្តថា ​តាមរយៈ​ពាក្យបណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​សមត្ថ​កិច្ច​នគរបាល​សង្កាត់​ជ័យជំនះ ​ខណ្ឌ​ដូនពេញ ​និងការ​បង្ហោះ​រូប​ម្ដាយ​របស់​នាង​ផ្សព្វផ្សាយ​តាម​ Facebook​ ផ្ទាល់​ខ្លួន​របស់​នាង ​នៅ​ថ្ងៃទី ​១០ ​ខែ មិថុនា ​សមត្ថកិច្ច​បាន​ផ្ដល់​ព័ត៌​មាន​ដ៏គួរ​ឲ្យ​រន្ធត់​មក​គ្រួសារ​នាង​ដោយ​ប្រាប់ថា​ ម្ដាយ​នាង​ត្រូវ​បាន​គេ​សម្លាប់។

បើយោង​តាម​ឃ្លីប​វីដេអូ ​ដែល​ត្រូវបាន​បង្ហោះ​តាម​ facebook​ របស់​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​និង​ត្រូវបាន​ចែក​ចាយ​បន្ត​តាម​បណ្ដាញ​សង្គម ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ទៀត​នោះ ​ស្ត្រី​សង្ស័យ​ជាឃាតករ ​ឈ្មោះ​ ទឹម សុផល ​បាន​និយាយ​រៀបរាប់​ថា ​នាង​បានសម្លាប់​ស្ត្រី​រងគ្រោះ ​ឈ្មោះ ​គឹម យ៉ានាង ​ដោយយក​ដៃ​ច្របាច់​ក ​និងខ្ទប់​ច្រមុះ ​រួចរុញ​ចូល​បន្ទប់​ទឹក រហូត​ដល់​ជន​រងគ្រោះ​ដួល​សន្លប់​ ទើប​នាង​អូស​ជន​រងគ្រោះ​យក​មក​ក្នុង​បន្ទប់​ដេក​របស់​កូន​ស្រី​ខ្លួន ​ហើយ​ចងដៃ​ចងជើង​ និងយក​ក្រណាត់​ចង​រុំមាត់ ​និង​ច្រមុះ​ជនរងគ្រោះ ​ព្រមទាំង​ចាក់​សោ​បន្ទប់​ជាប់​ ធ្វើ​ឲ្យ​ជន​រងគ្រោះ​ស្លាប់​ដោយ​ថប់​ដង្ហើម។

សុផល​ និយាយថា​៖ «បន្ទាប់​ពីគាត់ ​[ជន​រងគ្រោះ] ​បដិសេធ​មិន​ទទួល​សំណង ​៣០០ ដុល្លារ​ ពី​ខ្ញុំ​ទេ ​គឺគាត់​បង្ខំ​ឲ្យខ្ញុំ​សង​គាត់​ទាំង​អស់​គឺ​ ៧០០ ដុល្លារ ​និង​បាន​គំរាម​ថា​បើ​មិនសង​លុយ​គាត់​ឲ្យ​គ្រប់​ទេ ​គាត់​នឹង​ទៅប្រាប់​គេ​ផ្សេង​ទៀត​ឲ្យ​មក​ទារ​បំណុល​នោះ​ ខ្ញុំ​ចង់​យក​កាំបិត​បុ័ងតោ​កាប់​គាត់​ឲ្យ​ស្លាប់​ដែរ​ តែ​ខ្លាច​បែក​ឈាម​ផ្អើល​ដល់​គេ»។

តាម​ការរៀបរាប់​របស់​ស្ត្រី​រូបនេះ ​ស្ត្រី​រងគ្រោះ​ត្រូវបាន​សម្លាប់​នៅ​ថ្ងៃទី ៣ ​ខែ ​មិថុនា ​ឆ្នាំ ​២០១៩។

ក្រោយការសម្លាប់​រួច​ ជន​សង្ស័យ​បានយក​សព​ជនរងគ្រោះ​ទៅ​ក្លាស្សេ​ឲ្យកក​ ហើយ​ពេល​កូន ​និង​ប្ដី​ដេក​លក់​ និង​មិននៅ​ផ្ទះ ​ជនសង្ស័យ​បានកាប់​ពន្លះ​សាច់​សព​ជន​រង​គ្រោះ​ ជាកង់​ៗ ​រួចយក​ទៅ​បោះចោល​ក្នុង​ទន្លេសាប​មុខ​ផ្សារ​ចាស់ ​និង​ផ្សារ​កណ្ដាល ​ដោយ​ប្រើ​រយៈពេល​ ៥ ថ្ងៃ ​ពីថ្ងៃ​ទី ៥ ​ដល់​ថ្ងៃទី ៩​ ខែ មិថុនា ​ឆ្នាំ ២០១៩ ​ទើប​អស់។

