នៅក្នុងឆ្នាំ ២០១៩ កន្លងទៅមានព្រឹត្តិការណ៍ជាច្រើនបានកើតមានឡើងនៅកម្ពុជា។ ប៉ុន្តែភ្នំពេញប៉ុស្ដិ៍សូមដកស្រង់តែព្រឹត្តិការណ៍លេចធ្លោមួយចំនួនប៉ុណ្ណោះ ដើម្បីជាការរំឭកមិត្តអ្នកអានឡើងវិញដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
-វិសោធនកម្មច្បាប់គណបក្សបានចូលជាធរមាន
វិសោធនកម្មច្បាប់គណបក្សនយោបាយត្រង់មាត្រាទី ៤៥ ថ្មី (ស្ទួន) បានចូលជាធរមាន បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ដលេខានៅថ្ងៃទី ២ ខែមករា ដែលជាការបើកច្រកឲ្យអ្នកនយោបាយជាប់បម្រាមអាចស្នើសុំស្ដារនីតិសម្បទាឡើងវិញ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានថ្លែងថា មាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់នេះផ្ដល់សិទ្ធិ និងអំណាចដល់នាយករដ្ឋមន្ត្រីក្នុងការសម្រេចផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ទោះបីគ្មានការស្នើសុំជាបុគ្គលក៏ដោយ។
បន្ទាប់ពីវិសោធនកម្មច្បាប់នេះចូលជាធរមាន គឺមានមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនត្រូវបានផ្ដល់សិទ្ធិឲ្យធ្វើនយោបាយឡើងវិញ ខណៈមួយចំនួនទៀតនៅតែជាប់បម្រាម ដោយសារមិនធ្វើលិខិតស្នើសុំតាមនីតិវិធីច្បាប់។
-CPP ប្រារព្ធខួបថ្ងៃរំដោះ ៧ មករាធំជាងឆ្នាំមុនៗ
គណបក្សប្រជាជនកម្ពុជា (CPP) កាលពីថ្ងៃ ៧ មករា ឆ្នាំ ២០១៩ បានប្រារព្ធខួបលើកទី ៤០ នៃថ្ងៃរំដោះប្រទេសពីរបបខ្មែរក្រហមនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានក្បួនព្យុហយាត្រាធំជាងឆ្នាំមុនៗ។
ថ្លែងក្នុងនាមប្រធានគណបក្សនេះលោក ហ៊ុន សែន បានរំឭកនៅចំពោះមុខអ្នកចូលរួមប្រមាណជាង ៦ ម៉ឺននាក់ថា រយៈពេល ៤០ ឆ្នាំកន្លងទៅនេះអ្វីៗបានផ្លាស់ប្ដូរស្មានមិនដល់ដែលកម្ពុជាបានបោះជំហានទៅមុខលើមាគ៌ានៃសុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
ក៏ប៉ុន្តែលោកបានបដិសេធនយោបាយប្រឆាំងជ្រុលនិយម និងបរទេសដែលនៅពីក្រោយខ្នងការរាំងខ្ទប់កម្ពុជាតាមរយៈបដិវត្តន៍ពណ៌។
យ៉ាងណាក្ដីលោកបានបង្ហាញពីជំហរបើកទូលាយនូវកិច្ចសន្ទនាដ៏ស្មោះសរជាមួយបណ្ដាគណបក្សនយោបាយ សង្គមស៊ីវិល និងរាល់មជ្ឈដ្ឋានជឿនលឿនទាំងអស់ដើម្បីបង្កើនកម្លាំងសរុបក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
-សហភាពអឺរ៉ុបផ្សព្វផ្សាយពីដំណើរនីតិវិធីដក EBA
សហភាពអឺរ៉ុបបានប្រកាសចាប់ផ្ដើមដំណើរការនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាកាលពីថ្ងៃ ១២ កុម្ភៈ ប៉ុន្តែមិនទាន់សម្រេចនៅឡើយទេ ខណៈកំពុងស្ថិតក្នុង «ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងទាមទារឲ្យមានការចូលរួម» ហើយត្រូវរង់ចាំការឆ្លើយតបពីភាគីកម្ពុជាក្នុងការធ្វើឲ្យប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស និងលទិ្ធប្រជាធិបតេយ្យជាមុនសិន។
ក្រោយការប្រកាសរបស់ EU នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារបញ្ជាក់ថាកម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរនឹងអ្វីមួយដែរ។
