ភ្នំពេញៈ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រកាស​ឲ្យ​ពលករ​ពលការិនី​កម្ពុជា​ដែល​ធ្លាប់បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ប្រមាណ ១ ៦១៥ ​នាក់ ​ទៅ​ដាក់ពាក្យ​ស្នើសុំ​ដក​ប្រាក់​ធានារ៉ាប់រង​ដែល​រដ្ឋាភិបាល​កូរ៉េ បាន​កាត់​ទុក​ក្នុង​អំឡុង​ពេលដែល​ពួកគេ​ទៅ​បំពេញ​ការងារ​នៅ​ប្រទេស​នេះ​។

តាម​សេចក្តី​ប្រកាស​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ​កាលពី​ដើម​ខែ​មិថុនា​បាន​ជូនដំណឹង​ដល់​ពលករ-ពលការិនី ដែល​ធ្លាប់បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ហើយ​មិនទាន់​បាន​ដាក់ពាក្យ​ស្នើសុំ​ដក​ប្រាក់​ធានារ៉ាប់រង​ឲ្យ​មក​បំពេញ​ពាក្យ​នៅ​មជ្ឈមណ្ឌល​រៀងរាល់​ម៉ោង​ធ្វើការ​។

សេចក្តី​ប្រកាស​ដដែល​បន្ត​ថា​៖ «​សូម​បងប្អូន​ពលករ-ពលការិនី​ធ្វើការ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​មើល​ឈ្មោះ​នៅក្នុង​បញ្ជី​ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​ដក​ប្រាក់​ធានារ៉ាប់រង​របស់​បងប្អូន​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​លិខិត​ឆ្លងដែន​រូបថត​មួយ​សន្លឹក និង​សៀវភៅ​ធនាគារ​របស់​បងប្អូន​ផ្ទាល់ខ្លួន​។ ប្រសិន​បើ​គ្មាន​ឈ្មោះ​នៅក្នុង​បញ្ជី​នេះ​ទេ សូម​បងប្អូន​ពលករ-ពលការិនី​ធ្វើការ​ទំនាក់ទំនង​មកកាន់​មជ្ឈមណ្ឌល​របស់​យើងខ្ញុំ​នោះ​យើង​ខ្ញុំ​នឹង​ធ្វើការ​ពិនិត្យ​ឈ្មោះ​ជូន​បងប្អូន​»​។

លោក ប៉ិច ស៊ីប៉ាវ បុគ្គលិក​ផ្នែក​ធានារ៉ាប់រង​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ប្រាក់​ទាំង​នេះ​គឺជា​ប្រាក់​ដែល​រដ្ឋាភិបាល​កូរ៉េ​បាន​កាត់​ទុក​ក្នុង​អំឡុង​ពេល​ដែល​ពលករ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ហើយ​ចំនួន​ទឹកប្រាក់ គឺ​អាស្រ័យ​ទៅ​តាម​ពេលវេលា​ធ្វើ​ការងារ​របស់​កម្មករ​នីមួយៗ​។

លោក​បន្ថែមថា​៖ «​ប្រាក់​ទាំងនេះ គេ​កាត់​ទុក​នៅពេល​គាត់​មាន​បញ្ហា​អ្វី​ទៅហើយ​អត់​មាន​លុយ​ទិញ​សំបុត្រ​យន្តហោះ​ត្រឡប់​មកវិញ​គឺ​យើង​យកលុយ​នេះ​មក​វិញ​មកប្រើប្រាស់ ហើយ​មួយទៀត​គឺ​ប្រាក់​ដែល​ថៅកែ​បង់​ឲ្យ​គាត់​ប្រចាំខែ ឬ​ប្រាក់​បំណាច់​ប្រចាំឆ្នាំ​ដែល​បាន​ធ្វើការ​នៅ​ទៅនោះ​។ ប្រាក់​នេះ​ពលករ​អាច​មក​ទទួល​បាន​ទាំងអស់​គ្នា មិន​ថា គាត់​រស់នៅ​ខុស​ច្បាប់ មិន​ខុសច្បាប់​អី​ទេ គឺ​គេ​ទុក​ឲ្យ​គាត់​រហូត​»​។

