ភ្នំពេញៈ យោងតាមរបាយការណ៍ថ្មីចំនួនពីរ បានឲ្យដឹងថា រដ្ឋាភិបាលអាចត្រូវបង្ខំចិត្តចំណាយប្រហែល ១២០ លានដុល្លារអាមេរិក ដើម្បីសាងសង់កន្លែងចាក់សំរាមថ្មីមួយ ប្រសិនបើរាជធានីភ្នំពេញ មិនវិនិយោគ ក្នុងការបង្ការកន្លែងចាក់សំរាមបច្ចុប្បន្នកុំឲ្យហួសសមត្ថភាពទេនោះ។
ដោយត្រូវបានចេញផ្សាយរួម ក្នុងពិធីមួយ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ របាយការណ៍ទាំងពីរ បានគូសរូបភាពមួយនៃវិបត្តិសំរាម ដែលនឹងកើតឡើង ដោយសារកំណើនប្រជាជន និងការអភិវឌ្ឍទីក្រុង នឹងបង្កើនចំនួនសំរាម រៀងរាល់ថ្ងៃ ដោយយ៉ាងហោចណាស់ សំរាមអាចនឹងកើនឡើងដល់ ១៥០ ភាគរយ ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ។
តាមគន្លងនេះ ទីក្រុងនឹងបង្កើតសំរាម ១០ លានតោន នៅឆ្នាំ ២០៣០ ដែលនៅពេលនោះសំរាមយ៉ាងហោចណាស់ ចំនួន ៣១១២ តោន នឹងត្រូវបង្កើតរាល់ថ្ងៃ។ នេះយោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលឧបត្ថម្ភដោយមូលនិធិអាស៊ី ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
លោក Jon Morales អ្នកគ្រប់គ្រងកម្មវិធីសេវាទីក្រុង នៅមូលនិធិអាស៊ី ប្រចាំកម្ពុជា បានថ្លែងថា តួលេខនេះមានលក្ខណៈអភិរក្ស។ ដោយកន្លែងចាក់សំរាមតែមួយនៅភ្នំពេញ ស្ថិតនៅខណ្ឌដង្កោ នឹងឈានដល់សមត្ថភាពក្នុងរយៈពេលប្រាំឆ្នាំទៀត រដ្ឋាភិបាលមានរយៈពេល ២ ឆ្នាំ ក្នុងការចាត់វិធានការ។
លោកបានបន្តថា៖ «បើគ្មានវិធានការកាត់បន្ថយ ឬយកសំរាមមកប្រើវិញដែលត្រូវបានព្យាករណ៍ នឹងកើនឡើងក្នុងរយៈពេល ១៥ ឆ្នាំទៀត នៅរាជធានីភ្នំពេញ ក្រៅពីវិធីសាស្រ្តបច្ចុប្បន្ន នឹងគ្មានកន្លែងគ្រប់គ្រាន់ សម្រាប់ចាក់សំរាមដែលបានរំពឹងទុកយ៉ាងច្រើននេះទេ»។
ប្រសិនបើគ្មានធ្វើអ្វីទេ រាជធានីភ្នំពេញនឹងត្រូវចំណាយប្រាក់ ១២០ លានដុល្លារ រយៈពេលមួយទសវត្សរ៍ទៀត លើកន្លែងចាក់សំរាមថ្មី។ នេះបើយោងតាមរបាយការណ៍ទីពីរ ដែលបានរៀបចំដោយ NGO COMPED។
ជាដំណោះស្រាយមួយ អង្គការនេះបានស្នើឲ្យសាងសង់រោងចក្រធ្វើជីកំប៉ុសមួយ សម្រាប់អាហារកាកសំណល់សរីរាង្គ ហើយអង្គការបានបញ្ជាក់ថា វាអាចបន្តអាយុកាលរបស់កន្លែងចាក់សំរាមនៅខណ្ឌដង្កោ ពីឆ្នាំ ២០២០ ទៅដល់ឆ្នាំ ២០៤០។
កាលពីខែ ធ្នូ លោក អៀង អូនី អភិបាលរងរាជធានីភ្នំពេញ បាននិយាយថា សាលាក្រុង កំពុងស្វែងរក វិនិយោគិន ដើម្បីកសាងរោងចក្រដុតសំរាមមួយ ដើម្បីបន្ថយបន្ទុក ប៉ុន្តែ វាមិនច្បាស់ទេថាតើ មានវឌ្ឍនភាពក្នុងការសម្រេចគោលដៅនោះ ឬយ៉ាងណាទេ។
បច្ចុប្បន្ន គេឃើញគំនរសំរាមស្អុយរលួយនៅតែរាយប៉ាយ នៅតាមដងផ្លូវនានា នៅតាមបណ្តាញលូទឹក និងនៅតាមច្រាំងទន្លេ ក្នុងរាជធានីភ្នំពេញនៅឡើយ៕ TK