-តុលាការចេញដីកាឲ្យចាប់ខ្លួនអតីតមេដឹកនាំអតីតមន្ត្រីបក្សប្រឆាំង ៨ នាក់
ក្រុមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ៨ នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីលោក កូយ សៅ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនកាលពីថ្ងៃ ១២ មីនា ពាក់ព័ន្ធនឹងបទចោទ «រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តនៅកម្ពុជា និងកន្លែងផ្សេងកាលពីថ្ងៃ ២០-២១-២២-២៥-២៦ និង ២៧ ខែ មករា ឆ្នាំ ២០១៩។
ដីកានោះបានបង្គាប់ឲ្យអាជ្ញាធរចាប់ខ្លួនលោក សម រង្ស៊ី, លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ, លោក អ៊ូចាន់ឫទ្ធិ, លោក តុ វ៉ាន់ចាន់ និងលោក ហូរ វ៉ាន់ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
បើតាមក្រមព្រហ្មទណ្ឌ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍អាចជាប់ពន្ធនាគារពី ៦ ខែទៅ ២ ឆ្នាំ។ រីឯបទរួមគំនិតក្បត់អាចប្រឈមនឹងការជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ។
-ប្រធានាធិបតិកូរ៉េខាងត្បូងមកទស្សនកិច្ចនៅកម្ពុជា
ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន (Moon Jae-in) និងភរិយាបានមកដល់កម្ពុជាកាលពីថ្ងៃ ១៤ មីនាក្នុងដំណើរទស្សនកិច្ច ៣ ថ្ងៃ ដើម្បីពង្រឹងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២។
ក្នុងដំណើរទស្សនកិច្ចនេះលោក (MoonJae-in) បានចូលគាល់ព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាផ្សេងទៀតក្នុងនោះលោក និងភរិយាក៏បានពិសាអាហារពេលល្ងាចជាលក្ខណៈគ្រួសារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាផងដែរ។
ក្រៅពីនោះមានកិច្ចព្រមព្រៀងមួយចំនួនត្រូវបានភាគីទាំង ២ ចុះហត្ថលេខាដោយផ្ដោតជាសំខាន់លើវិស័យពាណិជ្ជកម្ម ខណៈលោកនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យកូរ៉េជួយទិញផលិតផលពីកម្ពុជាបន្ថែមទៀត។
-គណៈប្រតិភូអឺរ៉ុបមកកម្ពុជាពិភាក្សាពី EBA
គណៈប្រតិភូស្វែងរកការពិតរបស់គណៈកម្មការអឺរ៉ុប និងតំណាងសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខបានមកទស្សនកិច្ចនៅកម្ពុជាថ្ងៃ (៣-១០ មិថុនា) ដើម្បីពិភាក្សាជាមួយភាគីកម្ពុជាពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA។
ខណៈជួបថ្នាក់ដឹកនាំក្រសួងការបរទេសលោករដ្ឋមន្ត្រី ប្រាក់សុខុន បានបញ្ជាក់ថា រដ្ឋាភិបាលព្យាយាមគ្រប់បែបយ៉ាងដើម្បីរក្សានូវ EBA សម្រាប់កម្ពុជា។ ប៉ុន្តែមិនឲ្យហួសបន្ទាត់ក្រហមដោយយកអធិបតេយ្យភាព និងឯករាជភាពប្រទេសទៅប្តូរជាមួយ EBA បានទេ។
-រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រេងកាត
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតដែលមាន ៩ ជំពូក និង ៧២ មាត្រាត្រូវបានរដ្ឋសភាអនុម័តជាឯកច្ឆន្ទកាលពីថ្ងៃ ១៧ ខែមិថុនាក្នុងសំឡេង ១០៨ លើ ១០៨ ដោយពុំមានកែប្រែខ្លឹមសាររបស់រាជរដ្ឋាភិបាលទេ។
