ខេត្តកែបៈ នៅលើកោះទន្សាយ ដែលជាកោះឆ្នេរភាគនិរតីនៃខេត្តកែប កាលពីរសៀលថ្ងៃអង្គារ អ្នកស្រី សឹង ពៅ បានប្រមូលផលដំណាំ ដែលមានចម្ងាយប្រមាណបួនដប់ម៉ែត្រពីផ្ទះរបស់អ្នកស្រី ដែលត្រូវបានគេរុះរើ។ កើតនិងធំដឹងក្តីនៅលើកោះទន្សាយ នៃខេត្តកែបនេះ អ្នកស្រី ពៅ អាយុ ៥៣ឆ្នាំ បានថ្លែងថា កម្មករដែលជួលដោយក្រុមហ៊ុនអភិវឌ្ឍន៍មួយ បានមកឈូសផ្ទះរបស់អ្នកស្រីកាលខែមុន។
បើទោះបីអ្នកស្រី ពៅ បានរើទៅកន្លែងថ្មីបណ្តោះអាសន្ន ដែលដើរប្រមាណ ៣០នាទី ពីផ្ទះចាស់ប៉ុន្តែអ្នកស្រី មិនត្រូវបានគេអនុញ្ញាតឲ្យទៅប្រមូលផលដំណាំរបស់ខ្លួនឡើយ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំមិនដឹងថា តើត្រូវចាប់ផ្តើមអ្វីថ្មីយ៉ាងដូចម្តេចនៅកន្លែងថ្មី និងការងារថ្មីនោះទេ ប៉ុន្តែខ្ញុំមិនមានសិទ្ធិសម្រេចអ្វីទេ ចាប់តាំងពីពួកគេ មកអភិវឌ្ឍន៍នៅក្នុងកន្លែងរបស់យើង»។ អ្នកស្រីបន្ថែមថា អ្នកស្រីមិនមានប័ណ្ណកម្មសិទ្ធិដីធ្លីទេបើទោះបីជាអ្នកស្រីបានរស់នៅលើកោះនេះអស់រយៈពេលស្ទើរមួយជីវិតមកហើយក្តី។
ខណៈឆ្នេរនេះមានលក្ខណៈស្រស់ស្អាត តាមបែបធម្មជាតិពិតៗនិងតម្លៃជួលកន្លែងស្នាក់នៅមានតម្លៃថោក កោះទន្សាយ តាំងពីយូរមកហើយជាទិសដៅមានប្រជាប្រិយភាពមួយសម្រាប់អ្នកទេសចរជាតិនិងអន្តរជាតិ។ ប៉ុន្តែការឈូសឆាយអភិវឌ្ឍនៅលើកោះនេះបានធ្វើឲ្យមានការព្រួយបារម្ភថា ភាពស្អាតបែបធម្មជាតិនៃកោះនេះនឹងប្រហែលជាបាត់បង់នាពេលខាងមុខឆាប់ៗនេះ។ ផ្លូវមួយភាគខាងត្បូងនៃកោះនេះ ឥឡូវនេះបានក្លាយជាផ្លូវបណ្តោះអាសន្ន ខណៈដែលគ្រឿងចក្រធំៗ ដែលមានប្រវែងមិនដល់ ១០០ ម៉ែត្រពីបាំងហ្គាឡូដែលភ្ញៀវទេសចរស្នាក់នៅកំពុងធ្វើសកម្មភាពរបស់ខ្លួន។ កាលពីសប្តាហ៍មុនមនុស្សប្រុសប្រាំមួយប្រាំពីរនាក់បានកាប់និងដុតដើមឈើកាន់តែច្រើនឡើង។
លោក ណាំ យ៉ាន ជាកម្មករម្នាក់អាយុ ៦០ឆ្នាំ មកពី ខេត្តកំពត បានថ្លែងថា៖ «ការងាររបស់ខ្ញុំគឺមកសម្អាតនិងដុតកោះ»។ ការបំផ្លាញកាន់តែច្រើនឡើងត្រូវបានគេឃើញកាន់តែច្បាស់ថែមទៀត តាមរយៈគ្រឿងចក្រធំៗកំពុងធ្វើសកម្មភាពនៅលើកោះនេះ។
