ដោយសារ​ឆ្នាំ​ ២០១៨ ជា​ឆ្នាំ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ផង ដូច្នេះ​ព្រឹត្តិការណ៍​ហាក់​មិន​មាន​អ្វី​ឃ្លាតឆ្ងាយ​ពី​ដំណើរការ​វិវត្តនយោបាយ​ឡើយ ថ្វីបើ​មាន​ព្រឹត្តិការណ៍​គួរ​ឲ្យ​កត់សម្គាល់​​ផ្សេងៗ​ខ្លះ​ក្ដី​។ ដូច្នេះ​ដើម្បី​ជា​ការ​រំឭក​ឡើង​វិញ​​ភ្នំពេញ​ប៉ុស្ដិ៍​សូម​បង្ហាញ​នូវ​កំណត់ត្រា​ព្រឹត្តិការណ៍​មួយ​ចំនួន​ដូច​ខាងក្រោម ៖

- មហាសន្និបាត​ CPP ​បន្ថែម​សមាជិក

គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ ២១ ​មករា​ឆ្នាំ​ ២០១៨ បាន​បើក​មហាសន្និបាត​នៅ​កោះពេជ្រ​រាជធានី​ភ្នំពេញ​ដើម្បី​អនុម័ត​កម្មវិធី​នយោបាយ​សម្រាប់​កសាង និង​ការពារ​មាតុភូមិ​ពី​ឆ្នាំ​ ២០១៨-២០២៣ ​និង​បាន​បោះឆ្នោត​បន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ចំនួន​ ៣៤២ ​នាក់​ឱ្យ​ឡើង​ដល់​ ៨៦៥ ​រូប​ជា​អ្វី​ដែល​អ្នក​នាំពាក្យ​គណបក្ស​ថា​ជា​ការ​ចាក់​បញ្ចូល​ឈាម​ថ្មី​ដើម្បី​ចូលរួម​កសាង និង​ការពារ​មាតុភូមិ​។

- ​ស្ថាប័ន​នានា​ប្រតិកម្ម​នឹង​ការបិទ​​ទិដ្ឋាការ​លោក ហ៊ីង ប៊ុនហៀង

ក្រសួង​ការពារជាតិ​កម្ពុជា​មេបញ្ជាការ នាយ​ទាហាន ពលទាហាន ក្រសួង​ការបរទេស​ និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ១៣ ​មិថុនា​បាន​ថ្កោលទោស​អាមេរិក បន្ទាប់ពី​​រតនាគារ​ប្រទេស​នេះ​បង្កក​ទ្រព្យសម្បត្តិ​លោក​នាយឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង និង​បិទ​ទិដ្ឋាការ​មិន​ឲ្យ​ចូល​អាមេរិក​ដោយ​ចាត់​ទុក​ថា បាន​រំលោភ​យ៉ាង​គឃ្លើន​ និង​ល្ងង់ខ្លៅ​មក​លើ​អធិបតេយ្យភាព​កម្ពុជា​។

ប៉ុន្តែ​លោក ហ៊ីង ប៊ុនហៀង បញ្ជាក់​ថា​លោក​គ្មាន​ទ្រព្យសម្បត្តិ និង​ជំនួញ​ជាមួយ​អាមេរិក​ទេ ហើយ​លោក​ក៏​បាន​ប្រកាស​ត្រៀម​ខ្លួន​វាយបក​លើ​ជន​អាមេរិក​ណា​ដែល​មិន​គោរព​នូវ​អធិបតេយ្យភាព​កម្ពុជា​ និង​ពួកក្បត់​ជាតិ​ផង​ដែរ​។

- ​គណបក្សនយោបាយ​ចាប់ផ្ដើម ចេញ​ឃោសនា​រក​សំឡេង​ឆ្នោត

យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​អាណត្តិ​ទី​ ៦ បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ៧ ​ខែ​កក្កដា ខណៈ​ (​គ.ជ.ប) ​កំណត់​ពេល​ ៣ ​សប្ដាហ៍​ដោយ​មាន​គណបក្ស​ចំនួន​ ២០ ​ចូលរួម​ការបោះឆ្នោត​។

នៅ​ថ្ងៃ​ដំបូង​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ បាន​រៀបចំ​ពិធី​ជួបជុំ​ធំ​នៅ​កោះពេជ្រ​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន ប្រធាន​គណបក្ស​ និង​មាន​អ្នក​ចូលរួម​ក្នុង​រង្វង់ ​៦ ​ម៉ឺន​នាក់​។

