ភ្នំពេញៈ រដ្ឋាភិបាល​សម្រេច​កែ​សម្រួល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពី​មាត្រា​ ៦ ដល់​មាត្រា​ ១៥ នៃ​ជំពូក​ទី​ ៣ អំពើ​ល្មើស​ និង​ចំនួន​ទឹកប្រាក់​ត្រូវ​ពិន័យ​អន្តរការណ៍​នៃ​អនុក្រឹត្យ​លេខ​ ៤៤ ចុះ​ថ្ងៃទី​ ២១ មីនា ឆ្នាំ​ ២០១៧ ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​ការកែ​នេះ​មាន​ការពិន័យ​ច្រើនជាង​មុន​ប្រហែល​ ២-៣ ​ដង​។

អនុក្រឹត្យ​ចេញ​ថ្ងៃទី​ ១៧ មីនា ២០២០ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គឺ មាត្រា​ ៦ ​ថ្មី​នៃ​អនុក្រឹត្យ​នេះ​ការពិន័យ​លើ​បទល្មើស​ចរាចរណ៍​ត្រូវ​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នក​បើកបរ​ទោចក្រយានយន្ត​ ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក​ ឬ​ត្រី​ចក្រយានយន្ត​ ឬ​ម៉ូតូ​កង់​ ៤ ​ត្រូវ​ពិន័យ​ទឹកប្រាក់​ចំនួន​ ៦០ ០០០ ​រៀល​ ចំពោះ​អ្នកបើកបរ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ដូចជា​អ្នក​បើកបរ​ និង​អ្នករួមដំណើរ​ព្រមទាំង​កុមារ​ដែលមាន​អាយុ​ ៣ ​ឆ្នាំ​ ឡើង​ទៅ​មិន​ពាក់មួក​សុវត្ថិភាព​ ឬ​ពាក់មួក​សុវត្ថិភាព​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​ជាតិ ឬ​ពាក់មួក​សុវត្ថិភាព​ដោយ​មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព​។ ការពិន័យ​អន្តរការណ៍​ករណី​ល្មើស​ត្រូវ​គិត​តាម​ចំនួន​ជន​ប្រព្រឹត្តល្មើស​លើកលែង​តែ​ត្រីចក្រយានយន្ត ដែល​មាន​ដំបូល​រឹងមាំ​បិទ​ជិត​។

អ្នកបើកបរ​ទោចក្រយានយន្ត​មាន​ទំហំ​ស៊ីឡាំង​លើស​ពី​ ១២៥ ​សង់ទីម៉ែត្រ​គុប ឬ​មាន​ថាមពល​អគ្គិសនី​លើសពី​ ១១ ​គីឡូវ៉ាត់ ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត ឬ​ម៉ូតូ​កង់​ ៤ ដែល​មិន​បាន​យក​ភ្ជាប់​តាម​ខ្លួន​នូវ​ឯកសារ​ដើម​នៃ​បណ្ណ​បើកបរ​យានយន្ត​។ ឈប់​ ឬ​ចត​ល្មើស​នឹង​មាត្រា​ ២៣ ​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ បើកបរ​ដោយ​កុងទ័រ​ល្បឿន​មិន​ដំណើរការ​។ បើកបរ​ដឹក​អ្នកដំណើរ​លើស​ចំណុះ​ល្មើស​នឹង​ចំណុច​ទី​ ៨ នៃ​មាត្រា​ ៨ ​ថ្មី​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​លើកលែង​ករណី​ដឹក​អ្នកជំងឺ​។ បើកបរ​មិន​គោរព​សញ្ញា​បញ្ជា​ចរាចរណ៍​របស់​មន្ត្រីនគរបាល​ចរាចរណ៍ និង​បើកបរ​ដោយ​គ្មាន​កញ្ចក់​មើល​ក្រោយ​។ រីឯ​មាត្រា​ ៦ ​ចាស់​វិញ​ត្រូវ​ពិន័យ​ត្រឹមតែ​ ១៥- ០០០ ​រៀល​ប៉ុណ្ណោះ​ចំពោះ​អំពើ​ល្មើស​ដូច​គ្នា​នេះ​។