នៅមុនការអនុម័តនេះ គណៈកម្មការទី ៩ នៃរដ្ឋសភាបានប្រជុំពិគ្រោះយោបល់ជាច្រើនដំណាក់កាល ហើយបានចាត់ទុកសេចក្ដីព្រាងច្បាប់នេះថាមានសារៈសំខាន់។
ប៉ុន្តែអ្នកតាមដាន សង្គមលោក មាស នី បារម្ភត្រង់ថាតើច្បាប់នេះបានផ្ដល់នូវយុត្ដិធម៌ និងសមធម៌សម្រាប់សង្គមដែរឬទេ ហើយបានចោទសួរថាតើវាជាសំណាងរបស់ប្រទេស ឬក៏ជាបណ្ដាសាប្រេង ខណៈធនធានធម្មជាតិប្រភេទនេះមិនអាចកកើតឡើងវិញនៅពេលបូមអស់នោះ ។
-បាក់រលំអគារកម្ពស់ ៧ ជាន់នៅខេត្តព្រះសីហនុ
សំណង់អគារសង់មិនទាន់រួចកម្ពស់ ៧ ជាន់នៅខេត្តព្រះសីហនុបានបាក់រលំកាលពីថ្ងៃ ២២ មិថុនា បណ្ដាលឲ្យមនុស្ស ២៨ នាក់ស្លាប់ និង ២៦ នាក់ទៀតរងរបួស។
ភ្លាមៗក្រោយឧបទ្ទវហេតុនេះមានបុរសចិន ៣ នាក់ និងខ្មែរម្នាក់ត្រូវបានចាប់បញ្ជូនទៅតុលាការ។ រីឯលោក យន្ត មីន បានសុំលាលែងពីអភិបាលខេត្ត ខណៈលោក ញឹម វណ្ណដា ត្រូវផ្លាស់ចេញពីអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយឲ្យទៅកាន់តួនាទីថ្មី។
បន្ទាប់ពីកើតហេតុលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្ដល់ថវិកា $១ ម៉ឺនដល់គ្រួសារអ្នកស្លាប់ម្នាក់ ហើយអ្នករបួសឲ្យព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយពុំគិតថ្លៃជាមួយនឹងថវិកាក្នុងម្នាក់ៗ ៥ លានរៀលមុនពេលលោកចុះទៅដល់ទីកើតហេតុដោយផ្ទាល់។
លោកបានហៅសោកនាដកម្មនេះថាជាការឈឺចាប់របស់ជាតិ ហើយបានប្រកាសឲ្យរកអ្នកទទួលខុសត្រូវ និងបានឲ្យបង្កើតគណៈកម្មការត្រួតពិនិត្យសំណង់នៅទូទាំងប្រទេសផងដែរ។
-លោក នួន ជា ទទួលមរណភាពក្នុងវ័យ ៩៣ ឆ្នាំ
អតីតប្រធានរដ្ឋសភារបបខ្មែរក្រហមលោក នួន ជា បានទទួលមរណភាពនៅថ្ងៃទី ៤ សីហាដោយរោគាពាធក្នុងជន្មាយុ ៩៣ ឆ្នាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែការបង្ហាញពីជំងឺត្រូវបានមេធាវីចាត់ទុកជាការសម្ងាត់។
បើទោះណា អ.វ.ត.ក. សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់ ១ ជីវិតក្នុងសំណុំរឿង ០០២/០២ ជាមួយលោក ខៀវ សំផន កាលពីខែវិច្ឆិកាឆ្នាំមុនក្ដី ប៉ុន្តែមរណភាពនេះនៅមានអ្នកមិនអស់ចិត្តដោយសារចង់ឃើញគាត់ទទួលទណ្ឌកម្មថែមទៀតនៅពេលសំណុំរឿងប្រឆាំងគាត់មិនទាន់បានបញ្ចប់នោះ។
-នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី មកទស្សនកិច្ចនៅកម្ពុជា
នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីលោក Mahathir Mohamad បានមកទស្សនកិច្ចនៅកម្ពុជា ៣ ថ្ងៃ (២-៤ កញ្ញា) ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជាថែមទៀត។
ក្នុងដំណើរទស្សនកិច្ចនោះមានកិច្ចព្រមព្រៀងចំនួន ២ ត្រូវបានភាគីទាំង ២ ចុះហត្ថលេខា។ ទី ១ ស្តីពីពន្ធត្រួតគ្នា (DTA) និងទី ២ គឺកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍។
ជាមួយនឹងការសម្គាល់ពីសញ្ញាមានវិបុលភាពរបស់កម្ពុជានោះ មេដឹកនាំម៉ាឡេស៊ីវ័យ ៩៤ ឆ្នាំរូបនេះក៏បានរិះគន់សង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចថាមិនបានធ្វើឲ្យសេដ្ឋកិច្ចប្រទេសតូចៗ និងប្រទេសពាក់ព័ន្ធប្រសើរឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំពឹងថា ដំណើរទស្សនកិច្ចនោះ «នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី។