ខណៈ​គណបក្ស​ផ្សេងៗ​ក៏​ធ្វើ​សកម្មភាព​ដែរ​នោះ​លោក ហ៊ុន សែន បាន​ចាត់ទុក​យុទ្ធនាការ​ឃោសនា​នោះ​ថា​ជា​ «​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​» ​និង​លើក​ពី​ «​នយោបាយ​ឈ្នះ ឈ្នះ​» ក៏​ដូច​ការចាត់​វិធានការ​បាន​ទាន់​ពេល​លើ​ក្រុម​បដិវត្តន៍​ពណ៌ ដឹកនាំ​ដោយ​អតីត​គណបក្ស​ប្រឆាំង​ដោយ​មាន​បរទេស​នៅ​ពីក្រោយ​។

ដោយឡែក​លោក កឹម សុខា ​បាន​បញ្ចេញ​សារ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អត់ធ្មត់ ខណៈ​លោក​ សម រង្ស៊ី អំពាវនាវ​ពី​ក្រៅ​​ប្រទេស​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយ​ប្រើ​យុទ្ធនាការ​ «​ម្រាមដៃ​ស្អាត​» ​ឬ​ «​ដេក​ផ្ទះ​ឈ្នះ​ឯង​»​។

បើ​ទោះ​ជា​មាន​គណបក្ស​ខ្លះ​រិះគន់​ក្តី ប៉ុន្តែ គ.ជ.ប បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរការ​ឃោសនា​​ថា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទូទាំង​ប្រទេស​។

ក្បួន​ដង្ហែ​របស់​ LDP ​ក្នុង​ពេល​ឃោសនា​។ ហេង ជីវ័ន

- ​គ.ជ.ប ហៅ​ការបោះឆ្នោត​ថា​ជា​ជោគជ័យ​របស់​កម្ពុជា

បន្ទាប់ពី​បិទ​បញ្ចប់​ការឃោសនា​ដំណើរការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ ២៩ ​កក្កដា​ដោយ​ (​គជប​) ​ចាត់​ទុក​ថា ជា​ជោគជ័យ​របស់​កម្ពុជា ខណៈ​អ្នកបោះឆ្នោត​មាន​ ៨៣,០២%​។

ក្រោយ​ទុកពេល​ជាង​កន្លះ​ខែ​ឲ្យ​គណបក្ស​ដែល​មិន​សុខចិត្ត​ដាក់​បណ្ដឹង គ.ជ.ប ​បាន​ប្រកាស​លទ្ធផល​ផ្លូវការ​កាលពី​ថ្ងៃ​ ១៥ ​សីហា​ដោយ​បង្ហាញ​ថា​ (CPP) ​ទទួល​បាន​ការគាំទ្រ ៤ ៨៨៩ ១១៣ សំឡេង​គឺ​ឈ្នះ​អាសនៈ​ទាំង​ ១២៥ ​ក្នុង​រដ្ឋសភា​។

ប៉ុន្តែ​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ​បាន​បង្ហោះ​សារ​តាម​ហេ្វសប៊ុក​ថា ជា​ជ័យជម្នះ​ក្លែងក្លាយ រីឯ​ប្រទេស​លោក​ខាង​លិច​ខ្លះ​​រិះគន់​ការបោះឆ្នោត​នេះ​។

យ៉ាង​ណា​ក្ដី​ CPP ​បាន​ចាត់ទុក​ការ​ឈ្នះឆ្នោត​នេះ​ថា​ជា​ «​សមិទ្ធផល​យ៉ាង​ធំ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​» ​និង​ជា​ការ​ធ្វើឲ្យ​ឧបាយកល​ដ៏ពិសពុល​របស់​ពួកប្រឆាំង​ខុស​ច្បាប់​បរាជ័យ ហើយ​ថា​ការរិះគន់​​របស់​លោក​ខាងលិច​ជា​ការ​ប្រមាថ​ឆន្ទៈ​ប្រជាជន​កម្ពុជា ដែល​ទៅ​បោះឆ្នោត​។

សកម្មភាព​ពលរដ្ឋ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត ។ រូបថត ម៉េងស្រ៊ុន ហេង ជីវ័ន

- ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ត្រូវ​បាន​បង្កើត

ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​ ២១ ​ខែ​សីហា​តាម​គំនិត​ផ្ដួចផ្ដើម​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ចូលរួម​ពិនិត្យ​ភាព​ចន្លោះ​ប្រហោង​នៃ​ការអនុវត្ត​របស់​រាជរដ្ឋាភិបាល​។