លោក ទេព យុទ្ធី អភិបាលរងខេត្តកែប បានថ្លែងថា ផ្នែកខ្លះនៃកោះនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Paul Chan Group និង Lim Sina Investment។ ក្រុមហ៊ុនទីមួយមានកម្មសិទ្ធិលើដីទំហំ ៩៥,៥៩ ហិកតានិងក្រុមហ៊ុនទីពីរ ៥១,២១ ហិកតា។ ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងពីរគ្រោងសាងសង់រមណីយដ្ឋាន ប៉ុន្តែលោកមិនដឹងច្បាស់ទេ។ លោកបន្តថា ផ្ទៃដីដែលនៅសេសសល់នៃកោះដែលមានទំហំ ៦០០ ហិកតានេះ នៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ។
លោក យុទ្ធី បន្តថា ពលរដ្ឋចំនួន ១០ គ្រួសារដែលជាអ្នកនេសាទនិងដាំដំណាំលើកោះនេះបានទទួលសំណងរួចហើយ ខណៈពលរដ្ឋ ៥ គ្រួសារទៀតនៅកំពុងចរចា។ លោកបន្តថា សំណងត្រូវបានផ្តល់ឲ្យដោយក្រុមហ៊ុនទាំងពីរ ក្រោមការមើលខុសត្រូវពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
លោក យុទ្ធី បញ្ជាក់ថា៖ «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្កើតគណៈកម្មាធិការអភិវឌ្ឍន៍មួយដើម្បីសិក្សានិងប្រមូលទិន្នន័យចរចាជាមួយប្រជាជន»។ លោកបន្តថា ប្រជាជនខ្លះ ទទួលបានសំណងរហូតដល់ ៤ ម៉ឺនដុល្លារ។ កត្តាផ្សេងៗ ដូចជាទំហំផ្ទះ រយៈពេលនៃការរស់នៅ ចំនួនដើមឈើដែលមានផ្លែនៅលើដីប្រជាជនទាំងនោះកំពុងប្រើដើម្បីកំណត់តម្លៃ។
លោក វិញ ហួរ ដែលជាឧកញ៉ានៅពីក្រោយក្រុមហ៊ុន Paul Chan Group បានបញ្ជាក់កាលពីសប្តាហ៍មុនថា លោកមានកម្មសិទ្ធិលើដីនៅ កោះទន្សាយ ប៉ុន្តែលោកបដិសេធមិននិយាយលម្អិត។ លោកបានបញ្ចប់ការរៀបចំផែនការអភិវឌ្ឍន៍រួចហើយ ហើយនឹងប្រកាសជាសាធារណៈអំពី «ផែនការមេ» នាពីរសប្តាហ៍ទៀត។
ក្រុមហ៊ុន Lim Sina Investment ដែលលោក យុទ្ធី ថ្លែងថា មិនទាន់បានចាប់ផ្តើមការអភិវឌ្ឍរបស់ខ្លួនមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
បើទោះបីជាមានការធានាពីលោក យុទ្ធី ថា ពលរដ្ឋទាំងអស់នឹងទទួលបានសំណងសមស្របក៏ដោយ ក៏មានភាពមិនច្បាស់លាស់មួយបានកើតឡើងលើគ្រួសារមួយដែលអ្នកនៅលើកោះនេះនិយាយថា នឹងមិនទទួលបានសំណងអ្វីទាំងអស់។