-ទូតថ្មីរបស់អឺរ៉ុបចូលគាល់ព្រះមហាក្សត្រ
លោកស្រី Carmen Moreno បានចូលថ្វាយសារតាំងព្រះមហាក្សត្រខ្មែរកាលពីថ្ងៃទី ១ តុលា បន្ទាប់ពីលោកស្រីត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជាជំនួសលោក George Edgar ដែលផុតអាណត្តិកាលពីខែកញ្ញា។
លោកស្រីបានបង្ហាញនូវក្ដីសង្ឃឹមចំពោះការរួមចំណែកពង្រឹងភាពជាដៃគូ និងទំនាក់ទំនងល្អជាមួយកម្ពុជា ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានរំពឹងថា លោកស្រី Moreno នឹងឃើញការអភិវឌ្ឍពិតប្រាកដនៅកម្ពុជាខុសពីអ្វីដែលបានផ្តល់ទៅសហភាពអឺរ៉ុបដោយក្រុមប្រឆាំង។ ប៉ុន្តែអ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ មើលមិនឃើញថា លោកស្រី Moreno អាចធ្វើអ្វីបានច្រើនជាងលោក George Edgar ពីបញ្ហា EBA នោះទេ។
-ព្រះមហាក្សត្រយាងទៅចូលរួមពិធីរាជាភិសេក ព្រះចៅអធិរាជជប៉ុន
នៅថ្ងៃទី ២១ តុលា ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីបានយាងទៅជប៉ុនដើម្បីចូលរួមក្នុងពិធីឡើងគ្រងរាជសម្បត្តិជាផ្លូវការរបស់ព្រះចៅអធិរាជជប៉ុន Naruhito នាថ្ងៃ ២២ ខែតុលា ដែលមានឥស្សរជនមកពីបណ្ដាប្រទេសជិត ២០០ ចូលរួម។
ការឡើងគ្រងរាជរបស់ព្រះចៅអធិរាជជប៉ុន Naruhito នេះគឺបន្ទាប់ពីបិតារបស់ទ្រង់ Akihito ដែលជាព្រះចៅអធិរាជជប៉ុនទី ១២៥ បានដាក់រាជ្យក្នុងព្រះជន្ម ៨៥ ព្រះវស្សា ដោយសារបញ្ហាព្រះរាជសុខភាព។
នៅក្នុងពិធីនោះព្រះមហាក្សត្រកម្ពុជាទ្រង់បានព្រះរាជសំណេរថ្វាយព្រះពរដោយផ្ទាល់ថា៖ «សូមទទួលយកនូវការអបអរសាទរដ៏កក់ក្ដៅជាទីបំផុត» និងសូមសម្រេចបានជោគជ័យគ្រប់ព្រះរាជបេសកកម្មដ៏ថ្លៃថ្លាបវរប្រសើរបំផុត»។ នេះបើយោងតាមទីភ្នាក់ងារកាសែតក្យូដូ។
-ទូតប្រទេសធំ ៣ ជួបនាយករដ្ឋមន្ត្រីកម្ពុជា
ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតនៃប្រទេសធំៗចំនួន ៣ រួមមានអាល្លឺម៉ង់ ជប៉ុន និងអាមេរិកបានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបន្តបន្ទាប់កាលពី ២៣ តុលា ដើម្បីពិភាក្សាពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក។
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Christian Berger ភាគីទាំង ២ បានពិភាក្សាពីការចង់បើកការិយាល័យសភាពាណិជ្ជកម្មអាល្លឺម៉ង់លើកដំបូងនៅកម្ពុជា។ រីឯជំនួបជាមួយឯកអគ្គរាជទូតជប៉ុនលោក MasahiroMikami បានពិភាក្សាពីការបន្តគាំទ្រដល់កម្ពុជា ជាពិសេសលើផ្នែកនយោបាយសេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត។
ចំណែកជំនួបជាមួយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ភាគីទាំង ២ បានផ្ដោតលើការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង ២ ហើយកម្ពុជាបានជំរុញឲ្យអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការកម្រិតអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌ UN និងក្នុងក្របខ័ណ្ឌអាស៊ាន និងអាមេរិកដែលកម្ពុជាត្រូវធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២ ខាងមុខ។