ចំពោះ​អំពើ​ល្មើស​ផ្សេងៗ​មាត្រា​ ៦ ​ថ្មី​ត្រូវ​ពិន័យ​ចំពោះ​អ្នកប្រព្រឹត្ត​អំពើ​ល្មើស​ចរាចរណ៍​នូវ​ទឹកប្រាក់​ ៨០ ០០០ ​រៀល ១០០ ០០០ ​រៀល ១២០ ០០០ ​រៀល ១៥០ ០០០ ​រៀល​។ ចុងក្រោយ ២៥០ ០០០ ​រៀល​ចំពោះ​អ្នកបើកបរ​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ដែលមាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី​ ០,២៥ ​ទៅ​ ០,៣៩ ​មីលីក្រាម​ក្នុង​ ១ ​លីត្រ​ខ្យល់​ ឬ​ចាប់ពី ០,៥ ទៅ​ ០,៧៩ ​ក្រាម​ក្នុង​ ១ ​លីត្រ​ឈាម​។ ក្នុងករណីនេះ​ត្រូវ​បញ្ឈប់​មិន​ឲ្យ​បើកបរ​បន្តដំណើរ​ទៅ​មុខ​ទៀត​។

មាត្រា​ ៧ ​ថ្មី​ចែងថា​ត្រូវ​ពិន័យ​អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ទឹកប្រាក់​ ៧៥ ០០០ ​រៀល និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ទឹកប្រាក់​ ១៥០ ០០០ ​រៀល ចំពោះ​អំពើ​ល្មើស​បើកបរ​មិនបាន​យក​ភ្ជាប់​តាម​ខ្លួន​នូវ​ឯកសារ​ដើម​រួមមាន បណ្ណ​បើកបរ​យានយន្ត និង​លិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​។ បើកបរ​ដោយ​មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​។ ឈប់ ឬ​ចត​ល្មើស​នឹង​មាត្រា​ ២៣ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ បើកបរ​ដោយ​កុងទ័រ​ល្បឿន​មិន​ដំណើរការ​។ បើកបរ​ដឹក​អ្នកដំណើរ​លើស​ចំណុះ​ល្មើស​នឹង​ចំណុច​ទី​ ៨ មាត្រា​ ៨ ​ថ្មី និង​ចំណុច​ទី​ ៦ នៃ​មាត្រា​ ៦៦ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ អ្នកបើកបរ​យានយន្ត​ធុនធ្ងន់​យានយន្តុបករណ៍ យានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​សឺមីរ៉ឺម៉ក​បិទ​ស្លាក​សញ្ញា​ចាំង​ពន្លឺ​ខុសបទដ្ឋាន​កំណត់ ឬ​មិនមាន​បិទ​ស្លាក​សញ្ញា​ចាំង​ពន្លឺ​។