ទោះ​យ៉ាង​ណា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ GDP ​បាន​សម្រេច​មិន​ចូលរួម​ទេ បន្ទាប់ពី​ពិចារណា​អស់​មួយរយៈ​ខណៈ​គណ​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ LDP ​បាន​បង្ហាញ​ជំហរ​មិន​ចូលរួម​តាំងពី​ដំបូង​។

- ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រូវ​បាន​ដោះលែង​ជា​បន្តបន្ទាប់

សកម្មជន​ដីធ្លី​បឹងកក់​ចំនួន​ ៤ ​នាក់​,​ក្រុម​អតីត​សកម្មជន​ CNRP ១៤ ​នាក់​ត្រូវ​បាន​តុលាការ​​ដោះលែង​ពី​ពន្ធនាគារ​ក្នុង​ថ្ងៃ​ខុសៗ​គ្នា​កាលពី​ខែ​សីហា ខណៈ​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ ២ ​នាក់​ត្រូវ​បង្គាប់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទៅ​តាម​​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​។

ការចេញ​ព្រះរាជក្រឹត្យ​នេះ​បាន​ធ្វើ​ឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ដោយសារ​ចិត្ត​សប្បុរសធម៌ បន្ទាប់ពី​អ្នក​ជាប់​ឃុំ​ធ្វើ​លិខិត​សុំទោស​លោក បើ​ទោះ​ជា​លោក​ សម រង្ស៊ី បាន​ហៅ​ការដោះលែង​នេះ​ថា​ធ្វើ​ឡើង​ដោយសារ​សម្ពាធ​ពី​អន្តរជាតិ​ក្ដី​។

- ​រដ្ឋសភា​ប្រជុំ​ដំបូង បន្ទាប់ពី​បោះឆ្នោត

បន្ទាប់ពី​ (​គ.ជ.ប) ​ប្រកាស​ពី​លទ្ធផល​ឆ្នោត​ផ្លូវការ​ពី​ការ​ឈ្នះ​អាសនៈ​ទាំង​ ១២៥ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ដំបូង​កាលពី​ថ្ងៃទី​ ៥ ​ខែ​កញ្ញា​ក្រោម​ព្រះរាជាធិបតី​របស់​ព្រះមហាក្សត្រ​ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ។

មាន​ព្រះរាជបន្ទូល​ក្នុង​ពិធី​នោះ​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី បាន​អំពាវនាវ​ឲ្យ​មាន​ «​ឯកភាព​ជាតិ​ និង​សាមគ្គីភាព​ជាតិ​ខ្ពស់​» ​ឈរ​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​ព្រហ្មវិហារធម៌​ ៤ ​គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា​» ។

យ៉ាង​ណា​ក្ដី​កិច្ចប្រជុំ​នេះ​មាន​ស្ថានទូត​ចំនួន​ ៩ ​ក្នុង​​ចំណោម​ ៣១ ​ដែល​ត្រូវ​បាន​អញ្ជើញ​មិន​បាន​​ចូលរួម​ទេ​ពិសេស​ប្រទេស​លោក​ខាង​លិច​។ ប៉ុន្តែ​មាន​ប្រទេស​ចំនួន​ ២២ ​បាន​បញ្ជូន​ឯកអគ្គរដ្ឋទូត​ឯកអគ្គរាជទូត​ ឬ​អ្នកតំណាង​ឲ្យ​ចូលរួម​។

- ​រដ្ឋសភា​បោះឆ្នោត​រើស​ថ្នាក់​ដឹកនាំ​ និង​គាំទ្រ​រដ្ឋាភិបាល​ថ្មី

មួយថ្ងៃ​បន្ទាប់ពី​បើក​កិច្ចប្រជុំ​ដំបូង​សមាជិក​រដ្ឋសភា​ទាំង​ ១២៥ ​រូប​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​កាលពី​ថ្ងៃទី​ ៦ ​ខែ​កញ្ញា​ជ្រើសតាំង ប្រធាន អនុប្រធាន​រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ និង​សមាសភាព​រាជរដ្ឋាភិបាល​ថ្មី​ដោយ​បោះឆ្នោត​ជា​កញ្ចប់​។

