ភ្នំពេញៈ នារីវ័យ២៥ឆ្នាំម្នាក់ ត្រូវជាកូនមន្ត្រីបម្រើការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រី បានលោតទឹកសម្លាប់ខ្លួន ប៉ុន្តែត្រូវអ្នកដើរតាមមាត់ទន្លេប្រទះឃើញ និងបានជួយសង្គ្រោះទាន់ ហើយបានប្រគល់ឲ្យទៅប៉ូលិសប៉ុស្តិ៍ផ្សារកណ្តាល១ ដើម្បីស្វែងរកឪពុកម្តាយមកយកទៅផ្ទះវិញ។
ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង១០កន្លះព្រឹកថ្ងៃទី៩ ខែធ្នូ នៅម្តុំមាត់ទន្លេសាប ខាងកើតផ្សារកណ្តាល ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ក្នុងខណ្ឌដូនពេញ។
នារីរងគ្រោះគ្រាន់តែប្រាប់ថា នាងឈ្មោះ វលក្ខណ៍ អាយុ២៥ឆ្នាំ ហើយថា នាងត្រូវបានឪពុកម្ដាយកាត់កាល់បណ្ដេញចេញពីផ្ទះ ទើបសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនបែបនេះ។ ទោះជាបែបណា នាងព្យាយាមមិនប្រាប់ពីអាសយដ្ឋាននិងពីមូលហេតុ ដែលនាំឲ្យឪពុកម្ដាយនាងកាត់កាល់នោះទេ។ នាងថា៖«ឪពុកម្ដាយខ្ញុំ ជាមន្ត្រីបម្រើការនៅទីស្ដីការគណៈរដ្ឋមន្ត្រី»។
លោក ប៊ុន ស៊ីវណ្ណា អាយុ៤៧ឆ្នាំ ដែលដើរកម្សាន្តតាមមាត់ទន្លេជាមួយក្រុមគ្រួសារ បានប្រាប់ថា នារីរងគ្រោះបានជិះម៉ូតូជាមួយបុរសម្នាក់ មិនដឹងថា ជាអ្នករត់ម៉ូតូឌុប ឬ ត្រូវជាអ្វីនឹងនាងនោះទេ មកឈប់នៅមុខសួនច្បារតាមមាត់ទន្លេនិយាយសាសងគ្នា ដូចធម្មតាក្រោយមក បុរសនោះក៏ជិះម៉ូតូទៅបាត់ទៅ ហើយនារីរងគ្រោះក៏បានដើរសំដៅទៅមាត់ទន្លេដោយមានទឹកមុខស្រងូតស្រងាត់។
លោកបន្តថា ភ្លាមនោះនាងក៏ដោះស្បែកជើង ហើយលោតចូលទៅក្នុងទឹកទន្លេ សំណាងល្អមានយុវជនជាច្រើនបានឃើញ ក៏នាំគ្នាលោតចុះទៅជួយស្រង់នាងមកវិញទាន់ពេល។
លោកថា៖«ធម្មតាឪពុកម្ដាយពេលដែលខឹងកូននិយាយមិនស្ដាប់ គាត់ចេះតែថា..ទៅ ព្រោះតែចង់ឲ្យកូនល្អ។
នាងគួរតែវិលទៅផ្ទះសុំការអភ័យទោសឪពុកម្ដាយវិញ ទើបជាការប្រសើរ»។
លោក នូ ទូច នាយនគរបាលប៉ុស្តិ៍សង្កាត់ផ្សារកណ្ដាល១មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីករណីនេះបានទេ កាលពីម្សិលមិញ៕