
រដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយ ក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។ រូបភាព រដ្ឋបាលខេត្តកំពង់ឆ្នាំង
ភ្នំពេញៈ រដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយ ក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខណៈខេត្តកំពង់ចាម ផ្អាកសកម្មភាពផលិតកម្ម អគារ ៤ នៃរោងចក្រវ៉ាឡុង ហ៊្វុតវែរ អ៊ិនដាសស្ទ្រ ឯ.ក នៅភូមិឈើទាល ឃុំផ្តៅ ស្រុកជើងព្រៃ។
សេចក្តីជូនដំណឹងរបស់លោក ឈួរ ច័ន្ទឌឿន ថ្ងៃទី ២២ ខែឧសភានេះបានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចបិទជាបណ្តោះអាសន្ន មន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយ ដែលមានទីតាំងនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យចាប់ពីថ្ងៃទី ២២ ខែឧសភា រហូតដល់មានការសម្រេចជាថ្មី។
ក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ននេះ អភិបាលខេត្តកំពង់ឆ្នាំងបានណែនាំឲ្យមានការហ៊ុមព័ទ្ធទីតាំង មន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយ ទាំងមូល និងត្រូវប្រមូលបុគ្គលិកធ្វើការនៅទីនោះទាំងអស់ធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ។ ជាមួយគ្នានោះ ត្រូវស្រាវជ្រាវអ្នកធ្លាប់ប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយមន្ទីរសម្រាកព្យាបាល និងសម្ភពរីករាយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
លោក ឈួរ ច័ន្ទឌឿន ថ្លែងក្នុងសេចក្តីសម្រេចថា៖ «ចំពោះអ្នកដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនង មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីយកសំណាក បន្ទាន់ចាប់ពីថ្ងៃ ២២ ឧសភា តទៅ រៀងរាល់ម៉ោងធ្វើការងារ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ»។
នៅថ្ងៃទី ២២ ខែឧសភានេះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ក៏បានសម្រេចផ្អាកសកម្មភាពផលិតកម្ម អគារ ៤ នៃរោងចក្រវ៉ាឡុង ហ៊្វុតវែរ អ៊ិនដាសស្ទ្រ ឯ.ក ស្ថិតនៅភូមិឈើទាល ឃុំផ្តៅ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែឧសភា ដើម្បីឲ្យក្រុមការងារបច្ចេកទេសចម្រុះក្នុងការបិទខ្ទប់នូវអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ចំណែកខេត្តព្រះសីហនុវិញ លោកអភិបាល គួច ចំរើន បានផ្ញើលិខិតជម្រាបទៅលោក Yu Guanlin នាយករោងចក្រ ហ្ស៊ីជាង ហូមភ័ញ ហ្វើនីឈ័រ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាងឃុំជើងគោ ស្រុកព្រៃនប់ ដើម្បីធ្វើការផ្អាកដំណើរការរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែឧសភា។
លោកថ្លែងថា៖ «ក្នុងអំឡុងពេលនេះ តម្រូវឲ្យលោកនាយករោងចក្រ សហការជាមួយក្រុមការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ ១៩ ដើម្បីផ្តល់សំណាក ដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ដើម្បីវិភាគរកមេរោគកូវីដ ១៩ តាមការកំណត់»។
បើតាមលោក គួច ចំរើន ចំពោះបុគ្គលិក កម្មករ និយោជិតទាំងអស់របស់រោងចក្រត្រូវផ្អាកការចេញចូល រោងចក្រ ហើយនៅក្រោយពេលបានផ្តល់វត្ថុសំណាករួចរាល់ ត្រូវសម្រាកនៅដាច់ដោយឡែកពីគ្នារង់ចាំរហូតដល់ការធ្វើវិភាគវត្ថុសំណាករបស់កម្មករ នៅក្នុងរោងចក្រដែលមានការពាក់ព័ន្ធគ្រប់ៗគ្នា និងមានលទ្ធផលជាផ្លូវការ ទើបអាចបន្តការងារជាថ្មីតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៕