ភ្នំពេញៈ អយ្យការអមសាលាដំបូងខេត្តបានចោទ និង ឃុំខ្លួនកូនប្រុសលោកស្នងការរងខេត្តព្រៃវែងម្នាក់ កាលពីថ្ងៃទី ១២ ខែ ឧសភា ប៉ុន្មានម៉ោងបន្ទាប់ពីសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការពាក់ព័ន្ធបង្ខាំងនារីម្នាក់រំលោភ ហើយគ្រោងលក់បន្តទៅឲ្យបុរសផ្សេងទៀត។
ជុំវិញការឃុំខ្លួននេះ លោក មាស សុភក្តិ ព្រះរាជអាជ្ញានិងជាអ្នកនាំពាក្យសាលាដំបូងខេត្ត ព្រៃវែង បានប្រាប់កាលពីម្សិលមិញថា ករណីជនសង្ស័យដែលនគរបាលចាប់បញ្ជូនមកតុលាការ ត្រូវបានលោកចៅក្រមចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តហើយពីល្ងាចថ្ងៃដដែលនោះ។
លោកបានបញ្ជាក់ថា៖ «ជននោះត្រូវបានចៅក្រមចោទប្រកាន់និងឃុំខ្លួនបណ្តោះអាសន្ន...ពិតមែន។ ជននោះត្រូវបានលោក សាំង សេរី ជាចៅក្រមស៊ើបសួរចោទពីបទរំលោភសេពសន្ថវៈតាមបញ្ញត្តិមាត្រា ២៤០ និងបទបង្ខាំងមនុស្សនិងសញ្ចារកម្មមាត្រា ២៥៣ និងមាត្រា ២៨៩ នៃក្រមព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា នៅក្នុងមាត្រា ២៤០ បទរំលោភសេពសន្ថវៈ ជនសង្ស័យត្រូវជាប់ពន្ធនាគារពី ៧ ទៅ ១០ ឆ្នាំ។ រីឯមាត្រា ២៥៣ ពាក់ព័ន្ធបទបង្ខាំងមនុស្សត្រូវជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ ខណៈមាត្រា ២៨៩ ពាក់ព័ន្ធសញ្ចារកម្មក៏ត្រូវជាប់ពន្ធនាគារពី៧ទៅ ១០ ឆ្នាំដែរ ប្រសិនបើតុលាការរកឃើញដូចបទចោទមែននោះ។
លោក អ៊ុក ផាត នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ព្រៃវែង ប្រាប់ផងដែរថា៖ «ជនសង្ស័យក្រោយពីសាកសួរ សមត្ថកិច្ចខ្ញុំបានចាប់បញ្ជូនទៅតុលាការហើយ ហើយត្រូវតុលាការចោទនិងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររួចហើយ»។
ពាក់ព័ន្ធនឹងការឃាត់ខ្លួននេះ បើតាមលោក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែកបានរំឭកថា មុនឃាត់ខ្លួនជនសង្ស័យគឺនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៨ នារីរងគ្រោះដែលមានស្រុកកំណើតនៅស្រុក កំពង់ត្របែក ដែរនោះ បានមកដាក់ពាក្យបណ្តឹង ហើយនៅថ្ងៃទី ១០ ខែឧសភា ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ ហើយក៏បានឃាត់ខ្លួនជនសង្ស័យនៅក្នុងស្រុកកំពង់ត្របែកដដែល។
តាមកំណត់ហេតុនគរបាលបង្ហាញថា ជនសង្ស័យឈ្មោះ ឌឹម មករា អាយុ ៣៣ ឆ្នាំ ជាមន្រ្តីនគរបាលឋានៈអនុសេនីយ៍ទោ (ស័ក្ដិ ២) មានតួនាទីជានាយរងការិយាល័យពន្លត់អគ្គិភ័យខេត្តជាកូនបង្កើតលោក ឌឹម យ៉ារ៉ុម ស្នងការរងខេត្ត ព្រៃវែង។
កំណត់ហេតុបានបង្ហាញបន្តថា នារីរងគ្រោះ វ.ស.ហ អាយុ ១៥ ឆ្នាំ រស់នៅភូមិរោង ឃុំចាម ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង ត្រូវបានជនសង្ស័យចាប់រំលោភ និងបង្ខាំង នាងទុកអស់រយៈពេលជាង ៤ ខែ ហើយជនសង្ស័យក៏មានគម្រោងលក់នាងបន្តទៅឲ្យបុរសផ្សេងទៀតផងដែរ។ ប៉ុន្តែនៅមុនថ្ងៃឃាត់ខ្លួន ជនសង្ស័យមិនបាននៅផ្ទះ ហើយឆ្លៀតពេលនោះ នារីរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចតែម្តងទៅ៕