ក្នុង​ការ​អនុម័ត​នេះ​បាន​គាំទ្រ​លោក​ ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​ជាថ្មី ខណៈ​លោក ងួន ញ៉ិល ជា​អនុប្រធាន​ទី​ ១ ​និង​លោកស្រី​ ឃួន សុដារី ជា​អនុប្រធាន​ទី​ ២ ហើយ​ក៏​បានជ្រើសរើស​ជាថ្មី​នូវ​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​ ១០ ​នៃ​រដ្ឋសភា​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ​រដ្ឋសភា​ក៏​បាន​បោះឆ្នោត​គាំទ្រ​សមាសភាព​រាជរដ្ឋាភិបាល​ថ្មី​ផងដែរ ដោយ​អនុម័ត​ឱ្យ​ប្រធាន​ CPP ​លោក ហ៊ុន សែន បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី​ ៦ ​រយៈពេល​ ៥ ​ឆ្នាំ​ទៀត​​ដោយ​មាន​ឧបនាយករដ្ឋមន្ត្រី​រហូត​ ១០ ​រូប​,​ទេសរដ្ឋមន្ត្រី​ ១៧ ​រូប​ និង​រដ្ឋមន្ត្រី​តាម​ក្រសួង​ ២៩ ​រូប​។ ​តាម​បញ្ជី​គឺ​រដ្ឋមន្ត្រី​ក្នុង​រាជរដ្ឋាភិបាល​ថ្មី​គឺជា​សមាសភាព​ចាស់​ក្នុង​អាណត្តិ​ទី​ ៥ ​កន្លងមក​។ ប៉ុន្តែ​​មាន​ការ​ដំឡើង​ឧបនាយករដ្ឋមន្ត្រី​ថ្មី​ ៣ ​រូប តែ​​ពុំ​មាន​ឈ្មោះ លោក គាត ឈន់ អតីត​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ​ដូច​អាណតិ្ត​មុន​ទេ​។

- លោក កឹម សុខា ត្រូវបាន​ដោះលែង តែ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ

លោក កឹម សុខា ត្រូវ​បាន​ដោះលែង​បណ្ដោះអាសន្ន​ពី​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​មក​ផ្ទះ​កាលពី​ថ្ងៃទី​ ១០ ​កញ្ញា​។

តាម​ដីកា​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ គី ឫទ្ធី បញ្ជាក់​ថា​ការសម្រេច​នេះ​ផ្អែក​លើ​ហេតុផល​សុខភាព ប៉ុន្តែ​តម្រូវ​ឱ្យ​គោរព​កាតព្វកិច្ច​ដូចជា​៖

ក្រៅពី​លំនៅឋាន​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​ខណ្ឌ​ដោយ​ផ្លូវ​លេខ​ ៣១៣ ​ផ្លូវ​ ៣១១ ​និង​ផ្លូវ​ ៦០៨ ក្នុង​ខណ្ឌ​ទួលគោក​ និង​មិន​ឱ្យ​ទាក់ទង​អតីត​ថា្នក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចោទ​លោក​ឡើយ​។

ប៉ុន្តែ​ប្រទេស​លោក​ខាង​លិច​រួមទាំង​លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​ UN បាន​អំពាវនាវ​ឱ្យ​ទម្លាក់​បទ​ចោទ ជា​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​ថា​ជា​ឆន្ទានុសិទ្ធិ​របស់​​តុលាការ ខណៈ​លោក ហ៊ុន សែន ថា​ចាំ​សេះ​ដុះស្នែង ពេល​លោក សម រង្ស៊ី ភ្នាល់​ថា​នឹង​លែង​នៅ​ថ្ងៃទី​ ២៩ ​ធ្នូ​ ឬ​នៅ​ទី​ ៣ ​ខែ​មីនា​ឆ្នាំ​ ២០១៩​។

- ​លោក​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​នៅ UN

បន្ទាប់ពី​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​រដ្ឋាភិបាល​ថ្មី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​ក្នុង​មហាសន្និបាត​លើក​ទី​ ៧៣ ​នៃ​ UN ​ក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​ជា​ដំណើរ​ទស្សនកិច្ច​ ៤ ​ថ្ងៃ​គិតពី​ថ្ងៃទី​ ២៧ ​ខែ​កញ្ញា​ដោយ​មាន​ទាំង​ក្រុមគាំទ្រ និង​ប្រឆាំង​វត្តមាន​របស់​លោក​នៅ​ទីនោះ​ផងដែរ​។