មាត្រា​ ៧ ​ថ្មី​ដដែល​ក៏​បាន​ចែងថា ត្រូវ​ពិន័យ​អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ទឹកប្រាក់​ ១២០ ០០០ ​រៀល និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ទឹកប្រាក់​ ២២៥ ០០០ ​រៀល​ ចំពោះ​អំពើ​ល្មើស​បើកបរ​ប្រើ​ទូរស័ព្ទ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​។ បើកបរ​ប្រើ​សញ្ញា​សូរស័ព្ទ​មិន​ត្រឹមត្រូវ​តាម​បញ្ញត្តិច្បាប់​។ បើកបរ​ដោយ​ដាក់​តាំង​ភ្លើង​សញ្ញា​នៃ​យាន​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។ មាត្រា​ ៧ ​ថ្មី​ចែង​ទៀតថា ត្រូវ​ពិន័យ​អ្នក​បើកបរ​យានយន្ត​ធុន​ស្រាល​ទឹកប្រាក់​ ១៥០ ០០០ ​រៀល និង​បើកបរ​យានយន្ត​ធុន​ធ្ងន់​ទឹកប្រាក់​ ៣០០ ០០០ ​រៀល ​ចំពោះ​អំពើ​ល្មើស​បើកបរ​បង្ហោះ រេ​ចុះ​រេ​ឡើង ឆាប​ ឬ​កៀរ​។ បើកបរ​បញ្ចេញ​សំឡេង​ម៉ាស៊ីន​ខ្លាំង ឬ​ផ្សែង​ច្រើន​ខុសពី​បទដ្ឋាន​បច្ចេកទេស​។ បើកបរ​យានយន្ត​ផ្ទាល់​ខ្លួន​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម ឬ​ប្រើ​លិខិត​ធ្វើ​អាជីវកម្ម​ហួស​សុពលភាព​។ បើកបរ​មិន​គោរព​លក្ខខណ្ឌ​សុខភាព​ដែល​តម្រូវ​ឲ្យ​ពាក់​វ៉ែនតា​បើកបរ​ខុស​ទិស​ចរាចរណ៍​ ឬ​បើកបរ​ជាន់​គំនូស​បង្ហូត​កណ្តាល​ទ្រូងផ្លូវ​។

រីឯ​អំពើ​ល្មើស​បើកបរ​ដោយ​គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន ឬ​ប្រើ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​ហួស​សុពលភាព ប្តូរ​ពណ៌​យានយន្ត​ដោយ​គ្មាន​ការអនុញ្ញាត ឬ​បិទ​ពណ៌​មិន​ត្រឹមត្រូវ​តាម​បណ្ណ​សម្គាល់​ត្រូវ​ពិន័យ​អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ទឹកប្រាក់​ ១៨០ ០០០ ​រៀល និង​អ្នកបើកបរ​យានយន្ត​ធុនធ្ងន់​ទឹកប្រាក់​ចំនួន​ ៣៧៥ ០០០ ​រៀល​។

​ប្រើប្រាស់​បណ្ណ​បើកបរ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យាន​ប្រើ​បណ្ណ​បើកបរ​យានយន្ត​ហួស​សុពលភាព​ប្រើប្រាស់​ស្លាក​លេខ​សម្គាល់​យាន​ដែល​រចនា​ខុសពី​លក្ខណៈ​ដើម​ ឬ​រលុប​លេខ​ ឬ​បាក់​ស្លាក​បាត់​លេខ​ ឬ​ដាក់​សម្ភារ​ផ្សេងៗ​បាំង​ស្លាក​លេខ​។ បើកបរ​លើស​ល្បឿន​កំណត់​ចាប់ពី​ ៣០ ​ទៅ​ ៣៩ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​ក៏​ត្រូវ​ពិន័យ​តាម​ចំនួន​កំណត់​ខាងលើ និង​តាម​ប្រភេទ​យានយន្ត​។

អ្នកបើកបរ​យានយន្ត​ធុន​ស្រាល និង​ធុនធ្ងន់​ក៏ត្រូវ​ពិន័យ​ទឹកប្រាក់​ ៣០០ ០០០ ​រៀល និង​ទឹកប្រាក់​ ៦២៥ ០០០ ​រៀល​ ចំពោះ​អំពើ​ល្មើស​បើកបរ​យានយន្ត​ដែល​កែច្នៃ​ដំឡើង​ខុស​បទដ្ឋាន​បច្ចេកទេស​។ បើកបរ​ប្រណាំង​គ្នា​ដោយ​គ្មាន​ការអនុញ្ញាត​លើផ្លូវ​សម្រាប់​ធ្វើ​ចរាចរណ៍​ជា​សាធារណៈ​។ បើកបរ​លើស​ល្បឿន​កំណត់​ចាប់ពី​ ៤០ ​គីឡូម៉ែត្រ​ក្នុង ​១ ​ម៉ោង​ឡើងទៅ​។

