ការអនុវត្តកំណែទម្រង់ប្រឡងបានលើកទឹកចិត្តឱ្យគ្រូខំប្រឹងបង្រៀន សិស្សខំប្រឹងរៀន មាតាបិតាជួយគាំទ្រ និងអាជ្ញាធរគ្រប់កម្រិតបានចូលរួម ក្នុងការកែលម្អគុណភាពអប់រំនៅកម្រិតមធ្យមសិក្សា។ កំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចូលរួមចំណែកក្នុងការជំរុញឱ្យសិស្សទទួលបាននិទ្ទេស A កើនឡើងជាបន្តបន្ទាប់ពី ១១ នាក់ក្នុងឆ្នាំ ២០១៤ ដល់ ៤៤៣ ក្នុងឆ្នាំ ២០១៩។ តារាងខាងក្រោមបង្ហាញពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ក្រោមកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយក្រសួងអប់រំ យុវជន និងកីឡា។
កំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ថិតក្នុងចំណោមអាទិភាពកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តតាំងពីឆ្នាំ ២០១៤ តាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៤-២០១៨ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ដោយមានការចូលរួមពីសមាជិកក្រុមការងារវិស័យអប់រំ និងអ្នកពាក់ព័ន្ធ។
សមិទ្ធផលធំៗសម្រេចបានគួរឱ្យកត់សម្គាល់ដូចជា ការបន្តបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់កម្រិត ជាពិសេសការអប់រំមូលដ្ឋានរយៈពេល ៩ ឆ្នាំ ការបង្កលក្ខណសម្បត្ដិអនុគ្រោះនានា ដើម្បីឱ្យកុមារ និងយុវជនជួបការលំបាកមានលទ្ធភាពចូលសិក្សានៅគ្រប់កម្រិត ការពង្រឹង និងពង្រីកអភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ការពង្រឹងគុណភាពអប់រំតាមរយៈការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិស្សិតក្រីក្រ។
ការអនុវត្តវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំ ជាពិសេសកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងគ្រប់ប្រភេទបានក្លាយជាចំណុចគន្លឹះឈានដល់ការកំណត់អាទិភាពក្នុងកម្មវិធីកំណែទម្រង់ផ្សេងទៀតដូចជា ការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ការពិនិត្យឡើងវិញកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល និងកំណែទម្រង់ឧត្តមសិក្សា។
យុវជនកម្ពុជាក៏កាន់តែមានភាពសកម្ម តាមរយៈការទទួលបាននូវអន្តរាគមន៍ និងការគាំទ្រនានាពីគ្រប់អ្នកពាក់ព័ន្ធដូចជា ដំណើរការរបស់ក្រុមប្រឹក្សាកុមារ និងយុវជន យុវជនស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធិ ព្រមទាំងទទួលបានការផ្តល់ជំនាញបច្ចេកទេស និងជំនាញទន់ ការផ្តល់ព័ត៌មានទីផ្សារការងារ ការប្រឹក្សាអាជីព និងការតម្រង់ទិសសិក្សា។ វិស័យអប់រំកាយ និងកីឡាបានក្លាយទៅជាវិស័យឈានមុខមួយ និងទទួលការសាទរពីមហាជន និងទទួលបានមេដាយមាសពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ពីការប្រកួតកីឡាអាស៊ីហ្គេម កីឡាស៊ីហ្គេម ព្រមទាំងការប្រកួតកីឡាផ្សេងៗជាច្រើនទៀត។
ឆ្លើយតបនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដោយបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ ក្រសួងអប់រំ យុវជន និងកីឡាប្តេជ្ញាសម្រេចឱ្យបាននូវមុំទី១ ស្តីពី “ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ផ្តោតអាទិភាពលើ៖ ១) ការយកចិត្តទុកដាក់លើគ្រូបង្រៀន ២) ការពង្រីកវិសាលភាពសាលារៀនគ្រប់កម្រិត ៣) ការពង្រឹងអធិការកិច្ចគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រងសាលារៀន ៤) ការជំរុញការអប់រំបច្ចេកទេសនៅមធ្យមសិក្សាទុតិយភូមិ ៥) ការអប់រំបំណិនឱ្យស្របតាមទីផ្សារការងារ ៦) ការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយ និង៧) ការត្រៀមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣។