ដោយ​ថ្លែង​ការពារ​ការបោះឆ្នោត​ក្នុង​ខែ​កក្កដា​ដែល​មាន​អ្នក​ចូលរួម ៨៣,០២ ភាគរយ​លោក ហ៊ុន សែន បាន​ចាត់ទុក​ការវាយតម្លៃ​អវិជ្ជមាន​ពី​ខាង​ក្រៅ​ថា​ «​ជាការ​ប្រមាថ​ធ្ងន់ធ្ងរ​» ​ចំពោះ​ឆន្ទៈ​ពលរដ្ឋ​កម្ពុជា​ និង​ជា​មហិច្ឆតា​ «​ជ្រៀតជ្រែក​» ​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ហើយ​លោក​បាន​ទាញ​ចំណាប់​អារម្មណ៍​សមាជិក​ UN ​ឱ្យ​ចាប់​អារម្មណ៍​ពី​ «​សារៈសំខាន់​នៃ​ធម្មនុញ្ញ​ UN» ​ដើម្បី​ចៀសវាង​ការ​ជ្រៀតជ្រែក ការធ្វើឲ្យ​អន្តរាយ ឬ​ការរំខាន​ដល់​កិច្ចការ​អធិបតេយ្យ​របស់​រដ្ឋ​ឯករាជ្យ​។

បើ​ទោះ​ជា​មាន​ទាំង​ក្រុម​អ្នក​រង់ចាំ​ស្វាគមន៍​ និង​ក្រុម​អ្នកតវ៉ា​ប្រឆាំង​វត្តមាន​ប្រតិភូ​កម្ពុជា​ក្ដី ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា​ជា​ «​ជោគជ័យ​» រីឯ​ក្រុមមន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ថា​​ជោគជ័យ​ដូចគ្នា ខណៈ​អ្នក​វិភាគ​ថា​ជា​ [​បរាជ័យ​​របស់​កម្ពុជា​] ​ពេល​អ្នក​នយោបាយ​ខ្មែរ​បាន​​បង្ហាញ​ភាព​បែកបាក់​ដល់​អន្តរជាតិ​។

- ​គណៈមេធាវី​បោះឆ្នោត​ជ្រើសរើស​ប្រធាន

គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​កាលពី​ថ្ងៃទី​ ១៦ ​ខែ​តុលា​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ​ដោយ​លោក​មេធាវី សួន វិសាល ជាប់​ជា​ប្រធាន​ដដែល​សម្រាប់​តំណែង​រយៈពេល​ ២ ​ឆ្នាំ​ទៀត​ដែល​ឈ្នះ​បេក្ខជន​ឈរឈ្មោះ​ ១ ​រូប​ទៀត​​គឺ​លោក មេធាវី សំ សុគង់​។

តាម​លទ្ធផល​ក្នុង​ចំណោម​សហភាតា​ចូលរួម​ការបោះឆ្នោត​ ១៣៩៣ ​នាក់​លោក សួន វិសាល ​ទទួល​បាន​ការ​គាំទ្រ​ ៩៣០ ​សំឡេង ខណៈ​លោក សំ សុគង់ ទទួល​បាន​ត្រឹមតែ​ ២៨៨ សំឡេង​។

ក្រោយ​ដឹង​ពី​លទ្ធផល​លោក​មេធាវី សួន វិសាល ​បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើឱ្យ​ស្ថាប័ន​ច្បាប់​មួយ​នេះ​កាន់តែ​រឹងមាំ​ដើម្បី​រួមចំណែក​ធ្វើឱ្យ​ប្រព័ន្ធ​យុត្ដិធម៌​កាន់តែ​ប្រសើរ ហើយ​ថា​លោក​នឹង​ព្យាយាម​រក​ទីផ្សារ​សេវា​ការពារ​ក្ដី​ជូន​មេធាវី​ផង​ដែរ​។

- លោក​នាយក​រដ្ឋមន្ត្រី​ទស្សនកិច្ច​នៅ​តួកគី

បន្ទាប់ពី​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​នៅ​អង្គការ​សហប្រជាតិ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ទៅ​ទស្សនកិច្ច​រយៈពេល​ ៣ ​ថ្ងៃ​​នៅ​ប្រទេស​តួកគី​ (២០-២២ ​តុលា​) ​ដើម្បី​ជំរុញ​​ទំនាក់ទំនង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​។

ក្រោយ​ជំនួប​រវាង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ និង​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan) ភាគី​ទាំង​ ២ ​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​ពិធីសារ​ចំនួន ​៨ ហើយ​ឆ្លៀត​ក្នុង​​ឱកាស​នោះ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុមនិស្សិត​កម្ពុជា​រាប់រយ​នាក់​នៅ​ទីនោះ​ផងដែរ​។