បើ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ដែល​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី​ ០,២៥ ​ទៅ​ ០,៣៩ ​មីលីក្រាម​ក្នុង​ ១ ​លីត្រ​ខ្យល់​ ឬ​ចាប់ពី​ ០,៥ ​ទៅ​ ០,៧៩ ​ក្រាម​ក្នុង​ ១ ​លីត្រឈាម​ត្រូវ​ពិន័យ​អន្តរការណ៍​ទឹកប្រាក់​ ៤០០ ០០០ ​រៀល​សម្រាប់​យានយន្ត​ធុន​ស្រាល និង​ទឹកប្រាក់​ ៨០០ ០០០ ​រៀល​ សម្រាប់​យានយន្ត​ធុន​ធ្ងន់​។ ករណី​នេះ​ត្រូវ​បញ្ឈប់​មិន​ឲ្យ​បន្តដំណើរ​ទៅមុខទៀត​។

ដោយឡែក​មាត្រា​ ៧ ​ចាស់​ត្រូវ​ពិន័យ​អ្នកបើកបរ​យានយន្ត​ធុនស្រាល​ទឹកប្រាក់​ ៤០ ០០០ ​រៀល និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ទឹកប្រាក់​ ៧៥ ០០០ ​រៀល​ចំពោះ​អំពើ​ប្រហាក់ប្រហែល​គ្នា​នេះ​។

មាត្រា​ ៨ ​ថ្មី​ចែង​ថា ត្រូវ​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នកបើកបរ​យានយន្ត​ដោយ​គ្មាន​បណ្ណ​បើកបរ​ ឬ​ក្នុង​រយៈពេល​ដែល​បណ្ណ​បើកបរ​ត្រូវបាន​ដកហូត​ព្យួរទុក​ ឬ​ទុកជា​មោឃៈ​ដោយ​ពិន័យ​ទឹកប្រាក់​ ១ ២០០ ០០០ ​រៀល​សម្រាប់​យានយន្ត​ធុន​ស្រាល​។ ​សម្រាប់​យានយន្ត​ធុន​ធ្ងន់​ត្រូវ​ពិន័យ​ទឹកប្រាក់​ ២ ៤០០ ០០០ ​រៀល​។ ក្នុងករណី​ដែល​ជនល្មើស​ធ្លាប់​ទទួល​រង​នូវ​ការពិន័យ​អន្តរការណ៍​ម្តង​រួចហើយ តែ​នៅ​បន្ត​ប្រព្រឹត្ត​បទល្មើស​នេះ​ទៀត​ក្នុង​រយៈពេល​ ៦ ​ខែ​ចាប់​គិតពី​ការពិន័យ​អន្តរការណ៍​លើក​មុន​ត្រូវ​ផ្តនា្ទទោស​តាមច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ មន្ត្រីនគរបាល​ចរាចរណ៍​ត្រូវបញ្ជូន​កំណត់ហេតុ​ទៅ​តុលាការ​។