ដំណាក់កាលបន្ទាប់ ២០១៩-២០២៣ និងឆ្ពោះទៅឆ្នាំ ២០៣០ ក្រសួងអប់រំ យុវជន និងកីឡា ប្តេជ្ញាសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ស្តីពីការអប់រំ ដោយឈរលើគោលការណ៍ គុណភាព សមធម៌ បរិយាប័ន្ន ការសិក្សាពេញមួយជីវិត និងទាំងអស់គ្នា។ ម្យ៉ាងទៀត ក្រសួងបន្តកាត់បន្ថយគម្លាតជំនាញដោយសហការជាមួយអ្នកពាក់ព័ន្ធក្នុងការបង្កើនការផ្គត់ផ្គង់ជំនាញដែលមានតម្រូវការខ្ពស់ក្នុងវិស័យអាទិភាពមួយចំនួន ដោយដាក់ចេញនូវការអប់រំតាមបែបឌីជីថល ដើម្បីឆ្លើយតបនឹងគោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា។
ដើម្បីបន្តការងារកំណែទម្រង់ប្រឡងមធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទប្រឡងឆ្នាំនេះនាថ្ងៃទី ២១-២២ ធ្នូ ឆ្នាំ ២០២០។ ការប្រឡងឆ្នាំនេះ មានការអនុវត្តបទប្បញ្ញត្តិនៃការប្រឡងដូចឆ្នាំកន្លងមកដែរ ដើម្បីបន្តធានាគុណភាពប្រឡង។ ក្រៅពីនេះ ក្រសួងអប់រំ យុវជន និងកីឡាអនុវត្តវិធានការការពារកូវីដ ១៩ ផងដែរ។ ទោះបីជាខេត្តមួយចំនួននៅប្រឈមជាមួយជំនន់ទឹកភ្លៀង មណ្ឌលប្រឡងទាំង ២១០ (ត្រូវជា ៤ ៨៨៥ បន្ទប់ប្រឡង) មិនរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងទេ។
មណ្ឌលប្រឡងទាំងអស់បានត្រៀមខ្លួនរួចរាល់ស្វាគមន៍បេក្ខជនប្រឡងចំនួន ១២១ ២០៤ នាក់ (នារីចំនួន ៦៣ ៩៣៨ នាក់)។ ថ្នាក់វិទ្យាសាស្ត្រមាន ៧០ មណ្ឌលប្រឡង (ត្រូវជា ១ ៦៥០ បន្ទប់) និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១៤០ មណ្ឌលប្រឡង (ត្រូវជា ៣ ២៣៦ បន្ទប់)។ បេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤០ ៧៦៥ នាក់(នារីចំនួន ២៣ ៦៣៦ នាក់) និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៨០ ៤៣៩ នាក់ (នារីចំនួន ៤០ ៣០២ នាក់)។ បេក្ខជនមកពីគ្រឹះស្ថានសាធារណ:មានចំនួន ១១៣ ១៧៦ នាក់ (នារីចំនួន ៥៩ ៨៣៤ នាក់) និងបេក្ខជនមកពីគ្រឹះស្ថានសិក្សាឯកជនមានចំនួន ៨ ០២៨ នាក់ (នារីចំនួន ៤ ១០៤ នាក់)។
សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជា អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋានជាដើម។
បន្ថែមពីនេះ បេក្ខជនប្រឡង និងមាតាបិតាក៏មានតួនាទីសំខាន់ក្នុងការចូលរួមសម្រេចជោគជ័យក្នុងការប្រឡង ដោយត្រូវអនុវត្តបទប្បញ្ញត្តិប្រឡងមានជាធរមាន។ កិច្ចសហការទាំងអស់នេះបណ្តាលឱ្យក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងដំណើរការនៃការប្រឡងដោយអនុវត្តគោលការណ៍ប្រឡងទាំង ៤ គឺ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។ ដូច្នេះហើយ ការងារកំណែទម្រង់ប្រឡងមធ្យមសិក្សាទុតិយភូមិនៅជាករណីជោគជ័យមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធ។ ក្រសួងអប់រំ យុវជន និងកីឡា សូមសម្តែងនូវកតញ្ញុតាធម៌ជូនចំពោះគ្រប់ភាគីពាក់ព័ន្ធ៕