- ​កម្ពុជា​ឲ្យ​ការិយាល័យ​សិទ្ធិមនុស្ស​ UN បន្ត​អាណត្តិ​ ២ ​ឆ្នាំ​ទៀត

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បន្ត​អាណត្តិ​ ២ ​ឆ្នាំ​ទៅ​មុខ​ទៀត​ដល់​ការិយាល័យ​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ (OHCHR) ប៉ុន្តែ​បាន​ស្នើឲ្យ​សហការ​គ្នា​រវាង​ UN ​និង​កម្ពុជា​មុន​ពេល​វាយតម្លៃ​ពី​ករណី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

ការសម្រេច​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោកស្រី MichelleBa-chelet ប្រធាន​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​កាលពី​ថ្ងៃ​ ២៣ ​តុលា​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​។

- EU ​ជូនដំណឹង​ពី​ដំណើរការ​សម្រាប់​ការព្យួរ EBA

សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ ៥ ​តុលា​បាន​ជូនដំណឹង​មក​កម្ពុជា​អំពី​ដំណើរការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទំនិញ​ (EBA) ​ក្រោម​ហេតុផល​ថា​ការគោរព​លក្ខខណ្ឌ​របស់​កម្ពុជា​មិន​ទាន់​ប្រសើរ​ពិសេស​ការស្ដារ​ប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិមនុស្ស​ជា​អ្វី​ដែល​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា សហភាព​អឺរ៉ុប​បាន​ប្រើ​របាយការណ៍​មិន​ឆ្លុះ​បញ្ចាំង​ការពិត​ពី​កម្ពុជា​មក​ដាក់​សម្ពាធ ខណៈ​លោក​នាយករដ្ឋមន្ត្រី​មិន​បារម្ភ​ពី​បញ្ហា​នេះ​ដោយ​លោក​ថា EBA នឹង​ត្រូវ​បាត់បង់​ពេល​សេដ្ឋកិច្ច​កម្ពុជា​កើន​ខ្ពស់​ និង​បាន​បញ្ជាក់​ថា​លោក​បាន​ធ្វើការ​មួយ​ជំហាន​មុន​រួច​ទៅ​ហើយ​។

- ​តំណាង​សិទ្ធិមនុស្ស​ UN ​មក​កម្ពុជា​ ១១ ​ថ្ងៃ

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ (UN) ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​លោកស្រី រ៉ូណាស្ម៊ីត បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ១១ ​ថ្ងៃ​គិត​ពី​ថ្ងៃទី​ ២៩ តុលា​ដល់​ថ្ងៃ​ ៨ ​ខែ​វិច្ឆិកា​តាម​ការអញ្ជើញ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។

ដំណើរ​ទស្សនកិច្ច​នេះ​លោកស្រី​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​តំណាង​សង្គមស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​។

បន្ទាប់ពី​បាន​ទទួល​របាយការណ៍​នានា លោកស្រី រ៉ូណា ស្ម៊ីត បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ដោយ​អំពាវនាវ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា សកម្មជន​ដីធ្លី និង​មន្ត្រី​សិទ្ធិមនុស្ស​រួម​ទាំង​អ្នក​សារព័ត៌មាន ពិសេស​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌​ និង​តុលាការ​ធ្វើការ​ឲ្យ​មាន​តម្លាភាព​ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ និង​ពង្រឹង​ឯករាជ្យ​ និង​ភាព​មិនលម្អៀង​របស់​តុលាការ​។

ប៉ុន្តែ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា​អ្វី​ដែល​លោកស្រី ស្ម៊ីត លើក​ឡើង​គឺ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ដោះស្រាយ ប៉ុន្តែ​ករណី​លោក កឹម សុខា គឺ​ស្ថិត​ក្នុង​អាណតិ្ត​តុលាការ​ដែល​គ្មាន​នរណា​អាច​លូកលាន់​បាន​ទេ​។

យ៉ាង​ណា​របាយការណ៍​ទស្សនកិច្ច​លើក​នេះ​លោកស្រី​នឹង​ដាក់​ជូន​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN នៅក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៩​។