អ្នកស្រី សេង ហឿង អាយុ ២៦ឆ្នាំ ជាកសិករដាំដំណាំលើកោះនេះ ដែលបានមករស់នៅលើកោះនេះជិតផ្ទះម្តាយក្មេក កាល ឆ្នាំ២០១០ បានថ្លែងថា ក្រុមហ៊ុន Paul Chan Group ផ្តល់ប្រាក់ដល់ពលរដ្ឋជិតខាងរបស់អ្នកស្រី ប៉ុន្តែគ្រួសារអ្នកស្រីមិនទទួលបានអ្វីទេ។
លោក យុទ្ធី បានថ្លែងបន្តថា ខណៈសំណងជាប្រាក់ ត្រូវបានផ្តល់ឲ្យទៅគ្រប់គ្រួសារ អ្នកភូមិមិនជឿថា ប្រាក់សំណងនោះនឹងត្រូវបានផ្តល់ឲ្យត្រឹមត្រូវទេ។
អ្នកស្រី ហឿង ថា៖ «ខ្ញុំខឹងក្រុមហ៊ុនដោយសារខ្ញុំអត់ទទួលបានអ្វីសោះ»។
លោក លី ហួង អាយុ ៥១ឆ្នាំ ដែលជាកសិករដាំដំណាំ ដែលបានមករស់នៅលើកោះទន្សាយមុនគេតាំងពីដើមទសវត្សរ៍ ៧០ ថ្លែងថា លោកទទួលបានសំណង ៤០០០ ដុល្លារដើម្បីរើទៅនៅកន្លែងផ្សេងនៃកោះនេះ។ ខណៈលោករីករាយនឹងប្រាក់នេះ លោកមានការភ័យខ្លាចថា ពួកគេអាចនឹងបន្តដេញលោកនៅកន្លែងថ្មីទៀត។
លោកបន្តថា៖ «ខ្ញុំមានក្តីបារម្ភថា ពួកគេនឹងបណ្តេញគ្រួសាររបស់ខ្ញុំទៅកន្លែងផ្សេងបន្តទៀតចេញពីកោះនេះ។ ប្រសិនបើពួកគេដេញខ្ញុំទៅនៅដីគោក ខ្ញុំនឹងបាត់បង់ការងាររបស់ខ្ញុំ»។ កាល ឆ្នាំ២០០៨ អតីតអភិបាល ក្រុងកែប លោក ហាស់ សារ៉េត បានប្រកាសអំពីផែនការសាងសង់កាស៊ីណូផ្កាយ ៥ និងកន្លែងលេងកូនហ្គោលនៅលើកោះនេះ។
របាយការណ៍ ឆ្នាំ២០១២ ពីអង្គការសិទ្ធិមនុស្សអាដហុក បានភ្ជាប់ការអភិវឌ្ឍកោះនេះ ទៅឧកញ៉ា ទ្រី ភាព ដែលប្រតិបត្តិការទ្រង់ទ្រាយធំរបស់គាត់ គឺការកាប់ឈើ ហើយដែលត្រូវក្រុមអ្នកអភិរក្សធ្វើការរិះគន់យ៉ាងខ្លាំង ប៉ុន្តែលោក យុទ្ធី កាលពីសប្តាហ៍មុនបានបដិសេធថា លោក ទ្រី ភាព គ្មានអ្វីពាក់ព័ន្ធនឹងផែនការអភិវឌ្ឍន៍បច្ចុប្បន្ននេះទេ។
កាលពី ឆ្នាំ២០១៣ រដ្ឋាភិបាលបាន ផ្លាស់ប្តូរវោហារស័ព្ទរបស់ខ្លួនពាក់ព័ន្ធនឹងការអភិវឌ្ឍខេត្តកែប នេះដោយសន្យាថា នឹងធ្វើការផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តនេះ។ ខណៈ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានថ្លែងថា លោកមិនដឹងច្បាស់អំពីគម្រោងនៅលើកោះទន្សាយ លោកនៅតែបញ្ជាក់ជាដដែលអំពីគោលបំណងនៃការធ្វើឲ្យខេត្តកែបជាទិសដៅ «ធម្មតា»។