- ប្រធានាធិបតីហុងគ្រីមកធ្វើទស្សនកិច្ចនៅកម្ពុជា
ប្រធានាធិបតីហុងគ្រី លោក យ៉ាណូស អាឌ័រ និងគណៈប្រតិភូបានមកទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ ថ្ងៃ គិតចាប់តាំងពីថ្ងៃ ២៨-៣០ តុលា តាមការអញ្ជើញពីព្រះមហាក្សត្រកម្ពុជាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជាលោក យ៉ាណូស អាឌ័រ បានកោតសរសើរពីការរីកចម្រើនរបស់កម្ពុជាជាពិសេសការមានសន្តិភាពពេញលេញ និងមានកំណើនសេដ្ឋកិច្ចជាង ៧ ភាគរយក្នុងរយៈពេល ២០ ឆ្នាំ ហើយបានសន្យាជួយកម្ពុជាមិនឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA។
-សមត្ថកិច្ចពង្រឹងកម្លាំងទប់ស្កាត់ចលនាលោក សម រង្ស៊ី
សមត្ថកិច្ចប្រដាប់អាវុធកាលពីចុងខែតុលា និងដើមខែវិច្ឆិកាបានចាប់ផ្ដើមពង្រឹងកម្លាំងនៅតាមខេត្តនានា ពិសេសខេត្តជាប់ព្រំដែនថៃដើម្បីត្រៀមចាត់វិធានការលើក្រុមលោក សម រង្ស៊ី ដែលកំណត់យក ៩ វិច្ឆិកាចូលមកកម្ពុជាដើម្បីផ្ដួលរំលំរដ្ឋាភិបាល និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
សមត្ថកិច្ចបានចាត់ទុកក្រុមរបស់លោក សម រង្ស៊ី ថា ជាឧទ្ទាមក្រៅច្បាប់ដែលត្រូវចាត់វិធានការ ដើម្បីការពារសន្តិភាព ជាតិសាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសយកថ្ងៃទី ៩ វិច្ឆិកា ធ្វើពិធីអកអំបុកសាមគ្គីនៅទូទាំងប្រទេសផងដែរជាមួយនឹងការអំពាវនាវឲ្យពលរដ្ឋចូលរួមកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ ដោយលោកបានធានាពីសុវត្ថិភាពជូនទៀតផង។
យ៉ាងណាក្ដីគម្រោងរបស់ក្រុមលោក សម រង្ស៊ី ត្រូវបានអាជ្ញាធរថៃរារាំងមិនឲ្យប្រើទឹកដីរបស់គេប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកការខកខាននោះថា ជារដ្ឋប្រហារបរាជ័យដ៏ធំមួយ។
លោក កឹម សុខា ទទួលបានការបន្ថយលក្ខខណ្ឌពីសាលាដំបូងរាជធានី
នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបន្ធូរបន្ថយលក្ខខណ្ឌឲ្យអាចធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជាបាន ប៉ុន្តែមិនត្រូវចេញក្រៅព្រំប្រទល់ដែននៃព្រះរាជាណាចក្រកម្ពុជា,មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។ លុះ ៥ ថ្ងៃក្រោយមកចៅក្រមស៊ើបសួរលោក គី ឫទ្ធី បានប្រកាសបិទបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿងប្រឆាំងលោក កឹម សុខា បន្ទាប់ពីបានស៊ើបអង្កេតអស់រយៈពេលជាង ២ ឆ្នាំ។
បើទោះជាមានការស្នើឲ្យទម្លាក់បទចោទលើលោក កឹម សុខា ក្ដី ក៏នៅថ្ងៃទី ២ ធ្នូ លោកចៅក្រមស៊ើបសួរ គី ឫទ្ធី បានសម្រេចបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះតែមិនបានកំណត់កាលបរិច្ឆេទទេ។ ប៉ុន្តែ ១ ថ្ងៃក្រោយមកក្រុមមេធាវី លោក កឹម សុខា បានប្ដឹងទាស់ទៅសាលាឧទ្ធរណ៍។
យ៉ាងណាក្ដី បន្ទាប់ពីបើកសវនាការកាលពីថ្ងៃទី ៩ ខែធ្នូ សភាស៊ើបសួរសាលាឧទ្ធរណ៍បានច្រានចោលបណ្ដឹងទាស់នោះ ខណៈនៅថ្ងៃដដែលនោះសាលាដំបូងបានកំណត់យកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ សម្រាប់ជំនុំជម្រះក្ដីលោក កឹម សុខា ក្រោមបទចោទ «សន្ទិដ្ឋិភាពជាមួយបរទេស» ។