- (​អវតក​) ​សម្រេច​ឲ្យ​លោក នួន ជា និង​ ខៀវ សំផន ជាប់​ពន្ធនាគារ​​ ១ ​ជីវិត

ក្រោយពី​ដំណើរការ​ក្តី​អស់​ពេល​ ២៨៣ ​ថ្ងៃ​លើ​សំណុំ​រឿង​ ០០២ /០២ រួចមក អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ.វ.ត.ក ) ​បាន​ប្រកាស​ផ្ដន្ទាទោស​លោក នួន ជា និង​លោក​ ខៀវ សំផន ឲ្យ​ជាប់​ពន្ធនាគារ​អស់​ ១ ​ជីវិត​កាលពី​ថ្ងៃទី​ ១៦ ​វិច្ឆិកា​ក្រោម​បទ​ចោទ បទឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​​ដោយ​មាន​សហគមន៍ជាតិ​ និង​អន្តរជាតិ​រួម​ទាំង​ស្ថានទូត​អាមេរិក​ផង​សាទរ​ និង​ថា​ជា​ការ​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​។

បើ​តាម​អ្នក​នាំពាក្យ​សាលាក្ដី​ខែ្មរ​ក្រហម​លោក នេត្រ ភក្ត្រា ក្នុង​ដំណើរការ​រឿងក្ដី​ ០០២/០២ ​នេះ​មាន​អ្នក​ផ្ដល់​សក្ខីកម្ម​ ១១៤ ​រូប​,​ដើមបណ្ដឹង​រដ្ឋប្បវេណី ៦៣ ​រូប​, អ្នកជំនាញ​ ៨ ​រូប និង​អ្នក​ចូលរួម​ស្ដាប់​ ៨៣០០០ ​រូប​ដោយ​ប្រើពេល​ ២៨៣ ​ថ្ងៃ​។

- ​លោក សម រង្ស៊ី ក្លាយ​ជា​ប្រធាន​ស្ដីទី CNRP ដ៏​ចម្រូងចម្រាស

លោក សម រង្ស៊ី កាលពី​ថ្ងៃទី​ ២ ​ធ្នូ​ត្រូវ​បាន​ជ្រើសរើស​នៅ​អាមេរិក​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​បក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​រួច​ហើយ​ក្នុង​ពេល​ដែល​លោក​ធ្លាប់​បាន​លាលែង​ពី​ប្រធាន​ និង​ជា​សមាជិក​គណបក្ស​នេះ​កាលពី​ថ្ងៃទី​ ១១ ខែ​កុម្ភៈ​ឆ្នាំ​ ២០១៧ ជា​អ្វី​ដែល​ក្រុម​គាំទ្រ​លោក កឹម សុខា ថា ជា​បក្ស​ប្រហារ​។

កាលពី​ថ្ងៃទី​ ១៣ ខែ​មករា ឆ្នាំ​ ២០១៨ លោក សម រង្ស៊ី ធ្លាប់​បាន​បង្កើត​ចលនា​សង្គ្រោះជាតិ​ដែល​ពុំ​មាន​ការឯកភាព​ពី​ក្រុម​លោក កឹម សុខា រួច​​ម្ដង​ហើយ ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ពី​ការ​ចេញ​ពី​​ចលនា​នេះ​វិញ​ទេ​។

- ​ទំនប់​វារីអគ្គិសនី​វែង​ជាង​គេ​នៅ​អាស៊ី​បើក​សម្ពោធ

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​ក្នុង​ខេត្ត​ស្ទឹងត្រែង​របស់​កម្ពុជា​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ ១៧ ​ធ្នូ​ ២០១៨ ក្រោម​អធិបតីភាព​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​​កម្ពុជា បន្ទាប់ពី​ដំណើរការ​សាងសង់​ ៥ ​ឆ្នាំ​។

ទំនប់​វារីអគ្គិសនី​ប្រវែង ​៦,៥ ​គីឡូម៉ែត្រ​ដែល​វែង​ជាង​គេ​នៅ​អាស៊ី​មួយ​នេះ កើតឡើង​ពី​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ ៣ រួមមានៈ ក្រុមហ៊ុន​Hydrolancang International Energy របស់​ចិន​ ៥១%, ​ក្រុមហ៊ុន Royal Group ៣៩% និង​វៀតណាម​ ១០% ក្រោម​រូបភាព​ BOT [​សាងសង់​ដំណើរ​ផ្ទេរ​] ​ក្នុង​រយៈពេល​សម្បទាន​ពីរដ្ឋាភិបាល​ ៤៥ ​ឆ្នាំ​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​នោះ​លោក​នាយករដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​មោទនភាព​យ៉ាង​ខ្លាំង​ដែល​ការវិនិយោគ​មាន​ការ​ចូលរួម​ពី​ ៣ ​ប្រទេស​ និង​ថា​គម្រោង​​នេះ​ធ្វើឡើង​ដោយ​មាន​ការគិតគូរ​ហ្មត់ចត់​។