នៅលើឆ្នេរកោះនេះកាលពីសប្តាហ៍មុនសកម្មភាពទេសចរណ៍គឺមានលក្ខណៈធម្មតា ដោយអ្នកទេសចរដេកហាលថ្ងៃនិងមុជទឹកលេង។ លោក យុទ្ធី បានថ្លែងថា ឆ្នេរដែលប្រជាពលរដ្ឋចំនួន ៦ គ្រួសារផ្តល់សេវាបាំងហ្គាឡូ និងភោជនីយដ្ឋានបែបស្រុកស្រែ នៅតែជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ហើយនឹងមិនរងគ្រោះពីការអភិវឌ្ឍបច្ចុប្បន្ននេះទេ។ «ខ្ញុំមិនដឹងថា តើវាយ៉ាងម៉េចទេ នាពេលអនាគតចំពោះពលរដ្ឋទាំង ៦ គ្រួសារដែលស្ថិតនៅក្នុងតំបន់ទទួលខុសត្រូវរបស់រដ្ឋាភិបាល ដោយយើងត្រូវយល់ព្រមឲ្យ CDC ធ្វើការសម្រេច»។
ម្ចាស់បាំងហ្គាឡូ បានថ្លែងថា ពួកគាត់មិនបានឮអំពីផែនការអភិវឌ្ឍឆ្នេរនេះទេ។ អ្នកស្រី ឈួន រៀម ដែលគ្រួសាររបស់អ្នកស្រីបានរស់នៅលើកោះនេះអស់រយៈពេល ៧០ឆ្នាំ បានថ្លែងថា អ្នកស្រីមានទំនុកចិត្តខ្លះដែរថា ក្រុមហ៊ុនអភិវឌ្ឍន៍នឹងប្រកាន់ភ្ជាប់ត្រឹមដីដែលជាកម្មសិទ្ធិរបស់ខ្លួន។
អ្នកស្រីបន្តថា៖ «យើងបានជជែកនិងបានព្រមព្រៀងអំពីព្រំដែនជាមួយគ្នា»។ អ្នកស្រីបារម្ភថា រមណីយដ្ឋានថ្មីនឹងវាតទីដីបន្ថែមទៀត។ អ្នកស្រីបន្តថា៖ «ខ្ញុំបានរស់នៅទីនេះ ជាយូរណាស់មកហើយ ដូច្នេះខ្ញុំមិនអាចសម្របខ្លួនទៅរស់នៅកន្លែងថ្មីបានទេ»។
អ្នកស្រី ខេង ស្រី អាយុ ៣៤ឆ្នាំ ជាម្ចាស់បាំងហ្គាឡូ ដែលគ្រួសាររបស់អ្នកស្រីបានរស់នៅលើកោះនេះតាំងពីមុនរបបខ្មែរក្រហម បានថ្លែងថា អ្នកស្រីមិនគិតថា នឹងមានការបណ្តេញចេញទេ ប៉ុន្តែភ័យខ្លះដែរ។ អ្នកស្រី ក៏ដូចប្រជាជនដទៃៗទៀតលើកោះនេះដែរ មិនមានប័ណ្ណកម្មសិទ្ធិដីទេ។ អ្នកស្រីបន្តថា អ្នកស្រីនឹងមិនរើចេញទេ ប្រសិនបើមិនមានសំណងសមរម្យ។
ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅលើកោះនេះ បានសម្ដែងការស្រងាកចិត្តចំពោះគម្រោងអភិវឌ្ឍន៍កោះនេះឲ្យទៅជារមណីយដ្ឋានតម្លៃថ្លៃ។
ព្រះតេជគុណ ស្រ៊ុន គឹមស្រេង ជាព្រះសង្ឃនិមន្តមកពីរាជធានីភ្នំពេញ មានសង្ឃដីកាថា៖ «អាត្មាពិតជាឲ្យតម្លៃខ្ពស់ចំពោះការមកលេងកោះនេះតាមបែបធម្មជាតិ។
អ្នកស្រី Melanie Schalhorst អាយុ ៣៤ឆ្នាំ ជាអ្នកទេសចរមកពីប្រទេសអាល្លឺម៉ង់ បានថ្លែងថា៖ «វាពិតជាកន្លែងស្រស់បំព្រង វាពិតជាកោះសម្រាប់ទេសចរ។ ខ្ញុំចូលចិត្តការឃើញប្រជាជនរស់នៅទីនោះបែបធម្មជាតិ»៕