ឯ​មាត្រា​ ៩ ​ថ្មី​ត្រូវ​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នកបើកបរ​យានយន្ត​ដោយ​គ្មាន​បណ្ណ​សម្គាល់​យានជំនិះ ឬ​គ្មាន​ផ្លាកលេខ​នូវ​ទឹកប្រាក់​ ១ ២០០ ០០០ ​រៀល ​សម្រាប់​យានយន្ត​ធុន​ស្រាល​។ ទឹកប្រាក់​ ២ ៤០០ ០០០ ​រៀល​ សម្រាប់​យានយន្ត​ធុនធ្ងន់​។ ចំណុច​ចុងក្រោយ​នៃ​មាត្រា​នេះ​មាន​ការ​ផ្តន្ទាទោស​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ដូច​មាត្រា​ ៨ ​ថ្មី​ដែរ​។ មាត្រា​ ១០ ​ថ្មី​ត្រូវ​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នកបើកបរ​យានយន្ត​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ដែល​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី​ ០,៤០ ​មីលីក្រាម​ក្នុង​ ១ ​លីត្រ​ខ្យល់​ ឬ​ចាប់ពី​ ០,៨០ ​ក្រាម​ក្នុង​ ១ ​លីត្រ​ឈាម​ឡើងទៅ ដោយ​ត្រូវ​ពិន័យ​ទឹកប្រាក់​ ១ ០០០ ០០០ ​រៀល​ សម្រាប់ទោ​ចក្រយានយន្ត​ ឬ​ទោចក្រយានយន្ត​សណ្តោង រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​ ឬ​ម៉ូតូ​កង់​៤​។ ទឹកប្រាក់​ ២ ០០០ ០០០ ​រៀល​ សម្រាប់​យានយន្ត​ធុន​ស្រាល​។ ទឹកប្រាក់​ ៤ ០០០ ០០០ ​រៀល​ សម្រាប់​យានយន្ត​ធុន​ធ្ងន់​។ ​ចុងក្រោយ​នៃ​មាត្រា​នេះ​ក៏ត្រូវ​ផ្តន្តាទោស​ដូច​មាត្រា​ ៨ និង​ ៩ ​ដែរ ក្នុងករណី​ជនល្មើស​ធ្លាប់​ទទួល​ការពិន័យ​ហើយ​នៅតែ​ប្រព្រឹត្ត​។

មាត្រា​ ១១ ​ថ្មី​ចែងថា ម្ចាស់​ហាង​លក់​យានយន្ត​គ្រប់​ប្រភេទ​ដែល​មិនបាន​បំពេញបែបបទ​ចុះបញ្ជី​យានយន្ត​សុំ​បណ្ណ​សម្គាល់​យានយន្ត និង​សុំ​ស្លាក​លេខ​សម្គាល់​យានយន្ត​ឲ្យ​ចាន​ចប់សព្វគ្រប់​មុន​ប្រគល់​ឲ្យ​អ្នកទិញ​ត្រូវ​ទទួលរង​ពិន័យ​ទឹកប្រាក់​ ១២០ ០០០ ​រៀល​ សម្រាប់​ទោចក្រយាន​យន្ត​ ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក​ ឬ​ត្រីចក្រយានយន្ត​ ឬ​ម៉ូតូ​កង់​ ៤​។ ​ទឹកប្រាក់​ ១ ២០០ ០០០ ​រៀល​ សម្រាប់​យានយន្ត​ធុន​ស្រាល និង​ទឹកប្រាក់​ ២ ៤០០ ០០០ ​រៀល​សម្រាប់​យានយន្ត​ធុន​ធ្ងន់​។

ចំណែក​មាត្រា​ ១២ ​ថ្មី​ចែងថា ជន​ណា​ដែល​ស្ថិតក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន​មិន​អនុញ្ញាត​ឲ្យ​បើកបរ​យានយន្ត​ឡើយ​។ អ្នកបើកបរ​យានយន្ត​ស្ថិតក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿងញៀន​។ មាត្រា​ ១៣ ​ថ្មី​វិញ​ចែងថា ឪពុកម្តាយ ឬ​អាណាព្យាបាល​ត្រូវ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​អនុក្រឹត្យ​នេះ​ដែល​ប្រព្រឹត្ត​ដោយ​អនីតិជន​មាន​អាយុ​ចាប់ពី​ ១៥ ​ដល់​ក្រោម​ ១៨ ​ឆ្នាំ​។