- CPP ​បើក​មហាសន្និបាត​លើក​ទី​ ៤១

គណបក្ស​ប្រជាជន​កម្ពុជា​បាន​បើក​សន្និបាត​លើក​ទី​ ៤១ ​នៅ​ភ្នំពេញ​រយៈពេល​ ៣ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២០ ​ធ្នូ​ដើម្បី​តាមដាន​ និង​សម្រេចចិត្ត​ផែ្នក​នយោបាយ​ដើម្បី​រក្សាសុខ​សន្តិភាព និង​ស្ថិរភាព ខណៈ​សភាពការណ៍​ជាតិ​និង​អន្តរជាតិ​មាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​ និង​ស្មុគស្មាញ​។

បន្ទាប់ពី​បញ្ចប់​អង្គសន្និបាត​បាន​កែសម្រួល​រចនាសម្ព័ន្ធ​ និង​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈអចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​ចំនួន ៧ រូប​បន្ថែម​ពី​លើ​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​ចំនួន​ ៣០ ​រូប​។

ក្រៅពី​នោះ​អង្គសន្និបាត​បាន​តម្កល់​ខ្ពស់​ស្មារតី​ស្នេហា​ជាតិ ការពារ​ដាច់ខាត​នូវ​ឯករាជ្យ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​ប្រឆាំង​ការជ្រៀតជ្រែក​ពី​បរទេស​ដោយ​មិន​ឱន​ក្បាល​ចំពោះ​ការដាក់​សម្ពាធ​ពី​ខាង​ក្រៅ​ឡើយ​។

ទន្ទឹម​នឹង​នោះ​ក៏​បន្ត​គាំទ្រ​ការពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ផង​ដែរ​ជាមួយ​នឹង​មោទនភាព​ចំពោះ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ៧,៣% ​និង​បាន​កាត់បន្ថយ​អត្រា​ភាពក្រីក្រ​ឲ្យ​មក​នៅក្នុង​រង្វង់​ ៩% ​ក្នុង​ឆ្នាំ​ ២០១៨​។

- ​វិមាន​ឈ្នះ​ឈ្នះ​ត្រូវ​បាន​សម្ពោធ

ទិដ្ឋភាព​នៅ​វិមាន​ឈ្នះ ឈ្នះ រាត្រី​ថ្ងៃ​សម្ពោធ​។ ហេង ជីវ័ន

វិមាន​ឈ្នះ ឈ្នះ ត្រូវ​បាន​សម្ពោធ​កាលពី​ថ្ងៃ​​ទី​ ២៩ ​ធ្នូ​ក្រោម​អធិបតីភាព​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន បន្ទាប់ពី​ចាប់ផ្ដើម​សាងសង់​ក្នុង​ឆ្នាំ​ ២០១៦ ​លើ​ផ្ទៃដី​ ៨ ​ហិកតា​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​​រាជធានី​ភ្នំពេញ​ដើម្បី​បង្ហាញ​ពី​ប្រវត្តិ​នៃ​ដំណាក់កាល​នីមួយៗ​មុន​ពេល​រក​បាន​ការ​ឯកភាព​ទឹកដី​​ទាំង​ស្រុង​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​ចុងក្រោយ​នេះ​។

ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​រៀបចំ​រយៈពេល​ ៣ ​ថ្ងៃ​ ៣ ​យប់​ដោយ​មាន​មនុស្ស​រាប់ម៉ឺន​នាក់​ចូលរួម​ព្រម​ទាំង​មាន​ការបាញ់​កាំជ្រួច​ពេល​យប់​ និង​ពិធី​កម្សាន្ត​ផ្សេងៗ​ជាច្រើន​ផង​ដែរ​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​សមិទ្ធផល​ថ្មី​នេះ​ថា​ជា​របស់​ទាំងអស់​គ្នា មិនមែន​របស់​លោក​ម្នាក់ឯង​នោះ​ទេ ថ្វីបើ​លោក​ត្រូវ​បាន​មជ្ឈដ្ឋាន​​ទូទៅ​ទទួល​ស្គាល់​ថា មាន​ភាព​សកម្ម​ និង​លេចធ្លោ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​ក៏ដោយ​៕