សុផល និយាយថា​៖ «តែ​ខ្ញុំ​ឆ្លាត ​ដោយ​ខ្ញុំ​ជាចុងភៅ​មាន​បទ​ពិសោធ​ក្នុង​ការកាប់​ និង​ពន្លះ​សាច់​មាន់​ ជ្រូក ​និង​គោ» នេះ​ជា​អ្វី ​ដែល​នាង​បានរៀបរាប់​អំពី​វិធី​បំបែក​សព​ជនរងគ្រោះ ​ដើម្បី​ងាយ​នាំយក​ទៅបោះចោល​បំបាត់​ភ័ស្ដុតាង ​ប៉ុន្តែ​បំណែក​ សាក​សព​ជនរងគ្រោះ​ដែលនាង​បាននាំ​យកទៅ​បោះចោល​ក្នុង​ទន្លេសាប​នោះ ​ត្រូវបាន​ក្រុម​អ្នក​នេសាទ​ប្រទះ​ឃើញ​ ដោយ​បង់​ជាប់​នឹង​សំណាញ់​របស់​ពួកគេ ​និង​រាយការណ៍​ប្រាប់​ដល់​សមត្ថកិច្ច។

ករណី​ឃាតកម្ម​ដ៏ព្រៃផ្សៃ​ខាងលើ​នេះ ​មានពលរដ្ឋ​ជា​ច្រើន​រួមទាំង​ក្រុម​គ្រួសារ​សាច់​ញាតិ​នៃ​សព​ជនរងគ្រោះ​ផងដែរ​ បាន​គិត​ថា ​ជនសង្ស័យ​ជាឃាតករ​អាច​មាន​គ្នា​ច្រើន​លើស​ពី​ម្នាក់។ ប៉ុន្តែ​បើតាម​មន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់ ​ដែលបាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណីនេះ ​តាំងពី​ថ្ងៃ​ដំបូង​នៃ​ការ​ប្រកាស​បាត់​ខ្លួន​ជន​រង​គ្រោះ​ដោយ​កូនស្រី​ជនរង​គ្រោះ​ រហូត​ដល់​ថ្ងៃចាប់​បាន​ជនសង្ស័យ​ជា​ឃាតករ​នោះ​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃ​ម្សិលមិញ ​ក្នុង​លក្ខ​ខណ្ឌ​មិនបញ្ចេញ​ឈ្មោះ​ថា ​ករណី​ឃាតកម្ម​នេះ​គឺ​មាន​តែ​ស្ត្រី​សង្ស័យ​ម្នាក់​ប៉ុណ្ណោះ ​គ្មាន​បុគ្គល​ផ្សេង​ទៀត​នោះ​ទេ។

មន្ត្រី​​រូបនោះ បាន​បញ្ជាក់​ថា​៖ «​សមត្ថកិច្ច​ជំនាញ​យើង​បានធ្វើ​ការ​​ផ្ទៀង​ផ្ទាត់​ចម្លើយ​របស់​ជនសង្ស័យទៅនឹង​ពេល​វេ​លា​ ទី​កន្លែង​ ជន​រងគ្រោះ ​និង​វត្ថុតាង​ផ្សេង​ទៀត​ គឺ​គ្មាន​នរណា​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នោះ​ទេ។ ប៉ុន្តែករណីនេះ ​សមត្ថកិច្ច​យើង​នៅ​មិនទាន់​បញ្ចប់​ការ​ស៊ើប​អង្កេត​នោះទេ»។

លោក ​អេង ហ៊ី ​អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាង​ខ្លីថា ​នៅ​ពេល​នេះ ​ជនសង្ស័យ​កំពុង​ត្រូវបាន​ឃុំខ្លួន​ជាបណ្ដោះ​អាសន្ន​នៅ​ទី​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​ដើម្បី​បន្ត​នីតិវិធី​ស៊ើបសួរ ​និង​រៀបចំ​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទគួរចាប់អារម្មណ៍