លោក ស៊ីប៉ាវ ឲ្យ​ដឹងថា ​គិត​ត្រឹម​ដើមខែ​មិថុនា ឆ្នាំ ២០២០ នេះ​មាន​ពលករ​ចំនួន ១ ៦១៥ នាក់ ​មាន​ឈ្មោះ​ក្នុង​បញ្ជី ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ដក​ប្រាក់​ធានារ៉ាប់រង​ក្នុង​នោះ​មាន​ពលករ​ប្រមាណ​ពី​ ១០ ​ទៅ ១៥ ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​មក​បំពេញ​ពាក្យ​ដក​ប្រាក់​រួចរាល់ ខណៈ​នៅ​មាន​ពលករ​ខ្មែរ​ជាច្រើន​ទៀត​ដែល​មិនទាន់​បានមក​ទទួល​ប្រាក់​ទាំងនេះ​។

លោក​បន្ថែម​ថា​ការប្រកាស​ឲ្យ​ពលករ​ដែល​ធ្លាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​មក​ដក​ប្រាក់​ធានារ៉ាប់រង​នេះ គឺ​តែងតែ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​នៅតែ​មាន​ពលករ​មួយ​ចំនួន​មិនបាន​ដឹង​ពី​ព័ត៌មាន​នេះ​។ ដូច្នេះ​លោក​រំពឹងថា បងប្អូន​ពលករ​កម្ពុជា​ដែល​បានដឹង​ព័ត៌មាន​នេះ​បន្ត​ជួយ​ផ្សព្វផ្សាយ និង​រួសរាន់​មក​បំពេញ​ពាក្យ ដើម្បី​ទទួល​ប្រាក់​ទាំងនេះ​គ្រប់ៗ​គ្នា​។

លោក​បន្តថា​៖ «​ការមក​ដកប្រាក់​នេះ​គឺ​មាន​ភាពយឺតយ៉ាវ​បន្តិច ព្រោះ​អី​មាន​ពលករ​យើង​ខ្លះ​គាត់​អត់​ដឹង​ទេ​។ យើង​សំណូមពរ​ឲ្យ​ពួកគាត់ ដែល​ធ្លាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ឲ្យ​គាត់​មក​​ពិនិត្យ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ដោយ​គ្រាន់តែ​ផ្ញើលិខិត​ឆ្លងដែន​​មក​ក្នុង​ផេច​ក៏បាន ហើយ​បើ​មាន​សល់​លុយ​ដែល​មិនទាន់​បាន​ដក​គឺ​យើង​ប្រាប់​ត្រឡប់​ទៅវិញ​»​។

លោក នាង តុងអ៊ីម អតីត​ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​កាលពី​ឆ្នាំ​ ២០១៧ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ពុធ​ថា​លោក​បាន​ខកខាន​ដក​ប្រាក់​រយៈពេល ២ ​ឆ្នាំ​មក​ហើយ បន្ទាប់ពី​បាន​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ​។ លោក​បន្តថា ដំបូង​ឡើយ​លោក​ស្មានតែ​មិនអាច​ទទួល​បាន​លុយ​នេះ​ត្រឡប់​មកវិញ​នោះទេ ព្រោះ​ខកខាន​រយៈពេល​យូរណាស់​មកហើយ​។

លោក​បញ្ជាក់ថា​៖ «​ដំបូង​ខ្ញុំ​ដឹង​ដែរ ថា​គេ​មាន​កាត់លុយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​នឹកស្មាន​ថា កន្លងមក​ជាង ២ ​ឆ្នាំ​ហើយ​ខ្ញុំ​នៅតែ​អាច​បើក​លុយ​នេះ​បាន​មកវិញ​។ ខ្ញុំ​មិន​សង្ឃឹមថា​នឹង​បាន​លុយ​នេះ​មក​ផង​។ ក្នុង​ពេលនេះ​ប្រាក់​នេះ​ពិតជា​បាន​ជួយ​ខ្ញុំ និង​គ្រួសារ​បាន​ច្រើន ដោយ​បាន​ជួយ​ដោះស្រាយ​ជីវភាព​មួយ​រយៈពេល​ខ្លី និង​អាច​សល់​លុយ​ខ្លះ​យក​ទៅ​ប្រកបមុខរបរ​តូចៗ​បាន​»៕