តាម​មាត្រា​ ១៤ ​ថ្មី​ជន​ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​មាត្រា​ ៦ ​ថ្មី​មាត្រា​ ៧ ​ថ្មី មាត្រា​ ៨ ​ថ្មី មាត្រា​ ៩ ​ថ្មី និង​មាត្រា​ ១០ ​ថ្មី​ត្រូវ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ក្នុង​រយៈពេល​ ១៥ ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​គិតពី​ថ្ងៃ​ដែល​បានទទួល​បង្កាន់ដៃ​បង់ប្រាក់​ពិន័យ​។ ក្នុងករណី​មិន​បង់ប្រាក់​ពិន័យ​អន្តរការណ៍​លើស​រយៈពេល​ ១៥ ​ថ្ងៃ​ នៃ​ថ្ងៃ​ធ្វើការ​គិតពី​ថ្ងៃ​ដែល​បាន​ទទួល​បង្កាន់ដៃ​បង់ប្រាក់​ចំនួន​ទឹកប្រាក់​ពិន័យ​នេះ​ត្រូវ​ដំឡើង​ជា​ ២ ​ដង​។ ក្នុងករណី​មិនបាន​បង់ប្រាក់​ពិន័យ​លើស​រយៈពេល​ ៣០ ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ចំនួន​ទឹកប្រាក់​ពិន័យ​ត្រូវ​ដំឡើង​ជា​ ៣ ​ដង​។ ក្នុងករណី​មិនបាន​បង់ប្រាក់​ពិន័យ​អន្តរការណ៍​លើស​រយៈពេល​ ៦០ ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​មន្ត្រី​មាន​សមត្ថកិច្ច​ត្រូវ​រៀបចំ​កំណត់​ហេតុ​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​។

ឯ​មាត្រា​ ១៥ ​ថ្មី​ចែងថា​បុគ្គល​ដែល​មិន​សុខ​ចិត្តនឹង​សេចក្តី​សម្រេច​របស់​សមត្ថកិច្ច​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៤ ​នៃ​អនុក្រឹត្យ​លេខ​ ៤៤ ​នេះ​មាន​សិទ្ធិ​ប្តឹងតវ៉ា​រយៈពេល​ ១៥ ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​យ៉ាងយូរ​គិតពី​ថ្ងៃ​ទទួល​បង្កាន់ដៃ​ពិន័យ​ទៅ​ប្រធាន​អង្គភាព ដែល​គ្រប់គ្រង​លើ​មន្ត្រី​អនុវត្ត​ផ្ទាល់​។ នៅ​ថ្នាក់ក្រុង ស្រុក ខណ្ឌ​ត្រូវ​ប្តឹងទៅ​អធិការ​នគរបាល​ក្រុង ស្រុក ខណ្ឌ នៅ​រាជធានី-ខេត្ត ត្រូវ​ប្តឹងទៅ​ស្នងការ​នគរបាល​រាជធានី-ខេត្ត​។ នៅ​ថ្នាក់​ក្រសួង​ត្រូវ​ប្តឹងទៅ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ​។ បុគ្គល​ដែល​មិន​សុខ​ចិត្តនឹង​ការសម្រេច​របស់​ប្រធាន​អង្គភាព​ខាងលើ​មាន​សិទ្ធិ​ប្តឹងទៅ​តុលាការ​។

លោក​ គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ (AIP) ​គាំទ្រ​ចំពោះ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​លើ​ការកែ​សម្រួល​មាត្រា​មួយចំនួន​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ប៉ុន្ដែ​លោក​ស្នើឱ្យ​មានការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​មុនពេល​អនុវត្ដ​អនុក្រឹត្យ​នេះ​ក្នុង​រយៈពេល​ ១-២ ​ខែ​ទៅដល់​ប្រជាពលរដ្ឋ​។

លោក​បាន​ថ្លែងថា​៖ «​ពលរដ្ឋ​អាច​ជ្រួតជ្រាប​អំពី​ការកែសម្រួល​នេះ ព្រោះ​ឥឡូវនេះ​យើង​ឃើញ​ហើយ ដោយសារ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​កូវីដ​ ១៩ ​នេះ​។ ដូច្នេះ​ព័ត៌មាន​ដែល​ពួកគាត់​ទទួល​បាន​អាច​ផ្ដោតទៅលើ​បញ្ហា​កូវីដ​ ១៩ ​នេះ​ខ្លាំង​ជាង​។ ពួកគាត់​មិន​សូវ​ទទួល​បាន​ព័ត៌មាន​លើ​ការកែសម្រួល​អនុក្រឹត្យ​នៃ​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​នេះ​ទេ​»៕