-លោក ដូណាល់ ត្រាំ ផ្ញើលិខិតជូននាយករដ្ឋមន្ត្រីកម្ពុជា
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្ញើលិខិត ២ ច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ ១ វិច្ឆិកាដោយលិខិតទី ១ បញ្ជាក់ពីជំហរគោរពអធិបតេយ្យភាពកម្ពុជា និងមិនគាំទ្រឲ្យមានការផ្លាស់ប្តូររបបនៅកម្ពុជា និងលិខិតទី ២ គឺអញ្ជើញលោក ហ៊ុន សែន ទៅចូលរួមប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅអាមេរិកនៅឆ្នាំ ២០២០។
ជាការឆ្លើយតបនៅថ្ងៃទី ២៦ វិច្ឆិកាលោកនាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើលិខិតទៅលោកត្រាំវិញដោយយល់ព្រមតាមការអញ្ជើញនោះ និងបានស្ងើចសរសើរពីការបន្តគាំទ្ររបស់អាមេរិកចំពោះកម្ពុជា។
-កម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកត្រូវបានប្រារព្ធធ្វើពីថ្ងៃ ១៩ វិច្ឆិកា នៅវិមានសន្តិភាពដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមានប្រតិភូបរទេសជិត ១ ពាន់នាក់ មកពីប្រទេស ៤៨ ចូលរួមដោយមានការចូលរៀបចំពីអង្គការសហព័ន្ធសន្ដិភាពសកល UPF ដើម្បីបង្ហាញពីផលវិជ្ជមានលើការកសាងសន្តិភាព និងការផ្សះផ្សាជម្លោះនាំមកនូវវិបុលភាពសម្រាប់សង្គម។
ថ្លែងក្នុងនាមម្ចាស់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យពិភពលោកស្វែងយល់អំពីឥរិយាបថរបស់ខ្លួនមកលើប្រទេសមួយចំនួន ខណៈនៅកម្ពុជាមានប្រទេសខ្លះគាំទ្រឲ្យមានរដ្ឋប្រហារ និងរបប ប៉ុល ពត ដែលកាប់សម្លាប់ពលរដ្ឋ។
ក្រោយជំនួបនេះលោក ហ៊ុន សែន ត្រូវបាន (UPF) ជូនពានរង្វាន់ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ បន្ទាប់ពីសុន្ទរកថារបស់លោកបានធ្វើឲ្យគណៈប្រតិភូចូលរួមចាប់អារម្មណ៍ និងកោតសរសើរពីបទពិសោធដែលនាំកម្ពុជាឲ្យមានសុខសន្តិភាពពេញលេញ។
-កម្ពុជាដាក់របាយការណ៍ឆ្លើយតបទៅនឹង EU
១ ខែបន្ទាប់ពីគណៈកម្មការអឺរ៉ុបដាក់របាយការណ៍ពាក់ព័ន្ធនឹងនីតិវិធីដក EBA ពីកម្ពុជានោះ ក្រសួងការបរទេសកម្ពុជានៅថ្ងៃ ១២ ធ្នូ បានដាក់ការឆ្លើយតបគ្រប់ជ្រុងជ្រោយត្រឡប់វិញដោយរំពឹងថា សហភាពអឺរ៉ុបនឹងពិចារណាលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌ EBA។
កាលពីថ្ងៃ ១២ វិច្ឆិកា គណៈកម្មការអឺរ៉ុបដាក់របាយការណ៍ចុងក្រោយស្ដីពីការរកឃើញ និងការសន្និដ្ឋានពាក់ព័ន្ធនឹងនីតិវិធីដក EBA ពីកម្ពុជា ដោយទុកពេល ១ ខែដើម្បីឲ្យកម្ពុជាឆ្លើយតប។ ការដាក់របាយការណ៍នោះគឺបន្ទាប់ពីបានប្រកាសដំណើរការនីតិវិធីផ្អាក EBA កាលពីថ្ងៃ ១២ កុម្ភៈ និងបានបញ្ជូនគណៈប្រតិភូមកស្វែងរកការពិតនៅកម្ពុជាកាលពីថ្ងៃ (៣-១០) ខែមិថុនា។
នៅក្នុងជំនួបជាមួយគណៈប្រតិភូអឺរ៉ុបជាបន្ដបន្ទាប់ មន្ត្រីកម្ពុជាបានព្យាយាមពន្យល់ភាគីអឺរ៉ុបដើម្បីរក្សាទុកនូវ EBA ប៉ុន្តែមានបន្ទាត់ក្រហមមួយគឺអធិបតេយ្យភាព និងឯករាជភាពដែលជារឿយៗប្រមុខរដ្ឋាភិបាលតែងតែប្រកាសថាមិនអាចយកទៅដោះដូរនឹងអ្វីមួយបានទេ៕